អនុវត្ត​យុទ្ធសាស្រ្ត​ទាំង ១០ ​នេះ​​​ធ្វើ​​ឲ្យ​​អ្នក​មាន​កាន់តែ​មានឡើង​



នៅ​ពេល​អ្នក​មើល​បុគ្គលិកលក្ខណៈ​​របស់​អ្នក​ក្រ​គឺ​​ជា​ទូទៅ ​អ្នក​នឹង​សង្កេត​ឃើញ​ថា ពួកគេ​ជា​មនុស្ស​ចូលចិត្ត​ធ្វើ​ការ​ឲ្យ​គេ ៨ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ៥ ឬ ៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ពឹង​លើ​ប្រាក់ខែ​តែមួយមុខ ហើយ​អ្វី​ដែល​ជា​ពិសេស​នោះ​គឺ​​សង្ឃឹម​ចាស់​ទៅ​ដេក​ស៊ី​ប្រាក់​ចូលនិវត្តន៍។ នេះ​ជា​ផ្នត់​គំនិត​មួយ​ខុស​​គ្នា​ឆ្ងាយ​ពី​អ្នក​មាន​ខ្លាំង​ណាស់ ខណៈ​ដែល​ពួកគេ​ដេក​ស្រមៃ​ថា ​ខ្លួន​អាច​នឹង​ក្លាយ​ជា​អ្នកមាន​ដែរ។ 

សូម​ឈប់​ស្រមៃ​បែប​នេះ​ទៅ! សូម​ចាប់​ផ្តើម​គិត​បែប​គំនិត​អ្នក​មាន ១០ ខាងក្រោម​នេះ​ដែល​នឹង​ធ្វើ​ឲ្យ​​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​កាន់តែ​ប្រសើរ។ 

១.មាន​ផ្នត់​គំនិត​បង្កើន​ប្រាក់​ចំណូល​បន្ថែម
ជា​ទូទៅ​មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ​​ច្រើន​គឺ​ជា​​មនុស្ស​ច្នៃប្រឌិត​​ក្នុង​ការ​គិត​អំពី​អាជីវកម្ម​  និង​ស្វែងរក​វិធី​ផ្សេងៗ​ក្នុង​ការ​រកលុយ។​ ​មនុស្ស​ប្រភេទ​នេះ​បាន​កំណត់​ខ្លួនឯង​​ឲ្យ​​មាន​បុគ្គលិក​លក្ខណៈ​ផ្សេង​​ពី​មនុស្ស​ទូទៅ​ដោយ​ពួកគេ​​ចេះ​បង្កើត​គំនិត​​ដែល​ធ្វើ​ឲ្យ​​ហិរញ្ញវត្ថុ​របស់​ខ្លួន​រីកចម្រើន។ ពួកគេ​បាន​ផ្លាស់ប្ដូរ​របៀប​​គិត​លើ​​​​លុយ ​និង​មើលឃើញ​ឱកាស​រក​ប្រាក់​ចំណេញ​តាម​រយៈ​ការ​បង្កើត​រក​លុយ​ចេញ​ពី​គម្រោង​​ផ្សេងៗ និង​មាន​គំនិត​បើកចំហ​ដើម្បី​ស្វែងរក​គំនិត​ថ្មីៗ។

២. បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​​មនុស្ស​ជោគជ័យ
អ្នក​មាន​យល់​ពី​សារៈសំខាន់​នៃ​​ការ​​​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជោគជ័យ។ ​ពួកគេ​ចូល​ចិត្ត​​ចំណាយ​ពេលវេលា​ក្នុង​ការ​​ពង្រីក​​បណ្តេញ​ទំនាក់ទំនង​​ជាមួយ​អ្នកដទៃ​​ដែល​ជោគជ័យ​ហិរញ្ញវត្ថុ ​ពី​ព្រោះ​បុគ្គល​ទាំង​នោះ​មាន​ភាព​ប៉ិនប្រសប់  និង​​សក្ដានុពល​​ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​ជោគជ័យ​ហិរញ្ញវត្ថុ​ដែរ។ ដូច្នេះ​ហើយ​ទើប​អ្នក​សង្កេត​ឃើញ​ថា អ្នក​មាន​តែង​មាន​វត្តមាន​នៅ​ក្នុង​សិក្ខាសាលា​នានា ជួបជុំ​នៅ​ហាង​កាហ្វេ​និយាយ​ពី​មុខ​ជំនួញ និង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដែល​បណ្ដុំ​ទៅ​ដោយ​វាគ្មិន​ជំនួញ​ល្បីៗ​ជាដើម។ ពួកគេ​ជួប​មនុស្ស​ថ្មីៗ​ជា​ប្រចាំ ពី​ព្រោះ​ថា មនុស្ស​ថ្មីៗ នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​​គំនិត​ថ្មីៗ។ 

