មេរៀនសំខាន់ៗចំនួន ១១ នេះគ្មានសាលាណាមួយបង្រៀនអ្នកឡើយ អ្នកត្រូវរៀនដោយខ្លួនឯង
មានមេរៀនល្អៗជាច្រើនដែលអ្នកអាចរៀននៅសាលាពាណិជ្ជកម្ម (Business School)។ ភាគច្រើនវាសង្កត់ធ្ងន់ទៅលើការធ្វើផែនការអាជីវកម្ម និងការសម្រេចចិត្តជាយុទ្ធសាស្ត្រជាដើមដែលជាលក្ខណៈទ្រឹស្ដីសិក្សាសុទ្ធសាធ និងអាចឲ្យអ្នកយកទៅអនុវត្តនៅពេលធ្វើអាជីវកម្ម។ យ៉ាងណាមិញ វាមិនសំខាន់ថា អ្នកមានសាស្ត្រាចារ្យដ៏អស្ចារ្យណាមួយ ឬមានកម្មវិធីសិក្សាផ្នែកអាជីវកម្មល្អឥតខ្ចោះយ៉ាងណានោះទេ គ្មានសាលារៀនណាមួយអាចបង្រៀនអ្នកនូវមេរៀនគ្រប់សព្វបែបយ៉ាងនោះឡើយ។ ជំនាញទាំងនេះអ្នកត្រូវរៀនស្រាវជ្រាវដោយខ្លួនឯងដើម្បីធ្វើជាទុនបន្ថែមយកទៅអនុវត្តក្នុងពិភពអាជីវកម្ម។
១.របៀបធ្វើជាអ្នកដឹកនាំល្អ អ្នកដឹកនាំដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (MBA)គឺមិនមែនសុទ្ធតែមានសមត្ថភាព និងដឹកនាំគេប្រកបដោយប្រសិទ្ធភាពនោះឡើយ។ យោងទៅតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard (Harvard Business Review) ទៅលើនាយកប្រតិបត្តិក្រុមហ៊ុន (CEO) ចំនួន ១០០ នាក់នៅជុំវិញពិភពលោកបានបង្ហាញថា មានតែ ២៤%% ប៉ុណ្ណោះដែលបញ្ចប់ថ្នាក់អនុបណ្ឌិត។នេះមានន័យថា មេដឹកនាំដែលទទួលបានជោគជ័យត្រូវដឹងអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។ ភាពជាអ្នកដឹកនាំត្រូវបង្ហាញភាពវិជ្ជមាន និងចេះលើកទឹកចិត្តមនុស្សជុំវិញខ្លួនដែល ទាំងនេះកម្ររកឃើញនៅក្នុងសាលារៀនណាស់។
២.ផ្លូវជោគជ័យមិនមានតែមួយនោះឡើយ គ្មានឡើយរូបមន្តជោគជ័យ ហើយផ្លូវជោគជ័យមិនមែនមានតែមួយនោះឡើយ។ អ្នកត្រូវបង្កើតផ្លូវជោគជ័យមួយ ហើយដើរតាមផ្លូវជោគជ័យនោះដោយខ្លួនឯងដើម្បីសម្រេចក្តីសុបិន្ដរបស់អ្នក។ គ្មាននរណាម្នាក់ មិនចំពោះថា គ្រូរបស់អ្នក គ្រូបង្វឹក ឬក៏អ្នកដឹកនាំជោគជ័យក្នុងអាជីវកម្មអាចប្រាប់អ្នកបានពីរបៀបបង្កើតអនាគតដ៏ត្រចះត្រចង់មួយសម្រាប់អ្នកនោះឡើយ។ ចក្ខុវិស័យរបស់មនុស្សម្នាក់ៗមិនសុទ្ធតែអាចចេះតែចម្លងបាន និងអាចជួសជុលដោយនរណាម្នាក់ផ្សេងទៀតបានទេ។
៣.របៀបកសាងទំនាក់ទំនងដែលជួយឲ្យអ្នករីកចម្រើនទៅមុខ នៅក្នុងវិស័យអាជីវកម្ម វាមិនសំខាន់នោះឡើយសម្រាប់អ្នកដែលត្រូវស្គាល់អ្វីៗគ្រប់យ៉ាង។ ប៉ុន្តែអ្វីដែលសំខាន់គឺត្រង់ថា តើនរណាខ្លះដែលអ្នកត្រូវស្គាល់? រាល់ជោគជ័យក្នុងពិភពអាជីវកម្ម គឺផ្តើមចេញពីការបង្កើតបណ្ដាញទំនាក់ទំនងដ៏ល្អទៅកាន់មនុស្សជុំវិញអ្នក។ ដូចនេះបើអ្នកចង់ជោគជ័យក្នុងអាជីវកម្ម អ្នកត្រូវពង្រឹង និងពង្រីកជំនាញទន់ (Soft Skill) របស់អ្នកឲ្យកាន់តែខ្លាំងជាមួយបណ្តាអ្នកជោគជ័យផ្សេងៗទៀតនៅក្នុងសង្គមទើបអ្នកអាចរកបានមនុស្សល្អៗមកធ្វើជាដៃគូជំនួញរបស់អ្នកបានដែលសាលាផ្សេងៗមិនបានបង្រៀនអ្នក។
