នាយកប្រតិបត្តិ​វិទ្យាស្ថាន​ LSI បង្ហើបគន្លឹះ ២ចំណុច ​ក្នុង​ការ​រៀបចំ​ផែនការ​ជីវិត​ឲ្យមាន​ប្រសិទ្ធភាព​



ជា​ការ​ពិត​ណាស់​ប្រសិន​បើ​អ្នក​គ្មាន​គោលដៅ​ក្នុង​ជីវិត​ច្បាស់​លាស់​ទេ​វា​ហាក់បី​ដូច​ជា​ពេលវេលា​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​អ្នក​កន្លង​ទៅ​ដោយ​ឥត​ន័យ​ ហើយ​អ្នក​ក៏​ពិបាក​នឹង​ស្វែង​រក​ឃើញ​នូវ​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​ខ្លួន​ផងដែរ។ ជា​ការ​ចែក​រំលែក លោក កឹម អឿន​ នាយកប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ភាព​ជោគជ័យ​ (LSI) ដែល​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​សិស្ស និស្សិតនាពេល​បច្ចុប្បន្ន បាន​បង្ហើបប្រាប់នូវ​ ២ ចំណុច​សំខាន់​ក្នុង​ការ​រៀប​ចំផែនការ​ជីវិត​ប្រកប​ដោយ​ប្រសិទ្ធភាព​។

 

លោក​គ្រូ កឹម អឿន ប្រាប់​ថា​ចំណុច​ទី​១​ដែល​សំខាន់​នោះ​គឺ ត្រូវ​កំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់​លាស់​ថា​ តើ​១០​ឆ្នាំ​ទៀត​យើង​ជា​នរណា? តើ​យើង​ចង់​ធ្វើ​អ្វី? ដូច្នេះ​ក្នុង​ចំណុច​នេះ​យើង​ត្រូវ​សួរ​ខ្លួនឯង​ឲ្យ​ច្បាស់ ឧទាហរណ៍​ថា​យើង​ចង់​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​ស្ដង់ដា​អន្តរជាតិ​មួយ​ ដែល​មាន​ប្រាក់​ខែ​៥ពាន់​ដុល្លារ​ ដូច្នេះ​នៅ​ពេល​ដែល​យើង​មើល​ឃើញ​ពី​គោលដៅ​១០​ឆ្នាំ​ដែល​យើង​ត្រូវ​ទៅ​ហើយ ជំហ៊ាន​បន្ទាប់​យើង​ត្រូវ​សួរ​ខ្លួនឯង​បន្ត​ថា​ តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទៅ​ដល់​គោលដៅ​នោះ?

ឧទាហរណ៍​ថា​យើង​ចង់​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ ដូច្នេះ​យើង​ត្រូវ​ដឹង​ខ្លួនឯង​ថា​តើ​ត្រូវ​ត្រៀម​ខ្លួន​អ្វី​ខ្លះ ដូចជា​​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​ជា​ថៅកែ​ល្អ ត្រៀម​សន្សំ​ដើមទុន​ ត្រៀម​ខ្លួន​សិក្សា​លើ​មុខ​ជំនួញ​នោះ​តាម​រយៈ​ការ​ចូលរួម​សិក្ខាសាលា​នានា​ ឬ​ក៏​មាន​មិត្តភក្កិ​ធ្វើ​ជំនួញ ដែល​យើង​ត្រូវ​រៀន​សូត្រ​ពី​គេ​បន្ថែម។

 

លោក​នាយក​ប្រតិបត្តិ​ ក៏បាន​បន្ត​ទៀតថា ចំណុច​សំខាន់​ទី​២​ដែល​យើង​ត្រូវ​ដឹង​គឺ សួរ​ខ្លួនឯង​ថា​តើ​នឹង​មាន​ឧបសគ្គ​អ្វី​ខ្លះ​ដែល​មក​រារាំង​? ឧទាហរណ៍​ថា យើង​ចង់​បើក​ក្រុមហ៊ុន​មួយ​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដើម​ទុន​គ្រប់គ្រាន់ មិន​ទាន់​មាន​ចំណេះ​ច្បាស់​លាស់ មិន​ទាន់​មាន​បទពិសោធន៍​គ្រប់គ្រាន់​ជា​ដើម នេះ​ជា​បញ្ហា​ដែល​យើង​នឹង​ជួប​ប្រទះ។ ដូច្នេះ​នៅ​ពេល​នេះ​យើង​ដឹង​ថា​ត្រូវ​ជួប​ឧបសគ្គ​អ្វី ជំហ៊ាន​បន្ទាប់​យើង​ត្រូវ​រក​វិធី​ក្នុង​ការ​ដោះ​ឧបសគ្គ​ទាំង​នោះ។

ជំហ៊ាន​បន្ទាប់​នេះ​យើង​ត្រូវ​រៀបចំ​ផែនការ​ក្នុង​ការ​កម្ចាត់​ឧបសគ្គ​ ជាការ​ពិត​យើង​អាច​ធ្វើ​ការ​ដោះ​ស្រាយ​ដោយ​ការ​បំបែក​វា​ជា​ចំណុច​តូចៗ​ ព្រោះ​កាល​ណា​ដែល​យើង​មើល​ឃើញ​បញ្ហា​ធំ​ពេក​យើង​នឹង​ខ្លាច​ក្នុង​ការ​ប្រឈម ឬ​រក​ដំណោះ​ស្រាយ​ដូច្នេះ​បើ​យើង​បំបែក​វា​ជា​ចំណុច​តូចៗ​យើង​នឹង​ងាយ​ស្រួល​ ព្រមទាំង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​វា។

បន្ថែម​លើ​ចំណុច​ដែល​បាន​លើក​ឡើង​ខាង​លើ លោក​គ្រូ​ ប្រាប់​ថា​ចំណុច​ទាំង​អស់​នេះ​អាច​ធ្វើ​ទៅ​រួច​បាន​គឺ​អាស្រ័យ​លើ​វិន័យ​ ព្រោះ​វិន័យ​វា​គឺ​ជា​ស្ពាន​តភ្ជាប់​រវាង​អ្វី​ដែល​យើង​ចង់​ទៅ​ដល់​ និង​ការ​គិត​របស់​យើង​ ឧទាហរណ៍​ Aជា​ចំណុច​ដែល​យើង​គិត ហើយBជា​ចំណុច​ដែល​យើង​ចង់​ទៅ​ ដូច្នេះ​ស្ពាន​ដែល​ភ្ជាប់​រវាង​AនិងBគឺ​ជាវិន័យ៕

X
5s