ហេតុអ្វីបានជាអ្នកមិនចាំបាច់រៀនអនុបណ្ឌិតដើម្បីជោគជ័យក្នុងជំនួញ?
តើអ្នកជំនួញគ្រាក់ៗដ៏ជោគជ័យជាច្រើនដូចជា លោក Walt Disney លោក Sam Walton លោក Steve Jobs លោកRichard Branson លោក Larry Ellison លោកMichael Dell និង Bill Gates ជាដើម មានចំណុចដូចគ្នាអ្វីខ្លះ? ចម្លើយគឺថា បុគ្គលទាំងអស់នេះបានបោះបង់ និងមិនបានរៀនចប់ចុងចប់ដើមនៅសាលាទេពេលចាប់ផ្តើមធ្វើជំនួញ។
នៅក្នុងបទពិសោធន៍ជីវិតជាក់ស្តែងរបស់សហគ្រិនល្បីៗទាំងនេះ ក៏ដូចជាអ្នកជោគជ័យផ្សេងទៀតនៅជុំវិញពិភពលោកបានបង្រៀនអ្នកថា ភាពជោគជ័យនៅក្នុងជីវិត និងមុខជំនួញ ហាក់មិនមានទំនាក់ទំនងអាស្រ័យទៅនឹងការអប់រំនោះឡើយ។ វាមិនសំខាន់ថា អ្នករៀនចប់បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិតនោះទេ។ ហេតុអ្វី?
ចម្លើយពិតប្រាកដថា ឆ្លើយតបទៅនឹងសំនួរនេះហាក់មានការពិបាកបន្តិច។ ពិតណាស់ថា ការអប់រំជាសហគ្រិនភាពគឺជា វិធីសាស្ត្រ គោលការណ៍ ផ្នត់គំនិត ការណែនាំ ឬក្បួនដើម្បីតម្រង់ទិសអ្នកឲ្យក្លាយជាសហគ្រិន។ នេះអាចបញ្ជាក់បានថា ការអប់រំនៅសាលាក៏មានគោលដៅដើម្បីភាពជោគជ័យសហគ្រិនដែរ។ ក៏ប៉ុន្តែវាមិនមែនចាំបាច់ដើម្បីឲ្យអ្នកជោគជ័យក្នុងមុខជំនួញរបស់អ្នកឡើយ។
យោងតាមការសិក្សាស្រាវជ្រាវរបស់លោកស្រី Saras Sarasvathy សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Virginia ទៅលើអ្នកជំនួញ ៣០ នាក់ដែលរស់នៅសហរដ្ឋអាមេរិក ហើយបានបញ្ចប់ថ្នាក់អនុបណ្ឌិត (MBA)។ អ្នកស្រីបានអនុញ្ញាតឲ្យអ្នកចូលរួមទាំងនេះដែលសុទ្ធសឹងតែបានរៀនចប់វគ្គសិក្សាតាមទំនៀមទម្លាប់ចាស់ៗ "ការគិតបែបធម្មតា ឬ Casual Thinking” និង "ការគិតទុកជាមុន ឬ Predictive Reasoning" ស្វែងរកមធ្យោបាយ និងប្រភពធនធានផ្សេងៗដែលធ្វើឲ្យពួកគេសម្រេចបានគោលដៅរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ភាពជាសហគ្រិនទាមទារឲ្យមានអ្វីមួយដែលលោកស្រីសាស្ត្រាចារ្យ Sarasvathy ហៅថា ជា "ហេតុផលដ៏មានប្រសិទ្ធភាព ឬ Effectual Reasoning "។ ជាការពិតសហគ្រិនជាច្រើនបានចាប់ផ្តើមដំបូងនូវកិច្ចការរបស់ពួកគេជាមួយនឹងហេតុផលដ៏មានប្រសិទ្ធភាព ប៉ុន្តែពួកគេគ្រាន់តែយកចិត្តទុកដាក់ចំពោះតែហេតុផលធម្មតាឆ្ពោះទៅរកផ្នែកចុងក្រោយនៃការអភិវឌ្ឍន៍គម្រោងរបស់ពួកគេ (Project Development)។