៤.ជំនាញចរចា គ្រប់សកម្មភាពទំនាក់ទំនងរបស់អ្នកនៅក្នុងវិស័យអាជីវកម្ម អ្នកត្រូវមានជំនាញមួយទៀតដែលសំខាន់ផងដែរនោះគឺ ជំនាញចរចា។ យុទ្ធសាស្ត្រចរចាមិនបានបង្រៀននៅសាលា Business School នោះឡើយ ប៉ុន្តែវាជាជំនាញដែលអ្នកអាចទទួលបាននៅក្នុងការអនុវត្តជាក់ស្តែងនៅពេលធ្វើជំនួញរកស៊ី តាមរយៈការអានសៀវភៅ ឬតាមរយៈមមធ្យោបាយផ្សេងៗជាច្រើនទៀត។ នៅពេលជំនាញមួយនេះកាន់តែមុតស្រួច រាល់ការប្រាស្រ័យទំនាក់ទំនងទាំងផ្លូវការ និងមិនផ្លូវការរបស់អ្នកតែងតែទទួលបានលទ្ធផលល្អជាគុណប្រយោជន៍សម្រាប់ធ្វើជំនួញ។
៥.របៀបធ្វើជំនួញ ជាការពិតសាលា Business School បានបង្រៀនវិធីសាស្ត្រច្រើនណាស់ទាក់ទងទៅនឹងការធ្វើជំនួញទៅតាមដំណាក់កាលនីមួយៗដូចជារបៀបស្រាវជ្រាវទីផ្សារ បង្កើតគម្រោងអាជីវកម្ម គម្រោងហិរញ្ញវត្ថុ ឬ រចនាសម្ព័ន្ធក្នុងការធ្វើអាជីវកម្មជាដើម។ ក៏ប៉ុន្តែនៅក្នុងទិដ្ឋភាពជាក់ស្តែង វាមានរឿងរ៉ាវច្រើនណាស់ដែលអ្នកជួបលើសពីអ្វីដែលអ្នកបានរៀននៅ ក្នុងសាលា។ ទាំងនេះមានដូចជា ការស្វែងរកដើមទុន ការជ្រើសរើសដៃគូមកវិនិយោគជាមួយគ្នា ចំណុចខ្លាំង និងចំណុចខ្សោយអាជីវកម្ម និងហានិភ័យច្រើនទៀតរាប់មិនអស់ ដែលទាំងនេះសាលាទាំងនោះមិនបានបង្រៀនអ្នកនោះឡើយ។
៦.របៀបជួលមនុស្សល្អបំផុតមកធ្វើការ នៅពេលត្រូវការជួលបុគ្គលិក សហគ្រិនគ្រប់រូបព្យាយាមជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដមកធ្វើការ។ បុគ្គលិកគ្រប់គ្រងធនធានមនុស្សនៅក្នុងក្រុមហ៊ុនរបស់អ្នក ទំនងជាត្រូវធ្វើការធ្ងន់ដើម្បីចម្រាញ់យកអ្នកមានសមត្ថភាព។ ប៉ុន្តែការសំរេចចិត្តថា តើនរណាម្នាក់នឹងត្រូវបានជួលមកធ្វើការនោះ គឺស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកទាំងស្រុងដែលដំណាក់កាលនេះទាមទារឲ្យអ្នកត្រូវរៀនហ៊ានសម្រេចចិត្ត និងមានការទទួលខុសត្រូវតំណាងឲ្យស្ថាប័នទាំងមូល។
៧. រៀនពីកំហុសរបស់អ្នក មេរៀនមួយក្នុងចំណោមមេរៀនដ៏ពិបាកបំផុតដើម្បីរៀនសូត្រក្នុងនាមជាសហគ្រិននោះគឺ កំហុសរបស់សហគ្រិន។ ពេលខ្លះការចរចាបានបរាជ័យ ទីផ្សារមានការប្រែប្រួល បញ្ហាថ្មីៗបានកើតមានឡើង ឬ ប្រហែលពេលខ្លះគំនិតផ្ដួចផ្ដើមរបស់អ្នកបានជាប់គាំង ។ យ៉ាងណាមិញ អ្នកនៅតែអាចរកឃើញមធ្យោបាយដើម្បីដើរបន្តទៅមុខទៀត។ នេះបានបង្រៀនសហគ្រិនថា ខ្លួនត្រូវតែរៀនពីភាពបរាជ័យ និងកំហុសឆ្គងជាច្រើនដើម្បីកែលំអឲ្យកាន់តែប្រសើរឡើងសម្រាប់ពេលក្រោយទៀត។
