បញ្ហាប្រឈមចំនួន ៥ ដែលសហគ្រិននឹងជួបប្រទះជៀសមិនរួចពេលចាប់ផ្តើមធ្វើជំនួញ
ភាពជាសហគ្រិនគឺជាវិស័យមួយដែលគេចាត់ទុកថា មានឧបសគ្គ និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់។ វាជារឿងសំខាន់ដែលអ្នកត្រូវដឹងថា បញ្ហាទាំងនោះគឺវាមានភាពលំបាកកាន់តែខ្លាំងជាពិសេសសម្រាប់សហគ្រិនថ្មីថ្មោងតែម្តង។
នៅមុនពេលអ្នកបើកអាជីវកម្ម អ្នកត្រូវត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងបញ្ហាទាំងនោះដែលចង់ឬមិនចង់ វានឹងកើតមានឡើងយ៉ាងពិតប្រាកដ។ លោក Mark Victor Hansen ជាស្ថាបនិក និងជាអ្នកបង្កើតក្រុមហ៊ុនស៊ុបសាច់មាន់ “Chicken Soup for the Soul” បាននិយាយដូច្នេះថា៖« អ្នកមិនអាចទទួលបានជោគជ័យដ៏អស្ចារ្យបានទេ ដរាបណាអ្នកមិនបានហែលឆ្លងឧបសគ្គធំៗច្រើន»។ ដូចនេះនៅពេលអ្នកជួបឧបសគ្គខាងក្រោមនេះ សូមកុំខ្លាច ពីព្រោះវាជារឿងទូទៅមួយសម្រាប់សហគ្រិនទៅហើយ។
១.ខ្សែជីវិតចាប់ផ្តើមផ្លាស់ប្ដូរ
បទពិសោធន៍ជាសហគ្រិននឹងផ្លាស់ប្ដូរជីវិតអ្នកច្រើនណាស់រាប់តាំងពីរបៀបដែលអ្នកគិត របៀបដែលអ្នកធ្វើ រហូតទៅដល់របៀបដែលរស់នៅ។ អ្នកចាប់ផ្តើមដឹងថា អ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីទទួលទានដំណេក មិនមានពេលច្រើនដូចមុនដើម្បីមនុស្សដែលខ្លួនស្រលាញ់ ឬក៏មិនមានពេលវេលាច្រើនដូចមុនដើម្បីជួបជុំជាមួយមិត្តភក្ដិ ហើយអ្នកនឹងទទួលបានការត្អូញត្អែរពីមនុស្សដែលនៅជិតៗអ្នក។ នេះពីព្រោះតែអ្នកបានចំណាយពេលយ៉ាងច្រើនផ្ដោតតែទៅលើជំនួញរបស់អ្នក។
ដំណោះស្រាយដ៏ល្អដើម្បីឲ្យមហិច្ឆតាមួយនេះនៅតែដើរទៅមុខ គឺអ្នកត្រូវបង្កើតការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ និងកំណត់ពីការងារអាទិភាពរបស់អ្នក។ អ្នកត្រូវលះបង់ច្រើនណាស់ដើម្បីរៀនសូត្រអ្វីដែលថ្មី។ អ្នកត្រូវរៀបចំផែនការការងារដែលត្រូវធ្វើនៅពេលយប់ ដើម្បីត្រៀមធ្វើនៅព្រឹកស្អែ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺត្រូវរាប់អានមនុស្សដែលជួយលើកទឹកចិត្តឲ្យអ្នក និងជំរុញអ្នកឲ្យជោគជ័យក្នុងជំនួញ។
២.ការប្រឈមទៅនឹងភាពមិនប្រាកដប្រជា