៣.ចាកចេញ​ពី​តំបន់​សុវត្ថិភាព​របស់​អ្នក (Comfort Zone)
អ្នក​មាន​ទ្រព្យសម្បត្តិ​​ច្រើន​បាន​ទទួល​​ជោគជ័យ​ពីព្រោះ​ពួកគេ​បាន​ដឹង​ថា​  ភាព​ជោគជ័យ​​អាច​កើត​មាន​ឡើង​លុះត្រា​តែ​​យើង​អាច​ដើរ​ឲ្យ​ហួស​ដែន​​ពី​​តំបន់​ព្រំដែន​​សុវត្ថិភាព​របស់​យើង។ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ទៅជា​អ្នកមាន​  អ្នក​ត្រូវការ​បង្កើន​ថាមពល​លើ​ភាព​ច្នៃប្រឌិត​របស់​អ្នក​ បង្កើត​គំនិត​​អាជីវកម្ម និង​ធ្វើ​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​។ សូម​ចាំ​ថា ទ្រព្យសម្បត្តិ​ និង​ភាព​ជោគជ័យ​​​មិន​អាច​កើតឡើង​ពី​សុវត្ថិភាព​នៃ​ការងារ​ដែល​ធ្វើ​ត្រឹមតែ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ​នោះ​ឡើយ​។ អ្នក​ត្រូវ​​ប្រើប្រាស់​ថាមពល​​ចេញ​ពី​​ក្នុង​ខ្លួន​​​ដើម្បី​លេង​ហ្គេម​​ជីវិត​ដ៏​លំបាកៗ​ជាមុន​សិន ទើប​អ្នក​រក​ឃើញ​សេចក្តី​សុខ​នៅ​ពេល​ក្រោយ។ 

៤.រក​ប្រភព​ចំណូល​ឲ្យ​បាន​ច្រើន
បើ​អ្នក​មាន​លុយ​កាន់តែ​ច្រើន អ្នក​កាន់តែ​ងាយស្រួល​ក្នុង​ការ​បង្កើត​លុយ។ ទន្ទឹម​​នឹង​នេះ​វិធីសាស្ត្រ​ដ៏​ងាយស្រួល និង​ឆាប់រហ័ស​​បំផុត​ដើម្បី​រក​លុយ​ឲ្យ​បាន​កាន់តែ​ច្រើន​​គឺ​ការ​បង្កើត​ប្រភព​ចំណូល​ឲ្យ​បាន​ច្រើន។ វិធីសាស្ត្រ​នេះ​ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​លុយ​ហូរ​ចូល​កាន់តែ​ច្រើន ហើយ​អ្នក​ត្រូវ​ប្រើប្រាស់​ចំណូល​​នោះ​វិនិយោគ​ទៅ​​លើ​ប្រភព​ចំណូល​ផ្សេងៗ​ទៀត។ នេះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មាន​ឡើងៗ។ 

៥.វិនិយោគ
ភាព​វ័យ​ឆ្លាត​មួយ​របស់​អ្នក​មាន​គឺ​ថា ពួកគេ​ធ្វើ​ឲ្យ​លុយ​ចេះ​រក​លុយ​ឲ្យ​ពួកគេ។ អ្នក​មាន​​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដឹង​ថា ការ​វិនិយោគ​គឺ​ជា​កូនសោ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​ចំណូល​របស់​ពួកគេ​ចេះ​តែ​កើន​ឡើង និង​មាន​ទៅៗ។ ខណៈ​ដែល​ការ​សន្សំ​ប្រាក់​គឺ​ជា​រឿង​​សំខាន់ ​ចំណេះដឹង​វិនិយោគ​គឺ​ជា​រឿង​​សំខាន់​ជាង​នេះ​ទៅ​ទៀត ពី​ព្រោះ​ថា នៅ​ពេល​អ្នក​មាន​លុយ​ហើយ អ្នក​ត្រូវ​ចេះ​គ្រប់គ្រង​លុយ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ប្រសិទ្ធភាព​របស់​លុយ​គឺ​ការ​ធ្វើ​ឲ្យ​លុយ​របស់​អ្នក​ដើរ​មិន​ឈប់​ដើម្បី​រក​លុយ​ឲ្យ​អ្នក​ត្រឡប់​មក​វិញ។ ដូច្នេះ​វិធី​តែមួយ​គត់​ដែល​អ្នក​អាច​សម្រេច​​លើ​រឿង​នេះ​បាន គឺ​វិនិយោគ។

