សញ្ញាណចំនួន ៨ បញ្ជាក់ថា មុខជំនួញរបស់អ្នកកំពុងដើរលើវិថីមាសឆ្ពោះទៅកាន់ភាពជោគជ័យ
នៅពេលដែលចាប់ផ្តើមមុខជំនួញថ្មីថ្មោង អ្នកមិនទាន់រំពឹងទុកនោះឡើយថា វានឹងហុចផលចំណេញឲ្យអ្នកវិញនៅក្នុងពេលឆាប់ៗនោះទេ។ អ្នកត្រូវចំណាយប្រាក់ច្រើនលើការកសាងម៉ាក ពង្រីកកេរ្តិ៍ឈ្មោះនៅលើទីផ្សារ ឬបង្កើតយុទ្ធសាស្ត្រជាច្រើនធ្វើយ៉ាងណាដើម្បីអាចទាក់ទាញអតិថិជនឲ្យមកគាំទ្រជំនួញរបស់អ្នក។
នៅ ក្នុងមុខជំនួញគ្មានអ្នកណាអាចធានាបានភាពជោគជ័យនោះទេ។ វាស្លាប់ឬរស់គឺអាស្រ័យលើយុទ្ធសាស្ត្ររបស់អ្នក។ ក៏ប៉ុន្តែ មានសញ្ញាណខ្លះៗដូចខាងក្រោមនេះដែលអាចជួយចង្អុលបង្ហាញប្រាប់អ្នកថា ជំនួញរបស់អ្នកកំពុងដើរនៅលើផ្លូវត្រូវដែលអាចនាំមកនូវភាពជោគជ័យមកឲ្យអ្នក។
១.អ្នកដក់ចិត្តស្រលាញ់ខ្លាំងទៅនឹងមុខជំនួញរបស់អ្នក
សម្រាប់អ្នកដែលចាប់ផ្តើមជំនួញដើម្បីតែលុយ ឬផ្គាប់ចិត្តគ្រួសារ និងមិត្តភក្តិនឹងមិនទទួលបានជោគជ័យនោះឡើយ។ មូលដ្ឋានគ្រឹះដ៏សំខាន់នៅពីក្រោយភាពជោគជ័យនៅក្នុងអាជីវកម្មរបស់អ្នកគឺជាមហិច្ឆតា ឬចំណង់ចំណូលចិត្តរបស់អ្នកទៅលើអាជីវកម្មនោះតាំងពីចាប់ផ្តើម។ អ្នកត្រូវមានសំនួរចោទសួរខ្លួនឯងថា តើអ្វី ទៅជាគោលដៅរបស់អ្នកតាំងពីដំបូងមកនៅពេលបើកជំនួញរបស់អ្នក? តើជំនួញរបស់អ្នកទទួលបានជោគជ័យហើយឬនៅពេលកន្លងមក?
២.មុខជំនួញរបស់អ្នកកាន់តែទទួលបានការគាំទ្រច្រើនឡើង
ប្រសិនបើគំនិតរបស់អ្នកជាគំនិតល្អបំផុតមួយ មនុស្សជាច្រើននឹងនិយាយពីជំនួញរបស់អ្នកកាន់តែច្រើនឡើង។ អ្នកអាចអង្កេតមើលដោយខ្លួនឯងនៅតាមបណ្តាញសង្គមជាច្រើនថា ប្រសិនបើសាធារណជនមានមតិ (Comment) ចូលចិត្ត (Like) និងចែករំលែក (Like) កាន់តែច្រើន នោះបញ្ជាក់ថា អ្នកកំពុងធ្វើវាបានល្អហើយ។ ទន្ទឹមនឹងនេះ កេរ្តិ៍ឈ្មោះមុខជំនួញរបស់អ្នកអាចត្រូវបានអតិថិជន មិត្តភក្តិ ដៃគូជំនួញពិភាក្សាយ៉ាងក្ដៅគគុកពីកន្លែងមួយទៅកន្លែងមួយ។
៣.អ្នកអាចរកចំណូលបានឆាប់រហ័សមុនការគ្រោងទុក
ជាទូទៅនៅពេលអ្នកចាប់ផ្តើមជំនួញដំបូង អ្នកត្រូវចំណាយប្រាក់ច្រើនជាងចំណូលលើសម្ភារៈការិយាល័យ ជួលបុគ្គលិកថ្មីៗ បំណុល និងការចំណាយជាច្រើនទៀត។ ដូច្នេះ នៅដំណាក់កាលពី ១២ ទៅ ៣៦ ខែ ការរកប្រាក់ចំណេញត្រឡប់មកវិញគឺជារឿងមួយលំបាកបំផុត។ យ៉ាងណាមិញ ប្រសិនបើអ្នកមើលឃើញថា អ្នកអាចរកប្រាក់ចំណេញបាននៅចន្លោះពេលនេះ នោះមានន័យថា ជំនួញរបស់អ្នកកំពុងបោះជំហាននៅក្នុងទិសដៅវិជ្ជមាន។
៤.អ្នករីករាយទទួលយកការផ្លាស់ប្ដូរជានិច្ច
