តើ​អ្នក​ធ្វើ​ម៉េច​បើ​មិត្តភ័ក្ដិ​ចង់​ចាប់ដៃ​រកស៊ី​ជាមួយ​​អ្នក?​



ប្រសិន​បើ​អ្នក​ជា​សហគ្រិន​ម្នាក់​ដែល​មាន​ប្រវត្តិ​ជោគជ័យ​ និង​កេរ្តិ៍ឈ្មោះ​ល្អ មនុស្ស​ជា​ច្រើន​នឹង​ចាប់​អារម្មណ៍ ហើយ​ចង់​មក​រកស៊ី​ជាមួយ​អ្នក​ជា​មិន​ខាន។ តើ​ពិត​ឬ​មិន​ពិត? ពួកគេ​នឹង​និយាយ​ថា "អ្នក​ជោគជ័យ​ណាស់ សមត្ថភាព​ក៏​ពូកែ ខ្ញុំ​ចាប់ អារម្មណ៍​​ចង់​ធ្វើការ​ជាមួយ​អ្នក។ តើ​អ្នក​ត្រូវការ​អ្នក​លក់? អ្នក​គ្រប់គ្រង? ទីប្រឹក្សា​ដែរ​ទេ?”។

នៅ​ពេល​ដែល​បាន​ស្តាប់ឭ​​សំនួរ​ទាំង​នេះ អ្នក​អាច​សើច​បន្តិច។ ប៉ុន្តែ​អ្នក​ប្រាកដ​ជា​ពិបាក​ឆ្លើយ​បន្តិច​បើ​អ្នក​ចង់​បដិសេធន៍​សំណើ​ពួកគេ​ដោយ​និយាយ​ត្រង់ៗ​​​​ថា "សុំ​ទោស ក្រុមហ៊ុន​របស់​ខ្ញុំ​ មាន​បុគ្គលិក​ពេញ​ហើយ” ហើយ​ជំនួស​មក​វិញ​ដោយ​​​ភាសា​បែប​ការទួត​ថា "ប្រសិន​បើ​អ្នក​ចង់​ធ្វើការ​ជាមួយ​ខ្ញុំ អ្នក​អាច​ផ្ញើ​ប្រវត្តិរូប​សង្ខេប ឬ CV មក​ខ្ញុំ​មក​​ ព្រោះ​ខ្ញុំ​អាច​ត្រូវការ​​​​​នៅ​ពេល​អនាគត​” ។

យ៉ាងណាក៏ដោយ សំណើ​ទាំង​នេះ​វា​មិន​លំបាក​ដូច​កាលដែល​មិត្តភ័ក្ដិ​របស់​អ្នក​​ចង់​បាន/សង្ឃឹម​ទុកមុន/រំពឹង​ទុក​មុន​ក្នុង​ការ​ចូលរួម​​ធ្វើ​ជា​ស្ថាបនិក​ និង​ដំណើរការ​អាជីវកម្ម​ជាមួយ​អ្នក​នោះ​ឡើយ។ ពួកគេ​​អាច​មាន​វត្តមាន​​​ចង់​រកស៊ី​ជាមួយ​អ្នក​នៅ​ខណៈ​ដែល​អ្នក​កំពុង​មាន​គំនិត​ដ៏​អស្ចារ្យ​រួច​ទៅ​ហើយ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា ពួកគេ​ពិត​ជា​មាន​សមត្ថភាព អាច​ជួយ​លើកទឹកចិត្ត​អ្នក និង​យល់​ឃើញ​ថា ពួកគេ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​អាច​​ធ្វើ​ដំណើរ​ជាមួយ​អ្នក​​បាន​នៅ​ពេល​អនាគត អ្នក​ក៏​គួរតែ​ពិចារណា​ដែរ។

ទោះបី​ជា​បែប​នេះ​ក្តី​ក្នុង​ករណី​ដែល​អ្នក​សង្កេត​ឃើញ​ថា ពួកគេ​ទាំង​នោះ​បាន​បង្ហាញ​ធាតុ​ពិត​មួយ​គឺ​​អ្វី​ដែល​ពួកគេ​ចង់​មក​រកស៊ី​ជាមួយ​អ្នក​ដើម្បី​តែ​ផលប្រយោជន៍​​ម្យ៉ាង​ ​ចង់​ដើរ​លើ​អ្នក ឬ ចង់​កេង​ចំណេញ​លើ​មុខ​ជំនួញ​របស់​អ្នក នោះ​វា​គ្មាន​អ្វី​គួរឲ្យ​សោកស្ដាយ​ដែល​អ្នក​ត្រូវ​បោះបង់​សំណើ​ពួកគេ​ចោល​នោះ​ទេ។

