តើ​អ្នក​គួរ​នៅ​ធ្វើ​ការ​យូរ​ប៉ុណ្ណា បើ​គេ​មិន​​ដំឡើង​តំណែង​ឲ្យ​អ្នក?​



ការ​អភិវឌ្ឍ​​សមត្ថភាព​នៅ​ក្នុង​អាជីព​ការងារ​ គឺ​ជា​ក្តី​ប្រាថ្នា​ដ៏​ធំ​មួយ​របស់​បុគ្គលិក​គ្រប់រូប​ក្រៅ​ពី​ប្រាក់ខែ​របស់​ខ្លួន។ នៅ​ខណៈ​ដែល​ការ​​ដំឡើង​តំណែង​បាន​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​​ទទួល​បាន​ប្រាក់​ចំណូល​​កាន់តែ​ច្រើន អ្នក​មិន​គួរ​នៅ​ធ្វើ​ការ​ក្រុមហ៊ុន​មួយ​ដុះស្នឹម​នៅ​ហ្នឹង​កន្លែង​ទេ ប្រសិន​បើ​​ឱកាស​មួយ​នេះ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ។

បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក  Ian Siegel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន  ZipRecruiter បាន​ឲ្យ​ដឹង​ថា បុគ្គល​គ្រប់រូប​គួរតែ​ត្រូវ​បាន​ដំឡើង​តំណែង​នៅ​​រង្វង់ ៣​ឆ្នាំ​ម្តង។ លោក​​​បន្ត​ថា ប្រសិន​បើ​អ្នក​មិន​ត្រូវ​បាន​ដំឡើង​តំណែង​នៅ​ក្នុង​រយៈពេល​នេះ​ទេ នោះ​មាន​ន័យ​ថា ការងារ​របស់​អ្នក​កំពុង​មាន​បញ្ហា​ហើយ។ 

នាយក​ប្រតិបត្តិ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ជា​ធម្មតា​នៅ​ពេល​ដែល​សមត្ថភាព​របស់​អ្នក​កាន់តែ​ខ្ពស់ ការ​ប្តូរ​មុខ​តំណែង ឬ​ដំឡើង​តំណែង​ម្តងៗ​​គឺ​ប្រើ​ពេល​កាន់តែ​យូរ​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​បន្ត​ធ្វើ ជា​លំដាប់​នោះ​គឺ​ត្រូវ​​មាន​ការ​ទទួលខុសត្រូវ​កាន់តែ​ច្រើន និង​ធ្វើ​ឲ្យ​ជំនាញ​របស់​អ្នក​កាន់តែ​មុត​ស្រួច​បន្ថែម​ទៀត។ 

លោក  Ian Siegel ​បាន​ផ្តល់​គន្លឹះ​មួយ​ចំនួន​ខាងក្រោម​នេះ​ថា តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សុំ​ដំឡើង​តំណែង? និង​ តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្តេច​ពេល​សំណើ​របស់​អ្នក​បរាជ័យ? ​

១.ត្រូវ​ប្រាកដ​ថា អ្នក​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ឡើង​តំណែង
ការ​ឡើង​តំណែង​មិនមែន​​នៅ​សុខៗ​អ្នក​ចង់​ឡើង​តំណែង​ភ្លាមៗ​នោះ​ឡើយ។ អ្នក​ត្រូវ​ប្រាកដ​​ខ្លួនឯង​ថា អ្នក​ពិត​ជា​បាន​ត្រៀម​ខ្លួន​បំពេញ​ការងារ​ជា​ច្រើន​​រួចរាល់​​ហើយ​​​ដោយ​​ផ្អែក​​លើ​ការ​ទទួលខុសត្រូវ​កាន់តែ​ច្រើន​ឡើង​ និង​ការងារ​ទទួល​បាន​​លទ្ធផល​ល្អ​ដូច​ ឬ​លើស​ការ​រំពឹង​ទុក​។ 

២.យល់​ពី​ប្រព័ន្ធ​អេកូ​នៅ​ក្នុង​​ក្រុមហ៊ុន​របស់​​អ្នក
អ្នក​ត្រូវ​ស្វែងយល់​ឲ្យ​ច្បាស់​ពី​រចនាសម្ព័ន្ធ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​ថា តើ​​ការ​ឡើង​ដំណែង​ធ្វើ​ឡើង​ឆ្លងកាត់​តាម​ដំណាក់កាល​ណា​​ខ្លះ? ក្រុមហ៊ុន​ខ្លះ​មាន​មុខតំណែង និង​ការងារ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ការ​ដំឡើង​តំណែង​របស់​អ្នក​មិនសូវ​ជា​មាន​បញ្ហា​នោះ​ឡើយ។ ក៏ប៉ុន្តែ​មាន​ក្រុមហ៊ុន​ខ្លះ​ទៀត មុខតំណែង​ដែល​ត្រូវ​ដំឡើង​មាន​តិច មាន​​ការ​ប្រកួតប្រជែង​ច្រើន​​នៅ​ក្នុង​ចំណោម​បុគ្គលិក​ដែល​មាន​សមត្ថភាព ហេតុដូច្នេះ​ការ​​សុំ​ដំឡើង​តំណែង​របស់​អ្នក​អាច​​ចង្អៀត​បន្តិច។ ជា​យោបល់​ល្អ អ្នក​អាច​សាកសួរ​អ្នក​ដែល​បាន​​ឆ្លងកាត់​បទពិសោធន៍​មុន​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​ដើម្បី​ចែករំលែក​ពី​វិធី​ដែល​អាច​​ជួយ​ឲ្យ​អ្នក​បាន​ឡើង​តំណែង​​ឆាប់រហ័ស​។ 

