ឥណ្ឌាប្រឈមនឹងការគំរាមកំហែងរបស់លោកត្រាំក្នុងការដាក់គំនាបពន្ធគយដូចចិន
ប្រធានាធិបតីអាមេរិកលោក ដូណាលត្រាំ បានបោះសម្ដីថាពន្ធដែលប្រទេសឥណ្ឌាកំពុងដាក់លើផលិតផលអាមេរិកមួយចំនួនគឺលោកមិនអាចទទួលយកបានទេហើយលោកបានប្រកាសស្នើប្រទេសឥណ្ឌាឲ្យដកពន្ធគយនោះចេញ។ រឿងរ៉ាវដើមទងគឺកើតឡើងកាលពីដើមខែមិថុនាឆ្នាំ ២០១៩ នេះដែលអាមេរិកបានសម្រេចចិត្ដដកកិច្ចព្រមព្រៀងនៃការអនុគ្រោះពាណិជ្ជកម្ម (Preferential Trade Agreement) ជាមួយប្រទេសឥណ្ឌាដែលកិច្ចព្រមព្រៀងនេះអនុញ្ញាតិឲ្យផលិតផលឥណ្ឌាមួយចំនួននាំចេញទៅអាមេរិកដោយមិនយកពន្ធគយ។
ហើយក្នុងថ្ងៃ ២៨ ខែមិថុនាឆ្នាំ ២០១៩ នេះមេដឹកនាំទាំងពីររូបក៏នឹងចូលរួមក្នុងកិច្ចប្រជុំ G-20 នៅក្នុងរដ្ឋអូសាកាប្រទេសជប៉ុនដែល លោកត្រាំបាននិយាយថាលោកនឹងយកឱកាសនេះពិគ្រោះបញ្ហានេះជាមួយនឹងមេដឹកនាំប្រទេសឥណ្ឌា។ ជាពិសេសជាងនេះទៅទៀតនោះលោកដូណាលត្រាំ បានបោះសម្ដីថាលោកនឹងត្រៀមជួបមេដឹកនាំពីប្រទេសមួយចំនួនជុំវិញពិភពលោកដែលប្រទេសមួយចំនួននេះកន្លងមកបានឆ្លៀតឆក់ឱកាសយកផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មខណៈអាមេរិកនិងចិនកំពុងស្ថិតលើសមរភូមិសង្គ្រាមពាណិជ្ជកម្ម។
កាលពីឆ្នាំ ២០១៨ អាមេរិកនិងឥណ្ឌាបានធ្វើពាណិជ្ជកម្មជាមួយគ្នាដែលមានទឹកប្រាក់សរុបជាង ១៤២ ពាន់លានដុល្លារអាមេរិកដែលនេះជាសន្ទុះកើនឡើងជាងប្រាំពីរដងជាងកាលពីឆ្នាំ ២០១១ មុន។ ប៉ុន្តែបន្ទាប់ពីអាមេរិកសម្រេចចិត្តដកកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មនោះហើយគឺផលិតផលរបស់ឥណ្ឌាមួយចំនួនដែលមានទឹកប្រាក់សរុបជាង ៥.៦ ពាន់លានដុល្លារអាមេរិកនឹងធ្លាក់ចូលក្នុងបញ្ជីពន្ធគយរបស់អាមេរិក។
ហើយកាលពីឆ្នាំមុនប្រទេសទាំងពីរបានប្រឈមជាមួយនឹងភាពតាន់តឹងលើពាណិជ្ជកម្មជាមួយនឹងគ្នាដោយប្រទេសឥណ្ឌាបានសងសឹកនឹងទង្វើអាមេរិកដែលបានដាក់ពន្ធលើផលិតផលអាលុយមីញ៉ូមនិងផលិតផលដែក។ ក្នុងការតដៃរបស់ប្រទេសឥណ្ឌាគឺប្រទេសមួយនេះបានតម្លើងតម្លៃពន្ធនាំចូលរបស់ខ្លួនលើផលិតផលមួយចំនួនដែលជំរុញឲ្យផលិតផលនាំចូលរបស់អាមេរិកទៅប្រទេសឥណ្ឌាមានការធ្លាក់ចុះ។ ហេតុដូចនេះបានជាលោកដូណាលត្រាំ មានការខឹងនឹងទង្វើរបស់ប្រទេសឥណ្ឌាហើយបានគំរាមប្រទេសមួយនេះថាលោកនឹងដាក់គំនាបសេដ្ឋកិច្ចប្រទេសឥណ្ឌាបើសិនជាប្រទេសឥណ្ឌាហ៊ានទិញប្រេងពីប្រទេសអ៊ឺរ៉ង់និងទិញមីស៊ីលការពារយន្ដចម្បាំង (S-400 anti-aircraft missiles) ពីរុស្សី។
ទោះជាយ៉ាងណាក្ដីវាសនារបស់ប្រទេសឥណ្ឌាអាចនឹងធ្លាក់ក្នុងគន្លងវាសនាដូចប្រទេសចិនបើសិនជាអាមេរិកនិងឥណ្ឌាមិនអាចឈានទៅរកដំណោះស្រាយបញ្ហានេះក្នុងពេលដែលមេដឹកនាំរបស់ប្រទេសទាំងពីរបានចូលរួមក្នុងកិច្ចប្រជុំកំពូល G-20 នេះ៕
ដោយ៖ នឿន វណ្ណៈ