មានប៉ាម៉ាក់ជាមនុស្សតឹងរ៉ឹងមានអីមិនល្អ តោះមកមើលអត្ថប្រយោជន៍ទាំង ៧ យ៉ាងនេះ​



យុវវ័យសម័យនេះ ស្ទើរតែទាំងអស់ទៅហើយដែលមិនចង់បានការគាបសង្កត់ ដាក់កំហិតពីឪពុកម្តាយ ខុសពីមនុស្សជំនាន់មុនដែលតែងធ្វើតាមបង្គាប់ចាស់ទុំគ្រប់ពេលវេលា។ ក្មេងសម័យនេះគេត្រូវការសេរីភាព ចង់ធ្វើអ្វីដែលគេគិតថាចង់បាន ចង់ឲ្យឪពុកម្តាយតាមចិត្ត។ 

ដោយឡែកឪពុកម្តាយមួយចំនួនសព្វថ្ងៃនេះ យើងសង្កេតថាពួកគាត់ក៏បានធ្វើការផ្លាស់ប្តូររបៀបរបបនៃការរស់នៅក្នុងការប្រៀនប្រដៅកូនចៅ មិនសូវជាគាបសង្កត់ខ្លាំងដូចកាលពីសម័យមុនដែរ។ តែបើមើលឲ្យជាក់ទៅ កូនៗដែលមានឪពុកម្តាយជាមនុស្សតឹងរ៉ឹងគ្មានអ្វីមិនល្អទេ ផ្ទុយមកវិញពួកគេទទួលបានបទពិសោធន៍ក្នុងជីវិតរស់នៅយ៉ាងមានន័យច្រើនជាងកូនៗដែលមានឪពុកម្តាយដែលសេរី។ អត្ថប្រយោជន៍មានអ្វីខ្លះ តោះទៅមើល ៧ ចំនុចខាងក្រោមទាំងអស់គ្នា៖

១) ក្លាយជាមនុស្សឆ្លាតវៃជុំវិញខ្លួនគេហ៊ុំព័ទ្ធទៅដោយភាពប៉ិនប្រសប់ និងភាពសមរម្យ

គួរសង្កេតមើលថា មនុស្សដែលចេញពីគ្រួសារមានវិន័យ ច្រើនតែជាមនុស្សដែលទទួលបានការអប់រំខ្ពស់ទាំងចំណេះទូទៅ សីលធម៌ សុជីវធម៌ ចរិយាមាយាទ។ អ្នកតែងមានភាពឆ្លាតវៃ មានការបត់បែន ចេះមើលកាលៈទេសៈ មានសុជីវធម៌ក្នុងការទំនាក់ទំនងខ្ពស់ពិសេសក្នុងការនិយាយស្តីដឹងខ្ពស់ទាប ហើយអ្នកក៏មិនសូវជាមានទំលាប់ខ្ជិលដែរ។ អ្នកអាចចូលក្នុងសង្គមបានស្ទើរគ្រប់ឋានៈ អាចសេពគប់មនុស្សបានសឹងគ្រប់ប្រភេទ ព្រោះអ្នកដឹងច្បាស់ពីការបែងចែកពាក្យសម្តីនិយាយតាមប្រភេទមនុស្ស ហើយអ្នកក៏តែងទទួលបានជោគជ័យច្រើនដែរ។

២) អ្នកត្រូវបានគេវិនិច្ឆ័យល្អលើចរិតលក្ខណៈ

ឪពុកម្តាយតឹងរ៉ឹងតែងបង្រៀនកូនឲ្យមានចរិកលក្ខណៈល្អ មាយាទល្អ គាត់តែហាមប្រាមកូនចៅពីការចេញដើរលេងផ្តេសផ្តាស់ជាមួយមនុស្សមិនល្អ ព្រោះមិនចង់ឲ្យកូនខូចអនាគត។ វាពិតជារឿងមួយមិនងាយស្រួលទេសម្រាប់កូនៗ តែគិតឲ្យបានល្អិតល្អន់អ្វីដែលគាត់កំពុងធ្វើនោះគឺមិនខុសទេ បើកូនអាចប្រតិបត្តិតាមឱវាទឪពុកម្តាយតឹងរ៉ឹងបាន អ្នកជោគជ័យពិតប្រាកដគឺកូនៗនេះឯង។

៣) អ្នកអាចមើលថែខ្លួនឯងបានល្អ

ដោយសារឪពុកម្តាយតែងហាមឃាត់អ្នកពីការដើរលេងពាលាអាវ៉ាសែ ផឹកស្រា ជក់បារី ហើយទម្លាប់មួយនោះបានដិតជាប់ក្នុងការចងចាំអ្នក ដូចនេះអ្នកនឹងមិនធ្លាក់ក្នុងផ្លូវមួយមិនល្អដែលសង្គមមិនទទួលស្គាល់ទេដូចជាការក្លាយខ្លួនជាអ្នកជក់ថ្នាំ ជនពាល ប្រមឹកប៉ោឡែ។ លើសពីនេះទោះបីជាអ្នកចេះផឹកគ្រឿងស្រវឹងក៏មិនមែនផឹកដល់ថ្នាក់មិនគិតពីសុខភាពខ្លួនដែរ។

