នេះជាគន្លឹះដ៏មានឥទ្ធិពលដែលទាមទារឲ្យអ្នកអភិវឌ្ឍដើម្បីទំនាក់ទំនងមានប្រសិទ្ធភាព
ការបង្កើតទំនាក់ទំនងមួយប្រកបដោយប្រសិទ្ធភាពពិតជាមានសារសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកជំនួញតែម្តង។ ការទំនាក់ទំនងនេះវាឥទ្ធិពលដល់អាជីពការងារ និងបានឆ្លុះបញ្ចាំងពីកម្រិតនៃភាពជោគជ័យផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។ ចូរសាកល្បងរៀនស្វែងយល់ និងអភិវឌ្ឍជំនាញសំខាន់ៗ ៥ ចំណុចនេះប្រសិនបើអ្នកសង្កេតឃើញថា អ្នកនៅមានចំណុចខ្វះខាតក្នុងការបង្កើតបណ្តេញទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
១.ផែនការ
យកពេលវេលាដើម្បីធ្វើកិច្ចការសំខាន់របស់អ្នក និងត្រូវយកនាមប័ណ្ណដាក់តាមខ្លួនជានិច្ច បើទោះបីជាអ្នកទើបនឹងចាប់ផ្តើមបើកជំនួញ ឬចាប់ផ្តើមការងារថ្មីក៏ដោយ។ បើអ្នកត្រៀមខ្លួនបានកាន់តែល្អ អ្នកនឹងកាន់តែងាយស្រួល និងពង្រីកបណ្ដាញទំនាក់ទំនងកាន់តែរលូន។
២.ជាអ្នកស្តាប់ដ៏សកម្មម្នាក់
សូមចាំថា ការសន្ទនាដ៏ល្អមួយមិនចាំបាច់អ្នកនិយាយឲ្យបានច្រើននោះទេ។ តាមពិតទៅអ្នកគ្រាន់តែធ្វើជាអ្នកស្តាប់ដ៏ សកម្មម្នាក់ ក៏វាគ្រប់គ្រាន់ដែរ។ ជំនាញស្តាប់នេះ អាចជួយអ្នកបង្កើតតម្លៃទំនាក់ទំនង ប៉ុន្តែវាក៏មានការលំបាកដែរប្រសិនបើអ្នកបង្កើតបណ្ដាញទំនាក់ទំនងមួយនៅពេលអ្នកមមាញឹក ឬកន្លែងដែលមានសម្លេងរំខានខ្លាំងៗ។ ជាអ្នកស្តាប់ដ៏សកម្មម្នាក់ អ្នកត្រូវរៀបឫកពារឲ្យបានល្អ ប្រក្រសែភ្នែក យកចិត្តទុកដាក់ និងឆ្លើយតបទៅវិញជាមួយនឹងចម្លើយ ឬ សំនួរសំខាន់ៗដែលពាក់ព័ន្ធទៅនឹងប្រធានបទពិភាក្សារបស់អ្នក។
៣.សួរសំនួរប្រកបដោយយុទ្ធសាស្ត្រ ឬ បច្ចេកទេស
ដើម្បីរៀនសួរសំនួរល្អៗ វាត្រូវការពេលវេលាបន្តិច ប៉ុន្តែវាគឺជាជំនាញដ៏មានតម្លៃដើម្បីធ្វើឲ្យទំនាក់ទំនងមានប្រសិទ្ធភាព។ អ្នកត្រូវព្យាយាមធ្វើវាជាប្រចាំនៅរាល់ពេលដែលអ្នកមានប្រធានបទពិភាក្សាជាមួយមនុស្សថ្មីៗ ឬក្រុមការងាររបស់អ្នក។ ការសាកសួរសំនួរប្រកបដោយបច្ចេកទេស គឺសំនួរដែលទាក់ទងទៅនឹងអ្វីដែលមនុស្សទាំងនោះកំពុងនិយាយ ហើយអ្នកបង្ហាញអារម្មណ៍ទៅកាន់ពួកគេថា អ្នកពិតជាកំពុងយកចិត្តទុកដាក់នូវអ្វីដែលពួកគេនិយាយពិតប្រាកដមែន។
៤.ចាប់អារម្មណ៍ឲ្យច្រើនលើប្រធានបទអ្នកដទៃ