៦.កំណត់​ហានិភ័យ​ដែល​កើត​មាន​ឡើង​
អ្នកមាន​មិន​​សូវ​ហ៊ាន​លេងល្បែង​​​លើ​ការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​ធំ​ៗ​ឡើយ។ ពួកគេ​ធ្វើអ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​​មក​ក្នុង​អត្រា​មួយ​ទាប​បំផុត​។ ​ដើម្បី​ទទួល​ជោគជ័យ​លើ​កិច្ចការ​នេះ ពួកគេ​ត្រូវ​ធ្វើការ​ស្រាវជ្រាវ  និង​វិភាគ​​ ហើយ​កំណត់​ថា​ តើ​ជម្រើស​ណា​មួយ​ដែល​សមស្រប​បំផុត​ទៅ​នឹង​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ និង​បំណងប្រាថ្នា​​ដែល​ពួកគេ​ចង់​បាន​នៅ​ក្នុង​មុខ​ជំនួញ​​។ ពួកគេ​​មាន​ភាព​ហ្មត់ចត់​ក្នុង​ការ​ថ្លឹងថ្លែង​​ពី​ប្រយោជន៍  និង​គុណវិបត្តិ ​តាម​រយៈ​ការ​យក​​យក​ហានិភ័យ​មក​វាយតម្លៃ​ចុះ​ឡើង។ 

៧.ផ្តោត​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន
អ្នកមាន​ជាទូទៅ​ចូលចិត្ត​​អាន​​ច្រើន។  អ្នកមាន​យល់​ពី​សារៈសំខាន់​នៃ​ការ​អប់រំ​ខ្លួនឯង​ ហើយ​ជំរុញ​ខ្លួនឯង​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​តាម​គ្រប់​មធ្យោបាយ។  ៨៥%  ​នៃ​អ្នកមាន​បាន​អាន​សៀវភៅ​​​ពី ២​ក្បាល​ឡើង​ទៅ​ក្នុង​មួយ​ខែ ​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង ខណៈ​ដែល​អ្នកមាន​ត្រឹមតែ​ ១១% ផ្សេង​ទៀត​ ​ប៉ុណ្ណោះ​ដែល​បាន​អាន​សៀវភៅ ឬ ឯកសារ​ផ្សេងៗ​សម្រាប់​ការ​កម្សាន្ត​ ធៀប​​​ទៅ​នឹង​អ្នកក្រ​ដែល​មាន​ដល់​ទៅ ៧៩% ។ អ្នកមាន​ ៩៤%  ​បាន​អាន​អត្ថបទ​​ចេញផ្សាយ​ថ្មីៗ ខណៈ​ដែល​អ្នកក្រ​មាន​ត្រឹមតែ ១១% ប៉ុណ្ណោះ។  

៨.អ្នកមាន​មិន​ដែល​ចូលនិវត្តន៍​ទេ
អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​មិន​ចេះ​ឆ្អែត? ពួកគេ​មាន​លុយ​ចាយ​រាប់​មិន​អស់ ចុះ ហេតុ​អ្វី​បាន​ជា​ពួកគេ​មិន​ព្រម​​ទម្លាក់​ការងារ​របស់​ខ្លួន​ចោល​ដើម្បី​ដេកស៊ី​ចាយ​ប្រាក់​ឲ្យ​សប្បាយ​សម្រាប់​ជីវិត​​ដែល​នៅ​សេសសល់? នេះ​ជា​ការ​យល់​ខុស​មួយ​ដ៏​ធំៗ។ តាម​ពិត​ទៅ អ្នក​មាន​ភាគច្រើន​បាន​បន្ត​ធ្វើ​ការ​រហូត​ដល់​ជីវិត​ចុងក្រោយ​របស់​ខ្លួន។ ទោះ​មាន​អាយុ​ច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​វត្តមាន​នៅ​ការិយាល័យ​ធ្វើ​ការ។ មូលហេតុ​ដ៏​សំខាន់​នោះ​គឺ​ថា​ពួកគេ​ជា​មនុស្ស​ញៀន​នឹង​ការងារ ញៀន​នឹង​ភាព​ជោគជ័យ ហើយ​ការ​រកលុយ​គឺ​ជា​មុខរបរ​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា មាន​​សេចក្ដីសុខ។ ដូចនេះ​បើ​អ្នក​យក​សំនួរ​នេះ​ទៅ​សួរ​ពួកគេ ពួកគេ​នឹង​គិត​ថា អ្នក​ជា​មនុស្ស​ល្ងង់​ជាមិនខាន។ 

