កុំចាត់ទុកថាខ្លួនឯងជាម្ចាស់អាជីវកម្មជោគជ័យ បើមិនទាន់មានទម្លាប់ទាំង ៥នេះ!
ដូចម្តេចដែលហៅថាម្ចាស់អាជីវកម្មជោគជ័យ? នៅពេលអ្នកអាចរកចំណូលបានកាន់តែច្រើន អាជីវកម្មចេះតែរីកចម្រើនខ្លាំងឡើងៗទើបហៅថា ម្ចាស់អាជីវកម្មជោគជ័យ? អ្នកអាចប្រហែលជាគិតដល់ចំណុចទាំងពីរនេះ។ ប្រសិនបើអ្នកគិតដូច្នេះមែន នេះមានន័យថា កម្រិតជាម្ចាស់អាជីវកម្មជោគជ័យរបស់អ្នកនៅមិនទាន់មានវិជ្ជាជីវៈនៅឡើយទេ។
តាមពិតទៅក្នុងនាមជាម្ចាស់អាជីវកម្មជោគជ័យ អ្នកគួរបង្កើតទម្លាប់៥នេះទុកជាមូលដ្ឋានគ្រឹះនៅក្នុងការកសាងក្រុមហ៊ុនរបស់អ្នក។ សូមពិនិត្យមើលម្តងមួយៗ ហើយប្រៀបធៀបមើល៍ តើអ្នកមានចំណុចទាំងអស់នេះហើយឬនៅ?
១.ការស្នើសុំរកជំនួយ
ម្ចាស់អាជីវកម្មដែលជោគជ័យមិនភ័យខ្លាចក្នុងការស្វែងរកជំនួយដើម្បីវិជ្ជាជីវៈរបស់ខ្លួននោះឡើយ។ អ្នកត្រូវទទួលស្គាល់ថា អ្នកមិនអាចចេះគ្រប់យ៉ាង ឬគ្រប់ជំនាញបានទេ។ មិនចំពោះថា របៀបដំណើរការទិញលក់ ការផ្តល់ទុនឡើងវិញ ឬមតិយោបល់ពីអ្នកជំនាញរូបណានោះទេ សុទ្ធតែអាចធ្វើឲ្យអាជីវកម្មរបស់អ្នកដើរទៅកាន់បរិបទថ្មី មួយបានយូរអង្វែង។
ហេតុដូច្នេះហើយក្នុងនាមអ្នកជាម្ចាស់អាជីវកម្មមួយ អ្នកត្រូវប្រាកដថា អ្នកបានបង្កើត និងរក្សាទំនាក់ទំនងកាន់តែរឹងមាំជាមួយក្រុមមនុស្សដែលមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ ជាពិសេសអ្នកជំនាញដែលធ្លាប់ប្រឡូកនៅក្នុងវិស័យអាជីវកម្មរបស់អ្នក។
២.សុចរិតភាព
អាចហៅថា ម្ចាស់អាជីវកម្មជោគជ័យម្នាក់ដរាបណាម្ចាស់អាជីវកម្មនោះបានផ្ដោតយកចិត្តទុកដាក់លើការផ្តល់គុណតម្លៃយ៉ាងពិតប្រាកដមួយពីផលិតផល ឬសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជនទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលក្រុមហ៊ុនរបស់អ្នករីកចម្រើន វាប្រហែលជាត្រូវកាត់បន្ថយ ឬកែតម្រូវចំណុចជាច្រើនដើម្បីរក្សាប្រាក់ចំណេញបន្តទៀត។ ជាការពិត កំណើនប្រាក់ចំណូលគឺជារឿងចាំបាច់ ប៉ុន្តែវាមិនគួរក្លាយជាគោលដៅចុងក្រោយរបស់អ្នកឡើយ។
តាមពិត កេរ្តិ៍ឈ្មោះល្អក្រុមហ៊ុនរបស់អ្នកគឺអាស្រ័យទៅលើថា តើអ្នកបានផ្តល់គុណតម្លៃច្រើនកម្រិតណាដល់អតិថិជនរបស់អ្នក? នៅពេលដែលអ្នករកឃើញហើយនោះ លុយនឹងរត់មកតាមក្រោយ។ សូមដាក់បញ្ចូលសុចរិតភាពនិងគុណតម្លៃនៅក្នុងជំនួញរបស់អ្នក តាមរយៈការជួយអតិថិជន សហគមន៍ ឬចូលរួមកម្មវិធីសប្បុរសធម៌នានាឲ្យបានកាន់តែ ច្រើនដើម្បីបញ្ជាក់ថា ជំនួញអ្នកមិនបានគិតតែរឿងលុយតែមួយមុខឡើយ។
៣.មានមហិច្ឆតាធំ