៨.របៀបបង្កើតទំនាក់ទំនងស្អិតល្មួតជាមួយអតិថិជន នៅសាលារៀន អ្នកប្រហែលបានរៀនត្រឹមតែរូបមន្តពីរបៀបទំនាក់ទំនងជាមួយ អតិថិជនតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលអ្នកចាប់ផ្តើមធ្វើអាជីវកម្ម ការកសាងទំនាក់ទំនង ឬ ទាក់ទាញអតិថិជនឲ្យមកចាប់អារម្មណ៍ជាមួយអ្នក មិនមែនជារឿងមួយងាយស្រួលនោះឡើយ។ ដោយសារតែអតិថិជនមានច្រើនប្រភេទ និងមានតម្រូវការផ្សេងៗគ្នាទៀតនោះ អ្នកច្បាស់ជាត្រូវស្តាប់អតិថិជនរបស់អ្នក រៀនលក់ រៀនចរចា រៀនសម្របសម្រួល រៀនបញ្ចុះបញ្ចូលជាដើមដែលជារឿងមួយឈឺក្បាលបំផុតសម្រាប់អ្នក។
៩.រៀនប្រកួតប្រជែងជាមួយគូប្រជែងធំៗ នៅក្នុងពិភពអាជីវកម្ម អ្នកមិនចាំបាច់ក្លាយជាក្រុមហ៊ុនយក្សនោះឡើយដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗ។ បើទោះអាជីវកម្មអ្នកនៅតូច អ្នកអាចរកឃើញចំណុចពិសេសមួយរបស់អ្នកដែលមានគុណសម្បត្តិល្អជាងគូប្រជែងរបស់អ្នក។ ប៉ុន្តែចំណុចនេះវាអាស្រ័យលើសមត្ថភាពរបស់សហគ្រិនម្នាក់ៗដែលត្រូវដឹងថា តើខ្លួនត្រូវត្រៀមយុទ្ធសាស្ត្របែបណាទើបអាចយកឈ្នះលើគូប្រជែងរបស់ខ្លួនបាន? បើពិនិត្យឲ្យមែនទែនទៅ វាប្រាកដណាស់ដែលទាមទារឲ្យអ្នកស្រាវជ្រាវបន្ថែមដោយខ្លួនឯង ខុសពីសាលាដែលបានបង្រៀនតែទ្រឹស្ដីតិចតួចប៉ុណ្ណោះ។
១០.របៀបដោះស្រាយជម្លោះ ទាំងនៅក្នុងពិភពអាជីវកម្ម និងជីវិតជាក់ស្តែង ជម្លោះពិតជាមិនអាចជៀសផុតបានឡើយ។ អ្នកត្រូវប្រឈមមុខ និងដោះស្រាយវាឲ្យមានប្រសិទ្ធភាពបំផុត។ ចំណុចនេះគ្មានសាលាណាមួយបង្រៀនអ្នកពីរូបមន្តដ៏មានប្រសិទ្ធភាពសម្រាប់បង្ហាញផ្លូវអ្នកឲ្យចេះអភ័យទោសឲ្យមនុស្ស របៀបដោះស្រាយជម្លោះដោយសន្តិវិធី ជួសជុលផ្លូវចិត្ត និងរកដំណោះស្រាយជំនួសអ្នកនៅពេលអ្នកជួបបញ្ហាទាំងនោះឡើយ។ យ៉ាងណាមិញ អ្វីដែលអ្នកត្រូវដឹងនោះ គឺត្រូវពឹងលើសមត្ថភាពរបស់អ្នក។
១១.បទពិសោធន៍ជីវិតជាក់ស្តែង នៅសាលា អ្នកអាចរៀនមុខជំនាញផ្សេងៗដែលអ្នកចង់បាន។ អ្នកអាចរៀនចប់ច្រើនសាលា ហើយទទួលបានសញ្ញាបត្រគ្រប់កំរិត។ ប៉ុន្តែនៅក្នុងជីវិតជាក់ស្តែង សញ្ញាបត្រជីវិតអ្នកមិនអាចទទួលបានត្រឹមរយៈពេល ៤ឆ្នាំ ១០ ឆ្នាំ ឬ ២០ឆ្នាំនោះឡើយ។ អ្នកត្រូវរៀនវាមិនចេះចប់ រៀនស្គាល់សង្គម រៀនរស់នៅក្នុងសង្គមដរាបណាអ្នកនៅមានជីវិត។ នៅក្នុងជីវិតជាក់ស្តែងពោរពេញដោយអ្នកឈ្នះ អ្នកចាញ់ ភាពជោគជ័យ ហើយក៏ពោរពេញដោយការបរាជ័យដែរ។ មេរៀននេះសាលារៀនរបស់អ្នកមិនអាចបង្រៀនអ្នកបានឡើយ។ បើចង់បានវា អ្នកត្រូវចេញទៅក្រៅ និងប្រឡូកក្នុងសង្គមឲ្យបានច្រើនតាមសមត្ថភាពរបស់អ្នក៕
ប្រភព៖ entrepreneur