សុភាសិតទួកគី៖ «បើទោះជាអ្នកដឹងរឿងរ៉ាវមួយពាន់រឿងក៏ដោយ តែត្រូវតែសួរជនដែលដឹងរឿងរ៉ាវតែមួយរឿង។»​



សុភាសិតរបស់ទួកគីមួយឃ្លាបានលើកឡើងថា «បើទោះជាអ្នកដឹងរឿងរ៉ាវមួយពាន់រឿងក៏ដោយ តែត្រូវតែសួរជនដែលដឹងរឿងរ៉ាវតែមួយរឿង។» សុភាសិតមួយឃ្លានេះរបស់ជនជាតិទួកគីមានលក្ខណៈស្រដៀងគ្នាក្នុងអត្ថន័យជាមួយនឹងសុភាសិតមួយរបស់ឃ្លាខ្មែរយើងដែរដែលបានពោលថា «ចេះដប់មិនស្មើប្រសប់មួយ»។ ចំពោះសុភាសិតទាំងពីរនេះ មនុស្សមួយចំនួនអាចនឹងមានការយល់ឃើញខុសគ្នាជាមួយនឹងទស្សនបែបនេះ ជាពិសេសនៅក្នុងសម័យកាលបច្ចុប្បន្នដែលអ្វីៗមានភាពជឿនលឿននិងមានការប្រកួតប្រជែងខ្លាំង។ ព្រោះបើកាលណាស្ថិតក្នុងសម័យកាលបែបនេះ មនុស្សម្នាក់ៗត្រូវចេះដឹងព័ត៌មានឲ្យបានច្រើនរឿង នេះបន្តិចនោះបន្តិចដើម្បីតាមឲ្យទាន់គេ។

ជាការពិតណាស់ទស្សនអ្វីក៏ដោយ មិនថាជ្រាលជ្រៅប៉ុណ្ណា ក៏មិនប្រាកដថាអាចប្រើគ្រប់ស្ថានការណ៍នោះដែរ។ ទស្សនដ៏មានតម្លៃទាំងនោះនឹងមានតម្លៃគឺអាស្រ័យទៅលើអ្នកដែលបានយកវាទៅអនុវត្ត ពោលគឺអ្នកដែលចេះប្រើវាឲ្យត្រូវទៅតាមស្ថានការណ៍ជាក់ស្ដែងនេះឯង។ ប៉ុន្តែនៅពេលយើងយកសុភាសិតខាងលើនេះមកគិតឲ្យស៊ីជម្រៅ នោះវានឹងឆ្លុះបញ្ចាំងឲ្យឃើញពីការពិតនៃមនុស្សក្នុងសង្គម។

មានមនុស្សភាគច្រើននៅពេលពួកគេបានដឹងនេះបន្តិចនោះបន្តិច ពួកគេមានអំនួតនិងមានមោទនភាពជាខ្លាំងចំពោះការចេះដឹងរបស់ខ្លួនឯង។ ដឹងរឿងរ៉ាវច្រើនយ៉ាងប្រាកដណាស់ថាជារឿងល្អ ប៉ុន្តែអ្នកមិនត្រូវភ្លេចទេថាការយល់ដឹងបន្តិចបន្តួចរបស់អ្នកមិនអាចប្រៀបស្មើជាមួយនឹងអ្នកដែលយល់រាក់ជ្រៅទៅលើរឿងរ៉ាវតែមួយយ៉ាងនោះទេ។

អ្នកជំនាញទាំងនេះមានប្រាជ្ញាមុតស្រួចចាក់ធ្លុះចូលទៅក្នុងរឿងតែមួយមុខដែលពួកគេផ្ដោតសំខាន់ទៅលើ។ ពួកគេជាមួយនឹងជំនាញរបស់ពួកគេប្រៀបបានទៅនឹងមនុស្សដែលយល់ចិត្តយល់ថ្លើមគ្នា ហេតុនេះទើបពួកគេមានដំណោះស្រាយសម្រាប់រាល់បញ្ហាដែលបានចោតឡើងនៅក្នុងកិច្ចការដែលពួកគេមានជំនាញទៅលើ។

ប៉ុន្តែនៅក្នុងជីវិតជាក់ស្ដែង យើងមិនអាចលម្អៀងថាការចេះដឹងរបៀបណាល្អនិងមានប្រយោជន៍ជាងរបៀបណានោះទេ ព្រោះរបៀបទាំងពីរនេះដែលមួយចេះដឹងរឿងនេះបន្តិចរឿងនោះបន្តិច និងរបៀបមួយទៀតដឹងអ្វីៗឆ្អិនសព្វគ្រប់អស់ហើយ គឺសុទ្ធតែមានប្រយោជន៍ទៅតាមរបៀបរៀងៗខ្លួន។ មនុស្សពីរប្រភេទនេះមិនអាចខ្វះគ្នាបានឡើយ ពួកគេត្រូវបំពេញឲ្យគ្នាទៅវិញទៅមកនូវអ្វីដែលខ្លួនខ្វះខាត។ ការយល់ដឹងរបស់ពួកគេនឹងមានការរីកចម្រើន មានទស្សនទូលំទូលាយជាងមុន ស៊ីជម្រៅជាងមុន និងមានភាពច្នៃប្រឌិតជាងមុនបើសិនជាពួកគេបានដោះដូរចំណេះដឹងគ្នាទៅវិញទៅមក ផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក និងមិនឆ្មើងឆ្មៃហើយអោនលំទោនបន្ទាបខ្លួនឯង៕

ដោយ៖ ស្រីពៅ

 

X
5s