ម្ចាស់អាជីវកម្មម្នាក់អាចត្រូវបានគេចាត់ទុកថា ជោគជ័យត្រូវមានមហិច្ឆតាធំ។ មិនមែនដោយសារតែលុយទើបធ្វើឲ្យខ្លួនមានមហិច្ឆតាចង់បើកជំនួញឡើយ។ មហិច្ឆតានេះហើយបានធ្វើឲ្យអ្នកលះបង់ពេលវេលា កម្លាំងកាយកម្លាំងចិត្ត ខិតខំប្រឹងប្រែង និងដឹកនាំអាជីវកម្មបើទោះបីជាជួបឧបសគ្គរាប់មិនអស់ក៏ដោយ។ អ្នកនៅតែពេញចិត្តធ្វើវា អ្នកជឿជាក់ និងមានសុទិដ្ឋិនិយមថា អាជីវកម្មរបស់អ្នកនឹងដើរទៅមុខកាន់តែប្រសើរជាងនេះ។
ដោយសារតែអ្នកមានចំណង់ចំណូលចិត្ត ក្តីស្រលាញ់ និងមានមហិច្ឆតាក្នុងមុខជំនួញរបស់អ្នក វាបានលើកទឹកចិត្តអ្នកមិនឲ្យបោះបង់ ព្រមទាំងធ្វើវាឲ្យបានល្អបំផុតដោយមិនខ្លាចនឿយហត់។
៤.រៀបចំគម្រោងត្រៀមទុកមុនជាស្រេច
ពេលខ្លះ វាមានការលំបាកដើម្បីអាចមើលធ្លុះពីរឿងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងវិថីជំនួញ ហើយអាចធ្វើវាឲ្យក្លាយទៅជាទម្លាប់របស់អ្នក។ ទោះបីជាបែបនេះក្តី ម្ចាស់អាជីវកម្មជោគជ័យត្រូវគិតពីគម្រោងអនាគតជាមុនជាមួយនឹងរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ទាំងនោះ។ អ្នកត្រូវមានហិរញ្ញវត្ថុដ៏រឹងមាំ និងផែនការរៀបចំបានយ៉ាងល្អសម្រាប់អាជីវកម្មរបស់អ្នកនៅពេលគ្រាអាសន្នតូច ឬធំដែលនឹងកើតមានឡើងដោយយថាហេតុ។
ក្រៅតែពីការធ្វើផែនការទាំងនេះ អ្នកក៏គួរតែបង្កើតផែនការជោគជ័យមួយដើម្បីធ្វើឲ្យជំនួញរបស់អ្នកកាន់តែមានភាពងាយស្រួលសម្រាប់អ្នកបន្តវេន បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅពេលអនាគត។ ប្រការនេះអាចធានាបានថា ជំនួញរបស់អ្នកនឹងមិនងាយធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់អ្នកបន្តវេនដែលទន់ជ្រាយ ឬបរាជ័យដោយគ្មានវត្តមានរបស់អ្នកនៅពេលអនាគត។
៥.លៃលកពេលវេលាសម្រាប់ខ្លួនឯង
ការគ្រប់គ្រងជំនួញមិនមែនជារឿងមួយងាយស្រួលនោះឡើយ ហើយការធ្វើឲ្យជំនួញរបស់មានស្ថិតិភាពយូរអង្វែង និងរីកចម្រើនទៅមុខគឺកាន់តែក្លាយជារឿងមួយគួរឲ្យឈឺក្បាលទៅទៀតសម្រាប់អ្នក។ យ៉ាងណាមិញ អ្នកមិនអាចអង្គុយឈ្ងោកធ្វើការនៅការិយាល័យពេញមួយឆ្នាំនោះដែរ។ អ្នកត្រូវការពេលសម្រាក ត្រូវការពេលវេលាសម្រាប់ជួបជុំគ្រួសារ មិត្តភក្ដិ ដំណើរកម្សាន្ត និងកម្មវិធីផ្សេងៗទៀត។
ហេតុដូច្នេះហើយបើទោះបីជាជំនួញរបស់អ្នកសំខាន់យ៉ាងណាក៏ដោយ អ្នកត្រូវលៃលកពេលវេលាសម្រាប់ធ្វើសកម្មភាពខាងលើនេះ។ បើអ្នកបរាជ័យលើរឿងនេះ ជីវិតជោគជ័យក្នុងជំនួញរបស់អ្នកក៏គ្មានន័យអ្វីដែរ។ អ្នកអាចជោគជ័យក្នុងជំនួញ ប៉ុន្តែបរាជ័យលើរឿងផ្សេងសុភមង្គលខ្លួនឯង ឬគ្រួសារ។ នេះមិនគួរជាគោលដៅ និងបុព្វហេតុជីវិតដែលគួរឲ្យមោទនភាពនោះឡើយ៕
ប្រភព៖ Inc