ហេតុអ្វីបានជាភាពជោគជ័យរបស់អ្នកប្រើពេលយូរជាងអ្នកដទៃ?
វាស្ទើរតែគ្មានអ្នកណានៅលើលោកយើងនេះ អាចជោគជ័យបានដោយប្រើពេលត្រឹមតែមួយយប់។ ទន្ទឹមនឹងនេះ ព្រោះតែអាជីវកម្មរបស់អ្នកមិនទាន់បង្កើត ការងាររបស់អ្នកមិនទាន់មាន ជីវិតរបស់អ្នកនៅក្រតោកយ៉ាក តម្លៃរបស់អ្នកត្រូវបានមើលរំលងដោយមនុស្សម្នាក់ វាក៏មិនមែនមានន័យថា អ្នកបរាជ័យនោះដែរ។
វាមានហេតុផលជាច្រើនដែលធ្វើឲ្យមនុស្សម្នាក់ៗបរាជ័យ និងជោគជ័យនៅគន្លងផ្លូវជីវិតផ្សេងៗគ្នា។ វាអាចមកពីខ្លួនអ្នកផ្ទាល់ កាលៈទេសៈ ឬ ឱកាសដែលអ្នកកំពុងមាន។ ខាងក្រោមនេះនឹងជួយបង្ហាញផ្លូវបន្ថែមទៀតថា ហេតុអ្វីគ្រាន់តែភាពជោគជ័យមួយអ្នកត្រូវប្រើពេលយូរជាងអ្នកដទៃ?
១. អាចមកពីអ្នកធ្វើកិច្ចការដែលមិនស៊ីសង្វាក់គ្នាទៅនឹងទិសដៅរបស់អ្នក
ដូចវាគ្មិនលើកទឹកចិត្តមួយរូបលោក Lukas Schwekendiek និយាយថា ជោគជ័យកើតចេញពីការខិតខំប្រឹងប្រែង ប៉ុន្តែលុះត្រាតែការខិតខំប្រឹងប្រែងនោះស្របទៅនឹងទិសដៅរបស់អ្នក ពោលគឺវាមិនដើរបញ្ច្រាសគ្នា។ នៅក្នុងទំនាក់ទំនងគូស្នេហ៍ក្តី ជំនួញក្តី ការងារក្តី ប្រសិនបើអ្នកមិនបានធ្វើអ្វីមួយឲ្យមានតម្លៃដើម្បីកិច្ចការទាំងនេះទេនោះ វាក៏គ្មានលទ្ធផលល្អប្រសើរអ្វីដែរ។ ឧទាហរណ៍ថា អ្នកចង់ចង់ឲ្យស្នេហារឹងមាំ ប៉ុន្តែអ្នកគ្មានភាពស្មោះត្រង់ ទីបំផុតជីវិតគូរបស់អ្នកគ្មានសុភមង្គលឡើយ។
២. មានបទពិសោធន៍ក្មេងខ្ចីទៅនឹងការបរាជ័យ
តើអ្នកធ្លាប់ឭគេនិយាយថា ភាពបរាជ័យ គឺជាជំហានឆ្ពោះទៅកាន់ភាពជោគជ័យទេ? មនុស្សដែលមិនជោគជ័យ ប្រហែលជាមិនទាន់ឆ្លងកាត់ភាពបរាជ័យឲ្យបានច្រើននោះទេ។ នៅពេលភាពបរាជ័យមកដល់ អ្នកក៏ឆាប់បោះបង់ចោល ចិត្តកំសាក ចុះចាញ់រុញរា ឈប់បន្តដំណើរទៅមុខទៀត។ យ៉ាងណាមិញ សូមកុំភ្លេចថា បើអ្នកដាក់ចិត្តដាក់កាយចង់សម្រេចអ្វីមួយហើយ សូមកុំបោះបង់។ រៀនសូត្រពីកំហុសទាំងនោះហើយចាប់ផ្តើមបន្តដំណើរជាថ្មី។ ជឿសិនទៅ! មិនយូរមិនឆាប់ អ្នកនឹងសម្រេចវាបានជាមិនខាន។
៣. មនុស្សម្នាក់ៗស្ថិតនៅក្នុងគន្លងផ្លូវជោគជ័យផ្សេងៗគ្នាតើគេប្រើពេលប៉ុន្មានដើម្បីជោគជ័យ?
