សុភាសិត​ចិន​បុរាណ​៖ «អ្វី​ដែល​អ្នក​មិន​អាច​គេច​ផុត​បាន​ទេ ចូរ​ស្វាគមន៍​វា​មក។»​



មាន​សុភាសិត​ចិន​បុរាណ​មួយ​ឃ្លា​បាន​ពោល​ឡើង​ថា «អ្វី​ដែល​អ្នក​មិន​អាច​គេច​ផុត​បាន​ទេ ចូរ​ស្វាគមន៍​វា​មក។» នៅ​ពេល​ដែល​យើង​គិត​សើៗ​ទៅ យើង​នឹង​អាច​ឈ្វេង​យល់​បាន​ថា សុភាសិត​នេះ​មាន​គោលបំណង​ចង់​អប់រំ​យើង​ឲ្យ​ចេះ​អត់ធ្មត់​ទទួល​យក​រឿង​អ្វី​ដែល​យើង​មិន​អាច​គេច​ផុត​បាន ជា​អ្វី​ដែល​នៅ​ហួស​ដែន​កំណត់​នៃ​សមត្ថភាព​របស់​យើង ឬ​ហួស​វិស័យ​ដែល​យើង​អាច​គ្រប់គ្រង​វា​បាន។ ប៉ុន្តែ​នៅ​ពេល​យើង​គិត​ឲ្យ​ស៊ីជម្រៅ​បន្តិច​ទៀត នោះ​យើង​នឹង​ឃើញ​ថា​សុភាសិត​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​អប់រំ​ទូន្មាន​របស់​ព្រះពុទ្ធ​ថា គឺជា​ការ​ជំទាស់​ប្រឆាំង​ជាមួយ​នឹង​អ្វីៗ​ដែល​កើតឡើង​មិន​សម​តាម​ចិត្ត​នេះ​ឯង ដែល​ជា​ឫសគល់​នៃ​សេចក្ដី​ទុក្ខ។ 

មនុស្ស​យើង​ម្នាក់ៗ​តែងតែ​គិត​ថា​យើង​សុទ្ធតែ​មាន​អំណាច​ទាំងស្រុង​ទៅលើ​ការ​គូសវាស​ព្រហ្មលិខិត​នៃ​ជីវិត​យើង។ វា​មិន​ខុស​នោះ​ទេ តែ​វា​ក៏​មិនមែន​ត្រឹមត្រូវ​ទាំងស្រុង​នោះ​ដែរ ព្រោះ​មាន​រឿង​ខ្លះ​យើង​មិន​មាន​អំណាច​អ្វី​សោះ​ឡើយ​ដើម្បី​ទប់ស្កាត់​វា​កុំ​ឲ្យ​កើតឡើង។ ជា​ឧទាហរណ៍​ជាក់ស្ដែង​ដូចជា ការ​កើត ការ​ស្លាប់ ការ​ឈឺថ្កាត់ តើ​ធម្មជាតិ​ទាំងអស់​នេះ​ស្ថិត​នៅ​ក្នុង​វិស័យ​ដែល​យើង​ម្នាក់ៗ មិន​ថា​ជា​អ្នក​មាន​ឬ​អ្នក​ក្រ អាច​គ្រប់គ្រង​បាន​ដែរ​ទេ ? រឿង​ដែល​យើង​អាច​ធ្វើ​បាន​គឺ​មាន​តែ​ពន្យារ​ការ​វិវត្ត​របស់​ជំងឺ ឬ​ធ្វើឲ្យ​ស្ថានភាព​ជំងឺ​ប្រសើរ​ឡើង​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ តែ​ការ​ពិត​គឺ​នៅ​តែ​ជា​ការ​ពិត យើង​មិន​អាច​ទិញ​ជីវិត​របស់​ខ្លួនឯង​ឲ្យ​បាន​រស់នៅ​ជា​អមត​ ​មិន​ស្លាប់​បាន​នោះ​ទេ មិន​ថា​អ្នក​មាន​លុយ​ប៉ុណ្ណា​ក៏​ដោយ។

