បណ្ដាញ​​គាំទ្រ​​ចំនួន​ ៨ ដែល​សហគ្រិន​ទាំងអស់​ត្រូវការ​ដើម្បី​ភាព​រីកចម្រើន​ក្នុង​អាជីវកម្ម​



ក្នុង​នាម​ជា​សហគ្រិន​ម្នាក់ ការ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ដ៏​ល្អ​មួយ​សម្រាប់​គាំទ្រ​ដល់​​អាជីវកម្ម​​ ​គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់។ ក៏ប៉ុន្តែ​វា​ក៏​មិន​ស្រួល​ដូច​បកចេក​នោះ​ដែរ។  វា​ត្រូវ​ការ​​ការ​លះបង់​ពេលវេលា​ ថាមពល​ ភាព​ស្មោះត្រង់ និង​ពេល​ខ្លះ​លុយកាក់​​ជា​ដើម​ដែល​គ្រឹះ​​សម្រាប់​​កសាង​បណ្ដាញ​ទំនាក់ទំនង។ 

យ៉ាងណាមិញ​ នៅ​ក្នុង​ការ​កសាង​បណ្ដាញ​ទំនាក់ទំនង​​សម្រាប់​គាំទ្រ​ដល់​អាជីវកម្ម​របស់​អ្នក ត្រូវ​បាន​គេ​បែងចែក​ជា​ច្រើន​ប្រភេទ។ អត្ថបទ​នេះ​នឹង​បង្ហាញ ពី​ប្រភេទ​នៃ​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ ​ចំនួន ៨ ដែល​សំខាន់​សម្រាប់​សហគ្រិន​យុគសម័យ​ថ្មី​នេះ។  

១.គ្រូបង្គោល ឬ​អ្នកណែនាំ​ផ្លូវ​ (Mentors)
គ្រូបង្គោល គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​បទពិសោធន៍ ​ជំនាញ និង​ឆន្ទៈ​​​​ដូច​អ្នក​ដែល​អ្នក​ត្រូវការ​​សម្រាប់​ជា​ជំនួយ​នៅ​ក្នុង​វិថី​ជំនួញ​របស់​អ្នក​ ​។ ​អ្នក​ទាំង​នេះ​អាច​​ណែនាំ និង​ជួយ​កែ​តម្រង់ផ្លូវ​​​សម្រាប់​ឲ្យ​អ្នក​ដើរ​ឆ្លងកាត់ ​ដោយ​​មិន​ឲ្យ​អ្នក​​ចំណាយ​ពេល​យូរ​​ដូច​អ្វី​ដែល​ពួកគេ​ធ្លាប់​ដើរ​នោះ​ឡើយ​​។ ជា​ទូទៅ​នៅ​ក្នុង​បរិបទ​ជំនួញ​របស់​អ្នក អ្នក​គួរ​កសាង​ទំនាក់ទំនង​ជាមួយ​​បុគ្គល​ទាំង​នេះ​ឲ្យ​បាន​ច្រើន​កាន់តែ​ល្អ ត្បិតអី​អ្នក​នឹង​ទទួល​បាន​ចំណេះដឹង ដំបូន្មាន និង​វិធីសាស្ត្រ​ល្អៗ​កាន់តែ​ច្រើន​ពី​ពួកគេ​​។ 

២.ដៃគូ​ប្រកបដោយ​គណនេយ្យភាព (AP)
ដៃគូ​គណនេយ្យភាព​ គឺ​ជា​បុគ្គល​​ដ៏​សំខាន់​បំផុត​​មួយ​ដែល​អាច​​​ជួយ​​ដាស់តឿន​អ្នក​ឲ្យ​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការ​ការងារ ឬ​គម្រោង​ការងារ​នៅ​ក្នុង​​រយៈពេល​ខ្លី​​ណាមួយ​។ ទំនាក់ទំនង​ប្រភេទ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ចំណាយ​អ្វី​​សោះ ឬ​​ក៏​ត្រូវ​ចំណាយ​ប្រាក់​មួយ​ចំនួន​ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​​ប្ដេជ្ញាចិត្ត​ពី​ភាគី​ទាំងពីរ។ 

