ហេតុអ្វីបានជាស្ថាបនិកក្រុមហ៊ុនត្រូវការនាយកប្រតិបត្តិក្រុមហ៊ុនមកគ្រប់គ្រងជំនួសខ្លួន?
វាមើលទៅពិតជាអស្ចារ្យណាស់សម្រាប់ស្ថាបនិកក្រុមហ៊ុនអស្ចារ្យធំៗក្នុងលោកដូចជា Bill Gates លោក Jeff Bezos និង លោក Mark Zuckerberg ជាដើមដែលមានប្រាក់វាល់លានដុល្លារពីក្រុមហ៊ុនរបស់ខ្លួន។ ក៏ប៉ុន្តែអ្នកមានឆ្ងល់ទេថា ហេតុអ្វីបានជាមហាសេដ្ឋីទាំងនេះចាំបាច់អ្វីត្រូវការនាយកប្រតិបត្តិក្រុមហ៊ុន (CEO) មកគ្រប់គ្រងក្រុមហ៊ុនជំនួសខ្លួនធ្វើអ្វី?
បើយោងតាមការស្រាវជ្រាវ (World Management Survey) បានឲ្យដឹងថា ស្ថាបនិកដែលគ្រប់គ្រងក្រុមហ៊ុនដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការនាយកប្រតិបត្តិក្រុមហ៊ុន ផលិតភាពការងាររបស់ពួកគេធ្លាក់ចុះអស់ ៩,៤%។ ប៉ុន្តែបញ្ហានេះអាចកែប្រែបាននៅពេលពួកគេជួលនាយកប្រតិបត្តិក្រុមហ៊ុនមកដឹកនាំជំនួស។
ការស្រាវជ្រាវមួយទៀតដែលបានធ្វើឡើងលើក្រុមហ៊ុនថ្មីៗរបស់អាមេរិក ចំនួន ២១២ ដែលបានបង្កើតឡើងរវាងឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ គឺមាន ៥០% នៃស្ថាបនិកក្រុមហ៊ុននៅបន្តគ្រប់គ្រងក្រុមហ៊ុនបាន ៣ឆ្នាំបន្ទាប់ពីបានបង្កើតឡើង។ ៤០% នៃនាយកប្រតិបត្តិក្រុមហ៊ុនបន្តគ្រប់គ្រងក្រុមហ៊ុនបានរយៈពេល ៤ឆ្នាំក្រោយពេលបង្កើតឡើង និងមានត្រឹមតែ ២៥% ប៉ុណ្ណោះដែលបន្តគ្រប់គ្រងក្រុមហ៊ុនរហូតដល់ពេលក្រុមហ៊ុនបោះលក់ភាគហ៊ុនជាសាធារណៈ (IPO)។
ខាងក្រោមនេះនឹងបកស្រាយចម្ងល់មួយចំនួនដែលជាមូលហេតុដែលស្ថាបនិកក្រុមហ៊ុនភាគច្រើនបរាជ័យធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន៖
១.បញ្ហាដែលប្រឈមមុខទៅនឹងអ្នកដែលចង់ដាក់ទុនវិនិយោគក្នុងក្រុមហ៊ុន
រឿងទួទៅមួយនៅក្នុងផ្នត់គំនិតរបស់អ្នកបង្កើតក្រុមហ៊ុន គឺចាត់ទុកថា ក្រុមហ៊ុនរបស់ខ្លួនប្រៀបដូចជាកូនរបស់ខ្លួនដូច្នេះដែរ ពីព្រោះតែវាកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួន។ ហេតុដូច្នេះ វាជាបញ្ហាលំបាកមួយសម្រាប់ខ្លួនដើម្បី បោះបង់ការគ្រប់គ្រង ហើយប្រគល់វាទៅឲ្យអ្នកផ្សេងមកគ្រប់គ្រងជំនួសវិញ។
យ៉ាងណាមិញ អ្នកវិនិយោគដែលចង់បោះទុនវិនិយោគ គឺគេប្រាកដជាទាមទារឲ្យម្ចាស់ក្រុមហ៊ុនមួយត្រូវទុកច្រកផ្លូវឲ្យ CEO ម្នាក់មកគ្រប់គ្រងជំនួសវិញដើម្បីឲ្យមកទទួលមើលការខុសត្រូវប្រចាំថ្ងៃរបស់ក្រុមហ៊ុន។ ជាទូទៅ គេកម្រឃើញអ្នកអ្នកណាម្នាក់មកបណ្ដាក់ទុនលើក្រុមហ៊ុនដែលមានត្រឹមតែប្រធានក្រុមហ៊ុនម្នាក់ណាស់។ អ្នកបោះទុនចង់បានក្រុមហ៊ុនមួយដែលមានរចនាសម្ព័ន្ធត្រឹមត្រូវរាប់ចាប់តាំងពីស្ថាបនិក បុគ្គលិកតាមផ្នែក ជាពិសេសគឺ CEO តែម្តង។
