វិធីសាស្រ្ត ៧យ៉ាង ជួយសហគ្រិនក្នុងការសម្រចចិត្តលើការដំណើរការអាជីវកម្មដំបូង
សម្រេចចិត្តធ្វើអ្វីមួយមិនមែនជារឿងលេចសើច ចេះតែសម្រេចភ្លាមៗបាននោះទេ បើវាជារឿងតូចតាចកំប៉ិកកំប៉ុកមិនជាបញ្ហាធំទេ តែបើវាពាក់ព័ន្ធនឹងលុយកាក់ធំដុំវិញគឺត្រូវគិតឲ្យបានដិតដល់ ល្អិតល្អន់។ យ៉ាងណាមិញក្នុងនាមជាសហគ្រិនម្នាក់ច្បាស់ជាមានការលំបាកដើម្បីធ្វើការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងអាជីវកម្មរបស់គាត់ ដូចនេះ ដើម្បីឲ្យមានភាពងាយស្រួលការសម្រេចចិត្តមួយ ក៏ដូចជាចៀសវាងការសោកស្តាយបន្ទាប់ពីសម្រេចចិត្តសហគ្រិនគួរមើលពី វិធីសាស្រ្តទាំង ៧ ខាងក្រោមនេះ៖
១) ធ្វើការស្រាវជ្រាវទីផ្សារ (Market Research)
ពិតណាស់ការធ្វើអាជីវកម្មមួយគឺពឹងផ្អែកលើទីផ្សារ។ ស្រាវជ្រាវទីផ្សារគឺកត្តាចំបង និងជាជំហានដំបូងដែលអាជីវករ ឬសហគ្រិនគ្រប់រូបត្រូវធ្វើ ការប្រមូលទិន្នន័យពីទីផ្សារ កំណត់តម្រូវការអតិថិជន មើលថានរណាជាអតិថិជនសក្តានុពល នរណាជាអតិថិជនគោលដៅរបស់អាជីវកម្មយើង មានកត្តាអ្វីខ្លះដែលអាចឲ្យយើងឈរជើងលើទីផ្សារមួយនោះបាន មាននរណាខ្លះដែលជាគូប្រកួតប្រជែងរបស់យើងថាតើគេខ្លាំងប៉ុណ្ណា។ អ្នកប្រមូលព័ត៌មានបានអស់ហើយ អ្នកប្រាកដជាអាចចេញយុទ្ធសាស្រ្តទីផ្សារ និងការលក់ផលិតផលឬ សេវាកម្មរបស់អ្នកបានហើយ។
២) ការសម្រេចចិត្តម៉ាទ្រីស (Decision Matrix)
ការសម្រេចចិត្តម៉ាទ្រីសនេះភាគច្រើនគែប្រើសម្រាប់វិភាគលើអ្នកផ្គត់ផ្គង់។ គេប្រើវាដើម្បីវិភាគមើលថាតើគេអាចរកអ្នកផ្គត់ផ្គង់ល្អៗប៉ុន្មាននាក់? អ្នកផ្គត់ផ្គង់ដែលអាចផ្តល់ជូននូវទំនិញល្អ តម្លៃទាប មានលក្ខខណ្ឌផ្គត់ផ្គង់មិនជាស៊ាំញ៉ាំ ការទូទាត់ងាយស្រួល និងកត្តាដទៃទៀត។ អ្នកអាចមើលរូបជាឧទាហរណ៍ខាងក្រោម៖
៣) ការចំណាយ និងផលទទួលវិញ
