គន្លឹះល្អទាំង ១០ចំណុច សម្រាប់អ្នកចង់ជោគជ័យលើអាជីវកម្មរចនាម៉ូតសំលៀកបំពាក់ (Fashion Design)
អ្នកជាមនុស្សដែលមានទេពកោសល្យ និងស្រលាញ់ការច្នៃម៉ូតសំលៀកបំពាក់ ហើយមានបំណងចង់ធ្វើឲ្យទេពកោសល្យរបស់អ្នកក្លាយជាប្រភពមួយអាចរកចំណូលសម្រាប់ខ្លួនឯងបានវាគឺជារឿងមួយដែលប្រសើរ។ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើជាអ្នកច្នៃម៉ូតបានទេ ម្យ៉ាងវិញទៀតការដែលចង់ឲ្យក្តីស្រលាញ់របស់ខ្លួនផ្តល់ជាអត្ថប្រយោជន៍ ផ្លែផ្កាដល់អ្នកដើម្បីទ្រទ្រង់ជីវភាពក៏មិនមែនជារឿងមួយងាយស្រួលប៉ុន្មានដែរ។
ដូច្នេះដើម្បីឲ្យអ្នកអាចសម្រេចបំណង រួមជាមួយក្តីស្រលាញ់របស់អ្នកលើការច្នៃម៉ូតសំលៀកបំពាក់ ក៏ដូចជាបង្កើតអាជីវកម្មមួយបានជោគជ័យនោះ តើអ្នកត្រូវធ្វើដូចម្តេច? ខាងក្រោយនេះអាចជាការចែករំលែកគន្លឹះល្អៗដល់អ្នក៖
១) គិតបែបសហគ្រិន
ដើម្បីកសាងអាជីវកម្ម Fashion Design បានអ្នកត្រូវមានគំនិតបែបសហគ្រិន មានន័យថាអ្នកមិនត្រឹមតែអ្នកមនុស្សម្នាក់ដែលមានទេពកោសល្យ ស្រលាញ់ចូលចិត្តការច្នៃម៉ូតតែមួយមុខទេ តែអ្នកមានគំនិតចង់ឲ្យការស្រលាញ់របស់អ្នកអ្វីដែលជាទេពកោសល្យជាសមត្ថភាពជាស្នាដៃរបស់អ្នកបានបង្ហាញចែកចាយដល់អ្នកដទៃ។ គ្រប់គ្នាអាចស្គាល់ពីអ្វីដែលអ្នកមាន។ លើសពីនេះអ្នកត្រូវមានស្ទូឌីយោខ្លួនឯងមួយ ជួបជាមួយអ្នកដែលមានបទពិសោធន៍លើអាជីវកម្មបែបនេះដើម្បីយកបទពិសោធន៍ពីគេ ឬអ្នកដែលមានគំនិតច្នៃប្រឌិតថ្មីៗដូចអ្នក។ បង្កើតទំនាក់ទនងជាមនុស្សជុំវិញខ្លួនឲ្យបានទូលំទូលាយដូចជា អ្នកផលិត (អាចជាសិប្បកម្ម រោងចក្រជាដើម) អ្នកវិនិយោគ (ដែលអាចជួយចំណែកទុនដល់អ្នកបាន) និងអតិថិជន។
២) ត្រូវស្គាល់ និងដឹងឲ្យច្បាស់ថានរណាជាអតិថិជនរបស់អ្នក