៣.បើ​ទទួល​បាន​ចំឡើយ​បដិសេធន៍ ស្នើសុំ​អ្វី​ផ្សេង​ទៀត
ប្រសិន​បើ​ការ​ដំឡើង​មុខ​តំណែង​​របស់​អ្នក​ត្រូវ​បាន​បដិសេធន៍ អ្នក​​គួរ​ស្នើសុំ​​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​នេះ​ដែល​​អ្នក​យល់​ថា វា​អាច​​ផ្តល់​ឱកាស​ល្អ​ដល់​​ការ​អភិវឌ្ឍ​​សមត្ថភាព​ក្នុង​អាជីព​ការងារ​របស់​អ្នក។ ប៉ុន្តែ​មិន​​នឹង​អ្នក​ស្នើសុំ​អ្វី​ផ្សេង​នោះ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ចង់​បាន​អ្វី​ពិតប្រាកដ? សុំ​កុំ​មាន​ខ្មាសអៀន​ដើម្បី​គ្រាន់តែ​ចង់​ឲ្យ​ខ្លួន​ឯង​កាន់តែ​ប្រសើរ ប្រាក់​ខែ​កាន់តែ​ច្រើន ឱកាស​ការងារ​កាន់​តែ​ខ្ពស់ និង​ទទួល​បាន​ជំនាញ​ថ្មីៗ។ ផ្ទុយ​ទៅ​វិញ បើ​វា​នៅតែ​មិន​បាន​ផល​ទៀត វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​ឈាន​ដល់​ដំណាក់កាល​​ទី​៤។ 

៤.ដល់​ពេល​ដែល​អ្នក​ត្រូវ​ចាកចេញ
ប្រសិន​បើ​អ្នក​បាន​ខិតខំ​​ប្រឹងប្រែង​ធ្វើ​ការ​ហើយ និង​ធ្វើ​លើស​ពី​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ទៅ​ទៀត ប៉ុន្តែ​នៅ​តែ​មិន​ត្រូវ​បាន​ដំឡើង​តំណែង​ រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ​ដាក់ពាក្យ​លាលែង​​រក​ការងារ​នៅ​កន្លែង​ថ្មី។ អ្នក​ត្រូវ​ដឹង​ថា ​ពេល​ខ្លះ​ការ​ដំឡើង​ដំណែង​មិន​ផ្អែក​តែ​នៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​លើ​ការងារ​របស់​អ្នក​តែ​មួយ​​​មុខ​​នោះ​ទេ។ 

ប្រសិន​បើ​ចៅហ្វាយ​របស់​អ្នក​មិន​​ប្រាកដ​ខ្លួនឯង​ពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ នោះ​ការ​ដំឡើង​តំណែង​របស់​អ្នក​គឺ​ជា​រឿង​មិន​​អាច​ទៅ​រួច​នោះ​ឡើយ។ ទន្ទឹម​នឹង​នេះ​បើ​ចៅហ្វាយ​របស់​អ្នក​​បាន​កំណត់​គម្រោង​ការងារ​មួយ​ដែល​​ត្រូវ​ធ្វើ ហើយ​បន្ទាប់​មក​បាន​ផ្លាស់ប្ដូរ​គោលដៅ​គម្រោង​ការងារ​នោះ នោះ​​ភ្លើងក្រហម​ក៏​នៅ​តែ​ធ្លាក់​មក​លើ​អ្នក​ដដែល​។ ​

មួយ​វិញ​ទៀត បើ​ការងារ​របស់​អ្នក​កាន់តែ​ងាយស្រួល​ទៅៗ ហើយ​អ្នក​មិន​ត្រូវ​បាន​ដំឡើង​តំណែង​ទេ​នោះ វា​អាច​​ជា​សញ្ញាណ​​មួយ​បញ្ជាក់​ថា អ្នក​ត្រូវការ​​​មុខ​តំណែង​ដែល​​ធំ​ជាង​នេះ​ បើ​មិន​ដូច្នេះ​ទេ​អ្នក​​ត្រូវ​សម្លឹង​មើល​ការងារ​នៅ​កន្លែង​ថ្មី​ទៀត​វា​ល្អ​​ប្រសើរ​ជាង៕

ប្រភព៖ CNN ​

 

X
5s