ឥឡូវ​នេះ​មុន​នឹង​សម្រេចចិត្ត​បែប​ណា​នោះ Bizkhmer បាន​បង្ហាញ​ពី​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​ស្វែងយល់​ដោយ​ខ្លួន​ឯង​ថា តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច​ពេល​មាន​មិត្តភ័ក្ដិ​ស្នើសុំ​​ធ្វើ​ជំនួញ​ជាមួយ​អ្នក​? ​

១៖ ពិចារណា​សិន
ប្រហែល​ជា​មិត្តភ័ក្ដិ​របស់​អ្នក​ អាច​ជា​ដៃគូ​ដ៏​ល្អ​ពិតប្រាកដ​មួយ​របស់​អ្នក។ នេះ​ទាមទារ​ឲ្យ​អ្នក​សាកសួរ​ខ្លួនឯង​សំនួរ​ខាងក្រោម​នេះ៖
-តើ​ទស្សនវិស័យ​ខុសគ្នា​រវាង​អ្នក និង​ពួកគេ​​នៅតែ​អាច​ធ្វើ​ឲ្យ​​​មាន​ជំហរ​​ក្នុង​ការ​យោគយល់ ឬ​លើកទឹកចិត្ត​ឲ្យ​មាន​ការ​ពិភាក្សា និង​​ផ្ដល់​មតិយោបល់​​ជាមួយ​គ្នា​បាន​ដែរ​ទេ? តើ​អ្នក​​​អាច​ចំណាយ​ពេល​ច្រើន​ធ្វើការ​​ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក​ដោយ​​​គ្មាន​​ការ​ធុញទ្រាន់ ឬ​​​ស្អប់ខ្ពើម​​ដែរ​ទេ? តើ​មិត្តភ័ក្ដិ​របស់​អ្នក​អាច​​​ធ្វើការ​អ្វី​ខ្លះ​បាន? តើ​មិត្តភ័ក្ដិ​របស់​អ្នក​មាន​បុគ្គលិកលក្ខណៈ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជំនួញ​​យូរអង្វែង មាន​ការ​ទទួលខុសត្រូវ គួរឲ្យ​ទុកចិត្ត មាន​ភាព​ស្មោះត្រង់ អាច​ធ្វើ​ការងារ​លំបាកៗ ឬ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​​អ្នកដទៃ​ដែរ​ឬទេ?

​​​២.ត្រូវ​មាន​ភាព​យុត្តិធម៌
តើ​វា​អាច​ទៅ​រួច​ដែរ​ទេ​ដែល​ថា រាល់​គំនិត​ល្អៗ និង​គម្រោង​ការងារ​​ទាំងអស់​នោះ​ពិត​ជា​ផ្ដួចផ្ដើម​ឡើង​ដោយ​អ្នក​ទាំងពីរ? សូម​​ពិចារណា​បន្តិច​ប្រសិន​បើ​អ្នក​ត្រូវ​បាន​មិត្តភ័ក្ដិ​របស់​អ្នក​ចង់​កេងប្រវ័ញ្ច​ ឬ​យក​មុខមាត់​​ជំនួស​​ឲ្យ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក នេះ​គឺ​ជា​ការ​ធ្វើ​ជំនួញ​ដោយ​គ្មាន​ភាព​យុត្តិធម៌​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​បាន​លះបង់​​ឲ្យ​អ្នក​ច្រើន​ជាង​ពួកគេ ​ទទួល​បាន​​នោះ​មានន័យ​ថា ពួកគេ​ជា​ដៃគូ​ដ៏​ល្អ​មួយ​របស់​អ្នក​ហើយ។ ទោះបី​ជា​បែប​នេះ​ក្តី អ្នក​ត្រូវ​ចាំ​ថា ដៃគូ​ជំនួញ​ដែល​អាច​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​គឺ​ត្រូវ​លេង​ដោយ​យុត្តិធម៌ បើ​មិន​ដូច្នេះ​ទេ ​អ្នក​នឹង​បរាជ័យ។

