ធ្វើម៉េចទើបអាចមានដូចអ្នកមានកំពូលៗ១ភាគរយ?
តើអ្នកណាជាអ្នកមាន កំពូលៗ ១% ? តើវាមានការលំបាកកម្រិតណាទើបអាចក្លាយជាអ្នកមាន ១% នេះ? មុនដំបូងគឺថា ប្រសិនបើអ្នករស់នៅអាមេរិក អ្នកប្រហែលជាជាប់ឈ្មោះហ្នឹងគេដែរក្នុងចំណោមអ្នកមានជាងគេ ១% នេះ បើធៀបទៅនឹងប្រាក់ចំណូលសាកល។ អ្នកមាន ១% នេះរាប់គិតនៅពេលអ្នកមានចំណូលប្រហែល ៣២ ០០០ ដុល្លារក្នុងមួយឆ្នាំ។ បើគិតទៅ អ្នកធ្វើការល្មមៗក៏អាចរកបានដែរសម្រាប់ចំណូលប៉ុណ្ណឹង។
ប៉ុន្តែបើក្រឡេកទៅមើលអ្នកមានដែលគេចាត់ទុកថា ជាអ្នកមានកំពូល ១% នៅលើទឹកដីអាមេរិកវិញ ថាតើធ្វើម៉េចទើបអាចស្ថិតនៅក្នុងចំណាត់ថ្នាក់នេះដែរ? វាមានឱកាសជាច្រើនដែលអាចធ្វើឲ្យអ្នកសម្រេចបានក្តីសុបិននេះ គឺពលរដ្ឋអាមេរិកណាដែលខិតខំធ្វើការ មានគំនិតច្នៃប្រឌិតនៅក្នុងជំនាញអ្វីមួយ និងប្រើភាពប៉ិនប្រសប់ក្នុងជំនាញនោះដើម្បីជំរុញឲ្យមានការបណ្ដាក់ទុន។
អ្នកនឹងត្រូវការកប្រាក់ចំណូលឲ្យបានប្រហែល ៤២១ ០០០ ដុល្លារក្នុងមួយឆ្នាំទើបក្លាយជាអ្នកមានប្រាក់ចំណូលខ្ពស់បំផុត ១% នៅអាមេរិក។ យោងតាមការធ្វើជំរឿនថ្មីៗបំផុតមួយបានបង្ហាញថា ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់គឺប្រហែល ៦១ ៣៧២ ដុល្លារ ។ ចំនួននេះ គឺនៅមានគម្លាតឆ្ងាយខ្លាំងណាស់បើប្រៀបធៀបទៅនឹងអ្នកមានចំណូលខ្ពស់បំផុត ១% ។ ប៉ុន្តែប្រសិនបើអ្នករស់នៅកម្ពុជា ហើយចង់បំបែកគម្លាតមួយនេះ ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវដឹង៖
១.រៀនភាពជោគជ័យពីអ្នកផ្សេង
នៅជុំវិញខ្លួនអ្នក អ្នកអាចសង្កេតឃើញថា មានអ្នកមានជាច្រើនដែលបានហែលឆ្លងភាពលំបាក រហូតបានក្លាយជាអ្នកមាន។ នេះគឺជាបទពិសោធន៍ដ៏ ល្អមួយសម្រាប់អ្នកសិក្សារៀនសូត្រតាមថា តើអ្នកមានទាំងនោះមានដោយសារអ្វី? រកស៊ីអ្វី? អ្នកត្រូវចូលទៅកៀកបុគ្គលទាំងនោះ ហើយកំណត់ឲ្យបានមូលហេតុសំខាន់ៗដែលធ្វើឲ្យបុគ្គលទាំងនោះជោគជ័យហិរញ្ញវត្ថុ។
២.ធ្វើជាអ្នករកស៊ី
ក្តីសុបិន្ដចង់ក្លាយជាអ្នកមាន ១% នឹងមិនអាចទៅរួចនោះឡើយក្នុងមួយជីវិតរបស់អ្នក ប្រសិនបើអ្នកអង្គុយធ្វើការនៅការិយាល័យដើម្បីដូរយកប្រាក់ខែ។ ដូច្នេះហើយ វិធីមួយដែលអាចជួយអ្នកបានគឺ សហគ្រិនភាព។ សហគ្រិនភាព ឬការរកស៊ីមិនត្រឹមតែធ្វើឲ្យអ្នករកចំណូលបានខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យអ្នកអាចកសាងទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ។ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Visual Capitalist បានឲ្យដឹងថា ជិតពាក់កណ្តាលនៃទ្រព្យសម្បត្តិរបស់អ្នកមានជាងគេ ១% របស់អាមេរិកគឺបានមកពីមុខជំនួញ ឬរកស៊ីខាងអចលនទ្រព្យ។