គ្មានអ្នកណាអាចឆ្លើយសំនួរនេះបានឡើយ។ រាល់ភាពជោគជ័យក្នុងកិច្ចការប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ គោលដៅជីវិត ការងារ មុខជំនួញ ទំនាក់ទំនងគូជីវិត ជាដើម សុទ្ធតែមិនអាចទស្សន៍ទាយយ៉ាងជាក់លាក់ជាមុនបានឡើយ។ ដើម្បីសម្រេចបានអ្វីៗទាំងនេះ មនុស្សខ្លះត្រូវប្រើពេល និងវិធីសាស្ត្រផ្សេងគ្នា។ អ្នកខ្លះអាចប្រើពេលស្ទើរតែមួយជីវិតទើបជោគជ័យក្នុងជំនួញ។ អ្នកខ្លះជោគជ័យនៅអាយុជាង ២០ មានលុយរាប់លានដុល្លារ។ គ្មានទេផ្លូវកាត់ដើម្បីជោគជ័យ វាស្ថិតនៅលើការខិតខំប្រឹងប្រែង ឱកាស និងកាលៈទេសៈដែលផ្តល់ឲ្យរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ។
៤. ខ្លាចបរាជ័យហួសហេតុពេក
នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ តើនរណាទៅចង់ជួបរឿងមិនល្អនៅ ក្នុងជីវិតនោះ? អ្នកប្រហែលជាពិបាកខ្លាចនេះ ខ្លាចនោះ មានភាពមន្ទិលសង្ស័យច្រើន មិនហ៊ានប្រឈមទៅនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ មិនហ៊ានប្រថុយប្រថានក្នុងជំនួញដែលកំពុងឡើងកូដ ខ្លាចបាត់បង់ប្រាក់ ឬខ្លាចបរាជ័យក្នុងអាជីពការងារជាដើម។ មិនចំពោះថា ឧបសគ្គទាំងនេះតូចឬធំ ប្រសិនបើអ្នក បណ្តែតបណ្តោយឲ្យខ្លួនឯងកប់ចូលក្នុងអន្ទាក់ភ័យខ្លាចទាំងនេះ អ្នកក៏ពិបាកស្គាល់ពាក្យថា "ជោគជ័យ”ដែរ។
៥. អ្នកនៅញាំញីទៅនឹងរឿងរ៉ាវអវិជ្ជមានក្នុងជីវិតច្រើនពេក
ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗកើតឡើងតាមរយៈឆន្ទៈដើម្បីទទួលយកការផ្លាស់ប្ដូរពីការខិតខំប្រឹងប្រែងរាល់ថ្ងៃរបស់ខ្លួន។ ប៉ុន្តែវាត្រូវបានរារាំងដោយការភ័យខ្លាចទៅនឹងលទ្ធផល ភាពភ័យខ្លាចនឹងការទទួលយកឱកាសថ្មីៗដែលចូលមកដល់ និងសូម្បីតែភាពភ័យខ្លាចក្នុងការសម្រេចបានភាពជោគជ័យក៏មានដែរ។ តាមពិតទៅ មនុស្សមួយចំនួនគឺជាកសាងកំហុសឲ្យខ្លួនឯង ជាអ្នកជីករណ្តៅកប់ខ្លួនឯងរហូតដល់ធ្វើឲ្យសមត្ថភាព និងទេពកោសល្យរបស់ខ្លួនស្លាប់ទៅដោយគ្មានយកមកប្រើការអ្វីសោះ។ ហេតុអ្វី? ពីព្រោះមកពីពួកគេមានផ្នត់គំនិតវិជ្ជមានលើសលប់ រហូតសូម្បីតែផ្តល់ក្តីសង្ឃឹមឲ្យខ្លួនឯងម្តងក៏គ្មានផង។
៦. មិនបានតាមដានមើលគោលដៅរបស់ខ្លួនឲ្យបានជាប្រចាំ
