សូត្រមាសខ្មែរនឹងត្រូវលើកកម្ពស់ដោយគម្រោង AIMS ដើម្បីរួមចំណែកថែរក្សាអត្តសញ្ញាណជាតិ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្ដិ បានបង្ហាញពីគោលបំណងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពប្រជាកសិករដែលផលិតសូត្រមាស និងបង្កើនប្រាក់ចំណូលជូនស្ត្រីនៅតាមជនបទ តាមរយៈការដាក់បញ្ចូលសូត្រមាស ឬសូត្រប្រណិតនៅក្នុងគម្រោង AIMS ដើម្បីរួមចំណែកថែរក្សាអត្តសញ្ញាណជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
ថ្លែងនៅក្នុងដំណើរបំពេញ ទស្សនកិច្ចសិប្បកម្មផលិតសូត្រ Golden Silk Pheach ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ាន សូរសក្ដិ មានប្រសាសន៍លើកទឹកចិត្តដល់ប្រជាកសិករឲ្យខិតខំថែរក្សានូវមុខរបរប្រពៃណីនេះ ដោយទន្ទឹមនោះក្រសួងក៏កំពុងសម្រួលដល់ការស្វែងរកទីផ្សារ និងជំរុញការលើកស្ទួយផលិតផលក្នុងស្រុក ដោយនឹងកាត់បន្ថយការនាំចូលសរសៃសូត្រឆៅពីក្រៅប្រទេស។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្ម តែងចាត់ទុកផលិតផលសូត្រ ជាទំនិញមានសក្ដានុពលខ្ពស់ទាំងវប្បធម៌ និងសេដ្ឋកិច្ច! កន្លងមក យើងតែងគាំទ្រសកម្មភាពផលិតសូត្រនៅតាមសហគមន៍ ហើយតាមរយៈគម្រោង AIMS យើងកំពុងខិតខំអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលនេះ ដោយតភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ ដើម្បីជំរុញការនាំចេញ។ ដូច្នេះសូមបងប្អូនចូលរួមជាមួយគម្រោងយើងខ្ញុំ»។
គួរបញ្ជាក់ផងដែរថា សូត្រមាសខ្មែរស្ថិតនៅក្នុងចំណោមផលិតផលទាំង១០មុខសម្រាប់ជំរុញកំណើនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ដើម្បីលើកកម្ពស់ផលិតកម្មសូត្រមាស សំដៅបង្កើតការងារជូនស្ត្រីនៅតំបន់ជនបទ និងធ្វើពិពិធកម្មការនាំចេញផលិតផលសម្រេច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានចងក្រងយុទ្ធសាស្រ្តសូត្រជាតិ ឆ្នាំ២០១៦-២០២០ ដោយផ្តោតលើការអភិរក្សប្រពៃណីវប្បធម៌តម្បាញសូត្រ ការបណ្ដុះបណ្ដាលបច្ចេកទេស និងការធ្វើទំនើបកម្មផលិតកម្មសូត្រមាស ប្រកបដោយចីរភាព៕
ដោយ៖ ជួប ស្រីរ័ត្ន