ដើម្បី​ធ្វើ​ការ​ជាមួយ​បុគ្គល​នេះ មុន​ដំបូង​អ្នក​ត្រូវ​ប្រាប់​ដៃគូ​របស់​អ្នក​ពី​គម្រោង​ដែល​អ្នក​ចង់​ធ្វើ និង​វាយតម្លៃ​ពី​លទ្ធផល​ដែល​អ្នក​ចង់​សម្រេច​បាន​​។ ទន្ទឹម​នឹង​នេះ​ អ្នក​អាច​ផ្ញើ​គ្រោង​នៃ​ជំហាន​នីមួយៗ​ដែល​អ្នក​ត្រូវការ​ដើម្បី​បញ្ចប់​គម្រោង​នោះ ហើយ​អ្នក​ទាំងពីរ​ត្រូវ​​មាន​កាលវិភាគ​​ការងារ​ដែល​ត្រូវ​ធ្វើ​នីមួយៗ​​នៅ​ក្នុង​ដៃ។ អ្នក​ត្រូវ​ស្នើ​ឲ្យ​ពួកគេ​ជួយ​ត្រួតពិនិត្យ ហើយ​ត្រូវ​ផ្តល់​ព័ត៌មាន​លម្អិត​ជា​ច្រើន​ពី​ដំណើរការ​ការងារ​របស់​អ្នក បញ្ហា​ប្រឈម​ដែល​នឹង​ត្រូវ​ពិភាក្សា ជំហាន​ដែល​ត្រូវ​ធ្វើ​បន្ទាប់ និង​ស្នើសុំ​ដំបូន្មាន​ប្រសិន​បើ​ចាំបាច់។ ដៃគូ​ប្រភេទ​នេះ​អាច​ជា​មិត្តភក្ដិ​របស់​អ្នក អ្នក​រួម​ការងារ គ្រូ​បង្គោល ឬ​គ្រូ​បណ្តុះបណ្តាល​ក៏​បាន។

៣. គ្រូ​បណ្តុះបណ្តាល (Coaches)
គ្រូ​បណ្តុះបណ្តាល​គឺ​ជា​អ្នក​ចាំ​ជួយ​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​របស់​អ្នក​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង។ អ្នក​អាច​ចំណាយ​លុយ​លើ​ពួកគេ​​នៅ​ក្នុង​រយៈពេល​កំណត់​ណា​មួយ​តាម​លទ្ធភាព​របស់​អ្នក​ដើម្បី​ជួល​មក​ជួយ​បង្ហាត់បង្រៀន​ជំនាញ​ដែល​​មាន​ស្រាប់ ឬ​ជំនាញ​ផ្សេងៗ​ទៀត​ដែល​ទាក់ទិន​ទៅ​នឹង​​​ការ​ជួយ​គាំទ្រ​ដល់​មុខ​ជំនួញ​របស់​អ្នក។ អ្នក​អាច​ជួល​គ្រូ​​បណ្តុះបណ្តាល​ច្រើន​អ្នក​នៅ​ក្នុង​ពេល​តែមួយ ក៏ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា បុគ្គល​ទាំង​នោះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដែល​​អាច​ជួយ​ឲ្យ​អ្នក​​ទទួល​បាន​ផល​​ដូច​អ្វី​ដែល​អ្នក​ចង់​បាន។

