តើ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ឥណ្ឌូនេស៊ី​រីក​ចម្រើន​កម្រិ​តណា​ពេលនេះ?​



ឥណ្ឌូនេស៊ីជាប្រទេសដែនដីកោះដែលមានផ្ទៃដីធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេដែរ។ ក្នុងពិភពលោកមានតែប្រទេសមួយនេះទេដែលមានកម្រងកោះច្រើនជាងគេបំផុត មានកន្លែងទេសចរណ៍ច្រើនដែលងាយនឹងទាក់ទាញភ្ញៀវទេសចរណ៍។ 

ការចូលរួមចំណែកក្នុងផលិតផលជាតិ

គេសង្កេតឃើញថាវិស័យទេសចរណ៍បានចូលរួមចំណែកក្នុងការរីកចម្រើន GDP ប្រទេសក៏មិនតិចប៉ុន្មានដែរ ព្រោះទេសចរណ៍ដែលបានចូលមកកាន់ប្រទេសឥណ្ឌូនេស៊ីធ្វើការចំណាយសម្រាប់ដំណើរកំសាន្តរបស់ពួកគេជាមធ្យមចន្លោះពី ១,១០០ ទៅ ១,២០០ ដុល្លារក្នុងម្នាក់។ ដោយសារវិស័យទេសចរណ៍នេះវាក៏ជួយកាត់បន្ថយអត្រានិកម្មភាពក្នុងប្រទេសមួយផ្នែកដែរ ក្នុងនោះកម្លាំងពលកម្មប្រមាណ ៩% នៃកម្លាំងពលកម្មសរុបបានបម្រើការងារក្នុងវិស័យទេសចរណ៍។  បើយោងតាមទិន្នន័យចុងក្រោយបំផុតពីភ្នាក់ងារស្ថិតិឥណ្ឌូនេស៊ីបានបង្ហាញថាអត្រានិកម្មភាពនៅចុងឆ្នាំ ២០១៩ នឹងធ្លាក់ចុះនៅត្រឹម ៥% ដែលធៀបទៅឆ្នាំ ២០១៥ មានប្រមាណ ៥.៨១%។ 

ក្នុងឆ្នាំ ២០១៩ នេះរដ្ឋាភិបានប្រទេសឥណ្ឌូនេស៊ីរំពឹងថាវិស័យទេសចរណ៍នឹងចូលរួមជួយបង្កើន GDP ប្រទេសប្រមាណ ៨% លើសឆ្នាំមុនៗទ្វេដង នេះជាមហិច្ឆតាដ៏ធំក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាង ២០ លាននាក់ចូលក្នុងប្រទេសខ្លួន។ ដើម្បីអាចសម្រេចបំណងក៏ដូចជាមហិច្ឆតាមួយនេះ រដ្ឋាភិបាលនឹងធ្វើការយកចិត្តទុកដាក់បន្ថែមលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែមានភាពងាយស្រួល បញ្ហាសុខភាព អនាម័យ ការប្រើប្រាស់អ៊ីនធឺណេត និងការផ្សព្វផ្សាយទៅក្រៅប្រទេសបន្ថែម។ ជាងនេះទៀតរដ្ឋាភិបាលក៏បានព្យាយាមកែលម្អរគោលនយោបាយនៃការទទួលបានទិដ្ឋាការដោយឥតគិតថ្លៃ គិតចាប់ពីឆ្នាំ ២០១៥ មកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស និងវិនិយោគិនផ្នែកទេសចរណ៍បន្ថែម។

ទេសចរណ៍ក្នុងប្រទេសនេះហាក់មានកំណើនថេរចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥ ដោយសារមានការព្យាយាមកាត់បន្ថយនិងការពារពីសុន្តិសុខរបស់ប្រទេសពីក្រុមភេរវកម្ម។ ជាទូទៅភាពចលាចលតែងកើតមានឡើងនៅទីក្រុងបាលីដែលជាកន្លែងទេសចរណ៍សំខាន់សម្រាប់ប្រទេសឥណ្ឌូនេស៊ី។ 

