៨ សំណួរអ្នកគួរសួរខ្លួនឯងមុនសម្រេចចិត្តទិញ Franchise
Franchise ជាអាជីវកម្មមួយដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដោយសារអាជីវកម្មបែបនេះធ្វើឲ្យអ្នកដែលចង់ទិញសិទ្ធិប្រកបអាជីវកម្មបន្ត មិនសូវជាឈឺក្បាលគិតគូររឿងយុទ្ធសាស្រ្តគន្លឹះធ្វើយ៉ាងណាទាក់ទាញអតិថិជន ដូចអ្នកដែលចាប់ផ្តើមអាជីវកម្មដោយគំនិតផ្ទាល់ខ្លួនឡើយ។
តែទោះជាយ៉ាងណា ការទិញសិទ្ធិអាជីវកម្មនេះតម្រូវឲ្យអ្នកទិញសិទ្ធិគោរពតាមការកំណត់ពីម្ចាស់ដើមអាជីវកម្ម សូម្បីម៉ោងពេលបើកដំណើរការប្រចាំថ្ងៃក៏មិនអាចខុសគ្នាដែរ។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ហិរញ្ញវត្ថុជាបញ្ហាធំព្រោះអ្នកចាំបាច់ត្រូវចំណាយដើមទុនច្រើនណាស់ក្នុងអាជីវកម្មបែបនេះ។ ដូច្នេះ មុនសម្រេចចិត្តថាទិញអាជីវកម្មគេមកដំណើរការ អ្នកគួរសួរខ្លួនឯង ៨ សំណួរនេះសិន៖
១) តើអ្នកនឹងទទួលបានផលប្រយោជន៍អ្វីខ្លះពីការទិញ Franchise? បញ្ហាអ្វីខ្លះដែលអ្នកត្រូវប្រឈមមុខបន្ទាប់ពីការទិញសិទ្ធិអាជីវកម្មនោះ? ត្រូវប្រាកដថាអ្នកទទួលបានអត្ថប្រយោជន៍ច្រើនជាងជួបបញ្ហាទើបជាការសម្រេចចិត្តមួយដ៏ល្អ។
២) តើអ្នកនឹងធ្វើអ្វីមុនក្នុងនាមជា Franchisee? ទោះបីយើងត្រូវធ្វើអាជីវកម្មនេះតាមលក្ខខណ្ឌដែលបានកំណត់ពីម្ចាស់ដើមក្តី ក៏យើងត្រូវមានជំនាញក្នុងអាជីវកម្មមួយដែរ។ ដូចនេះយើងត្រូវដឹងពីអ្វីដែលយើងត្រូវធ្វើមុនដែលជាអាទិភាពសម្រាប់ដំណើរការអាជីវកម្មមួយនេះ។
៣) តើអ្នកនឹងទទួលបានការបណ្តុះបណ្តាល ក៏ដូចជាជំនួយក្នុងការស្វែងរកទីតាំងបានយ៉ាងដូចម្តេចខ្លះពីម្ចាស់ដើមអាជីវកម្ម? អត្ថប្រយោជន៍ធំបំផុតដែលពីការទិញ Franchise គឺការយកចិត្តទុកដាក់ពីគ្នាទៅវិទៅមករវាងអ្នកលក់សិទ្ធិអាជីវកម្ម (Franchisor) និងអ្នកទិញសិទ្ធិអាជីវកម្ម (Franchisee)។ ការផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងមួយល្អ ជួយក្នុងការបណ្តុះបណ្តាល ការរចនាតុបតែងជាដើម។
៤) តើអ្នកនឹងទទួលបានសិទ្ធិពិសេសអ្វីខ្លះពីការប្រកបអាជីវកម្មនេះ? អ្នកអាចរៀបចំអ្វីៗសម្រាប់អាជីវកម្មនេះក្រៅពីការកំណត់របស់ម្ចាស់អាជីវកម្មដែរទេ?
៥) តើ Franchisor ជួយគាំទ្រអ្នកដូចម្តេចខ្លះលើដំណើរការអាជីវកម្ម? អាជីវកម្ម Franchise ត្រូវបានម្ចាស់ដើមធ្វើការរឹតត្បិតបំផុតលើបញ្ហាទីតាំង ព្រោះគាត់គិតថាទីតាំងវាសំខាន់ណាស់ក្នុងការទាក់ទាញអតិថិជន។ ការលូកដៃពីម្ចាស់អាជីវកម្មគឺជារឿងមួយសំខាន់បំផុតដើម្បីធានាអាជីវកម្មអាចបន្តបានយ៉ាងរលូន។
៦) ពេលវេលាក្នុងបំពេញអាជីវកម្មប៉ុន្មានម៉ោងក្នុងមួយថ្ងៃ និងប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍វាតិចជាង ឬច្រើនជាងឬដូចអ្វីដែលអ្នកបានរំពឹងទុក?
៧) តើ Franchisor ផ្តល់ជំនួយក្នុងការធ្វើទីផ្សារដូចម្តេចខ្លះ? តើម្ចាស់ Franchise ផ្តល់សិទ្ធិក្នុងការធ្វើទីផ្សារឬជំនាញអ្វីផ្សេងដែរឬទេ? ឬរាល់ពេលធ្វើទីផ្សារសុទ្ធតែជាការរៀបចំពីម្ចាស់ដើមផ្ទាល់?
៨) តើអ្នកពេញចិត្តនឹងការធ្វើហិរញ្ញវត្ថុដែរឬទេ? អ្នកគិតថាអ្នកអាចទទួលបានគោលដៅហិរញ្ញវត្ថុដែលអ្នករំពឹងទុកដែរទេ? ចំនុចនេះអ្នកចាំបាច់ត្រូវធ្វើការចរចាជាមួយម្ចាស់ដើមអាជីវកម្មពីរភាគរយដែលអ្នកត្រូវទទួលបានប្រចាំខែ ប្រចាំឆ្នាំពីអាជីវកម្មនោះ។ ហើយអ្នកត្រូវដឹងលម្អិតថាអ្នកត្រូវចំនាយប៉ុន្មានក្នុងដំណើរការទិញអាជីវកម្មមួយនេះ?
បើពិនិត្យមើលគ្រប់ចំនុចហើយឃើញថា អ្នកអាចនឹងទទួលបានប្រយោជន៍ច្រើនសមរម្យ ស្របពេលដែលអ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់ និងចិត្តស្រលាញ់លើអាជីវកម្មណាមួយ។
ដោយ៖ យ៉ាយ៉ា