៩.ជៀសវាង​ការ​ចំណាយ​ហួសហេតុ
នៅ​ពេល​ដែល​អ្នកក្រ​ដេក​ស្រមៃ​ចង់​ចាយ​លុយ​ពេញៗ​ដៃ​​ដោយ​គ្មាន​ការ​ព្រួយបារម្ភ ដូច​ជា​​ទិញ​ផ្ទះ​ថ្លៃ រថយន្ត​ល្អៗ និង​សម្ភារៈ​ប្រើប្រាស់​ថ្លៃៗ អ្នកមាន​ឯណោះ​វិញ​យល់​ថា បើ​អ្នក​កាន់តែ​ចាយ​លុយ អ្នក​កាន់តែ​ខ្សត់​លុយ។ សូម​ចាំ​ថា អ្នក​មាន​មិន​ងាយ​ធ្លាក់​ខ្លួន​ដោយសារតែ​ពួកគេ​អាច​ការពារ​ខ្លួន​ពី​ការ​ធ្លាក់​ចូល​ក្នុង​​ទម្លាប់​​ខ្ជះខ្ជាយ​ចាយ​លុយ​​ដ៏​ហួសហេតុ​របស់​អ្នកក្រ។ មិន​សំខាន់​ថា អ្នក​រក​លុយ​បាន​ប៉ុន្មាន​នោះ​ទេ បើ​អ្នក​ចាយ​ធំ​ជាង​ចំណូល អ្នក​នឹង​ក្រ។ អ្នក​មាន​យល់​ថា បើ​អ្នក​ចាយ​លុយ​​កាន់តែ​តិច អ្នក​នឹង​មាន​លុយ​សល់​កាន់តែ​ច្រើន។ អ្នក​អាច​យល់​ច្រឡំ​ថា អ្នក​​ឧស្សាហ៍​ឃើញ​អ្នក​មាន​ចាយ​លុយ​ធំ​ណាស់​ ច្រើន​ជាង​អ្នក​រាប់​សិប​ដង​ ប៉ុន្តែ​ពួកគេ​ចាយ​ធំ ក៏ដោយសារតែ​ពួកគេ​អាច​រក​ចំណូល​បាន​លើស​ការ​ចំណាយ​របស់​ពួកគេ​រាប់​សិប​ដង​ទៅ​ទៀត​ឯណោះ។ 

១០.ចំណាយ​ពេល​ដើម្បី​គិត​​ពី​ខ្លួន​ឯង
អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ មិន​ភ្លេច​ឡើយ​ក្នុង​ការ​​ចំណាយ​ពេលវេលា​​មួយ​ចំនួន​ដើម្បី​​គិតគូរ​​ពិនិត្យ​មើល​ខ្លួន​ឯង​ជាប្រចាំ​។ ​ពួកគេ​បាន​ចំណាយពេល ៣០ នាទី ​ឬ​ច្រើន​ជាង​នេះ​ នៅ​​កន្លែង​ស្ងប់ស្ងាត់​​ដើម្បី​ឆ្លុះបញ្ចាំង​​ពី​ជីវិត​  និង​គោលដៅ​របស់​​ខ្លួន​​គិត​​ពី​សុខភាព ​ទំនាក់ទំនង​របស់​ខ្លួន​  ពិចារណា​​លើ​បញ្ហា​អាជីព​ការងារ ​​គោលដៅ​ហិរញ្ញវត្ថុ​​និង​​ចោទសួរ​ខ្លួន​ឯង​ថា តើ​ខ្លួន​កំពុង​ស្ថិត​នៅ​​កន្លែងណា?  ការ​គិត​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​អាច​​សម្លឹង​មើល​ឃើញ​ពី​អ្វី​ដែល​កើត​មាន​ឡើង និង​​អ្វី​ដែល​​អាច​​ផ្លាស់ប្ដូរ​នៅ​ពេល​ខាងមុខ​​៕

ប្រភព៖ Entrepreneurs 

 

X
5s