អ្នកអាចមមាញឹកនឹងកិច្ចការប្រចាំថ្ងៃរបស់អ្នក រហូតដល់ពេលខ្លះបានភ្លេចទៅហើយថា តើខ្លួនឯងកំពុងធ្វើអ្វី? ដើម្បីអ្វី? ហើយចង់បានលទ្ធផលអ្វីនៅពេលខាងមុខ? ក៏ប៉ុន្តែនៅក្នុងទិដ្ឋភាពរស់នៅប្រចាំថ្ងៃ មិនថាកិច្ចការទាំងនោះសំខាន់ ឬមិនសំខាន់ ប្រើពេលខ្លី ឬប្រើពេលយូរបែបណានោះ ទេ អ្នកត្រូវប្រាកដថា រាល់សកម្មភាពទាំងនោះ គឺដើរស្របឆ្ពោះទៅកាន់គោលដៅដែលអ្នកចង់ទៅនៅពេលខាងមុខ។ សូមកុំភ្លេចថា ចិត្តអ្នកអាចកែប្រែ ងាករេ ចង់បោះបង់ នៅពេលជួបឧបសគ្គ ឬឱកាសថ្មី ហេតុដូច្នេះហើយ ការដែលតាមដានគោលដៅរបស់អ្នកប្រចាំគឺជារឿងចាំបាច់បំផុតមួយផងដែរ។
៧. ច្បាប់ស្រូបទាញ
តើអ្នកធ្លាប់អានសៀវភៅ “Law of Attraction ឬច្បាប់ស្រូបទាញ” ដែរឬទេ? ឧទាហរណ៍មួយនៃច្បាប់នេះគឺថា ក្រុមមហាសេដ្ឋី ចូលចិត្តរាប់អានក្រុមមហាសេដ្ឋីដូចគ្នា។ ក្រុមអ្នកគោរពប្រតិបត្តិសាសនា នឹងចូលចិត្តអ្នកគោរពប្រតិបត្តិសាសនាដូចគ្នា។ បើអ្នកស្រលាញ់កីឡា អ្នកនឹងចូលចិត្តមនុស្សដែលចូលចិត្តលេងកីឡាដូចគ្នា។ អ្នកជោគជ័យនឹងរត់ទៅរកអ្នកជោគជ័យ។ អ្នកក៏ដូចគ្នាដែរ បើអ្នកចង់ជោគជ័យ អ្នកត្រូវរៀនសូត្រ និងរាប់អានបុគ្គលជោគជ័យឲ្យបានច្រើន។ ទន្ទឹមនឹងនេះបើគោលដៅរបស់អ្នកធំ អ្នកក៏ត្រូវធ្វើកិច្ចការធំដែលអ្នកផ្សេងទៀតមិនអាចធ្វើបាន។ គោលដៅធំ ប៉ុន្តែការងារលំៗ អ្នកមិនអាចឲ្យអ្នកសម្រេចបានឡើយ។ សូមចាំថា ចង់បានអ្វីដែលចង់បាន អ្នកត្រូវលះបង់ច្រើនដូចគ្នាដែរ។
៨. មានភាពអាត្មានិយមច្រើនពេក
មនុស្សចង្អៀតចង្អល់ មនុស្សមានអំនួត គិតតែពីខ្លួនឯងខ្លាំង ឬល្អជាងអ្នកដទៃ ជាមនុស្សពូកែមានសមត្ថភាពខ្លាំងជាងគេ មិនសុំជំនួយ ចូលចិត្តធ្វើអ្វីៗដោយឯកឯង មនុស្សបែបនេះមិនងាយជោគជ័យនោះទេនៅក្នុងសតវត្សទី២១នេះ។ ប្រសិនបើអ្នកធ្លាក់ក្នុងផ្នត់គំនិតបែបនេះ ជីវិតអ្នកមិនអាចរៀនសូត្រពីមនុស្សជុំវិញខ្លួនបានទេ។ ភាពជោគជ័យរបស់អ្នក គឺអាស្រ័យលើកត្តាច្រើនណាស់ដូចជា របៀបទំនាក់ទំនង ការរៀនធ្វើការងារជាក្រុម ផ្នត់គំនិតបើកទូលាយ ការរៀនសូត្រជាប្រចាំ ការរៀនពីកំហុស ការចែករំលែក ។ល។
៩. គោលដៅរវើរវាយគ្មានភាពជាក់លាក់
តើអ្នកអាចប្រាប់បានទេថា តើគោលដៅ ៥ឆ្នាំខាងមុខរបស់អ្នកគឺជាអ្វី? បើអ្នកគោលដៅរបស់អ្នកមិនក្រោម ៥ទេនោះ មានន័យថា អ្នកគ្រាន់តែជាមនុស្សរវើរវាយតែប៉ុណ្ណោះ។ អ្នកមិនជោគជ័យដោយសារតែអ្នកកំពុងរវល់ចាប់គោលដៅនេះបន្តិច គោលដៅនោះបន្តិច។ មិនយូរមិនឆាប់ អ្នកនឹងបោះបង់វាបន្តិចម្តងៗ រហូតដល់ទីបំផុត សូម្បីតែគោលដៅមួយក៏អ្នកមិនអាចធ្វើបានផង។ ដើម្បីអាចជៀសវាងកំហុសមួយនេះបាន អ្នកគួរចាប់ផ្តើមដោយមានគោលដៅមួយច្បាស់លាស់ដោយដាក់សំនួរឡើងថា តើអ្នកចង់បានអ្វី? ដោយរបៀបណា ឬតាមមធ្យោបាយណា? ប្រើពេលប៉ុន្មាន?
ប្រភព៖ Businessinsider