បើអ្នកមានសញ្ញាណ ៧នេះ នោះបញ្ជាក់ថា អ្នកមាននិស្ស័យធ្វើជានាយកប្រតិបត្តិក្រុមហ៊ុនបាន
មនុស្សម្នាក់ៗមិនមែនសុទ្ធតែអាចធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន (CEO) គ្រប់ៗគ្នាបានទេ ត្បិតអីការងារមួយនេះទាមទារឲ្យអ្នកមានសមត្ថភាព មានភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវខ្ពស់ដើម្បីអាចដឹកនាំក្រុមហ៊ុនមួយឲ្យទទួលបានជោគជ័យ។ អ្នកមិនអាចប្រើពេលត្រឹមតែមួយយប់ ឬមួយឆ្នាំដើម្បីក្លាយជានាយកប្រតិបត្តិម្នាក់បានឡើយ។
យ៉ាងណាមិញប្រសិនបើអ្នកមានគុណសម្បត្តិ ៧យ៉ាងខាងក្រោមនេះ អាចចាត់ទុកថា អ្នកមាននិស្ស័យក្លាយជា នាយកប្រតិបត្តិក្រុមហ៊ុននៅពេលអនាគតបាន៖
១.អ្នកមិនភ័យខ្លាចទៅនឹងឧបសគ្គជាច្រើន
នាយកប្រតិបត្តិ គឺជាអ្នកទទួលខុសត្រូវចំពោះការសម្រេចចិត្តសំខាន់ៗអំពីយុទ្ធសាស្ត្រ និងអនាគតស្ថាប័នដែលខ្លួនដឹកនាំ។ ស្របពេលដែលនាយកប្រតិបត្តិត្រូវតែរក្សាស្ថិរភាពរបស់ស្ថាប័ន ខ្លួនក៏ត្រូវទទួលយកហានិភ័យដែលអាចនាំឲ្យប៉ះពាល់ដល់ក្រុមហ៊ុនស្ថាប័នទាំងក្នុងរយៈពេលខ្លី ឬរយៈពេលវែង។ ការប្រឈមមុខទៅនឹងហានិភ័យនេះហើយ ដែលអាចធ្វើឲ្យនាយកប្រតិបត្តិអាចរៀនសូត្របានពីបញ្ហាប្រឈម និងអាចបង្កើតយុទ្ធសាស្ត្រល្អៗ សម្រាប់ស្ថាប័នទាំងមូល។
២.អ្នកដឹងពីរបៀបទំនាក់ទំនងបានល្អប្រសើរ
ការទំនាក់ទំនងគឺជាគ្រឹះមួយដ៏សំខាន់សម្រាប់ធ្វើជាអ្នកដឹកនាំ។ ចំពោះនាយកប្រតិបត្តិប្រសិនបើអ្នកចង់ជំរុញ និងផ្តល់អំណាចដល់អ្នកដទៃដែលនៅជុំវិញខ្លួន ជាពិសេសក្រុមការងាររបស់អ្នកដើម្បីអាចអនុវត្តយុទ្ធសាស្ត្ររបស់អ្នកបាន ហើយធ្វើឲ្យវាក្លាយជាការពិត អ្នកត្រូវមានជំនាញទំនាក់ទំនងឲ្យបានរឹងមាំ។ ការទំនាក់ទំនង និងជំនាញកសាងទំនាក់ទំនងក៏ជាផ្នែកមួយដ៏សំខាន់នៃការបង្កើតការពេញចិត្តគោរពស្រលាញ់របស់បុគ្គលិកក្នុងនាមជាអ្នកដឹកនាំ។
៣.អ្នកជាមនុស្សចូលចិត្តការប្រកួតប្រជែងលើខ្លួនឯង
ក្នុងនាមជានាយកប្រតិបត្តិ ការអភិវឌ្ឍអាជីពការងាររបស់អ្នកជាទូទៅមិនមែនជារឿងមួយដែលអ្នកត្រូវធ្វើត្រឹមតែក្នុងឆ្នាំដំបូងនោះទេ ហើយក៏មិនមែនធ្វើម្តងកាលនៅ ១០ឆ្នាំដំបូងនៃអាជីពការងាររបស់អ្នកដែរ។ វាជាអ្វីដែលអ្នកអ្នកត្រូវរៀបចំខ្លួនជាអ្នកដឹកនាំ តាមរយៈការខិតខំស្រាវជ្រាវសិក្សារៀនសូត្រ ការបណ្តុះបណ្តាល ការតស៊ូ អត់ធ្មត់ ហ៊ានប្រឈមបញ្ហានានា និងផ្ដោតលើការអភិវឌ្ឍសមត្ថភាពជារឿងសំខាន់។ ជំនាញជាអ្នកដឹកនាំនេះ អ្នកនឹងឆ្លងកាត់ច្រើននៅក្នុងអាជីពការងាររបស់អ្នកតាមរយៈការធ្វើការជាមួយក្រុមមនុស្សផ្សេងៗគ្នា ជាមួយមនុស្សពូកែៗ ដកស្រង់បទពិសោធន៍ ការផ្លាស់ប្ដូរ និងការចេះចាប់យកឱកាសដែលចូលមកដល់ផងដែរ។
