ចង់​ដឹង​ថា បញ្ញា​ស្មារតី​ (EQ)​ របស់​អ្នក​​​ខ្លាំង ឬ​ខ្សោយ​ សាកល្បង​​ឆ្លើយ​សំនួរ ៨ នេះ​!​



វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum)  បាន​បង្ហាញ​​របាយការណ៍​​គួរ​ឲ្យ​ចាប់​អារម្មណ៍​​របស់​ខ្លួន​​មួយ​​​ស្តី​អំពី​ការងារ​សម្រាប់​ពេល​អនាគត (Future Of Jobs Report 2018) ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ។ ក្នុង​របាយការណ៍​​នេះ ស្ថាប័ន​នេះ​​បាន​រក​ឃើញ​​ជំនាញ​កំពូលៗ​​ចំនួន ១០ ដែល​ចាំបាច់​បំផុត​​សម្រាប់​អនាគត​​បដិវត្ត​ឧស្សាហកម្ម​របស់​ពិភពលោក (​ Fourth Industrial Revolution)។

ជំនាញ​មួយ​​ដែល​​របាយការណ៍​ខាងលើ​​យល់​ថា​​ ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​​គឺ​វា​មាន​វត្តមាន​រួច​ទៅ​ហើយ​ដែល​នោះ​គឺ ភាព​ឆ្លាតវៃ​​ផ្នែក​​បញ្ញា​ស្មារតី ឬ Emotional Intelligence (EQ)។ ជំនាញ​មួយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​និន្នាការ​កាន់តែ​ខ្ពស់ ត្រូវ​ការ​ច្រើន​នៅ​លើ​ទីផ្សារ​ការងារ​ក្នុង​ឆ្នាំ ២០២២ ខាងមុខ ហើយ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជំនាញ​ដ៏​មាន​សក្ដានុពល​សម្រាប់​ការ​​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព និង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន។

នៅ​ក្នុង​ការ​សិក្សា​ជាច្រើន​​បាន​រក​ឃើញ​ថា បុគ្គលិក​ដែល​មាន​បញ្ញា​ស្មារតី (EQ) ខ្ពស់​ជួយ​ជំរុញ​ឲ្យ​បរិស្ថាន​ការងារ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ដែល​រួមមាន៖ 

-ការ​​ជំរុញ​ឲ្យ​មាន​ការ​ធ្វើការងារ​ជា​ក្រុម៖ អ្នក​ដែល​មាន​​បញ្ញា​ស្មារតី​ខ្ពស់ មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ក្រុម​ការងារ​ជាង​អ្នក​ដែល​​មិន​សូវ​មាន​បញ្ញា​ស្មារតី។

-ចែករំលែក​​គំនិត និង​បើក​ចិត្ត​ទូលាយ​ទទួល​យក​គំនិត​អ្នកដទៃ៖ មនុស្ស​ប្រភេទ​នេះ​​មិន​ប្រើ​គំនិត​ត្រួតត្រា​និយម​នៅ​ក្នុង​ស្ថានភាព​​មួយ​ដោយ​គ្មាន​ការ​ពិចារណា និង​ពិភាក្សា​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ​ ពួកគេ​បង្កើន​ទំនុកចិត្ត​ដើម្បី​ឲ្យ​ក្រុមការងារ​ចាប់ដៃ​​ធ្វើការ​រួមគ្នា។

-ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ និង​​ការ​ប្រឈម​ទៅ​នឹង​ស្ថានភាព​ថ្មីៗ៖ បុគ្គលិក​ដែល​មាន​បញ្ញា​ស្មារតី​ខ្ពស់​ យល់​ច្រើន​ពី​វិធី​គ្រប់គ្រង​អតិថិជន​ របៀប​ធ្វើការ​ជាមួយ​​អ្នក​រួម​ការងារ​ដែល​មិន​សប្បាយចិត្ត ឬ​​អ្នក​គ្រប់គ្រង​ដែល​មិន​ពេញចិត្ត​នឹង​​ការងារ​របស់​ខ្លួន។

-រក្សា​ភាព​ស្ងប់ស្ងៀម និង​​បង្កើត​ភាព​វិជ្ជមាន​នៅ​ក្នុង​កិច្ចពិភាក្សា​​ដ៏​ចម្រូងចម្រាស៖ បុគ្គលិក​ដែល​មាន​បញ្ញា​ស្មារតី​ខ្ពស់​ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បង្ហាញ​ភាព​រម្យទម អត់ធ្មត់ ចិត្តត្រជាក់ និង​កំណត់ព្រំដែន​របស់​ខ្លួន​ពេល​មាន​ជម្លោះ ឬ​ភាព​ខ្វែង​គំនិត​គ្នា​កើត​មាន​ឡើង (ប្រសិន​បើ​ខ្លួន​ជា​អ្នក​គ្រប់គ្រង)។