ដំណាក់កាលនៃការធ្វើការសម្រេចចិត្តមានន័យថា ការងារមួយនោះមិនទាន់ដំណើរការនៅឡើយទេ ដូច្នេះយើងមិនអាចដឹងបានទេថាតើមានការចំណាយប៉ុន្មាន និងទទួលផលអ្វីខ្លះ តែយើងក៏ត្រូវចេះធ្វើការព្យាករណ៍ទុកជាមុនថាអ្នកអាចនឹងចំណាយលើអ្វីខ្លះ ហើយអស់ប្រហែលប៉ុន្មាន បន្ទាប់មកការចំណាយទាំងនោះផ្តល់ផលចំណេញកម្រិតណាដល់អាជីវកម្មអ្នក? ទោះបីការគ្រោងនោះមិនត្រឹមត្រូវ ១០០% នៅពែលដំណើរការជាក់ស្តែង តែវាក៏បានជួយអ្នកក្នុងការត្រៀមទុនដើម្បីទប់ខាត។ ម្យ៉ាងទៀតការពិនិត្យមើលមុនពីការចំណាយ និងផលចំនេញនេះជួយអ្នកសម្រេចចិត្តថាតើគួរបើកអាជីវកម្មមួយនេះ ឬយ៉ាងណា។
៤) T-Chat
ប្រើ T-Chat ដើម្បីធ្វើការប្រៀបធៀបពីគុណសម្បត្តិ និងគុណវិបត្តិ ផលប្រយោជន៍ពីអាជីវកម្ម និងផលអាក្រក់ត្រលប់បានពីអាជីវកម្មមួយនោះ។ បន្ទាប់ពីធ្វើការប្រៀបធៀបគ្នារួច ថ្លឹងថ្លែងទម្ងន់គុណសម្បត្តិ និងគុណវិបត្តិមួយណាធ្ងន់ជាង មួយណាស្រាលជាង វានឹងជួយឲ្យសហគ្រិនធ្វើការសម្រេចចិត្តមួយត្រឹមត្រូវសម្រាប់អាជីវកម្មរបស់ខ្លួន។
៥) វិភាគ SWOT
គ្រប់អាជីវកម្ម គ្រប់ការងារគម្រោងត្រូវមានជាដាច់ខាតការវិភាគ SWOT នេះដើម្បីប្រើជាយុទ្ធសាស្រ្តក្នុងការសម្រេចចិត្ត។ SWOT តំណាងឲ្យ S= ភាពខ្លាំងរបស់យើងផ្ទាល់ W= ភាពខ្សោយរបស់យើង O= ឱកាសដែលយើងគួរចាប់យក និង T= ជាការគំរាមកំហែងពីខាងក្រៅ។ ពេលយើងអាចដឹងពីចំនុចទាំងមួយនេះយើងត្រូវខិតប្រើភាពខ្លាំង និងឱកាសដើម្បីឲ្យអាជីវកម្មយើងដំណើរការកាន់តែល្អ និងព្យាយាមផ្លាស់ប្តូរចំនុចខ្សោយនិងការគំរាមកំហែងទៅជាប្រយោជន៍។
៦) ការវិភាគដោយប្រើគោលការណ៍ Pareto
គោលការណ៍ Pareto ត្រូវបានគេស្គាល់ថាជាច្បាប់ ៨០/២០ ដែលវាមានសារៈសំខាន់បំផុតក្នុងការសម្រេចចិត្តរបស់អង្គភាព។ ច្បាប់នេះមានន័យថា កត្តាដែលចូលរួមសកម្មភាព ២០% នាំឲ្យទទួលបានលទ្ធផល ៨០%។
៧) ការសិក្សាពីលទ្ធភាព
ការសិក្សាលទ្ធភាព ត្រូវបានគេប្រើនៅក្នុងការធ្វើផែនការយុទ្ធសាស្រ្តនៃអាជីវកម្ម។ ក្នុងករណីនេះសហគ្រិននឹងវាយតម្លៃលទ្ធភាពនៃការបង្កើតគម្រោងជាក់លាក់មួយ ហើយប្រសិនបើវាអាចរកបានប្រាក់ចំណេញ។ អ្នកត្រូវមើលថាតើអ្នកមានលទ្ធភាពកម្រិតណាដើម្បីទាញផលចំណេញពីអាជីវកម្មមួយដែលនឹងដំណើរការ។៕