៤) ភាពទទួលខុសត្រូវជាចំនុចខ្លាំងរបស់អ្នក

មានឪពុកម្តាយកាចតឹងរ៉ឹង អ្នកតែងក្លាយខ្លួនជាមនុស្សដែលមានភាពទទួលខុសត្រូវដោយមិនដឹងខ្លួន ព្រោះពួកគាត់ត្រូវការភាពច្បាស់លាស់ពីកូនគាត់ គាត់តែងផ្តល់ឱកាសឲ្យកូនរបស់គាត់អាចទទួលខុសត្រូវលើការងារណាមួយពិសេសលើការសម្រេចចិត្តរបស់ខ្លួនឯង។ គាត់តែងបង្ហាត់កូនគាត់ឲ្យមានភាពទទួលខុសត្រូវនេះចាប់តាំងពីការងារតូចតាច ឧទាហរណ៍ដូចជារាប់ចាប់ពីការលាងចានបាយរបស់ខ្លួនឯងបន្ទាប់ពូហូបបាយរួច រហូតដល់ការសម្រេចចិត្តលើការងារធំពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់​កូន​។

៥) អ្នកមានជំនាញក្នុងការចរចា បញ្ចុះបញ្ចូល

អ្នកដឹងច្បាស់ថាការនិយាយកុហស និងការសម្តែងជាអ្វីដែលមិនអាចទទួលយកបានតែអ្នកជាមនុស្សដែលចេះមើលកាលៈទេសៈបំផុត។ អ្វីដែលអ្នកធ្វើអាចនឹងមិនមែនជាការនិយាយកុហកទេ វាអាចជាការលួងលោមនៅពេលមនុស្សម្នាក់កំពុងខឹងច្រលោត ទប់កំហឹងមិនបាន អ្នកអាចដើរតួជាអ្នកសម្រមសម្រួល ព្រោះអ្នកមានជំនាញមួយនេះ។ សួរថាហេតុអ្វី នោះក៏ព្រោះគ្រួសារអ្នកតែប្រើទម្លាប់មួយនៃការដោះស្រាយបញ្ហាតាមរយៈការចរចា ចៀសវាងចេញពីការប្រើហិង្សានិងជម្លោះ។ រាល់ពេលមានបញ្ហាណាមួយក្នុងគ្រួសារ ឪពុកម្តាយតឹងរ៉ឹងតែយកបញ្ហានោះមកដាក់លើតុហើយជជែកគ្នារកដំណោះស្រាយ មិនយូរមិនឆាប់ដំណោះស្រាយល្អមួយក៏បានលេចចេញមក។

៦) អ្នកដទៃតែងច្រណែននឹងអ្នក

មនុស្សជុំវិញខ្លួនដែលមិនអាចធ្វើអ្វីដូចដែលអ្នកអាចធ្វើបាន គេតែងមានចិត្តច្រណែនអ្នក ព្រោះអ្នកមានទាំងចរិយាមាយាទល្អ ស្គាល់ខ្ពស់ស្គាល់ទាប ស្គាល់កាលៈទេសៈ មានទំនុកចិត្តលើខ្លួនឯង និងមានភាពទទួលខុសត្រូវ។ ដូច្នេះកុំខ្វល់ ឈឺក្បាលវិលមុខជាមួយសម្តីមនុស្សដែលឥតបានការចាំតែច្រណែនអ្នកអី។

៧) អ្នកនឹងក្លាយមនុស្សល្អ និងជាឪពុកម្តាយដ៏ល្អនៅពេលអនាគតដោយសារការប្រៀនប្រដៅរបស់ឪពុកម្តាយអ្នក

មិនខុសគេឪពុកម្តាយអ្នកអាចបង្រៀនឲ្យអ្នកក្លាយជាមនុស្សល្អ ហេតុអ្វីអ្នកមិនអាចបង្រៀនកូន ឬអ្នកជំនាន់ក្រោយបន្តពីអ្នកបានល្អដែរនោះ។ អ្នកដឹងច្បាស់ថាឪពុកម្តាយអ្នកតឹងរ៉ឹងចំពោះអ្នកពិតមែន តែការតឹងរ៉ឹងរបស់គាត់វាមានតម្លៃជាងទ្រព្យ ឬមរតកមហាសាលដែលគាត់អាចប្រគល់ឲ្យអ្នកទៅទៀត៕

ដោយ៖ យ៉ាយ៉ា

 

X
5s