នៅពេលអ្នកចាប់ផ្តើមអាជីវកម្មរបស់អ្នក ទោះបីជាអ្នកបានផ្តល់ជូនផលិតផល ឬសេវាកម្មល្អបំផុតនៅក្នុងទីផ្សាររបស់អ្នកយ៉ាងណាក៏ដោយ ក៏អ្នកត្រូវប្រឈមមុខទៅនឹងភាពមិនប្រាកដប្រជាផងដែរ។ យុទ្ធសាស្ត្រទីផ្សាររបស់អ្នកអាចបរាជ័យ។ អតិថិជនរបស់អ្នកប្រហែលជាមិនបានត្រៀមខ្លួនសម្រាប់ផលិតផល ឬសេវាកម្មរបស់អ្នកទេ ពីព្រោះវាហាក់ដូចជាលឿនពេក ហើយការប្រកួតប្រជែងរបស់អ្នកអាចមានភាពតានតឹងបន្តិចលើសជាងការរំពឹងទុក។ ទោះបីជាអ្នកអាចដោះស្រាយបញ្ហាទាំងអស់នេះក៏ដោយ ក៏វាមិនមានន័យថា អ្នកនឹងទទួលបានចំណូលដូចអ្វីដែលអ្នកចង់បានដែរ។
យ៉ាងណាមិញចូរចងចាំថា ប្រសិនបើអ្នកបានត្រៀមខ្លួនបានល្អ អ្នកនឹងស្ថិតក្នុងស្ថានភាពល្អបំផុតមួយដែលអាចដោះស្រាយបញ្ហាទាំងនេះដោយគ្មានភាពតានតឹងបាន។ អ្វីដែលសំខាន់នៅត្រង់នេះ គឺអ្នកត្រូវសាកល្បងដាក់លក់ផលិតផលរបស់អ្នកនៅលើទីផ្សារ។ តាមរយៈមធ្យោបាយនេះ អ្នកនឹងសង្កេតឃើញថា តើអតិថិជនយល់យ៉ាងណាដែរចំពោះផលិតផល ឬសេវាកម្មរបស់អ្នក? តើអ្នកអាចទទួលបានមតិយោបល់រិះគន់ត្រឡប់មកវិញដូចម្តេចខ្លះ?
៣.ការកសាងក្រុមការងារ
ការជ្រើសរើសក្រុមការងារដែលគួរឲ្យទុកចិត្ត និងជឿជាក់បាន គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការកសាងអាជីវកម្មឲ្យទទួលបានជោគជ័យ។ សហគ្រិនគ្រប់រូប គួរដឹងថា វាមានសារៈសំខាន់ណាស់ក្នុងការជ្រើសរើសក្រុមការងារដែលខ្លាំង ពីព្រោះថា ក្រុមការងារនេះហើយដែលអាចធ្វើឲ្យអាជីវកម្មរបស់អ្នករស់ ឬស្លាប់បាន។ កំហុសចុងក្រោយដែលសហគ្រិនថ្មីៗបង្កើតឡើង គឺការជួលក្រុមការងារឲ្យបានឆាប់រហ័សពេក ហើយប្រសិនបើធ្វើមិនបានល្អត្រង់ចំណុចនេះ នោះអ្នកជាមនុស្សតែម្នាក់គត់ដែលបានធ្វើឲ្យអាជីវកម្មខ្លួនឯងបរាជ័យមុនពេលចាប់ផ្តើម។
ដំណោះស្រាយដ៏ល្អគឺគួរជួលអ្នកណាម្នាក់ដែលមានបទពិសោធន៍ក្នុងមុខជំនួញរបស់អ្នក និងមានសមត្ថភាពសមស្របតាមអ្វីដែល អ្នកជ្រើសរើស។ ការជ្រើសរើសបុគ្គលិកត្រូវមានសារសំខាន់ខ្លាំងណាស់ព្រោះពួកគេនឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកដែលនេះទើបធ្វើឲ្យអ្នកអាចមានក្រុមការងារដ៏រឹងមាំបាន។
៤.ការគ្រប់គ្រងទុន