សហគ្រិនដែលជោគជ័យយល់ថា អាជីវកម្មនៅលើពិភពលោកអាចមានភាពរឹងមាំទៅបានគឺត្រូវពឹងផ្អែកទៅនឹងការរួមបញ្ចូលគ្នានៃគំនិតច្នៃប្រឌិតថ្មីៗ ការប្រើប្រាស់បច្ចេកវិទ្យា និងធ្វើការផ្លាស់ប្ដូរទៅតាមការវិវដ្ដថ្មីៗស្របតាមសម័យកាល។ គ្រប់អាជីវកម្មទាំងអស់ដែលមិនរុញរាក្នុងការទទួលយកឱកាសថ្មីៗ ដើម្បីទាក់ទាញចិត្តអតិថិជន នឹងសម្រេចបានផ្លែផ្កាយូរអង្វែងតទៅមុខទៀត។
៥.អ្នករីករាយស្វាគមន៍ទទួលយកការរិះគន់គ្រប់មជ្ឈដ្ឋាន
គ្មានសហគ្រិនណាម្នាក់មានសមត្ថភាពអាចធ្វើឲ្យមុខជំនួញរបស់ខ្លួនរីកចម្រើនទៅមុខយ៉ាងរលូនបានដោយមិនទទួលយកការរិះគន់នោះឡើយ។ ជាទូទៅ ថ្វីត្បិតតែការរិះគន់វាជាសញ្ញាណអវិជ្ជមានមួយរបស់អ្នកក៏ពិតមែន ក៏ប៉ុន្តែមតិយោបល់ទាំងនោះគឺ ជាកូនសោដ៏សំខាន់ក្នុងការជួយចង្អុលបង្ហាញពីចំណុចខ្វះចន្លោះនៅក្នុងមុខជំនួញរបស់អ្នក។ សូមចាំថា ការរិះគន់គឺជាអ្វីដែលអ្នកត្រូវទទួលយកគ្រប់ពេលដរាបណាជំនួញ របស់អ្នកនៅតែបន្តមានវត្តមាននៅលើទីផ្សារ។
៦.អ្នករៀនពីកំហុសរបស់អ្នក
គ្មានបុគ្គលជោគជ័យណាមួយដែលមិនធ្លាប់មានកំហុសនោះទេ ហើយក៏គ្មានបុគ្គលជោគជ័យណាដែលមិនដែលរៀនពី កំហុសរបស់ខ្លួននោះដែរ។ ការបរាជ័យដែលកើតចេញពីកំហុសរបស់អ្នក វាបង្ហាញថា អ្នកនៅមានចំណុចខ្វះខាតដែលត្រូវកែប្រែវាឲ្យបានល្អប្រសើរជាងមុន។ អ្នកត្រូវចេះប្រើឱកាសនេះដើម្បីរៀនសូត្រយកមកធ្វើជាបទពិសោធន៍របស់អ្នក។ យ៉ាងណាមិញ បើទោះបីជាអ្នកមិនបានបង្កើតកំហុសច្រើននៅក្នុងជីវិត ឬក្នុងជំនួញយ៉ាងណាក្តី អ្នកក៏អាចរៀនសូត្រពីកំហុសរបស់អ្នកដទៃដើម្បីយកទៅឆ្លុះបញ្ចាំងនៅក្នុងទិដ្ឋភាពជាក់ស្ដែងរបស់អ្នក។
៧.អ្នករីករាយទៅសមិទ្ធផលរបស់អ្នកខណៈដែលកំពុងប្រឹងប្រែងបន្តទៅមុខទៀត
អ្នកនឹងមិនអាចលះបង់គ្រប់យ៉ាងដើម្បីបេសកកម្មក្នុងមុខជំនួញរបស់អ្នកបន្តទៅមុខទៀតបាននោះ ឡើយ ប្រសិនបើអ្នកមិនពេញចិត្តទៅនឹងសមិទ្ធផលរបស់អ្នកនៅពេលកន្លងមក។ នៅពេលដែលមុខជំនួញរបស់អ្នកកំពុងរីកចម្រើនទៅមុខ អ្នកត្រូវប្រាកដថា អ្នកទទួលបានបទពិសោធន៍ល្អៗ ដូចជាបានបែងចែកធនធាន និងថាមពលជាច្រើនបានយ៉ាងត្រឹមត្រូវដើម្បីគ្រប់គ្រាន់ក្រុមការងាររបស់អ្នក។ អ្នកគួរអរគុណនូវអ្វីៗដែលធ្វើឲ្យអ្នកមាននៅថ្ងៃនេះ ហើយបន្តប្រឹងប្រែងធ្វើដំណើរទៅ មុខទៀតឆ្ពោះទៅ កាន់គោលដៅរបស់អ្នក។
៨.អ្នកមិនបានសោកស្ដាយចំពោះរឿងអតីតកាល
នៅពេលអ្នកបានឈានជើងចូលប្រឡូកក្នុងវិស័យជំនួញ អ្នកបានត្រៀមខ្លួនរួចទៅហើយថា ការបរាជ័យ និងជោគជ័យអាចកើតមានឡើងគ្រប់ពេល។ ការបាត់បង់ពេលវេលា ការលះបង់ អារម្មណ៍ខកចិត្ត មានសម្ពាធ ការមិនឲ្យតម្លៃ ការបដិសេធន៍ពីអ្នកដទៃ ។ល។ ទាំងអស់នេះបានផ្ដល់មេរៀនដ៏ ល្អឲ្យអ្នក។ វាមិនមែនជារឿងមួយគួរឲ្យអាម៉ាស់ ឬគួរឲ្យសោកស្ដាយនោះទេ។ ប៉ុន្តែវាជាមេរៀនជីវិតដែលប្រាប់អ្នកថា អ្នកត្រូវតែរឹងមាំជាងមុន និងធ្វើឲ្យល្អជាងនេះ៕
ប្រភព៖ Entrepreneur