លោកស្រីសាស្ត្រាចារ្យ Sarasvathy បានលើកឡើងថា ការអប់រំកន្លងមកពឹងផ្អែកលើកម្មវិធីសិក្សាជាច្រើនដែលជាទូទៅគេយល់ថា ជាកម្មវិធីសិក្សាល្អៗ និងចាំបាច់បំផុត។ លោកស្រីបានបន្តថា លទ្ធផលនៃការអប់រំគឺចង់បានស្តង់ដារ និងលទ្ធផលដូចការគ្រោងទុក។ ក៏ប៉ុន្តែការអប់រំទាំងនេះ គឺនៅមានភាពស្តួចស្តើងនៅឡើយបើធៀបទៅនឹងទិដ្ឋភាពជាក់ស្តែងនៅក្នុងជីវិតរបស់អ្នកសិក្សាដូចជាសហគ្រិនជាដើម។
រៀនមុខវិជ្ជាគ្រឹះសំខាន់ៗនៅសាលារៀន ប៉ុន្តែកុំផ្ដេកផ្ដួលលើវាខ្លាំងពេក
ក្លាយជាសហគ្រិនជោគជ័យមួយរូប មិនមែនពឹងតែលើពិន្ទុល្អនៅសាលាតែមួយមុខប៉ុណ្ណោះទេ ពោលគឺវាគ្រានតែជាជំហានដំបូងរបស់អ្នកប៉ុណ្ណោះ។ តាមពិតទៅ វាត្រូវការធាតុផ្សំជាច្រើនទៀតដើម្បីមកចាក់បំពេញអ្នកឲ្យដើរលើវិថីជាអ្នកជំនួញមួយរូបប្រកបដោយសមត្ថភាព។ ជាធម្មតានៅក្នុងថ្នាក់រៀន អ្នកអាចរៀនពីទ្រឹស្ដីធ្វើអាជីវកម្មរាប់មិនអស់ ក៏ប៉ុន្តែនៅក្នុងជីវិតជាក់ស្តែង អ្នកត្រូវការមានគំនិតច្នៃប្រឌិត សរសេរគម្រោងអាជីវកម្ម រៀនប្រមូលដើមទុន របៀបជួលមនុស្សមកធ្វើការ គ្រប់គ្រងមនុស្ស រៀនទំនាក់ទំនង រៀនសម្រេចចិត្ត រៀនចរចា រៀនអត់ធ្មត់ ការប្រកួតប្រជែងជាដើម ដែលមេរៀនទាំងនេះសុទ្ធតែគ្រឿងផ្គុំសំខាន់ក្នុងការធ្វើជំនួញ។ អ្នកត្រូវរៀនស្រាវជ្រាវដោយខ្លួនឯង ព្រោះថា សាលារៀនមិនបានបង្រៀន អ្នកនូវមុខវិជ្ជាទាំងនេះឡើយ។
សូមចាំថា សហគ្រិនភាព មិនមែនជាអាជីពនោះឡើយ
កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិត (MBA) ជាច្រើននៅពេលកន្លងមក មានភាពល្បីល្បាញខ្លាំងណាស់នៅអាមេរិក និងនៅជុំវិញពិភពលោក។ ប៉ុន្តែមានកម្មវិធីសិក្សាតិចតួចប៉ុណ្ណោះដែលត្រូវបានយកមកអនុវត្តនៅក្នុងជីវិតជាក់ស្តែង។ ក្រៅពីមុខវិជ្ជាតម្រង់ទិសដែលទាក់ទងទៅនឹងមុខជំនួញរបស់អ្នក មុខវិជ្ជាផ្សេងៗទៀតបានស្លាប់កប់បាត់នៅថ្ងៃជាមួយគ្នាដែលអ្នកបានបញ្ចប់ថ្នាក់អនុបណ្ឌិត។
អ្នកត្រូវចាំថា មុខវិជ្ជាដែលអ្នកបានរៀន គឺដើម្បីនាំមនុស្សនៅក្នុងថ្នាក់រៀនរបស់អ្នកទៅធ្វើការនៅតាមក្រុមហ៊ុននានា។ សហគ្រិនគឺជាអ្នកបង្កើតក្រុមហ៊ុនទាំងនោះ។ ដូច្នេះសហគ្រិនភាព មិនមែនជាអាជីពការងារពិតប្រាកដមួយឡើយ។ ភាពជាសហគ្រិន គឺជាការខិតខំប្រឹងប្រែងមួយដែលលើសពីការងារ។ វាជារបៀបរស់នៅមួយ ជាសាសនាមួយ និងជាការរៀនសូត្រដែលគ្មានទីបញ្ចប់។
ភាពជោគជ័យកើតមាននៅខាងក្រៅប្រអប់
ការអប់រំមាននិន្នាការមួយគឺផ្តល់ឲ្យអ្នកនូវបរិយាកាសព្យាករណ៍ដ៏សមរម្យសម្រាប់អ្នកដើម្បីរៀនសូត្រ និងសម្រេចបាននូវដំណោះស្រាយចំពោះបញ្ហាដែលបានរៀបចំ។ ហេតុដូច្នេះហើយនេះជាមូលហេតុដែលអ្នកសិក្សារៀនសូត្រជាច្រើនបានចំណាយពេល និងធនធានយ៉ាងសន្ធឹកសន្ធាប់ដើម្បីព្យាយាមធ្វើឲ្យការសិក្សារបស់ខ្លួនទទួលបានលទ្ធផលល្អ ពីព្រោះលទ្ធផលទាំងនោះ ពួកគេអាចគ្រប់គ្រងបានបើពួកគេកាន់តែខិតខំប្រឹងប្រែង។
