តើ​បើក​ជំនួញ​ច្រើន​ក្នុង​ពេល​តែមួយ​គឺ​ជា​រឿង​ល្អ​ដែរ​ឬទេ?​



មាន​សំនួរ​ជា​ច្រើន​ដែល​គេ​ចង់​ចោទ​សួរ​ទៅ​សហគ្រិន​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ជំនួញ​ច្រើន​ម៉្លេះ? អ្នក​រវល់​ការងារ​រកស៊ី​ខ្លាំង​ណាស់ ចុះ​ហេតុ​អ្វី​មិន​ផ្ដោត​លើ​ជំនួញ​មួយ​មុខ​ទៅ? តើ​អ្នក​មាន​ពេល​​​​សម្រាប់​គ្រួសារ​ខ្លះ​​ដែរ​ឬ​អត់? ហេតុ​អ្វី​បាន​ជា​អ្នក​តែងតែ​ស្វែង​​រក​ឱកាស​ថ្មីៗ​​​ក្រៅ​ពី​ជំនាញ​ឯកទេស​របស់​អ្នក​រហូត​មក?

សូម​ទុក​ពេល​បន្តិច​ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​ចម្លើយ​មួយ​​នៅ​ពី​ក្រោយ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​សហគ្រិន ឬ​អ្នក​ជំនួញ​​​​មាន​មហិច្ឆតា​ធ្វើ​ជំនួញ​ច្រើន​គ្មាន​ដែន​កំណត់។ ខាងក្រោម​នេះ​នឹង​បង្ហាញ​ប្រាប់​អ្នក​ឲ្យ​កាន់តែ ច្បាស់​ថា ការ​ធ្វើ​​ជំនួញ​​ច្រើន​ក្នុង​ពេល​តែមួយ​គឺ​ជា​រឿង​ល្អ ហើយ​គួរតែ​លើកទឹកចិត្ត។ 

​​​​១.កសាង​បណ្ដាញ​ទំនាក់ទំនង
ការ​​មាន​ក្រុមហ៊ុន​​ច្រើន​​ក្នុង​​ដៃ​នៅ​ក្នុង​ពេល​តែមួយ ជួយ​ឲ្យ​អ្នក​អាច​ពង្រីក​បណ្ដាញ​​ទំនាក់ទំនង​បាន​កាន់តែ​ច្រើន​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន ជា​ពិសេស​ដៃគូ​​អាជីវកម្ម​ អតិថិជន និង​បុគ្គល​ផ្សេងៗ​ទៀត​ដែល​​ប្រឡូក​​​ក្នុង​វិស័យ​ជំនួញ​ជាមួយ​អ្នក។ ​​ដំបូន្មាន  និង​អនុសាសន៍​​ល្អៗ​ដែល​អ្នក​ទទួល​បាន​ពី​បណ្ដាញ​ទំនាក់ទំនង​របស់​អ្នក​ នឹង​​​ជួយ​ឲ្យ​អ្នក​​ហ៊ាន​សម្រេចចិត្ត​​ក្នុង​បញ្ហា​អាជីវកម្ម​សំខាន់ៗ​​ជា​ច្រើន​ដែល​កើត​មាន​ឡើង​។ បណ្ដាញ​ទំនាក់ទំនង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​គំនិត​ថ្មីៗ បទពិសោធន៍ ការ​ចែករំលែក​គំនិត ដែល​ទាំងអស់​នេះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ដ៏​សំខាន់​សម្រាប់​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម។ 

២.ផ្សារភ្ជាប់​ខ្លួន​ឯង​ទៅ​នឹង​ពិភពលោក​ខាងក្រៅ
ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ផ្លាស់ប្ដូរ​ឥត​ឈប់ឈរ មនុស្ស​គ្រប់រូប​ត្រូវតែ​អភិវឌ្ឍ​ខ្លួន​ជា​លំដាប់​ ដើរ​ឲ្យ​ទាន់​ទៅ​នឹង​ការ​វិវដ្ដ​នៃ​បច្ចេកវិទ្យា​ថ្មីៗ ​ដែល​​​ត្រូវ​ការ​ជា​ចាំបាច់​​សម្រាប់​យក​មក​អនុវត្ត​នៅ​ក្នុង​មុខ​​ជំនួញ​របស់​អ្នក។ បច្ចេកវិទ្យា​ឆ្លាតវៃ​សិប្បនិមិត្ត (AI) រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់ ។ល។ ទាំងអស់​នេះ​​សុទ្ធតែ​ជា​រឿង​ដែល​អ្នក​ត្រូវ​ដឹង។ បើ​ទោះបី​ជា​អ្នក​មិន​មាន​ជំនាញ​នេះ ​តិច​ឬ​ច្រើន​អ្នក​ត្រូវ​តែ​ដឹង និង​រៀនសូត្រ​ពី​វា ទើប​អ្នក​អាច​ផ្សារភ្ជាប់​ខ្លួន​ឯង​ទៅ​នឹង​​ចរន្ត​សេរីភាវូបនីយកម្ម​នេះ។ សូម​ចាំ​ថា អ្នក​មិន​អាច​ចេះ​ត្រឹមតែ​មុខ​ជំនួញ​របស់​អ្នក​នោះ​ទេ។ ដូច្នេះ​ចំណេះដឹង​ពី​ការ​រកស៊ី​ច្រើន​មុខ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​យល់​ជ្រាប​ច្បាស់​ពី​​វិស័យ​ទាំង​នោះ ហើយ​អាច​មើល​ទុក​បាន​ជាមុន​នូវ​ឱកាស​ដែល​នឹង​ចូល​មក​ដល់។