តាមពិតទៅ នៅពេលមានជំនួបរវាងមនុស្សពីរនាក់ ឬច្រើននាក់ មនុស្សម្នាក់ៗចូលចិត្តនិយាយរឿងរ៉ាវផ្ទាល់ខ្លួនច្រើនជាង។ យ៉ាងណាមិញនៅក្នុងទំនាក់ទំនង ប្រសិនបើអ្នកចង់ចងសម្ព័ន្ធឲ្យកាន់តែរឹងមាំជាមួយមនុស្សជុំវិញអ្នក អ្នកគួរលើកយកប្រធានបទជុំវិញរឿងរ៉ាវរបស់អ្នកដទៃឲ្យបានច្រើនជាងរឿងផ្ទាល់ខ្លួនរបស់អ្នក។ បើមិនចាំបាច់ទេនោះ ឬគ្មានសំនួរសាកសួរមកកាន់អ្នកត្រឡប់មកវិញ អ្នកគួរពិភាក្សាពីចំណាប់អារម្មណ៍របស់អ្នកទៅកាន់ដៃគូពិភាក្សារបស់អ្នកឲ្យបានច្រើន។ អ្នកអាចនិយាយរឿងរបស់អ្នកខ្លះៗបាន ប៉ុន្តែឆាប់ចូលប្រធានបទទៅកាន់រឿងផ្ទាល់ខ្លួនរបស់អ្នកដទៃវិញ។
៥.បន្ថែមគុណតម្លៃ
ជំនាញមួយនេះ គឺជាជំនាញដ៏លំបាកបំផុតបើប្រៀបធៀបទៅនឹងជំនាញខាងលើ។ នៅក្នុងទំនាក់ទំនង អ្នកគួរគិតពីវិធីជាច្រើនដែលអាចផ្តល់គុណតម្លៃទៅកាន់អ្នកដទៃតាមរយៈចំណេះដឹង ជំនាញ បទពិសោធន៍ជាដើម។ បើអ្នកអាចស្វែងយល់ពីគុណតម្លៃដែលអ្នកជួយដល់អ្នកដទៃ អ្នកអាចបង្កើតបណ្ដាញទំនាក់ទំនងប្រកបដោយផ្លែផ្កាមួយជាមួយមនុស្សមកពីប្រភពផ្សេងៗគ្នា។
រាល់សហគ្រិនដែលជោគជ័យគឺនៅពេលដែលសហគ្រិននោះដឹងពីរបៀបបង្កើតបណ្ដាញទំនាក់ទំនង។ មានសហគ្រិនមួយចំនួនតូចប៉ុណ្ណោះដែលបានដឹងពីរបៀបនៃការពង្រីកបណ្ដាញទំនាក់ទំនងនេះ។ ការបង្កើតបណ្ដាញដ៏រឹងមាំមួយ គឺជាជំនាញដែលអាចរៀនសូត្របាន ហើយសហគ្រិនទាំងអស់ជារឿយៗបានកំហុសតិចឬច្រើនដោយជៀសមិនផុត នៅពេលបង្កើតបណ្ដាញទំនាក់ទំនង។
ប្រសិនបើអ្នកចង់កែកំហុសនៅ ក្នុងការបង្កើតទំនាក់ទំនង អ្នកអាចសាកល្បងគន្លឹះសំខាន់ៗទាំងនេះ៖
-កំណត់ឲ្យបានពីជំនាញណាមួយខាងលើនេះដែលអ្នកយល់ថា ជាចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់អ្នក ហើយបន្ទាប់មក អ្នកត្រូវចំណាយពេលខ្លះដើម្បីអភិវឌ្ឍវាឲ្យកាន់តែប្រសើរឡើង។
-សាកល្បងបង្កើតការសន្ទនាមួយជាមួយមិត្តភក្ដិ ធ្វើដូចនេះអ្នកអាចអនុវត្តពីរបៀបស្តាប់យ៉ាងសកម្ម និងសាកល្បងបង្កើតសំនួរល្អៗចោទសួរទៅវិញ។
-សាកសួរមិត្តភក្ដិរបស់អ្នកពីចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់អ្នក អ្វីដែលត្រូវកែប្រែ និងបំពេញបន្ថែម។
-រៀនមើលវីដេអូ ឬចូលរួមសកម្មភាពពិភាក្សាផ្សេងៗដើម្បីដឹងពីរបៀបទំនាក់ទំនងរបស់បុគ្គលល្បីៗ និងពូកែៗ ថាតើបុគ្គលទាំងនោះ ប្រើកាយវិការដូចម្តេច? ប្រើភាសាយ៉ាងម៉េចខ្លះ? មានឥរិយាបថបែបណា?
-បន្ទាប់មកបញ្ចូលបច្ចេកទេសទាំងនោះដែលអ្នករៀនសូត្របាន នៅពេលអ្នកបង្កើតបណ្ដាញទំនាក់ទំនង៕
ប្រភព៖ Entrepreneur