មូលហេតុចម្បងមួយក្នុងចំណោមហេតុផលសំខាន់ៗជាច្រើនដែលបានធ្វើឲ្យអាជីវកម្មមួយអាចបរាជ័យត្រឹមក្នុងរយៈពេលពីរខែដំបូង គឺដោយសារតែការគ្រប់គ្រងទុនមិនបានល្អ។ កំហុសជាទូទៅរបស់សហគ្រិនគឺចូលចិត្តចំណាយមុន និងមិនបានបែងចែកឲ្យដាច់រវាងគណនីផ្ទាល់ខ្លួន និងគណនីក្រុមហ៊ុន។ ការចំណាយឆាប់ពេកការងារមួយចំនួនដូចជា នាមប័ណ្ណ និងការចំណាយលើសម្ភារៈទីផ្សារអាចក្លាយជាបន្ទុកចំណាយធំបំផុតមួយរបស់អ្នក។
ដើម្បីជៀសវាងបញ្ហាថ្លោះធ្លោយលើការចំណាយគ្មានខ្ទង់ខ្នាតត្រឹមត្រូវ គឺអ្នកត្រូវតាមដានឲ្យបានល្អិតល្អន់នូវបញ្ជីចំណាយទាំងអស់ដែលហូរចេញពីក្រុមហ៊ុនរបស់អ្នក។ អ្នកត្រូវតែបង្កើតគម្រោងចំណាយមួយឲ្យបានត្រឹមត្រូវ និងមានគម្រោងហិរញ្ញវត្ថុផ្សេងមួយទៀតសម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់។ រឿងនេះ អ្នកជៀសមិនរួចនោះឡើយក្នុងការជួលបុគ្គលិកផ្នែកគណនេយ្យដើម្បីមើលការខុសត្រូវឲ្យអ្នក។
៥.ភាពឯកោ
ការចាប់ផ្តើម និងបើកជំនួញ គឺជាការងារដ៏មានសម្ពាធបំផុតមួយរបស់សហគ្រិនទូទៅ។ សម្ពាធនេះបានធ្វើឲ្យសហគ្រិនមានអារម្មណ៍ធុញថប់ ឯកោ ហើយអាចថែមទាំងពេលខ្លះបាក់ទឹកចិត្តទៀតផង។ ប្រសិនបើបញ្ហានេះមានភាពធ្ងន់ធ្ងរទៀតនោះ វាអាចនឹងធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តថែមទៀត។ ការស្រាវជ្រាវបានបង្ហាញថា ៣០% នៃអ្នកធ្វើជំនួញ បានពើបប្រទះជំងឺបាក់ទឹកចិត្តនៅក្នុងជីវិតរបស់ពួកគេ។
ដូចនេះ វាជារឿងចាំបាច់ណាស់ក្នុងការឈានទៅដល់វិធីការពារមួយដែលអាចជួយគាំទ្រឲ្យបានទៀងទាត់បំផុត។ ក្រុមគ្រួសារ មិត្តភក្ដិជិតស្និទ្ធ ឬគ្រូបង្គោលអាចជាជំនួយដ៏មានតម្លៃក្នុងការជួយអ្នកឲ្យត្រលប់ទៅរកភាពល្អប្រសើរដូចដើមវិញ។ អ្នកអាចបង្កើតកម្មវិធីជួបជុំសប្បាយៗជាមួយអ្នកទាំងនេះ ពោលគឺមិនត្រូវកាត់ផ្តាច់គិតតែរឿងជំនួញទាំងស្រុងនោះឡើយ។ ការចាប់ផ្តើមអាជីវកម្មគឺមានបញ្ហាប្រឈមច្រើនណាស់ ប៉ុន្តែប្រសិនបើអ្នកបានត្រៀមខ្លួនទុកជាមុន ដឹងពីអ្វីដែលនឹងកើតឡើងនៅខាងមុខ ឬអ្វីដែលត្រូវរំពឹងទុកថា នឹងកើតឡើង នោះវានឹងមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេនៅពេលវាចូលមកដល់ ហើយអ្នកនឹងអាចទទួលបានផ្លែផ្កាក្នុងមុខជំនួញជាមិនខាន៕
ប្រភព៖ addicted2success