២.ការគ្រប់គ្រងការសម្រេចចិត្តមិនមែនជារឿងងាយស្រួលនោះទេ
អ្នកត្រូវជឿថា មានមូលហេតុមួយដែលធ្វើឲ្យសហគ្រិនទូទៅចង់បើកក្រុមហ៊ុនរកស៊ីពីដៃទទេមក គឺដោយសារតែពួកគេចង់មានសេរីភាពមួយដើម្បីធ្វើការឲ្យក្រុមហ៊ុនខ្លួនឯងតាមវិធីដែលខ្លួនចង់បាន។ ក៏ប៉ុន្តែដោយសារតែពួកគេមានចំណុចខ្សោយលើការគ្រប់គ្រង វាជានិច្ចកាលបណ្ដាលឲ្យការគ្រប់គ្រងលើការសម្រេចចិត្តមានបញ្ហាដូចជាការសម្រេចចិត្តដោយផ្អែកលើមនោសញ្ចេតនា ឬមិនប្រើទិន្នន័យឲ្យបានគ្រប់គ្រងមុនការសម្រេចចិត្តជាដើម។
ដោយសារតែចំណុចនេះហើយ ទើបគេត្រូវការ CEO មកអន្តរាគមន៍។ CEO ភាគច្រើនចូលចិត្តរើសមនុស្សដែលខ្លួនចូលចិត្តអាចធ្វើការជាមួយខ្លួនបានជាជាងបុគ្គលិកដែលមានគុណភាព ប៉ុន្តែមិនសូវចុះសម្រុងនឹងខ្លួន។ ម្យ៉ាងវិញទៀត ដោយសារតែការធ្វើជំនួញ វាមានភាពស្មុគស្មាញ តឹងតែងនៅជំហានដំបូងៗ នៅពេលដែលអ្នកមិនដឹងថា ក្រុមហ៊ុននៅរស់បន្តទៅមុខទៀតឬអត់ CEO នឹងអាចដោះស្រាយបញ្ហាទាំងនេះបាន។
៣.កង្វះខាតយុទ្ធសាស្ត្រ
យុទ្ធសាស្ត្រក្នុងការចាប់ផ្តើមបង្កើតក្រុមហ៊ុន គឺវាមានភាពខុសគ្នាខ្លាំងពីយុទ្ធសាស្ត្រដែលអ្នកត្រូវការដើម្បីធ្វើឲ្យក្រុមហ៊ុនរីកចម្រើនទៅមុខ។ សម្រាប់ CEO ដើម្បីទទួលបានការគាំទ្រពីអ្នកវិនិយោគ និងក្រុមប្រឹក្សានៅ ក្នុងក្រុមហ៊ុន ខ្លួនត្រូវមានសមត្ថភាពក្នុងការបង្កើត និងលើកបង្ហាញពីយុទ្ធសាស្ត្រជំនួញដែលអាចធ្វើឲ្យក្រុមហ៊ុនដើរទៅមុខបានដោយជោគជ័យ។
៤.សារចុងក្រោយសម្រាប់ស្ថាបនិកក្រុមហ៊ុន
ការបង្កើតគំនិតមួយដ៏ល្អដើម្បីអាចទាក់ទាញអតិថិជន និងអាចរកប្រាក់ចំណូលពីពួកគេបាន វាមិនមែនជារឿងមួយងាយស្រួលនោះឡើយ។ នៅពេលដែលអ្នកជាស្ថាបនិកក្រុមហ៊ុន អ្នកមិនចាំបាច់លើកឡើងពីតំណែងរបស់អ្នកនៅក្នុងក្រុមហ៊ុនរបស់អ្នកនោះឡើយ។ អ្វី ដែលអ្នកត្រូវធ្វើគឺ ពង្រីកក្រុមហ៊ុនឲ្យកាន់តែធំ ធ្វើឲ្យវាកាន់តែរីកចម្រើន និងអាចដើរឈានមុខគេទៀតផង។
ជាស្ថាបនិក អ្នកត្រូវចងចាំថា ក្បួនច្បាប់ផ្សេងៗនឹងប្រែប្រួលនៅពេលអ្នកវិនិយោគឈានជើងមករកស៊ីជាមួយអ្នក។ ប្រសិនបើពួកគេចង់ឲ្យក្រុមហ៊ុនជោគជ័យទៅជាក្រុមហ៊ុនធំមួយនៅពេលអនាគត ពួកគេមានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យក្រុមហ៊ុន និងបុគ្គលិកទាំងអស់។
ក្នុងនាមជាស្ថាបនិកក្រុមហ៊ុនដ៏ជោគជ័យម្នាក់ អ្នកត្រូវមានសមត្ថភាពក្នុងការកំណត់ឲ្យបានថា តើអ្នកនឹងផ្តល់គុណតម្លៃក្នុងរូបភាពបែបណានៅ ក្នុងក្រុមហ៊ុនដែលអាចធ្វើឲ្យក្រុមហ៊ុនរបស់អ្នកជោគជ័យបើទោះបីជាវាស្ថិតនៅក្នុងការគ្រប់គ្រងដោយ CEO ម្នាក់ក៏ដោយ៕
ប្រភព៖ Entrepreneur