៣.ជួយ​រៀបចំ​ផែនការ​ត្រៀម​ទុក​ជាមុន
ការ​ធ្វើ​ជំនួញ​ច្រើន​មុខ​ក្នុង​ពេល​តែមួយ អាច​ផ្តល់​សុវត្ថិភាព​ហិរញ្ញវត្ថុ​ និង​​ទទួល​បាន​ជំនាញ​ផ្សេងៗ​គ្នា​ទៅ​តាម​មុខ​ជំនួញ​នីមួយៗ។ គ្មាន​អ្នកណា​ម្នាក់​ដែល​និយាយ​ថា មាន​លុយ​ប៉ុណ្ណេះ​​គឺ​គ្រប់គ្រាន់​សម្រាប់​ខ្លួន។ មនុស្ស​ម្នាក់ៗ​តែង​និយាយ​ថា មាន​លុយ​ច្រើន​កាន់តែ​ល្អ។ ជា​ការពិត ៩០% នៃ​​អាជីវកម្ម​ថ្មីថ្មោង​បាន​ដួល​រលំ​ទៅ​វិញ ហើយ​អាច​ចំណាយ​ពេល​ច្រើន​ឆ្នាំស្តារអ្វីៗឡើង​វិញ​​ទើប​ជោគជ័យ​បាន។ ក៏ប៉ុន្តែ​សូម​ចាំ​ថា ការ​បរាជ័យ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ចេះ​រៀប​ចំ​ផែនការ​អាជីវកម្ម​​សម្រាប់​ត្រៀម​ខ្លួន​ដាក់​យុទ្ធសាស្ត្រ​ថ្មី​ឡើង​វិញ ទន្ទឹម​នឹង​ការ​ទទួល​បាន​បទពិសោធន៍​យ៉ាង​ច្រើន​សំបូរ​បែប​ពី​វិស័យ​ផ្សេងៗ​​ទាំង​នោះ។ 

៤.រៀន​ពី​កំហុស​ដែល​កើត​មាន​ក្នុង​អាជីវកម្ម​
រាល់ពេល​ដែល​អ្នក​ចាប់​ផ្តើម​ធ្វើ​ជំនួញ​ថ្មី អ្នក​មិន​ចង់​មាន​កំហុស​ដដែលៗ​កើត​មាន​ឡើង​នោះ​ឡើយ។ ដូច​នេះ​មានន័យ​ថា កំហុស​ក្នុង​មុខ​ជំនួញ បាន​បង្រៀន​អ្នក​ឲ្យ​រក​ឃើញ​ពី​វិធី​ថ្មី​ដែល​អាច​ជៀសវាង​កំហុស​ទាំង​នោះ​បាន។ នៅ​ពេល​ដែល​អ្នក​ធ្លាប់​ជួប​កំហុស​រួច​ហើយ អ្នក​នឹង​​យល់​បាន​ពី​តម្លៃ​របស់​វា​​ដែល​ថា ​កំហុស​គឺ​ជា​ថ្នាំ​ដ៏ ល្អ​មួយ​ធ្វើ​ឲ្យ​អ្នក​​ទទួល​បាន​ភាព​ជោគជ័យ​នៅ​លើកក្រោយ។ 

៥.កសាង​ក្រុមការងារ​​​ដ៏​ល្អ​មួយ
វា​គឺ​ជា​ក្រុម​ការងារ​​ដែល​កសាង​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងម៉ាំសម្រាប់​មុខ​ជំនួញ​ទាំងអស់។ ពេល​ខ្លះ​អ្នក​​មិន​អាច​កសាង​ក្រុម​ការងារ​មួយ​ដែល​មាន​មហិច្ឆតា និង​ការ​ប្ដេជ្ញាចិត្ត​ខ្លាំងក្លា​​​ដូច​អ្វី​ដែល​អ្នក​ចង់​បាន។ ប៉ុន្តែ​អ្នក​អាច​ជ្រើសរើស​ក្រុម​ការងារ​​ដ៏​រឹងមាំ​មួយ​មក​ពី​​មុខ​ជំនួញ​ផ្សេង​ទៀត​របស់​អ្នក។ មុខ​ជំនួញ​ច្រើន​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​មនុស្ស​ថ្មីៗ មាន​សមត្ថភាព និង​ចំណេះ​ដឹង​ផ្សេងៗ​គ្នា​ដែល​ពួកគេ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​កសាង​ទ្រព្យសម្បត្តិ​ឲ្យ​អ្នក។

ប្រភព៖ Entrepreneur 

X
5s