មេរៀនវិនិយោគ៖ បើចង់បានអ្វីមួយល្អបំផុតពីបុគ្គលិក អ្នកក៏ត្រូវផ្តល់អ្វីមួយល្អបំផុតឲ្យពួកគេវិញដែរ
ថ្វីបើការអភិវឌ្ឍសមត្ថភាពបុគ្គលិកមួយចំនួន ត្រូវការការវិនិយោគហិរញ្ញវត្ថុ (ឧទាហរណ៍ដូចជា សិក្ខាសាលា វគ្គបណ្តុះបណ្តាលខ្លីៗ ចូលជាសមាជិកជាមួយអ្នកមានជំនាញវិជ្ជាជីវៈ ឬការសិក្សាផ្សេងៗ) ការទទួលបានលទ្ធផលត្រឡប់មកវិញដ៏ល្អបំផុតត្រូវចាប់ផ្តើមចេញពីការវិនិយោគពេលវេលា និងថាមពលរបស់អ្នក។ ទោះបីជា ពេលវេលា និងថាមពលតែងតែត្រូវបានកំណត់ក៏ដោយ អ្នកដឹកនាំដែលមានគោលបំណងពិតប្រាកដ ត្រូវវិនិយោគលើធនធានដ៏មានតម្លៃទាំងនោះនៅក្នុងក្រុមការងាររបស់ខ្លួន។
នៅពេលបុគ្គលិកជាច្រើនចាប់ផ្តើមកត់សម្គាល់ឃើញថា អ្នកមានចំណាប់អារម្មណ៍លើភាពជោគជ័យរបស់ពួកគេ ការពិភាក្សាដ៏តានតឹងកាន់តែមានភាពងាយស្រួលជាងមុន។ បញ្ហាត្រូវបានដោះស្រាយនៅលើតុជាជាងការគេចវេសមិនទទួលខុសត្រូវ ហើយដំណោះស្រាយរបស់អ្នកត្រូវបានបង្ហាញចេញមកជាជាងចង្អុល ឬដាក់បន្ទុកទៅលើបុគ្គលិក។
អតីតមហាសេដ្ឋីដែកថែបលោក Andrew Carnegie គឺជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ និងជាគ្រូធំដ៏គួរឲ្យកោតសរសើរម្នាក់សម្រាប់ផ្តល់ជាគំរូលើកទឹកចិត្តដល់មនុស្សទូទៅ។ គាត់បានឈានជើងចូលទៅកាន់ ទឹកដីអាមេរិកពីប្រទេសកំណើនរបស់លោក គឺស្កុតឡែន។ នៅពេលដែលលោកនៅក្មេង លោកបានធ្វើការងារជាច្រើន ហើយរស់នៅក្នុងជីវិតចុងក្រោយជាមហាសេដ្ឋីប្រធានក្រុមហ៊ុនដែកថែបដ៏ធំបំផុតរបស់អាមេរិក។
នៅពេលនោះ (មុនពេលស្លាប់ឆ្នាំ ១៩១៩) លោក Andrew គឺជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាមេរិក។ ដើម្បីចាត់ចែងទ្រព្យសម្បត្តិរបស់លោកឲ្យបានត្រឹមត្រូវ លោកបានលក់ក្រុមហ៊ុន Carnegie Steel ទៅឲ្យក្រុមហ៊ុន J. P. Morgan ក្នុងឆ្នាំ ១៩០១ ក្នុងតម្លៃ ៤៨០ លានដុល្លារ (៤៨០ លានដុល្លារនៅសម័យនេះមានតម្លៃស្មើនឹងជិត ៤០០ ពាន់លានដុល្លារនៅសម័យនេះ)។ លោកក៏ត្រូវបានចាត់ទុកថា ជាមហាសេដ្ឋីដ៏សប្បុរសបំផុតក្នុងលោកដែលបានបរិច្ចាគប្រាក់រហូតដល់ទៅ ៧៩ ពាន់លានដុល្លារទៅឲ្យសាកលវិទ្យាល័យ និងកម្មវិធីសប្បុរសធម៌នានា។
