តិចនិក​​ ៤​យ៉ាង​ដែល​​វាគ្មិន​និយាយ​ជា​សាធារណៈ​​​ជោគជ័យ​តែង​ប្រើ​មុន​ចាប់​ផ្ដើម​ឡើង​និយាយ​​



រាល់​ការ​​ធ្វើ​បទ​បង្ហាញ​ទាំង​អស់​​ ​​​វាគ្មិន​ ឬ​​អ្នក​និយាយ​ត្រូវតែ​រៀបចំ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ដើម្បី​ឲ្យ​ការ​និយាយ​នោះ ​ទទួល​បាន​ជោគជ័យ ឬ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​។ ​គំនិត​ ​និង​ការ​បង្ហាញ​អាកប្ប​កិរិយា ​ដែល​ទាក់ទាញ ​គឺជា​ផ្នែក​មួយ​នៃ​ការសម្ដែង​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​នោះ​ឱ្យ​កាន់​តែ​ទាក់ទាញ​។ បន្ថែម​ពី​លើ​នេះ​ទៅ​​ទៀត​ ការ​មាន​ហេតុផល​ត្រឹមត្រូវ​ គឺជា​ការ​ពិពណ៌នា​ពី​​​វាគ្មិន​ប្រកប​ដោយ​​ភាព​ច្បាស់​លាស់។ ​​ ​​បញ្ហា​អាច​នឹង​កើត​មាន​ ប្រសិន​បើ​វាគ្មិន​ ​​​​​មិន​បាន​ហាត់​សម​ ​គឺ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាត់បង់​ភាព​ជឿ​ជាក់​​ ​ប្រសិនបើ​​វាគ្មិន ​គ្មាន​ភាព​ច្បាស់លាស់​ដែល​បណ្ដាល​មក​ពី​គ្មាន​ការរៀបចំ​ឲ្យ​បាន​ល្អ​​នោះ​ទេ។ ការ​កម្ដៅ​សាច់ដុំ ​(Warm-up)​ធ្វើ​ឲ្យ​អ្នក​ប្រាកដ​ថា ​អ្នក​អាច​ធ្វើ​បទ​បង្ហាញ​បាន​ល្អ និង​មានការ​ផ្ដោត​អារម្មណ៍​ខ្ពស់​លើ​អ្វី​ដែល​នឹង​ត្រូវ​និយាយ​ទៅកាន់​អ្នក​ស្ដាប់​។ ​ ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ទាំង​៤ ក្នុង​ការ​កម្ដៅ​សាច់ដុំ​(Warm-up) មុននឹង​ចាប់ផ្ដើម​និយាយ​៖

១) ការ​កម្ដៅ​សាច់ដុំ​ផ្នែក​រាងកាយ​៖ ​នៅ​ពេល​អ្នក​​ឡើង​ថ្លែង​នៅ​លើ​ឆាក​ អ្នកមាន​អារម្មណ៍​ដូច​ជា​ស្ទាក់ស្ទើរ ខ្លាច​ក្នុង​ការ​និយាយ​។ សម្ពាធ​នៃ​ភាព​ភ័យខ្លាច​នេះ​ហើយ ​ដែល​បិទ​​មិន​ឲ្យ​ឈាម​រត់​ទៅកាន់​ខួរក្បាល និង​អាចធ្វើ​ឲ្យ​អ្នក​គាំង ឬ​និយាយ​មិន​ចេញ​​នៅ​ពេល​ខ្លះ។ ​នេះ​គឺជា​ធម្មជាតិ​នៃ​​រាង​កាយ​របស់​មនុស្ស​ ដែល​ឆ្លើយតប​ទៅ​នឹង​ភាព​ភ័យ​ខ្លាច​។ ភាព​ភ័យខ្លាច​នេះ​ហើយ​ គឺ​​ស្ថិត​នៅក្នុង​សាច់ដុំ​របស់​អ្នក ដូចនេះ​អ្នក​ត្រូវ​ធ្វើ​ចលនា​ឲ្យ​វា​ធូរស្បើយ​។​ ​ចាប់ផ្ដើម​ដោយ​ឈរ​លាតជើង​ទាំងពីរ និង​បើក​ស្មា​របស់​អ្នក​។ កុំ​ពត់​ខ្លួន លើកដៃ​មួយ​ត្រង់​ឡើងលើ​ឲ្យ​ខ្ពស់​ប្រហែល ៤​វិនាទី និង​លើកដៃ​ម្ខាង​ទៀត​។ បង្វិល​ដៃ​ទាំងពីរ​និង​ស្មា​ទាំងពីរ​ចេញ​ក្រៅ បន្ទាប់មក​ទាញ​ដៃ​ដាក់ចុះ​ក្រោម​ទៅខាង​ក្រោយ ដោយ​ដាក់​កែងដៃ​របស់​អ្នក​ចុះទៅ​មុន​។ ការពត់ពែន​ខ្លួនប្រាណ​អាចជួយ​កាត់បន្ថយ​ភាពភ័យខ្លាច​បាន​។

