សហគ្រិន​ស្រ្តី​ឆ្នើម​ម្នាក់ទម្លាយគន្លឹះ ​៦​ចំណុច ​ក្នុង​ការ​ត្រៀម​ខ្លួន​មុន​ចាប់ផ្ដើម​បើក​អាជីវកម្ម​



តើ​អ្នក​បាន​ត្រៀម​ខ្លួន​យ៉ាង​ណា​ខ្លះ​មុន​សម្រេច​ចិត្ត​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង? ជា​ការពិត​ការ​បើក​អាជីវកម្ម​មួយ​ ប្រាកដ​ណាស់​វា​ទាមទារ​ឲ្យ​សហគ្រិន​ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុនសិន។ ជា​មួយ​គ្នា​នេះ​ដែរ សហគ្រិន​ស្រ្តី​ កញ្ញា ណម ចំណា ម្ចាស់​មន្ទីរព្យាបាល​ធ្មេញ​ដ៏ធំ​និង​ស្ដង់ដារ​មួយ​បាន​ចែក​រំលែកនូវ​យុទ្ធសាស្រ្ត​ផ្ទាល់​ខ្លួន​ចំនួន​៦ចំណុចរបស់​កញ្ញា​ ក្នុង​ការ​ត្រៀម​ខ្លួន​មុន​ចាប់​ផ្ដើម​បើក​អាជីវកម្ម។

ស្ថាបនិក​នៃ​មន្ទីរព្យាបាល​ធ្មេញ​មែលវីន​រូប​នេះ​បាន​ចែក​រំលែក​ថា

ចំណុច​ទីមួយ​ដែល​ត្រូវ​ត្រៀម​ខ្លួន​គឺ សម្រាប់​យុវជន​ដែល​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​គឺ​ចាំបាច់​ត្រូវ​ប្រឹងប្រែង​រៀន​សូត្រ​ឲ្យ​អស់​ពីលទ្ធភាព​ទាំង​កម្លាំង​កាយ​ចិត្ត រៀន​នូវ​ជំនាញ​របស់​យើង​ឲ្យ​បាន​ច្បាស់​លាស់។ ព្រោះ​នៅ​ពេល​ដែល​យើង​មាន​ជំនាញ​ច្បាស់​លាស់​ យើង​ចេញ​មក​ធ្វើ​ការ​អ្វី​ក៏ដោយ​យើង​នឹង​ទទួល​ជោគ​ជ័យ​ច្រើន ព្រោះ​យើង​គ្រាន់​តែ​អនុវត្ត​យក​តែ​ម្ដង។

 

ចំណុច​ទី២ រៀន​ចប់​ភ្លាម​កុំទាន់​បើក​អាជីវកម្ម​ភ្លាម៖ នៅ​ពេល​ដែល​រៀន​ចប់​ភ្លាម​យល់​ល្អ​យើងគួរ​តែ​ស្វែង​រក​កន្លែង​ការ​ងារ​ណា​មួយ​ដែល​យើង​គិត​ថា​ថ្ងៃ​ក្រោយ​យើង​អាច​ធ្វើ​អាជីវកម្ម​ដែល​ស្រដៀង​នឹង​កន្លែង​ធ្វើ​ការ​នោះ ដូច្នេះ​វា​ជា​គន្លឹះ​មួយ​ដែល​អាច​ឲ្យ​យើង​រៀន​សូត្រ​បាន​ពី​របៀប​នៃ​ការ​ធ្វើ​ការ​ងារ​នៅ​កន្លែង​នោះ លើស​ពី​នេះ​យើង​អាច​មាន​ឱកាស​សន្សំ​ដើម​ទុន​និង​បង្កើត​ទំនាក់​ទំនង​ជា​មួយ​អតិថិជន​ដែល​នៅ​ទី​នោះ។

 

ចំណុច​ទី​៣ បន្ត​ការ​រៀន​សូត្រ​បន្ថែម៖ យើង​ត្រូវ​រៀន​សូត្រ​បន្ថែម និង​ស្រាវជ្រាវ​នូវ​ចំណេះ​ដឹង​ថ្មីៗ​ ព្រោះ​នៅ​ពេល​ដែល​យើង​ចេញ​មក​ធ្វើ​ការងារ​ដំបូង​អ្វីៗ​ហាក់​ដូច​ជា​ថ្មី ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ធ្វើ​វា​យូរៗ​ទៅ​វា​នឹង​លែង​មាន​អ្វី​ថ្មី​ទៀត​ហើយ ដូច្នេះ​វា​ទាមទារ​ឲ្យ​យើង​ត្រូវ​តែ​បន្ត​ការ​រៀន​នូវ​អ្វី​ដែល​ថ្មីៗ​បន្ថែម។

 

 

ចំណុច​ទី​៤ ពង្រឹង​ផ្នែក​បច្ចេកទេសនិង​ភាសា៖ ជំនាញ​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​គឺ​សំខាន់​ណាស់ ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​ទីផ្សារ​ការងារ​សព្វ​ថ្ងៃគឺ​មាន​ការ​ប្រកួតប្រជែង​ច្រើន​ ហើយ​បើ​យើង​មិន​មាន​ចំណេះ​ដឹង​ផ្នែក​នេះ​ទេ​យើង​អាច​នឹង​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង។

 

ចំណុច​ទី​៥ កុំមាន​មោទនភាព​ចំពោះ​ខ្លួនឯង​ខ្លាំង​ពេក៖ នៅ​ពេល​ដែល​យើង​ចេញ​មក​បើក​អាជីវកម្ម​ដំបូង​យើង​ត្រូវ​ទទួល​ស្គាល់​ថា​ទោះ​យើង​មាន​បទពិសោធន៍​ធ្វើ​ការ​ឲ្យ​គេ​១០​ឆ្នាំ​ក៏ដោយ​ ក៏​ប៉ុន្តែ​យើង​ពិត​ជា​មិន​ដែល​ដឹង​ទេ​ថា​មុន​ពេល​ដែល​គេ​បាន​រឹងមាំ​បែប​នេះ ដំបូង​តើ​គេ​បាន​ជួប​ឧបសគ្គ​អ្វី​ខ្លះ ឧបសគ្គ​របស់​គេ​មិន​ប្រាកដ​ថា​ដូច​ឧបសគ្គ​របស់​យើង​ ដូច្នេះ​យើង​ត្រូវ​ចេះ​ដាក់​ខ្លួន​ និង​ក្រឡេក​មើល​បុគ្គល​ជោគជ័យ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ដូច​យើង​ហើយ​ព្យាយាម​ទទួល​បទពិសោធន៍​​ពី​គាត់។

 

ចំណុច​ទី​៦ ត្រូវ​ដឹង​ពី​គោលដៅ​របស់​អតិថិជន៖ បើ​យើង​មាន​អាជីវកម្ម​ហើយ​តែ​បែ​ជា​មិន​ដឹង​ថា​អតិថិជន​គោលដៅ​របស់​យើង​ជា​អ្នក​ណា​ទេ​វា​គឺ​ជា​រឿង​មួយ​ដែល​ពិបាក​ព្រោះ​ថា ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​ដំណើរ​ការ​ដោយ​និន្តរភាព​ទាល់​តែ​ម្ចាស់​អាជីវកម្ម​ដឹង​ថា​អតិថិជន​គោលដៅ​របស់​យើង​នៅ​ទី​ណា មិន​ថា​ក្នុង​ស្រុក​ឬ​ក្រៅ​តំបន់​៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s