ដូចជា​នៅ​ពេល​ដែល​នរណា​ម្នាក់​ឬ​មាន​រឿង​អ្វីមួយ​កើតឡើង​ដែល​ធ្វើឲ្យ​អ្នក​ទាស់ចិត្ត មិន​សម​ទៅ​តាម​បំណង​របស់​អ្នក នោះ​អ្នក​ប្រាកដ​ជា​មិន​ស្រណុក​នៅ​ក្នុង​ចិត្ត​នោះ​ឡើយ។ បើ​មាន​គេ​មើលងាយ​អ្នក និយាយ​ដើម​អ្នក រិះគន់​និន្ទា​ឈ្នានីស​អ្នក បំបាក់​ទឹកចិត្ត​អ្នក នោះ​ប្រាកដ​ណាស់​ថា​ក្នុង​ចិត្ត​អ្នក​នឹង​មិន​ស្រណុក​ស្រួល មិន​ស្ងប់​នោះ​ឡើយ។ នៅ​ពេល​នោះ អ្នក​ប្រាកដ​ជា​ចង់​ធ្វើ​អ្វី​ដែល​គេ​បាន​ធ្វើ​មក​លើ​អ្នក​ធ្វើ​ដាក់​ទៅ​គេ​វិញ ប៉ុន្តែ​សួរ​ថា​តើ​វា​មាន​ប្រយោជន៍​ដែរ​ទេ ? ពិត​ណាស់​វា​អាច​សម្រាល​ចិត្ត​របស់​អ្នក​ឲ្យ​បាន​ធូរស្រាល​ជាង​មុន​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ទៅ​ដល់​ចំណុច​មួយ អ្នក​នឹង​យល់​ថា​អ្នក​មិន​អាច​បញ្ឈប់​រឿង​ទាំងនោះ​មិន​ឲ្យ​កើតឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក​ជា​រៀង​រហូត​បាន​នោះ​ទេ។

នៅ​ក្នុង​ជីវិត​នេះ តើ​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​បាន​គេ​រិះគន់​និន្ទា ? យើង​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​ទាំងអស់​នៅ​លើ​ពិភពលោក​បាន​នោះ​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​ការ​គិត​ខុស​គ្នា កម្រិត​នៃ​ការ​យល់ដឹង​ខុស​គ្នា មាន​បទពិសោធន៍​ជីវិត​ខុស​គ្នា រស់នៅ​ក្នុង​ស្ថានភាព​ខុស​គ្នា ហេតុនេះ​វា​មិន​អាច​ទៅ​រួច​នោះ​ឡើយ​ដែល​អ្នក​អាច​គេច​ផុត​ពី​រឿង​ទាំងនោះ​បាន។ វា​នៅ​ហួស​ពី​វិស័យ​ដែល​អ្នក​អាច​គ្រប់គ្រង​បាន។ ដូច្នេះ​ចូរ​ស្វាគមន៍​វា​ទៅ យក​បទពិសោធន៍​ជីវិត​ទាំងនោះ​មក​គិត​ពិចារណា​ថា​តើ​វា​ផ្ដល់​មេរៀន​ដល់​អ្នក​អ្វីខ្លះ ? ម្យ៉ាងទៀត អ្នក​ត្រូវ​ចាំ​ថា​រឿង​អ្វី​ក៏ដោយ​កើតឡើង​សុទ្ធតែ​មាន​ហេតុ​របស់​វា។ រឿង​ដែល​អ្នក​ជួប​ប្រទះ​ទាំងអស់​ក៏​សុទ្ធតែ​មាន​មូលហេតុ​ដែល​ត្រូវ​ឲ្យ​វា​កើតឡើង​ចំពោះ​អ្នក​ដែរ។

អ្វី​ៗ​កើតឡើង​នៅ​ក្នុង​លោក​នេះ​គឺ​អាស្រ័យ​ទៅលើ​ការ​យល់​ឃើញ​របស់​អ្នក​ចំពោះ​វា​នោះ​ទេ។ បើ​អ្នក​មើល​ឲ្យ​វា​ទៅ​ជា​រឿង​វិជ្ជមាន នោះ​វា​គឺជា​រឿង​វិជ្ជមាន។ បើ​អ្នក​មើល​ឃើញ​វា​នៅ​ក្នុង​ផ្លូវ​អវិជ្ជមាន នោះ​វា​គឺជា​រឿង​អវិជ្ជមាន​នោះ​ឯង។ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​រិះ​គិត​មើល​ទៅ​ឃើញ​ថា​រឿង​ណាមួយ​នៅ​ហួស​ពី​ដែន​កំណត់​នៃ​សមត្ថភាព​របស់​អ្នក នោះ​អ្នក​គួរតែ​ស្វាគមន៍​វា ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ស្រាល ហើយ​ប្រលែង​អ្វីៗ​ឲ្យ​វា​កើតឡើង​ទៅ​តាម​ធម្មជាតិ​របស់​វា​ទៅ ព្រោះ​វា​សុទ្ធតែ​មាន​មូលហេតុ​ដែល​វា​ត្រូវ​កើតឡើង​ហើយ៕

ដោយ៖ ស្រីពៅ

X
5s