មិនស្រួលប៉ុន្មានទេប្រសិនបើអ្នកមិនអាចកំណត់ប្រភេទនៃអតិថិជនគោលដៅរបស់អ្នកបាន កុំថាឡើយអ្នកអាចទទួលបានជោគជ័យក្នុងអាជីវកម្មសូម្បីតែចាប់ផ្តើមអាជីវកម្មក៏អ្នកមិនអាចដំណើរការបានដែរ។ ត្រូវចាំថាអាជីវកម្មផ្នែកសំលៀកបំពាក់ (fashion) ទាមទារឲ្យមានការផលិតច្រើនក្រាស់ក្រែលណាស់ព្រោះចំណង់ចំណូលចិត្តលើម៉ូតសំលៀកបំពាក់មិនដូចគ្នា ហើយការលេងម៉ូតសម័យនេះក៏ច្រើន រួមផ្សំនឹងកត្តាវ័យក៏តម្រូវម៉ូតខុសគ្នាច្រើនណាស់ដែរ។ តើអ្នកគិថាអ្នកអាចច្នៃម៉ូតតម្រូវបានគ្រប់វ័យចង់បានឬយ៉ាងណា? ហើយលទ្ធភាពដែលអ្នកអាចទទួលបានការគាំទ្រ ទិញពីអតិថិជនមានកម្រិតណា។ ពេលអ្នកស្រាវជ្រាវបានព័ត៌មានទាំងអស់នេះហើយ វាជាតម្រុយសម្រាប់អ្នកពិចារណាលើអាជីវកម្មនេះបានខ្លះហើយ។
៣) ចាប់ផ្តើមតូច ជាមួយផលិតផលមួយសិន
គន្លឹះមួយសំខាន់គឺ ការពិចារណាលើផលិតផលតែមួយសិនលើការច្នៃម៉ូតសំលៀកបំពាក់នេះ ព្រោះអ្នកអាចធ្វើការផ្តោតអារម្មណ៍លើការងារបានល្អក៏ដូចជាអាចស្ទាបស្ទង់លើចំណង់ចំណូលចិត្តលើអតិថិជនយើងបានកាន់តែច្បាស់។ មានអាជីវកម្មជាច្រើនតែងផលិតនូវផលិតផលច្រើនពេលដំបូង តែវាមិនមែនជាយុទ្ធសាស្រ្តល្អទេ វាពាក់ព័ន្ធនឹងការចំនាយពេលវេលា ការចំនាយលុយ ចំនាយលើការគ្រប់គ្រងបុគ្គលិក និងការងារមួយចំនួនទៀត។
៤) ការកំណត់តម្លៃ
ផ្នែកមួយដែលជួយដល់ការទទួលជោគជ័យអាជីវកម្ម fashion design គឺការកំណត់តម្លៃឲ្យបានត្រឹមត្រូវ។ មនុស្សជាច្រើនតែងនិយាយថាអាជីវកម្មមួយនេះស្រួលកើបលុយណាស់ព្រោះលក់តែ ២ទៅ៣ ឯកតាឃើញចំណេញបាត់ហើយ។ តែផ្ទុយទៅវិញបើអ្នកគិតតែបីផលចំណេញមិនគិតលើគុណភាព និងតម្លៃ (value) នៃផលិតផលដែលអ្នកផ្តល់ជូនអតិថិជនអ្នកមិនអាចរកចំនុចជោគជ័យបានឡើយ។ គំនិតនេះមិនមែនជំរុញឲ្យអ្នកកំណត់តម្លៃមួយដែលទាប ហើយមិនអាចរកចំនុចរួចខ្លួនបានទេ អ្វីដែលអ្នកត្រូវធ្វើគឺតម្លៃមួយដែលសមរម្យបំផុតដែលគេតែប្រើពាក្យមួយថា “សមចិត្តយើងសមចិត្តគេ"។
៥) ដាក់នៅលើគេហទំព័រមួយ
ពាក្យថា fashion គឺទាន់សម័យ អតិថិជនដែលមានសក្តានុពលធំបំផុតរបស់អ្នកប្រើប្រាស់ការស្រាវជ្រាវតាមអនឡាញដើម្បីជាការសម្រេចចិត្តទិញ ហើយការលក់តាម web ឬតាមអនឡាញជាការមួយសំខាន់សម្រាប់អាជីវកម្មមួយនេះ។
៦) ទស្សនៈវិស័យក្នុងការបង្កើតកំណត់ម៉ាកយីហោ (brand) ផ្ទាល់ខ្លួន