២) ការ​កម្ដៅ​សាច់ដុំ​ផ្នែក​ខួរក្បាល​៖​ ​បន្ទាប់ពី​ការ​កម្ដៅ​សាច់ដុំ​រាងកាយ​ហើយ អ្នក​ត្រូវ​បំបាត់​ភាព​អវិជ្ជមាន​ក្នុង​ខួរក្បាល​របស់​អ្នក តាមរយៈ​ការដក​ដង្ហើមវែងៗ​។ ការដក​ដង្ហើមវែងៗ​ជួយ​ឲ្យ​អ្នក​ប្រឆាំង​​ង​អារម្មណ៍​ភ័យខ្លាច​។ វា​ជួយ​នាំ​យក​ខ្យល់​អុកស៊ីហ្សែន​តាមរយៈ​ឈាម​ចូលទៅក្នុង​រាងកាយ​ទាំងមូល និង​ទៅកាន់​ខួរក្បាល​។​

៣) ការហាត់​សម​​សំឡេង​​៖​ ​សម្រាប់​អ្នក​និយាយ​ជា​​សាធារណៈ​ ​សំឡេង​​ប្រៀប​បាន​ទៅ​នឹង​ឧបករណ៍​ភ្លេង​អីចឹង​ដែរ។ លោកស្រី Jeannette Nelson គ្រូបង្ហាត់​បង្រៀន​ផ្នែក​​សំឡេង​ ​នៅ National Theatre of England បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ការ​បន្លឺ​សូរ​ហ៊ឹមៗ​។ លោកស្រី​បាន​មានប្រសាសន៍ថា​ ការ​បន្លឺ​សូរ​ហ៊ឹមៗ​ជួយ​ឲ្យ​សំឡេង​​ងូងៗ​​ចូល​ទៅ​ក្នុង​ខ្លួនប្រាណ​របស់​អ្នក​​បាន។​ ​សម្លេង​ហ៊ឹមៗ​នឹង​ភ្ជាប់​ខ្លួនប្រាណ​ទៅនឹង​ខួរក្បាល​។ ធ្វើ​សម្លេង​ហ៊ឹមៗ​ពីរ បី​ឃ្លា​ចេញពី​ចម្រៀង​ដែល​អ្នក​ចូលចិត្ត មុននឹង​អ្នក​ចាប់ផ្ដើម​និយាយ​។ បន្ទាប់មក​ព្យាយាម​ហាត់​សម​ការនិយាយ​ដើម្បី​ជួយ​ពង្រឹង​សាច់ដុំ​បំពង់ក​។

៤) ប្ដូរ​ផ្នត់គំនិត​៖ ​ការចាប់ផ្ដើម​កម្ដៅ​សាច់ដុំ​មុន​ការ​និយាយ​ជាការ​ល្អ តែបើ​ខ្វះ​គំនិត​វិជ្ជមាន​ក៏​មិនល្អ​ដែរ​។ លោក Michael Phelps ជា​អត្ត​ព​លិ​ក​ហែល​ទឹក​កីឡា​អូឡាំពិក មាន​តិច​និក​ពិសេស​មួយ​គឺ​ការផ្លាស់ប្ដូរ​ផ្នត់គំនិត​។ លោក បាន​មានប្រសាសន៍ថា​ ៖ «ក្រៅពី​ការហ្វឹកហាត់ លោក​មើលឃើញ​ចំណុច​មួយ​គឺ ការរៀបចំ​ផ្នត់គំនិត​វិជ្ជមាន»​។ ​ការ​មាន​គម្រោង​ទទួលជោគជ័យ ការរៀបចំ​ដើម្បី​ជោគជ័យ និង​ការមើលឃើញ​ភាពជោគជ័យ​មុន​ការឡើង​​ថ្លែង​ ឬ​និយាយ​ នឹងធ្វើ​ឲ្យ​អ្នកទទួលបាន​ជោគជ័យ​យ៉ាងពិត​ប្រាកដ​។ ការបង្កើន​ទំនុកចិត្ត​ គឺជា​ការ​ឈាន​ទៅកាន់​ភាព​ជោគជ័យ និង​ការ​មើល​ឃើញ​​ ជោគជ័យ​គឺជា​ភាព​ជឿជាក់៕​ ​

ប្រែ​សម្រួល​៖ លង់ វណ្ណៈ​ ​

ប្រភព​៖ http://inc-asean.com ​

X
5s