ការកាត់ផ្តាច់ប្រព័ន្ធអ៊ិនធឺណេតកំពុងរាលដាលពេញរដ្ឋរ៉ាឃីន (Rakhine) ប្រទេសមីយ៉ាន់ម៉ា​



ការបិទទិន្នន័យអ៊iនធឺណេតទូស័ព្ទចល័ត (Mobile data) ដែលមិនធ្លាប់មានពីមុននៅរដ្ឋរ៉ាឃីន(Rakhine) របស់មីយ៉ាន់ម៉ាបានឈានចូលដល់ថ្ងៃទី ៣ ហើយ (គិតត្រឹមថ្ងៃអាទិត្យ ២៣ មិថុនា ២០១៩) ដែលបានរារាំងអ្នកភូមិពីការប្រើប្រាស់អ៊ីនធឺណេត  បណ្តាលមកពីកងទ័ពតំបន់នោះត្រូវបានរងការចោទប្រកាន់ពីបទរំលោភបំពានក្នុងការប្រយុទ្ធជាមួយពួកឧទ្ទាមជនជាតិភាគតិច។

តាមការឲ្យដឹងពីសារព័ត៌មាន Channel News Asia ក្រសួងដឹកជញ្ជូន និងគមនាគមន៍មីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ បានបញ្ជាឲ្យប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ផ្អាកការផ្គត់ផ្គង់ទិន្នន័យអ៊ិនធឺណេតនៅក្នុងទីប្រជុំជនធំ ៩ កន្លែងទូទាំងរដ្ឋរ៉ាឃីន និងតំបន់ជុំវិញមួយចំនួនទៀត ហើយការស្នើសុំនេះទៀតសោតក្រសួងបានបញ្ជាក់ថា មានករណីរំខានពាក់ព័ន្ធទៅនឹងសន្តិសុខ និងសកម្មភាពខុសច្បាប់មួយចំនួនលើប្រព័ន្ធអ៊ិនធឺណេត។

មានការបញ្ជាក់ថា កងទ័ពមីយ៉ាន់ម៉ាកំពុងប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមជនជាតិភាគតិចរ៉ាឃីនដែលចង់បានស្វ័យភាពកាន់តែច្រើនពីរដ្ឋភាគកណ្តាល។ ប្រជាពលរដ្ឋនៅរ៉ាឃីនជាអ្នកកាន់ព្រះពុទ្ធសាសនា បាននឹងកំពុងមានការប៉ះទង្គិចជាមួយរដ្ឋ Chin ភាគខាងជើង។ ដោយឡែកការបញ្ជាក់បន្ថែមពី VOA News ដែរថា ក្រុមរ៉ាឃីនបានចោទប្រកាន់ពួកទាហានពីបទរំលោភបំពានដែលរួមមាន ការចាប់ខ្លួនដោយបំពានទៅលើពួកគេខណៈដែលពួកយោធាបានបញ្ជាក់ថាខ្លួនបានបាញ់សម្លាប់អ្នកទោសជនជាតិភាគតិចរ៉ាឃីនចំនួន ៦ នាក់នៅចុងខែមេសាកន្លងទៅ។

ប្រជាជនក្នុងតំបន់រ៉ាឃីននិយាយថាទិន្នន័យទូរស័ព្ទចល័ត ត្រូវបានគេបិទដោយមិនអនុញ្ញាតឲ្យពួកគេប្រើប្រាស់និងភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកបាន ដោយខ្លាចមានការបញ្ចេញព័ត៌មានទាក់ទងនឹងអំពើហឹង្សាទៅកាន់បណ្តាញសង្គម “ពួកយើងគ្មានអ៊ីនធឺណេតប្រើប្រាស់ទេ ពួកយើងប្រើប្រាស់អ៊ីនធឺណេតដើម្បីចែកចាយព័ត៌មានតាមរយៈ Viber App” ប្រសាសន៍របស់លោក Kyaw Soe Moe ប្រធានភូមិ  Rathedaung។ អាជ្ញាធរមូលដ្ឋានក៏បានបង្ហាញការមិនសប្បាយចិត្តដែរ ពីការបិទអ៊ិនធឺណេតក្នុងតំបន់នេះដែរ ព្រោះវាបានរារាំងដល់ការធ្វើទំនាក់ទំនងក្នុងនោះមន្រ្តីដែលសុំមិនបញ្ចេញឈ្មោះមួយរូបបានបញ្ជាក់ថា “យើងត្រូវការប្រើប្រាស់ទូរស័ព្ទ ប្រើសារ SMS និង fax ដើម្បីបញ្ជូនព័ត៌មាន និងរាយការណ៍ទៅកាន់ថ្នាក់លើដែរ ដូច្នេះយើងក៏ត្រូវការអ៊ិនធឺណេតដូចគ្នា”។ 

គួរបញ្ជាក់ផងដែរថា រដ្ឋរ៉ាឃីនក៏ជាជំរកដល់ប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ាដែល ពួកគេកំពុងរងទុក្ខវេទនាដោយសារការធ្វើទារុណកម្ម និងការកាប់សំលាប់យ៉ាងព្រៃផ្សៃ។ ប្រជាជនគ្មានទីលំនៅប្រហែល ៧៤០,០០០ នាក់ត្រូវបានគេនាំទៅកាន់ប្រទេសបង់ក្លាដេសក្នុងការបង្ក្រាបដោយកងទ័ពឆ្នាំ ២០១៧៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s