ចាំទេនៅចំនុនទី១ គឺអ្នកត្រូវមានគំនិតសហគ្រិនភាព។ ពេលអ្នកមានគំនិតបែបនេះមានន័យថាអ្នកមិនមែនយកការទេពកោសល្យការស្រលាញ់ដែលអ្នកមាន ក្តីស្រមៃដែលអ្នកចង់ឲ្យក្លាយជាការពិតមកលេងសើចទេ តែការដែលខិតខំប្រឹងប្រែងមានគំនិតចង់បានជាម៉ាកយីហោផ្ទាល់ខ្លួន បង្ហាញពីមហិច្ចតារបស់អ្នកទើបជាទឹកចិត្តជំរុញឲ្យអ្នកជោគជ័យបាន។
៧) ផ្សព្វផ្សាយម៉ាកយីហោរបស់អ្នកលើបណ្តាញសង្គម
បណ្តាញសង្គមគឺជាផ្លូវមួយដ៏សំខាន់ និងមានឥទ្ធិពលបំផុតសម្រាប់អាជីវកម្មបែបទំនើបៗព្រោះនេះជាបរិបថនៃបច្ចេកវិទ្យាទំបើប។ ទោះជាយ៉ាងណាអ្នកក៏គួរតែមាន Facebook Page ឬ Instagram ឬ Twitter មួយដើម្បីលក់ ផ្សព្វផ្សាយពីផលិតផលដែលអ្នកមាន ឬបង្កើតជា app ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។
៨) ចែកជាខិតប័ណ្ណ
ទោះបីវាស្ថិតក្នុងទម្រង់នៃការធ្វើទីផ្សារបែបបុរាណក៏ដោយតែវាមិនឥតប្រយោជន៍ទេ ដែលអ្នកធ្វើការចែកខិតប័ណ្ណផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នក។ មានអ្នកខ្លះគាត់ជាស្រ្តីមេផ្ទះមិនសូវមានពេលតាមដានបណ្តាញសង្គមដូចយុវវ័យ គាត់ចំនាយពេលច្រើនលើការងារផ្ទះ ទៅផ្សារទិញម្ហូប ដូចនេះការចែកខិតប័ណ្ណនៅតាមផ្លូវវាការល្អ។
៩) ប្រកួតប្រជែង
អាជីវកម្មខ្នាតតូចមានការប្រឈមមុខខ្លាំងលើការប្រកួតប្រជែងផលិតផល។ ពេលចាប់ផ្តើមអាជីវកម្ម fashion design អ្នកគួរគិតសំខាន់លើគុណភាពជាជាងបរិមាណ ព្រោះអ្នកគួរផលិតចំនួនតិចបានហើយ អ្នកអាចមិនចំនាយច្រើនលើការផលិត ទុកពេលវេលាគិតពីការចេញម៉ូតថ្មីៗដើម្បីប្រកួតប្រជែងលើទីផ្សារវិញ។
១០) ទទួលយកការរឹះគន់ក្នុងន័យស្ថាបនា
កុំគិតថាខ្លួនជាអ្នកច្នៃម៉ុត មានគំនិតល្អប្លែករហូតអី។ ការរឹះគន់របស់អតិថិជនជាអ្វីដែលអ្នកចាំបាច់ទទួលយកហើយកែលម្អរចំនុចខ្វះខាតខ្លួន។ មិនតែប៉ុណ្ណោះការដែលអតិថិជនមានន័យថាគាត់កំពុងប្រាប់ពីតម្រូវការដែលគាត់ចង់បាន ហើយវាជាឱកាសល្អក្នុងការទទួលបានទីផ្សារកាន់តែច្រើនព្រោះយើងដឹងពីតម្រូវការអតិថិជនកាន់តែច្បាស់។
ដោយ៖ យ៉ាយ៉ា