តើអ្វីទៅជាពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce)?
នៅក្នុងយុគសម័យបច្ចេកវិទ្យា អ៊ិនធើណិត (Internet) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជីវិតរស់នៅរបស់មនុស្សជាតិ។ បន្ថែមលើនេះទៅទៀត អ៊ិនធើណិត (Internet) ក៏បាននិង កំពុងក្លាយជាកំលាំងចលករដ៏មានប្រសិទ្ធិក្នុងការជំរុញប្រតិបត្តិការអាជីវកម្មក្នុងថា្នក់ជាតិ តំបន់ និង អន្តរជាតិផងដែរ។ ជាការពិតណាស់ នៅពេលដែលយើងនិយាយអំពីអាជីវកម្ម និង អ៊ិនធើណិត (Internet) យើងតែងតែនឹកឃើញនូវប្រភេទអាជីវកម្មបែបថ្មីមួយដែលយើងហៅជាទូទៅថាអាជីវកម្ម អេឡិចត្រូនិច (E-commerce)។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានសិក្សាស្វែងយល់ថាតើអ្វី ទៅជាអាជីវកម្មអេឡិចត្រូនិច (E-commerce) ហើយតើវាមានរូបភាពយ៉ាងដូចម្តេច?
អាជីវកម្មអេឡិចត្រូនិច (E-commerce ឬ Electronic Commerce) គឺជាសកម្មភាពនៃ ការលក់ផលិតផល/ទំនិញ ឬផ្តល់សេវាតាមរយៈអ៊ិនធើណិត (Internet)។ ជាការពិតណាស់ អាជីវ កម្មអេឡិចត្រូនិច (E-commerce) គឺជាកត្តាដែលជំរុញសេដ្ឋកិច្ចឱ្យមានការអភិវឌ្ឍន៍ដ៏មានប្រសិទ្ធិ ភាព ដោយសារតែវាបានពន្លឿននូវសកម្មភាពអាជីវកម្មយ៉ាងខ្លាំងក្លា។ ទំហំនៃការលក់តាមរយៈ អាជីវ កម្មអេឡិចត្រូនិច (E-commerce) ត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងរហូតដល់ ៥៥០ ប៊ីលលានដុល្លារអាមេរិកត្រឹមឆ្នាំ ២០២០។ បច្ចុប្បន្ននេះ ក្រុមហ៊ុនធំៗដែលក្តោមក្តាប់ទីផ្សារអាជីវកម្ម អេឡិចត្រូនិច (E-commerce) ច្រើនជាងគេមានដូចជា ក្រុមហ៊ុន Amazon ក្រុមហ៊ុន Wal-Mart និង ក្រុមហ៊ុន Alibaba ជាដើម។
អាជីវកម្មអេឡិចត្រូនិច (E-commerce) បែងចែកចេញជាបីប្រភេទធំៗគឺ ប្រភេទ B2C ប្រភេទ B2B និង ប្រភេទ C2C។ ប្រភេទ B2C (Business to Consumer) គឺជាប្រភេទមួយនៃអាជីវកម្មអេឡិចត្រូនិច (E-commerce) ដែលការទិញលក់ទំនិញគឺធ្វើឡើងតាមរយៈអនឡាញ (Online Shopping) រវាង អ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់។
ឧទាហរណ៍ការទិញសៀវភៅពីគេហទំព័រ Amazon ការទិញ CDs/DVDs ពីគេហទំព័រ play.com ឬក៏ការទិញសម្ភារៈប្រើប្រាស់ដូចជាសំលៀកបំពាក់ កាបូប គ្រឿង សំអាងតាមរយៈអនឡាញ (Online) ដែលយើងអាចមើលឃើញជាឧទាហរណ៍ស្រាប់នៅកម្ពុជា។ ប្រភេទ B2B (Business to Business) ក៏ជាប្រភេទមួយនៃអាជីវកម្មអេឡិចត្រូនិច (E-commerce) ដែលប្រតិបត្តិការទិញលក់ទំនិញ ឬសេវាគឺត្រូវបានធ្វើឡើងរវាងក្រុមហ៊ុននិងក្រុមហ៊ុន។
ឧទាហរណ៍ក្រុមហ៊ុនមួយបានបញ្ជាទិញម៉ាស៊ីនព្រីន (Printers) ពីក្រោមហ៊ុនផ្គត់ផ្គង់មួយទៀត សម្រាប់ប្រើប្រាស់នៅក្នុងកិច្ចការអាជីវកម្មរបស់ខ្លួន ឬក៏ក្រុមហ៊ុនសាជីវកម្មមួយបានជួលក្រុមហ៊ុន គណនេយ្យមួយ ឱ្យធ្វើសវនកម្មក្រុមហ៊ុនរបស់ខ្លួនជាដើម។ ប្រភេទ C2C (Customer to Customer) ក៏ជាប្រភេទមួយនៃអាជីវកម្មអេឡិចត្រូនិច (E-commerce) ដែលតាមរយៈប្រតិបត្តិការរបស់វា បុគ្គលទាំងឡាយដែលមិនមែនជាក្រុមហ៊ុនអាចធ្វើការ ដាក់លក់ផលិតផល ឬសេវារបស់ខ្លួននៅលើគេហទំព័ររបស់មួយ។ វាគឺជាប្រភេទអាជីវកម្មដែល ធ្វើការដេញថ្លៃលក់តាមប្រព័ន្ធអនឡាញ (Online Auction) ជាឧទាហរណ៍មានដូចជា គេហៈទំព័រ Ebay និង Etsy ជាដើម៕
ដោយ៖ ប៉ុម ទូច