៣.ចាប់ផ្តើមជំនួញរបស់អ្នក
អ្នកអាចចាប់ផ្តើមចេញរកស៊ី ឬបើកក្រុមហ៊ុននៅពេលដែលអ្នកមានគំនិតថ្មីប្លែកៗ មានភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ឬបើកក្រុមហ៊ុនដែលផ្តល់ផលិតផល ឬសេវាកម្មដែលអតិថិជនតែងតែត្រូវការជាប្រចាំដូចជាបំពងទុយោទឹកជាដើម។ ប្រសិនបើអ្នកមិនមានដើមទុនទេ អ្នកត្រូវមានគំនិត និងទេពកោសល្យ។ ចំណែកដើមទុនអ្នកអាចរកបានតាមរយៈអ្នកវិនិយោគដែលចាប់អារម្មណ៍លើគំនិតរបស់អ្នក។ សម្រាប់ពលរដ្ឋអាមេរិកភាគច្រើនមិនមានលុយក្នុងដៃទេពេលចេញរកស៊ី ប៉ុន្តែពួកគេអាចមានលុយចិញ្ចឹមអាជីវកម្មរបស់ខ្លួនតាមតាមរយៈកម្ចី ឬពីអ្នកវិនិយោគ។
៤.ជីវិតជាសហគ្រិន ឬអ្នករកស៊ីមិនមែនជារឿងងាយស្រួលទេ
គេត្រូវតែទទួលស្គាល់ថា សហគ្រិនជាអ្នករួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប៉ុន្តែទម្រាំជោគជ័យ អ្នកទាំងនោះបានហែលឆ្លងឧបសគ្គច្រើនរាប់មិនអស់ ជួបហានិភ័យ ការប្រឈមនានា បរាជ័យ និងជាពិសេសនោះគឺយុទ្ធសាស្ត្រយ៉ាងណាឲ្យឈរជើងបានកាន់តែរឹងមាំនៅលើទីផ្សារ។ ទឹកចិត្តដ៏គួរឲ្យកោតសរសើររបស់សហគ្រិន គឺជាប្រភេទមនុស្សដែលមិនចេះនៅស្ងៀម ចូលចិត្តធ្វើអ្វីប្លែកៗ និងផ្តល់គុណតម្លៃដល់មនុស្សជាតិតាមរយៈការផ្តល់សេវា ឬផលិតផល និងការងារ ។ អ្នកទាំងនេះមានចក្ខុវិស័យវែងឆ្ងាយ និងមានសុទិដ្ឋិនិយមចំពោះអនាគត។
៥.សហគ្រិនភាព គឺជាការរំដោះខ្លួនចេញពីគុកវិបត្តិហិរញ្ញវត្ថុ
រឿងពិតជាក់ស្តែងគឺត្រង់ថា សហគ្រិន ឬអ្នករកស៊ីនេះ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែធ្វើបាននោះទេ។ ប៉ុន្តែការរកស៊ីអាចរកចំណូលឲ្យអ្នកយកទៅធ្វើអ្វីៗតាមអ្វីដែលអ្នកចង់បាន។ ប្រសិនបើអ្នករកបាន ១ លានដុល្លារ អ្នកអាចយកលុយនេះសម្រាប់ចាយវាយនៅពេលចាស់ទៅ ទិញផ្ទះថ្លៃៗ ទិញរថយន្ត សម្ភារៈផ្សេងៗ ដំណើរកម្សាន្ត ឬធ្វើអ្វី ផ្សេងទៀតតាមអ្វីដែលអ្នកត្រូវការ។ ការរកស៊ី គឺជាមាគ៌ាមួយឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុ៕
ប្រភព៖ Entrepreneur