ស្ថាបនិក​Feeling Media បង្ហើប​ ៣ ​ចំណុច​ក្នុង​ការ​ត្រៀម​ខ្លួន​បង្កើត​អាជីវកម្ម​ថតរូប​



លោក សយ ដារ៉ារ័ត្ន បច្ចុប្ប្ន​ជា​ស្ថាបនិក​នៃ​ក្រុម​ថតរូប​ Feeling Media ជា​មួយ​នឹង​បទពិសោធន៍​នឹង​គំនិត​ឆ្នៃ​ប្រឌិត​ក្នុង​ការ​ថត​រូប​យ៉ាង​ប៉ិនប្រសព្វ​ ក្រុម​របស់​លោក​តែង​ទទួល​បាន​ការ​គាំទ្រ​ជា​ហូរហែ​មិន​ថា​ជា​ការ​ថត​តាម​កម្មវិធី និង​បែបPre-weeding ជា​ដើម។ ជា​ការ​ចែក​រំលែកសំរាប់​អ្នក​ចង់​បង្កើត​ជា​ក្រុម​ថតរូប​ឬ​អាជីវកម្ម​ថតរូប លោក ដារ៉ារ័ត្ន បាន​លើកឡើង​នូវ​៣​ចំណុច​សំរាប់​ការ​ត្រៀមខ្លួន៖

ស្ថាបនិក​វ័យក្មេង​រូប​នេះ​ប្រាប់​ថា​ចំណុច​ត្រៀម​ខ្លួន​ទី​១​គឺ យើង​ត្រូវ​ទៅ​ឲ្យ​គេ​ប្រើ​សិន៖ យើង​អាច​ទៅ​ធ្វើ​ជា​ជំនួយការ​គេ ឬ​ទៅ​ជួយ​ធ្វើ​ការ​ឲ្យ​គេ​សិន​ដើម្បី​រៀន​ពី​គេ និង​យក​បទពិសោធន៍​ពី​គេ ព្រោះ​យើង​មិន​អាច​រៀន​ចប់​ភ្លាម​ឬ​ចេញ​មក​ភ្លាម​ទៅ​ទិញ​កាមេរ៉ា​ហើយ​ដើរ​ថត​ឲ្យ​គេ ឬ​បើក​អាជីវកម្ម​តែ​ម្ដង​នោះ​ទេ។

ចំណុច​សំខាន់​ទី២​គឺ ដើរ​ម្នាក់ឯង​មិន​ជោគជ័យ​ទេ៖ លោក​ដារ៉ារ័ត្ន​ប្រាប់​ថា បើ​ទោះបី​ជា​យើង​ធ្វើ​ការងារ​ក្នុង​អាជីព​នេះ​ដូចគ្នា​ពោល​គឺ​យើង​ទទួល​ថតរូប​ឲ្យ​ភ្ញៀវ​ដូចគ្នា ប៉ុន្តែ​យើង​មិន​ប្រឆាំង​នឹង​គ្នា​នោះ​ទេ មាន​ន័យ​ថា​យើង​ត្រូវ​ចេះ​សហការ​ជា​មួយ​នឹង​ក្រុមហ៊ុន​Media​ផ្សេងៗ ដូច្នេះ​នៅ​ពេល​ដែល​យើង​ខ្វះ​ខាត​អ្វី​មួយ ឧទាហរណ៍​ដូច​ជា​ ក្រុមការងារ ឬ​ឧបករណ៍​ផ្សេងៗ​ យើង​អាច​ជួល​គ្នា ​ឬ​ខ្ចី​គ្នា​ប្រើ​ទៅវិញ​ទៅ​មក​បាន ព្រោះ​ថា​បើ​យើង​ដើរ​តែ​ម្នាក់ឯង​យើង​មិន​អាច​គ្រប់គ្រង​បាន​ទាំង​អស់​នោះ​ទេ ដូច្នេះ​យើង​ត្រូវ​ដើរ​ទៅ​មុខ​ទាំង​អស់​គ្នា។

ចំណុច​សំខាន់​ចុងក្រោយ​គឺ យើង​មិន​ត្រូវ​ទម្លាក់​តម្លៃ​ខ្លួនឯង​ទេ៖ បើ​យើង​និយាយ​ពី​ការ​ធ្វើ​អាជីវកម្ម​ប្រភេទ​នេះ យើង​ត្រូវ​បូក​ទាំង​តម្លៃ​កាមេរ៉ា​តើ​យើង​ទិញ​មក​តម្លៃ​ប៉ុន្មាន ហើយ​យើង​បាន​ចំណាយ​ពេល​វេលា​ក្នុង​ការ​រៀន​សូត្រ​អស់​ប៉ុន្មាន​មុន​ពេល​ចេញ​ទៅ​ថត​ឲ្យ​ភ្ញៀវ ហើយ​តើ​ថ្លៃ​កុំព្យូទ័រ​ដែល​យើង​ទិញ​មក​ដើម្បី​កាត់​រូប​ឲ្យ​គេ​តម្លៃ​ប៉ុន្មាន បូក​សរុប​ចំណុច​ទាំង​អស់​នេះ​ហើយ​ទើប​យើង​អាច​ចេញ​តម្លៃ​ទៅ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺ តម្លៃ​ត្រូវ​សាកសម​ជា​មួយ​រូបភាព​ដែល​យើង​ផលិត​មក៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s