កាលពីលោក Andrew កំពុងធ្វើជំនួញ លោកមានសេដ្ឋី ៤៣ លាននាក់ធ្វើការឲ្យលោក។ នៅចុងសតវត្សទី ១៩ ចង់ក្លាយជាសេដ្ឋីម្នាក់គឺជារឿងកម្រណាស់។ នៅអំឡុងពេលនោះ លោកត្រូវបានអ្នកកាសែតម្នាក់សាកសួរថា តើលោកអាចគ្រប់គ្រងរកស៊ីជាមួយសេដ្ឋីទាំងនោះដោយរបៀបណា? លោកបានឆ្លើយថា អ្នកទាំងនោះមិនមែនជាសេដ្ឋីទេនៅពេលពួកគេចាប់ផ្តើមធ្វើការជាមួយលោកនៅពេលដំបូង។ ប៉ុន្តែអ្នកទាំងនោះបានក្លាយជាសេដ្ឋីដោយសារតែពួកគេបានធ្វើការឲ្យលោក។
អ្នកកាសែតនោះក៏បានសាកសួរសំនួរបន្ទាប់មកទៀតថា តើលោកបានអភិវឌ្ឍអ្នកទាំងនោះឲ្យក្លាយជាមនុស្សមានតម្លៃរហូតធ្វើឲ្យលោកហ៊ានចំណាយលុយច្រើនយ៉ាងនេះទៅឲ្យពួកគេបានដោយវិធីណា?
លោក Andrew បានឆ្លើយដូច្នេះថា៖« មនុស្សត្រូវបានអភិវឌ្ឍដូចទៅនឹងវិធីជីកយករ៉ែមាសពីក្នុងដីដែរ។ នៅពេលជីកយករ៉ែមាស ដីភក់ល្បាប់រាប់តោនត្រូវកាយចេញមកក្រៅដើម្បីចម្រាញ់យកមាសទម្ងន់មួយអោននោះ។ ប៉ុន្តែអ្នកដែលចុះទៅជីកនៅកន្លែងជីករ៉ែមិនមែនដើម្បីយកអាចម៍ដីទាំងនោះទេ តែគឺដើម្បីរកមាសដែលលាយឡំនៅក្នុងដីនោះ»។
នេះជាមេរៀនដ៏មានតម្លៃបំផុតមួយសម្រាប់សហគ្រិន ឬអ្នកដឹកនាំសម័យថ្មីដែលត្រូវដឹងថា ខ្លួនក៏កំពុងសម្លឹងរកមើលមាសដែលមាននៅក្នុងចំណោមបុគ្គលិករបស់ខ្លួនដែរ (វិនិយោគលើបុគ្គលិក)។ នៅពេលដែលបានរកឃើញមាសនោះហើយ អ្នកត្រូវបង្រៀនបុគ្គលិករបស់អ្នកឲ្យចម្រាញ់យកមាសនោះចេញមក។ នេះបញ្ជាក់ថា អ្នកកំពុងជួយពួកគេឲ្យកសាងជីវិតកាន់តែមានតម្លៃឡើងសម្រាប់ខ្លួនឯងផ្ទាល់ និងអ្នកដទៃជាមួយនឹងលទ្ធផលឈ្នះៗ។
នៅក្នុងបរិបទសព្វថ្ងៃទាំងនៅក្នុងជីវិត ឬមុខជំនួញក្តី អ្នកប្រហែលជាបានភ្លេចបាត់ទៅហើយទៅនឹងច្បាប់ភាពជាអ្នកដឹកនាំមួយនេះ "ប្រសិនបើបុគ្គលិករបស់អ្នកជោគជ័យ អ្នកក៏ជោគជ័យដែរ"។ បរាជ័យរបស់ពួកគេអាចបញ្ជាក់បានថា ភាពជាអ្នកដឹកនាំរបស់អ្នកនៅមានចំណុចខ្វះខាត៕
ប្រភព៖ Inc