៤.ក្រុម​ពិភាក្សា​​ពិសេស (Mastermind Groups)
អ្នក​គួរ​ចូលរួម​បង្កើត​ក្រុម​ពិភាក្សា​​​មួយ​ដែល​​ប្រមូល​ផ្តុំ​ទៅ​ដោយ​មនុស្ស​​មាន​សមត្ថភាព​ ចំណេះដឹង​ និង​បទពិសោធន៍​ផ្សេងៗ​គ្នា ឬ​ប្រហាក់ប្រហែល​អ្នក។ អត្ថប្រយោជន៍​ដែល​អ្នក​ទទួល​បាន​គឺ​ការ​ទទួល​បាន​​គំនិត​ថ្មីៗ ការ​ចែករំលែក​ និង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​ជាច្រើន​ដែល​សមាជិក​ក្រុម​ជួបប្រទះ។ ក្រុម​​ប្រភេទ​នេះ អាច​ជា​​លក្ខណៈ​ផ្លូវការ ឬ​មិន​ផ្លូវការ​ក៏​បាន ក៏ប៉ុន្តែ​អ្នក​ត្រូវ​រៀបចំ​ធ្វើ​វា​ឲ្យ​បាន​ទៀងទាត់ និង​មាន​ការ​ទទួលខុសត្រូវ​ ព្រម​ទាំង​ផ្តោត​លើ​ផលប្រយោជន៍​ដល់​សមាជិក​ក្រុម​ទាំងអស់​ជា​សំខាន់។

៥.​បណ្ដាញ​ទំនាក់ទំនង​តាម​អ៊ីនធឺណិត (Online Groups)
នេះ​គឺ​ជា​ប្រភេទ​បណ្ដាញ​ទំនាក់ទំនង​ដ៏​ល្អ​មួយ​ទៀត​ដែល​ស័ក្ដិសម​សម្រាប់​អ្នក ជា​ពិសេស​នៅ​ពេល​​​អ្នក​​ចំណាយ​ពេល​ច្រើន​នៅ​ខាងមុខ​កុំព្យូទ័រ​។ អ្នក​អាច​បង្កើត​ក្រុម​ (Group) បណ្ដាញ​​មួយ​នេះ​បាន​តាមរយៈ​បណ្ដាញ​សង្គម​ដូចជា Facebook ឬ LinkedIn ជាដើម។ ពួកគេ​អាច​ចែករំលែក​ចំណេះដឹង បទពិសោធន៍ ឬ​ប្រធានបទ​ផ្សេងៗ​ដែល​មាន​ផលប្រយោជន៍​ដល់​​​ការ​អភិវឌ្ឍ​មុខ​ជំនួញ​របស់​អ្នក។  ប៉ុន្តែ​អ្នក​ត្រូវ​ចាត់តាំង​អ្នកណា​ម្នាក់​ដែល​មាន​ភាព​សកម្ម​ជាងគេ​ក្នុង​ការ​សម្របសម្រួល​ការងារ​ក្នុង​ក្រុម និង​ជំរុញ​ឲ្យ​ក្រុម​ទាំងមូល​មាន​ការ​ទទួលខុសត្រូវ។

៦.ចូលរួម​ជាមួយ​​ស្ថាប័ន​ដែល​មាន​ភាព​​វិជ្ជាជីវៈ ​(Professional Organizations)
ស្ថាប័ន​ដែល​មាន​ភាព​វិជ្ជាជីវៈ គឺ​ជា​បណ្ដាញ​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​​ទៀត​ដែល​ជួយ​ឲ្យ​អ្នក​​អាច​បង្ខិត​ខ្លួន​កាន់តែ​កៀកកើយ​ទៅ​នឹង​បុគ្គល​ផ្សេងៗ​ដែល​ពោរពេញ​ទៅ​ដោយ​ក្រុម​មនុស្ស​ដែល​មាន​​បទពិសោធន៍ ចំណេះដឹង និង​​ជំនាញ​​ផ្សេងៗ​គ្នា​។ អ្នក​​អាច​សុំ​ចុះ​ឈ្មោះ​ជា​សមាជិក​ជាមួយ​ស្ថាប័ន​​ទាំង​នោះ​ដែល​អ្នក​យល់​ឃើញ​ថា ល្អ​ស័ក្តិសម​តាម​ស្ថានភាព​របស់​អ្នក​ដើម្បី​ចាប់​យក​ឱកាស​មក​អភិវឌ្ឍ​សមត្ថភាព​​ឲ្យ​កាន់តែ​មុត​ស្រួច​ឡើង បើ​ទោះបី​ជា​ត្រូវ​ចំណាយ​តិច ឬ​ច្រើន​យ៉ាងណា​ក៏ដោយ។ 