ជាលទ្ធផលអ្នកមិនដែលលោតចេញពីប្រអប់មួយនេះទេ។ អ្នកមិនដែលគិតថា ចង់ធ្វើអ្វីឲ្យច្រើនលើសពីអ្វីដែលសាលាបានដាក់កិច្ចការឲ្យអ្នកឡើយ ហើយមានតែទាមទារឲ្យបានតិចជាងនេះទៀតផង។ អ្នកត្រូវបានគេដាក់ឲ្យស្ថិតនៅក្នុងប្រអប់មួយនេះ ហើយនេះមិនមែនជារឿងអាក្រក់នោះទេ។ តាមពិតទៅ ភាពជាសហគ្រិន គឺទាមទារអ្វីៗជាច្រើនលើសពីអ្វីដែលអ្នកបានជួបនៅក្នុងប្រអប់របស់អ្នក។ គ្មានឡើយភាពជាក់លាក់សម្រាប់សហគ្រិនថា នឹងទទួលបានលទ្ធផលនេះលទ្ធផលនោះ។ អ្វីៗគឺប្រែប្រួលគ្រប់ពេល និងពិបាកក្នុងការព្យាករណ៍បំផុតបើទោះបីជាមានការខិតខំប្រឹងប្រែងក៏ដោយ។
រៀនតាមរយៈការអនុវត្ត
ជាមួយនឹងការរៀនផងអនុវត្តផង មុនដំបូងអ្នកត្រូវចាប់ផ្តើមធ្វើអ្វីៗជាច្រើនដូចជា រៀនធ្វើអ្នកកូនចៅ អ្នកគ្រប់គ្រង រៀនគ្រប់គ្រងមនុស្ស រៀនបង្កើតទំនាក់ទំនង រៀនចរចា ឬរៀនបំផុសគំនិត។ បើអ្នកជួបមនុស្សកាន់តែច្រើន កសាងទំនាក់ទំនងជាមួយពួកគេកាន់តែច្រើន។ ក៏ប៉ុន្តែទ្រឹស្ដីទាំងនោះក៏អាចជះឥទ្ធិពលផ្ទុយពីអ្វីដែលអ្នកបានជួបនៅពេលធ្វើជំនួញ។
វិធីសាស្ត្រ "រៀនដោយការអនុវត្ត" នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការអប់រំរបស់អ្នក។ មិនយូរមិនឆាប់បន្ទាប់ពីនេះ អ្នកនឹងអាចឈានទៅមុខកាន់តែឆ្ងាយ។ អ្នករៀន អ្នកធ្វើ អ្នកបរាជ័យ ហើយអ្នកត្រូវក្រោកឡើងចាប់ផ្តើមធ្វើសាជាថ្មីហើយជឿថា ម្តងនេះអ្នកនឹងធ្វើបានល្អជាងមុនៗ។
រៀនសូត្រគ្មានទីបញ្ចប់
សូមចាំថា ភាពជាសហគ្រិន កម្មវិធីសិក្សារបស់អ្នកគ្មានទីបញ្ចប់ឡើយ។ ភាពជាសហគ្រិនដ៏ពិតប្រាកដម្នាក់ គឺជាបុគ្គលដែលដាក់ចិត្តដាក់កាយចូលរួមការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ជំនាញ ឥរិយាបថ និងចំណេះដឹងរបស់ខ្លួនគ្មានទីបញ្ចប់។ ក្នុងនាមជាសហគ្រិនត្រូវយល់ថា ការរៀនសូត្រ គឺជាភារកិច្ចចាំបាច់ដែលខ្លួនត្រូវខិតខំប្រឹងប្រែងរៀងរាល់ថ្ងៃ ហើយត្រូវធ្វើពេញមួយឆាកជីវិតរបស់អ្នក។ ភាពជាសហគ្រិនមិនមែនការសិក្សារបស់ខ្លួនត្រូវបានបិទបញ្ចប់នៅពេលដែលអ្នកបានទទួលសញ្ញាប័ត្រនោះទេ។ វាជាកិច្ចការដែលអ្នកត្រូវធ្វើបន្តឥតឈប់ឈរនៅសង្គមខាងក្រៅ ហើយគ្មានថ្ងៃនិយាយថា "ឈប់ ឬ ហត់” ទេ។
សរុបមកវិញ អត្ថបទនេះមិនបាននិយាយថា ការអប់រំនៅថ្នាក់អនុបណ្ឌិតមិនមានប្រយោជន៍នោះឡើយ ឬលើកទឹកចិត្តអ្នកឲ្យបោះបង់ការសិក្សានៅសាលាចោលដែរ។ ក៏ប៉ុន្តែអ្នកត្រូវដឹងថានៅក្នុងមុខជំនួញជាក់ស្តែង អ្នកមានអ្វីៗដែលអ្នកត្រូវធ្វើលើសពីសាលារៀនឆ្ងាយណាស់៕
ប្រភព៖ Business