បើគ្មានបច្ចេកវិទ្យាទេ អាជីវកម្មតូចៗមួយចំនួនច្បាស់ជាដួលឬដំណើរការត្រដាបត្រដួសជាមិនខាន
យោងតាមរបាយការណ៍ Connected Commerce Council បានឱ្យដឹងថាមានអាជីវកម្មទ្រង់ទ្រាយតូចៗជាច្រើនបានគ្រោងនឹងបើកដំណើរការអាជីវកម្មវិញដោយនឹងបញ្ចូលវត្តមានបច្ចេកវិទ្យាក្នុងការដំណើរការអាជីវកម្មរបស់ពួកគេ ដើម្បីបង្កើតនិងបង្កើនទំនាក់ទំនងជាមួយនឹងអតិថិជននិងរុករកមធ្យោបាយថ្មីក្នុងការពង្រីកអាជីវកម្មតាមវេទិកាអនឡាញ។
បណ្ដាញសង្គមមួយចំនួនដែលគេនិយមប្រកបអាជីវកម្មហើយក៍កំពុងតែពេញនិយមក្នុងការជួយបុករុញអាជីវកម្មតាមអនឡាញ គឺមានដូចជា Facebook, Instagram, YouTube ជាដើមនិងតាមរយៈឧបករណ៍ឌីជីថលផ្សេងៗទៀតមានដូចជាកម្មវិធី Google Ads and Analytics, Quickbooks និង Hubspot ផងដែរ។ ក្នុងអំឡុងដែលជំងឺ Covid-19 នេះកំពុងមានវត្តមានជុំវិញពិភពលោក មានអាជីវកម្មខ្នាតតូចៗសរុបជាង ៧៦ ភាគរយបានងាកមកប្ដូរផ្លូវប្រកបអាជីវកម្មតាមអនឡាញវិញដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបន្តដំណើរការអាជីវកម្មរបស់ពួកគេ។ ក្នុងនោះដែរ អត្រាជាង ៧៤ ភាគរយនៃអាជីវកម្មខ្នាតតូចៗទាំងនោះត្រូវបានគេព្យាករថានឹងត្រលប់មកបើកដំណើរការអាជីវកម្មធម្មតាវិញបន្ទាប់ពីស្ថានភាពជំងឺ Covid-19 មានភាពស្ងប់ស្ងាត់វិញ។
ហើយតាមលទ្ធផលបទយកការណ៍នេះផងដែរនោះបានឱ្យដឹងថាអត្រាជាង ១ ភាគ ៣ ក្នុងចំណោមអាជីវកម្មខ្នាតតូចទាំងនេះបានប្រាប់ថាបើសិនជាគ្មានវត្តមានបច្ចេកវិទ្យាឌីជីថលទេនោះ អាជីវកម្មរបស់ពួកគេច្បាស់ជាដួលរលំឬផ្អាកដំណើរការផ្នែកនៃអាជីវកម្មរបស់ពួកគេមួយរយៈយូរណាស់មកហើយក្នុងគ្រា Covid-19 នេះ។ នេះបញ្ជាក់ថាវត្តមាននៃការដាក់បញ្ចូលបច្ចេកវិទ្យានិងឧបករណ៍ឌីជីថលគឺជួយស្រោចស្រង់អាជីវកម្មមួយចំនួនឱ្យអាចបន្តដំណើរការអាជីកម្មឱ្យទៅមុខបានទោះបីជាមានបញ្ហាប្រឈមមុខក៍ដោយ។ ការរួមបញ្ចូលបច្ចេកវិទ្យាក្នុងការប្រកបអាជីវកម្មរបស់អ្នកគឺជាការបង្កើតឱកាសក្នុងការបុករុញអាជីវកម្មរបស់អ្នកលើដងវិថីមួយដែលប្រកបដោយសម្មិតផលនិងប្រសិទ្ធភាពខ្ពស់តាមទីផ្សារអនឡាញដែលមានមនុស្សជាច្រើនមានវត្តមានលើបណ្ដាញអ៊ិនធើរណែតនេះ៕
ប្រភព៖ Fox Business News
ដោយ៖ នឿន វណ្ណៈ