អនុវត្ត ៣គន្លឹះនេះ នឹងធ្វើឲ្យអ្នកពេញចិត្តថ្ងៃនេះដើម្បីជីវិតល្អប្រសើរនៅថ្ងៃស្អែក
មនុស្សគ្រប់គ្នានិយាយថា ជីវិតមនុស្សខ្លីណាស់! តើ១០ឆ្នាំរបស់មនុស្សមានប៉ុន្មានដង? ប៉ុន្តែអ្នកប្រហែលជាភ្លេចគិតថា អ្នកបានធ្វើរឿងជាច្រើនដែលធ្វើឲ្យជីវិតរបស់អ្នករសាត់អណ្ដែតតាមពេលវេលាដោយឥតប្រយោជន៍។ អ្នកបានបណ្តែតបណ្តោយឲ្យអ្នកដទៃ ក្តីបារម្ភ សម្ពាធផ្លូវចិត្ត ការអស់សង្ឃឹម ការបរាជ័យ ។ល។ មកកំណត់វាសនារបស់អ្នក។
តើអ្នកមានធ្លាប់សួរខ្លួនឯងទេថា ហេតុអ្វីបានជាអ្នកក្លាយជាបែបនេះ? តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ថ្ងៃស្អែក? នេះជាចម្លើយដែលអ្នកឆ្លើយបាន តែពិបាកធ្វើ។ ឥឡូវនេះអ្នកអាចចាប់ផ្តើមធ្វើរឿង៣ ខាងក្រោមនេះ ហើយចាប់ពីថ្ងៃ នេះតទៅ បើទោះបីជាក្នុងស្ថានភាពណាក៏ដោយ អ្នកត្រូវរកមូលហេតុ និងគោលដៅនៃទង្វើរបស់អ្នក។
១.មុនពេលសម្រេចចិត្តធ្វើអ្វីមួយ សួរខ្លួនឯងថា “ហេតុអ្វី?”
យោងតាមអ្នកឯកទេសផ្នែកចិត្តសាស្ត្របានឲ្យដឹងថា ជំហានមួយក្នុងចំណោមជំហានដែលងាយស្រួលបំផុតដែលអ្នកអាចធ្វើឥឡូវនេះបាន គឺការសួរខ្លួនឯងនូវសំណួរពិបាកៗជាច្រើន ។ ពេលខ្លះ អ្នកគិត អ្នកធ្វើ ហើយអ្នកនិយាយមុនពេល អ្នកមានពេលវេលាដើម្បីចាប់ផ្តើមដំណើរការធ្វើអ្វីមួយដែលកំពុងកើតមានឡើងនៅក្នុងខ្លួនអ្នក និងនៅជុំវិញអ្នក។ នេះជាចំណុចខ្សោយមួយរបស់អ្នកដែលធ្វើដោយមិនបានគិតទៅលើលទ្ធផល ឬការខ្វះការពិចារណាជាមុន។
ផ្នែកមួយនៃដំណើរស្វែងយល់ការពិតពីខ្លួនឯង អ្នកត្រូវចាប់ផ្តើមសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកក្លាយជាបែបនេះ? ហេតុអ្វីបានជាអ្នកចេះតែគិតពីអ្វី ដែលអ្នកកំពុងគិត? ហេតុអ្វីបានជាអ្នកធ្វើអ្វីដែលអ្នកកំពុងធ្វើ? ខណៈដែលភាពប្រញាប់ប្រញាល់ខ្វះការពិចារណារបស់អ្នកញាំងឲ្យកើតមានសកម្មភាពយ៉ាងភ្លាមៗនោះ អ្នកត្រូវប្រាកដថា រាល់សកម្មភាពរបស់អ្នកទាំងអស់ត្រូវបានធ្វើឡើងជាមួយគោលដៅ និងហេតុផលច្បាស់លាស់។
២.ជំនួសឲ្យការគិតលើគម្រោងវែងឆ្ងាយ អ្នកគួរគិតលើគម្រោងសម្រាប់ថ្ងៃស្អែក
អ្នកត្រូវចាំថា ការបារម្ភគឺជាចោរកម្មនៃពេលវេលា និងភាពរីករាយ។ ប្រសិនបើអ្នកក្រឡេកទៅមើលកំណត់ត្រានៃព្រឹត្តិការណ៍ជីវិតដែលកើតមានឡើងអ្នកនឹងដឹងថា រឿងរ៉ាវជាច្រើនដែលធ្វើឲ្យអ្នកធុញថប់ និងបារម្ភបំផុត សុទ្ធតែមានមូលហេតុរបស់វា។ នៅពេលអ្នកគិតពីទិសដៅដែលអ្នកចង់ទៅនៅក្នុងជីវិតរបស់អ្នក សូមកុំដាក់សម្ពាធខ្លួនឯងឲ្យគិតច្រើនពេកដល់អនាគតវែងឆ្ងាយរាប់សិបឆ្នាំខាងមុខ។ គិតពីអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃនេះដោយពេញចិត្ត សម្លឹងមើលអ្វីៗនៅជុំវិញអ្នក ហើយចេះសម្រាកខ្លះពេលនឿយហត់។
