សុភាសិតចិន៖ «បត់បែនឱសថឲ្យស្របតាមជំងឺ»
បើមាននរណាម្នាក់ចេញរោគសញ្ញាក្ដៅខ្លួន តើរោគសញ្ញាតែមួយនេះគ្រប់គ្រាន់នឹងអាចបញ្ជាក់ថាគេមានជំងឺផ្ដាសាយហើយតើមែនទេ ? តើគ្រប់គ្នាដែលមានរោគសញ្ញាក្ដៅខ្លួនសុទ្ធតែមានន័យថាពួកគេផ្ដាសាយមែនទេ ? ត្រឹមតែបានឃើញរោគសញ្ញាក្ដៅខ្លួន តើពួកគេសុទ្ធតែត្រូវលេបថ្នាំផ្ដាសាយមែនទេ ?
តាមពិតទៅមានរឿងជាច្រើននៅក្នុងជីវិតដែលនៅសម្បកក្រៅហាក់ដូចជាមានរូបភាពដូចគ្នា តែតាមការពិតនៅពេលដែលយើងចូលទៅជ្រៅសង្កេតពីហេតុការណ៍នោះទើបយើងដឹងថាវាមិនដូចគ្នាទៅនឹងអ្វីដែលយើងគិតនោះឡើយ។ មានសុភាសិតចិនបុរាណមួយបានពោលថា «បត់បែនឱសថឲ្យស្របតាមជំងឺ»។ អ្វីៗនៅក្នុងលោកនេះតែងតែផ្លាស់ប្ដូរជានិច្ច។ កាលពីមុនពិភពលោកមិនសូវទាន់មានការអភិវឌ្ឍ មនុស្សមិនសូវមានជំងឺ ហើយជំងឺដែលពួកគេមានក៏មិនសូវសម្បូរបែបនោះដែរ។ ងាកមកសម័យនេះវិញ ពិភពលោកអភិវឌ្ឍជឿនលឿនយ៉ាងខ្លាំង តែត្រូវដោះដូរជាមួយនឹងការកកើតឡើងនូវជំងឺថ្មីៗប្លែកៗសម្បូរបែបជាច្រើន។ កាលមុនឲ្យតែឃើញរោគសញ្ញាក្ដៅខ្លួន យើងអាចសន្និដ្ឋានថាអ្នកនោះច្បាស់ជាមានជំងឺផ្ដាសាយហើយ ហើយភាគច្រើនការប៉ាន់ស្មានរបស់យើងក៏ត្រឹមត្រូវដែរ។
យ៉ាងណាមិញ ស្ថានការណ៍មិនមែនចេះតែដូចគ្នានោះទេ បើទោះជាខាងក្រៅវាហាក់ដូចជាដូចគ្នាក៏ដោយ។ មានរោគសញ្ញាក្ដៅខ្លួន វាអាចមានមូលហេតុមកពីកត្តាផ្សេងៗ និងមកពីជំងឺផ្សេងៗជាច្រើនដែលអាចបណ្ដាលឲ្យមានរោគសញ្ញាដូចនេះ។ ការប្រើប្រាស់បទពិសោធន៍ចាស់ៗរបស់អ្នកយកមកវិនិច្ឆ័យរឿងរ៉ាវអ្វីមួយ គឺជារឿងល្អបើប្រើនៅក្នុងស្ថានការណ៍ត្រូវ តែអាចជារឿងគ្រោះថ្នាក់បើប្រើនៅក្នុងស្ថានការណ៍មិនត្រូវ។ ហេតុនេះហើយយើងមិនមែនចេះតែអាចពឹងផ្អែកទៅលើបទពិសោធន៍ចាស់ៗគ្រប់ស្ថានការណ៍នោះទេ។ ប្រការល្អគឺយើងត្រូវធ្វើការសង្កេត វិភាគ និងជីកឫសគល់ឲ្យបានស៊ីជម្រៅ នោះទើងយើងអាចផ្សំថ្នាំត្រូវ ឈានទៅរកការសម្រេចចិត្តដែលត្រឹមត្រូវនៅក្នុងស្ថានការណ៍នីមួយៗបាន។
នៅក្នុងសង្គមមនុស្សយើងនេះ មនុស្សភាគច្រើនចូលចិត្តបញ្ចេញមតិទៅតាមបទពិសោធន៍ដែលខ្លួនធ្លាប់បានឃើញ ធ្លាប់បានឆ្លងកាត់ ប៉ុន្តែទស្សនមួយមិនទៀងថាអាចប្រើត្រូវនៅគ្រប់ស្ថានការណ៍នោះឡើយ។ ហេតុនេះហើយទើបនៅពេលដែលយើងសង្កេតមើលរឿងរ៉ាវក្នុងជីវិតនេះ ទើបយើងឃើញថាអ្វីក៏សុទ្ធតែមានករណីលើកលែងដែរ។ ដូច្នេះហើយរឿងអ្វីក៏ដោយ យើងគួរតែសិក្សាឲ្យបានល្អិតល្អន់សិនសឹមវាយតម្លៃថាគេមានជំងឺអ្វី គេប្រព្រឹត្តខុសអ្វី ព្រោះអ្វីៗមិនងាយស្រួលដូចអ្វីដែលអ្នកឃើញនៅសម្បកក្រៅនោះឡើយ៕
ដោយ៖ ស្រីពៅ