-ចេះ​លើកទឹកចិត្ត​ខ្លួនឯង៖ បុគ្គលិក​ដែល​មាន​បញ្ញា​ស្មារតី​ខ្ពស់​ ​គឺ​ជា​មនុស្ស​ដែល​​មាន​ផ្នត់​គំនិត​ទូលំទូលាយ អភិវឌ្ឍ​ជា​ប្រចាំ មាន​សុទិដ្ឋិនិយម គំនិត​វិជ្ជមាន​​ដែល​ទាំងអស់​នេះ​ផុស​ចេញ​ពី​ខ្លួន​ឯង​ផ្ទាល់​។ មិន​តែ​ប៉ុណ្ណោះ បុគ្គលិក​ប្រភេទ​នេះ ជា​មនុស្ស​សំបូរ​ទៅ​ដោយ​គំនិត​ផ្ដួចផ្ដើម មាន​គំនិត​ច្នៃប្រឌិត និង​ចេះ​​ស្វែង​រក​ឱកាស​ទៀត​ផង។

ប៉ុន្មាន​ចំណុច​ខាងលើ​នេះ​គឺ​ជា​គុណសម្បត្តិ​​ពិសេសៗ ត្រួសៗ​របស់​មនុស្ស​ដែល​មាន​បញ្ញា​ស្មារតី​ខ្ពស់។ សម្រាប់​អ្នក​វិញ ដើម្បី ចង់​ដឹង​ថា អ្នក​ជា​មនុស្ស​​មាន​បញ្ញា​ស្មារតី (EQ) ខ្លាំង ឬ​ខ្សោយ សាកល្បង​ឆ្លើយ​សំនួរ​ចំនួន ៨ ខាងក្រោម​នេះ​ជា​មុន​សិន៖

១.តើ​អ្នក​ជា​រឿយៗ​បាន​ដឹង​អំពី​អារម្មណ៍​របស់​អ្នក​​កំពុង​គិត​អ្វី​ដែរ​ឬទេ? ហើយ​ហេតុអ្វី​​បាន​អ្នក​មាន​អារម្មណ៍​បែប​នោះ​?
២.តើ​អ្នក​បាន​​ដឹង​ពី​ដែន​កំណត់​​ក៏ដូចជា​ចំណុច​ខ្លាំង​ផ្ទាល់ខ្លួន​​របស់​អ្នក​​ដែរ​ឬ​ទេ​​?
៣.តើ​អ្នក​​អាច​គ្រប់គ្រង​អារម្មណ៍​តានតឹង​របស់​អ្នក​បាន​ល្អ​ក្នុង​កម្រិត​ណា? ឧទាហរណ៍​ថា អ្នក​អាច​មាន​អារម្មណ៍​ល្អ​មក​វិញ​ភ្លាមៗ​ក្រោយ​ជួប​បញ្ហា​ខកចិត្ត បាក់ទឹកចិត្ត ការ​បរាជ័យ ឬ​​ភាព​តានតឹង​​ផ្សេងៗ​ក្នុង​ជីវិត​ដែល​អ្នក​បាន​ជួប។
៤.តើ​អ្នក​អាច​សម្រប​ខ្លួន​បាន​យ៉ាង​រលូន​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​​​ដែល​អ្នក​កំពុង​ជួប​ដែរ​ឬទេ? 
៥.តើ​អ្នក​បាន​ផ្ដោត​​​យកចិត្ត​ទុកដាក់​ដល់​គោលដៅ​សំខាន់​របស់​អ្នក​ និង​ដឹង​ពី​ជំហាន​នីមួយៗ​ដែល​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នោះ​ដែរ​ឬទេ?
៦.តើ​អ្នក​ជា​រឿយៗ​យល់​ពី​អារម្មណ៍​​អ្នក​ដែល​អ្នក​និយាយ​ជាមួយ និង​យល់​ថា​តើ​ពួកគេ​កំពុង​​មើល​​​អ្វី​មួយ​ក្នុង​រូបភាព​បែប​ណា​ដែរ​ឬទេ? 
៧.តើ​អ្នក​អាច​ដឹកនាំ​ការ​ចរចា​​មួយ​​ឆ្ពោះ​​ទៅ​រក​​ការ​ព្រមព្រៀង​ប្រកបដោយ​ភាព​ផ្លែផ្កា ភាព​ពេញចិត្ត​ពេញ​ថ្លើម និង​អាច​ជួយ​ដោះស្រាយ​ជម្លោះ​​ដែល​កើត​មាន​ឡើង​បាន​​ដែរ​ឬ​ទេ?​
៨. តើ​អ្នក​​​មាន​​យុទ្ធសាស្ត្រ ឬ​មធ្យោបាយ​អ្វី​​ដែរ​ឬទេ​ ដើម្បី​បញ្ចុះបញ្ចូល​ និង​ប្រើ​ឥទ្ធិពល​របស់​អ្នក​​ឲ្យ​មាន​ប្រសិទ្ធភាព​​ទៅ​លើ​អ្នកដទៃ​?

ប្រសិន​បើ​ចម្លើយ​របស់​អ្នក​ឆ្លើយ​ថា "Yes” ភាគច្រើន នោះ​មានន័យ​ថា អ្នក​​ត្រូវ​បាន​​ចាត់ទុក​​ថា ជា​មនុស្ស​មាន​ពិន្ទុ ភាព​ឆ្លាតវៃ​ផ្នែក "បញ្ញា​ស្មារតី​” ខ្ពស់​ដែរ៕

ប្រភព៖ INC 

X
5s