នៅពេលអ្នកផ្ដោតលើការទទួលយកជីវិតនៅថ្ងៃណាមួយ អ្នកនឹងមានថាមពលកាន់តែច្រើនក្នុងការគិតប្រកបដោយភាពប្រាកដប្រជា និងធ្វើការសម្រេចចិត្តដែលនាំទៅរកការទទួលបានលទ្ធផលអ្វីមួយនៅក្នុងរយៈពេលខ្លី និងរយៈពេលវែង។ តើអ្នកអាចទទួលទានដំរីទាំងមូលក្នុងពេលតែមួយបានយ៉ាងដូចម្តេចទៅ? តើអ្នករស់នៅដោយរបៀបណា? គឺរស់នៅដោយផ្ដោតលើអ្វីដែលអ្នកកំពុងធ្វើថ្ងៃនេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។
៣.បង្ហាញថា អ្នកជាមនុស្សរីករាយតាមដំណើរជីវិតរបស់អ្នក
មនុស្សគ្រប់គ្នារស់នៅក្នុងសង្គមមួយដែលបង្ខំឲ្យអ្នកទាំងអស់គ្នា ត្រូវព្យាយាមបង្ហាញអ្នកដទៃពីសុភមង្គលរបស់រៀងៗខ្លួន។ បើយោងតាមការសិក្សាស្រាវជ្រាវ ទូរស័ព្ទគឺជាបិសាចដ៏អាក្រក់មួយផងដែរដែលបំផ្លាញសេចក្ដីសុខរបស់មនុស្សនៅយុគសម័យនេះ។ វាហាក់ដូចជាកំពុងធ្វើឲ្យអ្នកយល់ថា អ្នកមិនអាចរស់នៅជាមួយអ្នកដទៃបានដោយគ្មានវា។ ទន្ទឹមនឹងនេះ សម្រាប់មនុស្សភាគច្រើនទូរស័ព្ទកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃដែលពួកគេទាញយកមកមើលមុនគេនៅព្រឹកព្រលឹម និងមុនពេលចូលគេង។ ពួកគេបានប្រើទូរស័ព្ទថតទេសភាពជុំវិញខ្លួន ថតរូបខ្លួនឯង និងផុសបង្ហោះដើម្បីឲ្យគេមើលទៅឃើញថា ខ្លួនជាមនុស្សមានសុភមង្គលជាងគេបំផុត។ ប៉ុន្តែការពិត ពួកគេមិនបានពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើដោយអវត្តមានរបស់ ទូរស័ព្ទនោះឡើយ។
នេះជាដំណឹងល្អមួយ។ ចាប់ពីថ្ងៃនេះតទៅ អ្នកមិនចាំបាច់បង្ហាញមនុស្សគ្រប់គ្នាថា អ្នកជាមនុស្សសប្បាយចិត្ត ឬពេញចិត្តទៅនឹងជីវិតរបស់អ្នកនោះ ឡើយ។ អ្នកត្រូវពេញចិត្តនូវអ្វីដែលអ្នកមាន និងអ្វីដែលអ្នកកំពុងធ្វើឲ្យបានច្រើនបំផុត។ ត្រូវការពារសុវត្ថិភាព និងផ្លូវដើររបស់អ្នក។ កុំអនុញ្ញាតឲ្យអ្នកដទៃ ទូរស័ព្ទ ឬបណ្ដាញសង្គម មកយាយីដំណើរផ្លូវរបស់អ្នក និងរំខានអ្វីៗដែលអ្នកកំពុងធ្វើ។
កុំឲ្យឱកាសល្អថ្ងៃនេះកន្លងផុតទៅ ព្យាយាមធ្វើវាឲ្យបានល្អបំផុត និងចេះប្រើពេលថ្ងៃនេះរីករាយជាមួយអ្វីដែលនៅជុំវិញអ្នកឲ្យបានច្រើនបំផុត។ ជីវិតរបស់អ្នក អ្នកជាអ្នកកសាងវាឡើង។ អ្នកគឺជាអ្នកគ្រប់គ្រងជីវិតរបស់អ្នកតែមួយគត់។ សូមមើលឧបសគ្គជីវិតជាឱកាស។ អ្នកត្រូវតែពេញចិត្តអ្វីដែលមាននៅថ្ងៃនេះ៕
ប្រភព៖ Addicted2sucess.com