៤.អ្នកមានបញ្ញាស្មារតីខ្ពស់
គ្មានឡើយពាក់ថា ឆ្អែតសម្រាប់មនុស្សដែលមានមហិច្ឆតា។ ក៏ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំម្នាក់ ប្រសិនបើអ្នកមានបញ្ញាស្មារតីឈ្លាសវៃទៀតគឺកាន់តែពិសេស។ ហេតុអ្វី? ពីព្រោះថា នៅពេលអ្នកធ្វើជាអ្នកដឹកនាំគេ ឬជានាយកប្រតិបត្តិក្រុមហ៊ុនអ្នកត្រូវបង្កើតការសម្រេចចិត្តជាច្រើនដែលមានភាពស្មុគស្មាញទាក់ទងទៅនឹងការកសាងទំនុកចិត្តក្នុងក្រុមការងារ បង្កើតគុណភាពការងារ គំរូភាពជាអ្នកដឹកនាំ ជាដើមដែលការសម្រេចចិត្តទាំងនោះត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ។ ដើម្បីទទួលបានលទ្ធផលនៅក្នុងចំណុចទាំងអស់នេះ អ្នកត្រូវមានស្មារតីវាងវៃបំផុត។
៥.អ្នកដឹងពីវិធីជ្រើសរើស និងធ្វើការជាមួយមនុស្សនៅជុំវិញខ្លួន
ខណៈដែលនាយកប្រតិបត្តិប្រឈមមុខការងារជាច្រើននៅក្នុងស្ថាប័នរបស់ខ្លួន អ្នកក៏មានភាពឆ្លាតវៃក្នុងការជ្រើសរើសមនុស្សធ្វើជាដៃគូទំនាក់ទំនងរបស់អ្នក។ ជាមួយមនុស្សទាំងនោះ អ្នកជាមនុស្សដែលមានការយល់ចិត្តថ្លើមគ្នា ចេះចែករំលែកចំណេះដឹង និងមានសមត្ថភាពប្រកបដោយវិជ្ជាជីវៈលើជំនាញអ្វីមួយ។ មិនតែប៉ុណ្ណោះ អ្នកក៏អាចដឹងពីចំណុចខ្លាំងចំណុចខ្សោយរបស់អ្នក និងក្រុមការងារ ផ្តល់មតិកែលំអទៅវិញទៅមក និងស្វែងរកមធ្យោបាយរួមមួយដែលអាចជួយជំរុញឲ្យក្រុមការងារទាំងមូលទទួលបានជោគជ័យទាំងអស់គ្នា។
៦.អ្នកឈានមុខគេជានិច្ចពេលមានគម្រោងការងារត្រូវធ្វើ
ទំនុកចិត្តមួយទៅលើនាយកប្រតិបត្តិ គឺស្តែងឲ្យឃើញតាមរយៈលទ្ធផលការងារ។ ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក៏ជាអ្នកគ្រប់គ្រង និងអ្នកផ្ទេរភារកិច្ចការងារដ៏ពូកែម្នាក់ផងដែរ។ ថ្វីត្បិតតែអ្នកចេញមុខលើគម្រោងការងារទាំងឡាយក៏ពិតមែន ក៏ប៉ុន្តែអ្នកក៏ត្រូវជ្រើសរើសអ្នកណាម្នាក់ ឬក្រុមការងារទាំងមូលឲ្យទទួលភារកិច្ចការងារជំនួសអ្នកបានដែរ។ អ្នកត្រូវដើរតួនាទីជាអ្នកជំរុញលើកទឹកចិត្ត តាមដានលទ្ធផលការងារ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅពេលគម្រោងការងារមានបញ្ហា។
៧.អ្នកមានគំនិតវែងឆ្ងាយទៅពេលខាងមុខ
ចក្ខុវិស័យវែងឆ្ងាយនៅពេលខាងមុខរបស់ក្រុមហ៊ុន គឺមិនអាចខ្វះបានឡើយ។ ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន អ្នកមិនមែនគ្រាន់តែព្យាយាមកំណត់ ឬព្យាករណ៍ទុកជាមុននូវអ្វីដែលអាចកើតឡើងនៅពេលខាងមុខនោះទេ។ អ្នកក៏ត្រូវដើរតួជាអ្នកដឹកនាំផ្នែកគំនិតផងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការធ្វើការក្រុមការងារទាំងមូលអាចប្រែក្លាយចក្ខុវិស័យរបស់អ្នកឲ្យក្លាយជាការពិតបាន៕
ប្រភព៖ Entrepreneur