ថៃជាប់ជាប្រទេសនាំចេញធំជាងគេលេខ ២៣ ក្នុងពិភពលោក
ការចេញផ្សាយមួយពី World Stop Exports បានឲ្យដឹងថាក្នុងនាមជាប្រទេសមួយដែលមានទីតាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសស្ថាបនិកសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ថៃជាប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើន មានការនាំចេញផលិតផលជាច្រើនទៅកាន់ពិភពលោក។ ជាប្រទេសមួយជាប់ចំណាត់ថ្នាក់លេខ ២៣ នៃប្រទេសដែលមានសេដ្ឋកិច្ចនាំចេញធំជាងគេក្នុងសកល និងលំដាប់លេខ ៣២ ជាប្រទេសដែលមានប្រព័ន្ធសេដ្ឋកិច្ចមមាញឹកជាងគេ នេះបើយោងតាម Economic Complexity Index (ECI)។
គិតត្រឹមឆ្នាំ ២០១៧ ការនាំចេញរបស់ប្រទេសថៃមានប្រមាណ ២១៥ ប៊ីលានដុល្លារ ឯការនាំចូលមាន ១៦០ ប៊ីលានដុល្លារ នេះជាសញ្ញាបង្ហាញពីភាពវិជ្ជមាននៃជញ្ជីងពាណិជ្ជកម្មរបស់ប្រទេសមួយនេះ។ សមតុល្យពាណិជ្ជកម្មមានតម្លៃប្រមាណ ៥៤.៨ ប៊ីលានដុល្លារ GDP គិតត្រឹមឆ្នាំ ២០១៧ មានរហូតទៅដល់ ៤៥៥ ប៊ីលានដុល្លារ ខណៈ GDP per Capita មាន ៦,៥៩៣.៨២ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ នេះបើយោងតាមគេហទំព័រ atlas.media។
ប្រភពរូបពី៖ World Bank
តើប្រទេសថៃនាំចេញអ្វីខ្លះទៅកាន់ទីផ្សារបរទេស?
ក្រុមផលិតផលទាំងអស់ខាងក្រោម បង្ហាញពីតម្លៃខ្ពស់នៃប្រាក់ដុល្លារក្នុងការនាំចេញរបស់ផលិតផលថៃទៅកាន់បណ្តាប្រទេសនានា។ ផលិតផលលំដាប់កំពូលចំនួន ១០ ដែលថៃនាំចេញទៅកាន់ទីផ្សារបរទេសមានដូចជា៖
១) គ្រឿងម៉ាស៊ីន រួមទាំងកុំព្យូទ័រ គិតជាទឹកប្រាក់ប្រមាណ ៤២.៩ ប៊ីលានដុល្លារ ដែលវាស្មើប្រមាណ ១៧.២% នៃការនាំចេញសរុប
២) ម៉ាស៊ីន និងបរិក្ខារអេឡិចត្រូនិច គិតជាទឹកប្រាក់ប្រមាណ ៣៥ ប៊ីលានដុល្លារ ស្មើប្រមាណ ១៤%
៣) យានយន្ត គិតជាទឹកប្រាក់ប្រមាណ ៣០.៤ប៊ីលានដុល្លារ ស្មើប្រមាណ ១២.២%
៤) កៅស៊ូ គិតជាទឹកប្រាក់ប្រមាណ ១៥.៥ប៊ីលានដុល្លារ ស្មើប្រមាណ ៦.២%
៥) ផលិតផលប្លាស្ទិច គិតជាទឹកប្រាក់ប្រមាណ ១៤.៥ប៊ីលានដុល្លារ ស្មើប្រមាណ ៥.៨%
៦) ត្បូង និងរ៉ែ គិតជាទឹកប្រាក់ប្រមាណ ១១.៩ប៊ីលានដុល្លារ ស្មើប្រមាណ ៤.៨%
៧) រ៉ែឥន្ធនៈ និងប្រេង គិតជាទឹកប្រាក់ប្រមាណ ១០.៦ប៊ីលានដុល្លារ ស្មើប្រមាណ ៤.២%
៨) សាច់សត្វ គ្រឿងសមុទ្រវេចខ្ចប់ គិតជាទឹកប្រាក់ប្រមាណ ៦.៦ប៊ីលានដុល្លារ ស្មើប្រមាណ ២.៦%
៩) ជីធម្មជាតិសម្រាប់កសិកម្ម គិតជាទឹកប្រាក់ប្រមាណ ៦.១ប៊ីលានដុល្លារ ស្មើប្រមាណ ២.៥%
១០) និងគ្រាប់ធញ្ញជាតិ គិតជាទឹកប្រាក់ប្រមាណ ៥.៧ប៊ីលានដុល្លារ ស្មើប្រមាណ ២.៣%
ប្រភពរូបពី៖ http://www.thaiwebsites.com
ផលិតផលទាំងនោះថៃនាំចេញទៅប្រទេសណាខ្លះ?
គោលដៅនៃការនាំចេញរបស់ថៃមានដូចជា ប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី វៀតណាម អូស្រា្តលី ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា ឥណ្ឌា អាល្លឺម៉ង់ កូរ៉េខាងត្បូង ឡាវ មីយ៉ាន់ម៉ា តៃវ៉ាន់ ស្ទើរគ្រប់ប្រទេសនៅអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត។
ប្រភពរូបពី៖ http://www.thaiwebsites.com