៧.ពង្រឹង​មិត្តភាព
យ៉ាងណាមិញ អ្នក​ក៏​មិន​ត្រូវ​មើល​រំលង​មិត្តភាព​ឡើយ ត្បិតអី​ពួកគេ​​គឺ​ជា​មូលដ្ឋានគ្រឹះ​របស់​អ្នក។ ខុស​ពី​បុគ្គល​ផ្សេងៗ​ទៀត​ដែល​អ្នក​ទើប​នឹង​ស្គាល់​ ហើយ​មាន​សមត្ថភាព ឬ​ចំណេះដឹង​ខ្លាំង​ មិត្តភក្ដិ​របស់​អ្នក​​នៅ​តែ​​ជា​មនុស្ស​សំខាន់​ដែល​​អាច​ជួយ​​លើកទឹកចិត្ត ស្តាប់ និង​​ជួយ​អ្នក​​ប្រកប​ដោយ​ភក្ដីភាព​​ក្នុង​ករណី​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បរាជ័យ។ អ្នក​អាច​​លើក​បញ្ហា​របស់​​អ្នក​ដោយ​បើកចំហ ហើយ​ពួកគេ​អាច​នឹង​ផ្តល់​ដំបូន្មាន និង​ជម្រើស​ល្អៗ​ឲ្យ​អ្នក​បាន។ 

៨.មជ្ឈមណ្ឌល​អភិវឌ្ឍ​អាជីវកម្ម (Business Development Centers)
ភាព​លូតលាស់​ក្នុង​អាជីវកម្ម​របស់​អ្នក​គឺ​ជា​រឿង​អាទិភាព។ ហេតុដូច្នេះហើយ ការ​ចូលរួម​ជាមួយ​​មជ្ឈមណ្ឌល​​ផ្សេងៗ​ដែល​ផ្ដោត​លើ​ការ​អភិវឌ្ឍ​អាជីវកម្ម​ អាច​ជួយ​អ្នក​បាន​ច្រើន​ក្នុង​រឿង​នេះ។  ដៃគូ​ល្អៗ​ដែល​កំពុង​ត្រូវការ​អ្នក និង​អ្នក​ប្រឹក្សា​ជំនាញៗ​ជា​ច្រើន​អាច​មាន​វត្តមាន​នៅ​ទីនោះ។ អ្នក​នឹង​ទទួល​បាន​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ​ជា​ច្រើន​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍ​អាជីវកម្ម​ទាំង​នោះ ពីព្រោះ​ពួកគេ​អាច​រៀបចំ​កម្មវិធី​ជា​ច្រើន​ដូចជា សិក្ខាសាលា សន្និសីទ ឬ​កម្មវិធី​បណ្តុះបណ្តាល​ជាដើម។ ទីនោះ​អាច​ផ្តល់​ឱកាស​ឲ្យ​អ្នក​បញ្ចេញ​សមត្ថភាព ឬ​គំនិត​របស់​អ្នក​​ដែល​អាច​ទទួល​បាន​ចំណាប់អារម្មណ៍ និង​​ការ​វិនិយោគ​ពី​​ក្រុមហ៊ុន​ណាមួយ​​​មក​លើ​អាជីវកម្ម​របស់​អ្នក​ក៏​ថា​បាន៕

ប្រភព៖ Addict2success 

X
5s