៣.ឧស្សាហ៍​ពិនិត្យ​មើល​ពាក្យពេចន៍​ដែល​អ្នក​ទាំងពីរ​ប្រើ
តើ​អ្នក​ធ្លាប់​​និយាយ​ថា "ខ្ញុំ” ឬ "យើង” ដែរ​ទេ? ចុះ​ពាក្យ "ពួក​យើង​ទាំងអស់​គ្នា​” ឬ "របស់​ពួក​យើង​ទាំងអស់​គ្នា​”  វិញ?  តើ​មិត្តភ័ក្ដិ​របស់​អ្នក​មាន​បំណង​​ក្នុង​ការ​ផ្លាស់ប្ដូរ​​ប្រើប្រាស់​ពាក្យ​សព្វនាម "របស់​យើង” ជំនួស​ឲ្យ​ "របស់​អ្នក” ​ដែរ​ទេ? នៅ​ក្នុង​​មុខ​ជំនួញ ភាសា​ដែល​ស័ក្ដិសម​បំផុត អ្នក​មិន​គួរ​ប្រើប្រាស់​ពាក្យ​​  "ក្រុមហ៊ុន​របស់​ខ្ញុំ” ឬ  " ខ្ញុំ”​​​ តំណាង​ឲ្យ​​ក្រុមហ៊ុន​របស់​អ្នក​នៅ​ចំពោះ​មុខ​ដៃគូ​ជំនួញ អតិថិជន ឬ​សាធារណជន​​ទូទៅ​នោះ​ឡើយ។ ទាំង​អ្នក​ទាំង​មិត្តភ័ក្ដិ​របស់​អ្នក​ត្រូវ​បង្ហាញ​ពី​ជំហរ​រួម​មួយ​ដែល​ធ្វើ​ឲ្យ​​​មាន​អារម្មណ៍​ថា ទាំង​អ្នក និង​ពួកគេ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ក្រុមហ៊ុន​ទាំងមូល​។

៣.ការ​​ពិភាក្សា​គ្នា
នេះ​ជា​ជម្រើស​ចុងក្រោយ​មួយ​សម្រាប់​អ្នក​​សម្រាប់​ការពារ​នៅ​ពេល​ដែល​អ្នក និង​មិត្តភ័ក្ដិ​របស់​អ្នក​មាន​ភាព​ល្អក់កករ​ជាមួយគ្នា។ នៅ​ថ្ងៃ​ណា​មួយ​ការ​ទំនាក់ទំនង​​របស់​អ្នក​អាច​មើល​មុខ​គ្នា​មិន​ចំ ហើយ​​អាច​បាត់បង់​ការ​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាងណាមិញ បើ​ទោះបី​ជា​ស្ថានភាព​នេះ​វា​អាច​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​អ្នក​រំពឹង​ទុក ភាព​ស្មោះត្រង់​រវាង​អ្នក និង​មិត្តភ័ក្ដិ​របស់​អ្នក​​គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​ត្រូវ​មាន​នៅ​ពេល​នេះ។ វា​ជា​រឿង​ល្អ​ដែល​អ្នក​ត្រូវ​និយាយ​គ្នា​មុន​នៅ​មុន​ពេល​​អ្នក​ចាប់​ដៃ​គ្នា​បើក​ជំនួញ។ សូម​ចាំ​ថា ការ​ចាប់ដៃ​គ្នា​រកស៊ី​​ជាមួយគ្នា​ប្រៀប​ដូច​ជា​ការ​រៀបអាពាហ៍ពិពាហ៍​មួយ​អញ្ចឹង! អ្នក​ពិត​ជា​មិន​ចង់​​ឲ្យ​​មិត្តភាព​របស់​អ្នក​បញ្ចប់​ទៅ​​​យ៉ាង​ជូរចត់​ដោយសារ​ភាព​មិន​ចុះ​សម្រុង​គ្នា​​នៅ​ក្នុង​​មុខ​ជំនួញ​នោះ​ឡើយ៕

ប្រភព៖ Entrepreneur

X
5s