បញ្ហាប្រឈមសម្រាប់វិស័យទេសចរណ៍

ក្នុងរបាយកាណ៍ស្តីពីការប្រកួតប្រជែងផ្នែកទេសចរណ៍នៃវេទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងថា “យើងអាចវាស់វែងភាពរីកចម្រើនសេដ្ឋកិច្ចប្រទេសមួយបានតាមរយៈ សំណុំនៃកត្តានិងគោលនយោបាយនានាដែលអាចធ្វើឱ្យការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយមាននិរន្តរភាព”។ ក្នុងនោះដែរ ឥណ្ឌូនេស៊ីបានលោតចេញពីចំណាត់ថា្នក់លេខ ៧០ កាលពីឆ្នាំ ២០១៣ មកនៅលេខ ៥០ ក្នុងឆ្នាំ ២០១៥ លើការប្រកួតប្រជែង និងមានការកែលម្អរគួរឲ្យកត់សម្គាល់។ ការដេលអាចឲ្យប្ហរទេសមួយនេះលោតបានលឿនលើការប្រកួតប្រជែងគឺដោយសារ លំហូរចូលច្រើននូវចំនួនភ្ញៀវទេសចរណ៍បរទេសពីមួយឆ្នាំទៅមួយឆ្នាំ អាទិភាពក្នុងការអភិវឌ្ឍលើវិស័យទេសចរណ៍ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ (រួមមានការប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត ការដឹកជញ្ជូន មធ្យោបាយធ្វើដំណើរជាដើម)។ របាយការណ៍ដដែលបានបន្ថែមថា ឧត្តមភាពប្រៀបធៀបរបស់ប្រទេសឥណ្ឌូនេស៊ីគឺការប្រកួតប្រជែងលើតម្លៃ ធនធានធម្មជាតិដ៏សម្បូរបែប (ជីវចំរុះ)  និងវត្តមាននៃតំបន់បេតិកភណ្ឌមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ីមិនបានដាក់ការសង្កត់ធ្ងន់ទៅលើនិរន្តភាពបរិស្ថាន (បណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើនិងប្រភេទសត្វដែលជិតផុតពូជនោះទេ) ដោយគ្រាន់តែលើកយកបញ្ហាសន្តិសុខ និងសុវត្ថិភាពទាក់ទងនឹងភេរវកម្មមកចោទជាបញ្ហាប៉ុណ្ណោះ។ បញ្ហាដែលជាក្តីបារម្ភផ្សេងទៀតនោះគឺ ឥណ្ឌូនេស៊ីឈរនៅពីក្រោយសឹង្ហបុរី (លេខ១១) ម៉ាឡេស៊ី (លេខ២៥) និងថៃ (លេខ៣៥) ក្នុងលំដាប់នៃការប្រកួតប្រជែងផ្នែកទេសចរណ៍នេះ។ 

កង្វះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺនៅតែជាបញ្ហាមិនចេះចប់មិនចេះហើយ ព្រោះវាមិនត្រឹមតែត្រូវការការបង្កើនចំណាយលើការដឹកជញ្ជូនប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យបរិយាកាសវិនិយោគទុនមិនសូវទាក់ទាញ លើសពីនេះវាក៏ជាអ្នកកំណត់នូវដំណើរការយ៉ាងរលូននៃការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងបាលីល្អ ហើយអាចទទួលយកបាននៅទីក្រុងហ្សាការតា តែក្រៅពីតំបន់ទាំងពីរនេះគឺនៅជួបការលំបាកក្នុងការធ្វើដំណើរនៅឡើយ រួមទាំងភាបខ្វះខាតនៃអាកាសយានដ្ឋាន កំពង់ផែ សណ្ឋាគារ ជាដើម។ មិនត្រឹមតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធទេ ចំពោះការអប់រំក៏ដូចគ្នាដែរវានៅតែមានឧបសគ្គ គេសង្កេតឃើញថានៅបាលី និងហ្សាការតាមានសណ្ឋាគារល្អ ប្រណីតច្រើន អាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសបានច្រើន ប៉ុន្តែបុគ្គលិកបម្រើការក្នុងសណ្ឋាគារមិនអាចទំនាក់ទំនងភាពភាសាអង់គ្លេសបានល្អជាមួយភ្ញៀវបរទេស។ ហេតុនេះហើយទើបបានជាមានភ្ញៀវទេសចរណ៍មួយចំនួនបានបង្វែរទិសដៅនៃការធ្វើដមណើរកំសាន្តរបស់ខ្លួនទៅកាន់ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និងថៃជំនួសវិញ។

គោលនយោបាយទិដ្ឋាការថ្មីនៅឥណ្ឌូណេស៊ី

ក្នុងឆ្នាំ ២០១៥ បានផ្តល់ការលើកលែងទិដ្ឋាការដល់ប្រទេសចំនួន ៤៥ (ដែលកាលពីមុនប្រជាជនមកពីប្រទេសទាំងនេះត្រូវធ្វើការស្នើសុំទិដ្ឋាការជាមុន មុនពេលធ្វើដំណើរចូលមកប្រទេសឥណ្ឌូនេស៊ីនេះ) ការធ្វើបែបនេះគឺក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ក្នុងប្រទេសខ្លួន។ តែគិតពីឆ្នាំ ២០១៦ មកទលើពេលនេះមានប្រទេសចំនួន ១៦៩ ហើយដែលអាចចូលប្រទេសនេះដោយគ្មានទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ។ ចំពោះការលើកលែងទិដ្ឋាការនេះវាក៏បានធ្វើឲ្យមានផលប៉ះពាល់មួយចំនួនដែរ ព្រោះវាបានបាត់បង់ចំណូលជាតិប្រមាណ ១១.៣ លានដុល្លារក្នុងមួយឆ្នាំ (Visa on arrival មានតម្លៃ ៣៥ដុល្លារ) តែវាអាចទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៤៥០,០០០ នាក់ក្នុងមួយឆ្នាំមកវិញពីប្រទេស​ដែលគេ​បាន​លើក​លែង​ទិដ្ឋា​ការ (សម្រាប់រយៈពេល ៣០ថ្ងៃ) នោះ៕

ដោយ៖ យ៉ាយ៉ា

 

X
5s