ប្រធានសិប្បកម្ម CSL៖ ស្តង់ដារគុណភាពផលិតផលជាអ្វីដែលសហគ្រិនគ្រប់រូបគួរយកចិត្តទុកដាក់
ជាធម្មតាទេ ការប្រកបរបរអាជីវកម្មគឺក្នុងគោលបំណងមួយដើម្បីទទួលបានផលចំណេញត្រលប់មកវិញ។ យើងសង្កេតឃើញស្ថានភាពក្នុងសង្គមមួយចំនួននាពេលបច្ចុប្បន្ន ដោយសារម្ចាស់អាជីវកម្មមួយចំនួនសម្លឹងឃើញពីតម្លៃនៃទឹកប្រាក់ស្ទើរតែធំជាងអាយុជីវិតមនុស្ស ទើបពួកគេប្រើប្រាស់អាជីវកម្មដើម្បីទាញយកផលចំនេញ និងមិនខ្វល់ពីសុខទុក្ខអ្នកប្រើប្រាស់បន្តិចសោះ។
លោក សុង ខេងលាន ដែលជាប្រធានសិប្បកម្ម CSL Enterpris បានលើកឡើងថា៖ «គ្មាននរណាម្នាក់ដែលចេញរកស៊ីដោយមិនសំឡឹងឃើញពីផលចំណេញទេ តែទន្ទឹមនឹងប្រាក់ចំណេញទទួលបាន អ្វីដែលអ្នករកស៊ីទាំងអស់គួរយកចិត្តទុកដាក់បន្ថែមនោះ គឺភាពទទួលខុសត្រូវរបស់ខ្លួនលើទំនិញឬសេវាកម្មដែលខ្លួនបានផលិត។ ដោយសារសិប្បកម្មរបស់លោក ជាសិប្បកម្មផលិតចំណីអាហារបរិភោគ អាហារសម្រន់បំពងដូច្នេះលោកបានធ្វើការសង្កត់ធ្ងន់លើសុវត្ថិភាព និងគុណភាពផលិតផល»។
លោកបានបន្ថែមថា៖ យើងដឹងហើយថាអាហារបំពងដែលមានជាតិប្រេងវាមិនផ្តល់ផលល្អខ្លាំងដល់សុខភាពមនុស្សយើងទេ តែខ្លួនមនុស្សម្នាក់ៗក៏មិនអាចខ្វះជាតិប្រេងបានដែរ CSL ព្យាយាមផលិតអាហារបំពងដែលធ្វើឡើងតាមស្តង់ដារ និងក្បួនច្បាប់ចំណីអាហារបំផុត។ រាល់ដំណើរការផលិតនៅ CSL រាប់ចាប់តាំងពីទិញវត្ថុធាតុដើម រហូតបានផលិតផលច្រកចូលក្នុងកញ្ចប់ សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពអនាម័យខ្ពស់ សូម្បីតែប្រេងដែលយកមកបំពងក៏ត្រូវយីហោ មានការកំណត់សីតុណ្ហភាពត្រឹមត្រូវដែរ។
ឆ្លើយតបទៅនឹងសំណួរ លើកឡើងពីភាពទទួលខុសត្រូវលើផលិតផលឬសេវាកម្មដែលម្ចាស់អាជីវកម្មនីមួយៗបានផលិត លោក ខេងលាន ក៏បានរៀបរាប់បន្ថែមទៀតថា ផលិតនូវអាហារមួយ ឬផលិតផលមួយ ឬបង្កើតសេវាកម្មមួយ ម្ចាស់អាជីវកម្មត្រូវប្រាកដខ្លួនឯងថា ខ្លួនជាអ្នកផលិតហ៊ានបរិភោគ ហ៊ានប្រើប្រាស់អាហារ ឬផលិតផល និងសេវាកម្មនោះដែរទេ ប្រសិនបើផលិតខ្លួនឯងហើយមិនហ៊ានប្រើប្រាស់ មិនហ៊ានបរិភោគផងនោះ តើលក់ជូនអតិថិជនបានប្រយោជន៍អ្វី សួរខ្លួនឯងថាតើកំពុងរកស៊ីឬសាងបាបឲ្យប្រាកដ?
មួយវិញទៀត ផលិតអាហារដើម្បីឲ្យអ្នកបរិភោគបានទទួលអាហារដែលមានរសជាតិឆ្ងាញ់ពិសារ តែខ្លួនឯងលោកផ្ទាល់ក៏មិនបានជំរុញទឹកចិត្តអតិថិជនឲ្យទទួលទានវារហូតមិនឈប់នោះដែរ ព្រោះប្រភេទអាហារសម្រន់បំពង វាអាចនឹងផ្តល់ផលប៉ះពាល់ដល់សុខភាពក្នុងលក្ខខណ្ឌបរិភោគច្រើនពេក។ លោកបានបន្ថែមចុងក្រោយថា៖ រាល់ថ្ងៃបើយើងមិនបានធ្វើបុណ្យច្រើនអ្វីទេ ក្នុងនាមជាសហគ្រិនម្នាក់យើងពុំគប្បីភូតភរកុហកអតិថិជនដើម្បីតែផលចំនេញខ្លួនឯងឡើយ ហើយការដែលផលិតអាហារដែលគិតគូរដល់សុខភាព និងសុវត្ថិភាពអ្នកបរិភោគគឺជាភាពទទួលខុសត្រូវធំបំផុតគួរយកចិត្តទុកដាក់ជាប់ជានិច្ច។
គួរបញ្ជាក់ផងដែរថា សិប្បកម្ម CSL ជាសហគ្រាសលក់អាហារសម្រន់ប្រពៃណីខ្មែរ ដែលធ្វើការផ្គត់ផ្គង់លើផលិតផលដូចជា ចេកឆាប ដំឡូងឆាប ត្រាវឆាវ គ្រាប់ស្វាយចន្ទី សណ្តែកដីលីង ទុរេនស្ងួត ដំណាប់ស្វាយ និងផលិតផលមួយចំនួនទៀត អាស័យដ្ឋានផ្ទះលេខ ៥០, ផ្លូវលំ, ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែlមានដំណើរការអាជីវកម្មអស់រយៈពេល ២ ឆ្នាំមកហើយ៕
ដោយ៖ យ៉ាយ៉ា