មិន​យូរទេ វៀត​ណាម​នឹង​ក្លាយជា​មជ្ឍ​មណ្ឌល​ Startup ឈានមុខគេក្នុង​តំបន់​អាស៊ាន​​



វៀតណាមនឹងក្លាយជាមជ្ឈមណ្ឌល Tech Startup មួយយ៉ាងឆាប់រហ័សក្នុងតំបន់អាស៊ាន ដែលមាន១០ប្រទេសមួយនេះ។ តើ​អ្វីទៅ​ជា​កត្តា​ជំរុញ​ពី​ក្រោយការ​ផ្លាស់​ប្តូរ​មួ​យ​នេះ ហើយ​តើ​វៀ​តណាម​អាចចាប់​យក​​​ឱកាស​ដូច​នៅប្រទេស​សិង្ហ​បុរី និង​ឥណ្ឌូ​នេស៊ី​បានដែរឬទេ?

អាស៊ានបានក្លាយទៅជាតំបន់មួយ​មានភាព​ចាស់​ទុំ និង​ក៏​ជាឋានសួគ៌របស់វិនិយោគិនផ្នែក​បច្ចេកវិទ្យាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សិង្ហ​បុរី​ ឥណ្ឌូ​នេស៊ី និង​ម៉ាឡេ​ស៊ី​ បានក្លាយ​ជា​មជ្ឍ​មណ្ឌល​​ថ្មី​ផ្នែក​ឌីជីថល​ ដែល​នាំឱ្យមានលំហូរវិនិយោគទាំងក្នុងនិងក្រៅប្រទេសយ៉ាងច្រើន។ ប៉ុន្តែជាមួយនឹងការកើនឡើងនូវ ecosystems ថ្មីដ៏គួរឱ្យចាប់​អារម្មណ៍​នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក៏មានការ​បែង​ចែក​ការ​វិនិយោគ​នឹង​មានការ​ផ្លាស់​ប្តូរ​នៅ​ឆ្នាំ​បន្ទាប់។ ប្រទេសវៀតណាមត្រៀមខ្លួនដើម្បីយកទុនលើការផ្លាស់ប្តូរទិដ្ឋភាពវិនិយោគ និង​ត្រៀម​ខ្លួន​ដើម្បី​បង្កើត​ជាកន្លែង​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ឌីជីថល​ Startup ក្នុ​ងអនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។​

អ្វី​ទៅ​ដែ​ល​ជំរុញ​ឲ្យ​វៀតណាម​អាច​ក្លាយ​ជា​មជ្ឍ​មណ្ឌល​ Tech Startup នៅ​តំបន់​អាស៊ាន?

១) ជាទី​ផ្សារ​ដែល​មានសក្តា​នុពល​ខ្ពស់

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ ២០១៨ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ​បាន​ឲ្យដឹង​ថា Startup ​របស់​វៀតណាម​ផ្ទាល់​មាន​ប្រមាណ ៣០០ ដែល​ប្រតិ​បត្តិ​ការ​លើ​វិស័យ​ជា​ច្រើន ​មាន​ទាំងពាណិជ្ជកម្ម​អេឡិច​ត្រូនិក ផ្នែក​សុខភាព Fintech និង​ការ​លក់​ម្ហូប​អាហារ​លើ​ប្រព័ន្ធ​អន​ឡាញ​ជាដើម។ ​ប្រធានអាស៊ីប៉ាស៊ីហ្វិក និងជា​សមាជិកគណៈកម្មាធិការប្រតិបត្តិនៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (WEF) បាន​លើក​ឡើង​ថា “Startup នៅ​ក្នុង​ប្រទេស​វៀត​ណាម​មានសភាព​រស់​រវើក និង​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​ startup តាម​បណ្តា​ប្រទេស​នានានូវ​ឱកាស​វិនិយោគ​ក្នុ​ងប្រទេស​មួយ​នេះ”។​ ជាក់ស្តែង​ដូច​ Grab និង​ Go-Jek បាន​ចូល​មក​ដល់​ទី​ផ្សារ​ប្រទេស​មួយ​នេះ​ហើយ និង​បាន​​បង្កើត​ Go-Viet Service ជាមួយ​ដៃគូ​វៀត​ណាម​ (ចេញ​ពី Go-Jek) សម្រាប់​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​វៀ​ត​ណាមក្នុ​ងតម្លៃ ៥ ប៊ី​លាន​ដុល្លារ។ ការ​វិនិយោគ​នៅក្នុង​ស្រុក​មាន​ទំ​ហំ​ទឹក​ប្រាក់​ប្រមាណ ៤៥លាន​ដុល្លារ ខណៈ​ដែល​ការ​វិនិយោគ​ពី​វិនិយោគិន​បរទេស​មាន​ប្រមាណ​ ២៤៥លាដុល្លារ។

ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិក បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និង​ការ​លក់​អាហារ​តាមអន​ឡាញ​ ត្រូវ​បានគេ​សង្កេត​​ឃើញថាមានការ​វិនិ​យោគ​ច្រើន​ដែល​មាន​តួរ​លេខ​រៀង​គ្នា ៨៣ លាន​ដុល្លារ ៦៥ លាន​ដុល្លារ និង ៥៧ លាន​ដុល្លារ។ ក្រៅ​ពី​នោះ​នៅ​មាន​ការ​វិនិយោគ​ផ្សេង​​ទៀត​លើ​វិស័យ​មួយ​ចំនួនគឺ ទេសចរណ៍​អន​ឡាញ ការដឹកជញ្ជូន (Logistics) និង​បណ្តាញ​ទំនាក់​ទំនង​នានា។ ​ឧស្សាហកម្ម​ដែល​ចាត់​ចូល​ក្នុ​ងលំដាប់​ទី​៤នៅគឺ ការ​ភ្ជាប់​ទំនាក់​ទំនង (តាម​អ៊ីន​ធឺណេត) ដែល​ភ្ជាប់មនុស្ស​ទៅ​នឹង​ពិភព​លោក​ដោយ​គ្មា​នព្រំ​ដែន។ ជាមួយ​នឹង​ចំនួន​ប្រជាជន ៩៧,២១៤,៩២១ នាក់ដែល​អាច​ចាត់​ទុក​បាន​ថា​ជាចំនួន​ច្រើន​ ហើយ​ស្ទើរ​គ្រប់គ្នា​សុទ្ធ​តែមាន​ Smart phone នៅក្នុងដដែល​កំពុង​​ភ្ជាប់ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា ហើយ​ក៏​ជា​ការ​បង្កើត​ឱកាសលើ​ការ​វិនិយោគ​ផ្នែក​ Tech Startup នេះ​បាន​យ៉ាង​ល្អ​ប្រសើរ។​​ 

២) ការគាំ​ទ្រពី​រដ្ឋាភិ​បាល​

ដើម្បីជា​ការ​លើក​កំពស់ និ​ង​លើក​ទឹក​ចិត្ត​ដល់​សហគ្រិន​ភាព​ក្នុងប្រទេស រដ្ឋាភិ​បាល​វៀត​ណាម​បាន​បង្កើត​នូវ​មូល​និធិ​រដ្ឋ ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រុង​ដើម្បី​គាំទ្រដល់​ Startup ថ្មីៗ​។ បន្ថែម​ពី​នេះ​ក៏​នៅ​មាន​ការជំរុញឲ្យ​​រួម​ទុន​ពី​បណ្តា​ប្រទេស​ដទៃ ធនាគារ និង​ដាក់​ចេញ​នូវ​កម្ម​វិធីមួយ​ចំនួន​ដែល​ផ្តល់​ភាពងាយស្រួល​ដល់កម្ចី​អាជីវកម្ម​សម្រាប់ Startup ក៏​ដូចជា​ការ​បណ្តុះ​បណ្តាល​ផ្នែក​បច្ចេក​វិទ្យា។

៣) គេ​ថា​វៀត​ណាម​ជា​ mini-China

ដោយ​យោង​តាម​ឥទ្ធិ​ពល​នៃ​កំណែ​ទម្រង់​សេដ្ឋកិច្ចដូយមើយ (Doi Moi) កាល​ពី​ឆ្នាំ ១៩៨៦ ដំណើរ​របស់​វៀត​ណាមគឺ​នៅ​លើ​ផ្លូវ​មួយ​ដែល​អាចឆ្លុះ​បញ្ចាំង​ពី​ប្រទេស​ជិត​ខាងដ៏ធំ​មួ​យរបស់​ខ្លួនគឺ​ចិន។ ទាំង​ពីរ​នាក់ ចិន​និង​វៀតណាម​ជាប្រទេស​មាន​របប​នយោ​បាយកម្មុយនីស តែ​មាន​មាន​របបសេដ្ឋ​កិច្ច​បែប​ទីផ្សារ។​​​ ពួកគេ​មាន​លំនាំ​នៃ​កា​រ​រីក​ចម្រើន​ស្រដៀងគ្នា​ ដែល​វៀត​ណាម​សព្វ​ថ្ងៃជា​គោល​ដៅ​ដ៏​ធំ​សម្រាប់​ផលិត​កម្មនៃ​​សាជីវកម្ម​ពហុជាតិ multinational corporations (MNCs) ពិសេស​លើ​វិស័យ​អេឡិចត្រូនិក។ 

វៀត​ណាម​បាន​ក្លាយ​ជា​ទី​កន្លែង​នៃ​ការ​ចាប់ផ្តើម​យ៉ាងក្រាស់​ក្រែលនៃអាជីវកម្ម Startup។ ​​ចំនួននៃការចាប់ផ្ដើមអាជីវកម្មថ្មីនេះក៏បានកើនឡើងដល់ប្រហែល ៣ ពាន់ Startup ដោយក្នុ​ងនោះ​មានក្រុមហ៊ុនចំនួន ៩២ បាន​ចុះ​កិច្ចព្រមព្រៀងដែលមានតម្លៃ ២៩២ លានដុល្លារក្នុងឆ្នាំ ២០១៧ ហើយ​នេះ​វា​បង្ហាញ​ពីការ​កើន​ឡើង​ចំនួន​ក្រុម​ហ៊ុន​បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៣ មាន​ចំនួន​ ២៥ ក្រុម​ហ៊ុន​តែប៉ុណ្ណោះ។

៤) វៀតណាមកំពុង​ងើប​ឡើងចាប់​យក​ឱកាស​ធ្វើ​ជាអ្នក​ខ្លាំង​ក្នុ​ងតំបន់ ប្រជែង​សិង្ហ​បុរី

កាលពី​ឆ្នាំ​ ២០១៦សិង្ហ​បុរី​ជាអ្នក​នាំ​មុខគេ​ក្នុង​​នៅ​លើ​ឆាក​ Startup ក្នុងតំបន់​អាស៊ាន​ តែ​ពេល​នេះ​វៀត​ណាម​បាន​កំពុង​ងើប​ឡើង​ដើម្បី​ទាញ​យក​តំណែង​នេះ។ វា​អាចជានឹង​មាន​អំណោយ​ផល​ជាង​សិង្ហ​បុរីក៏​ថា​បាន​ បើយើង​ប្រៀប​ធៀបពី​ចំនួន​ប្រជាជន​របស់​វៀតណាម ៩៧,២១៤,៩២១ នាក់​ និង​សិង្ហបុរី ៥,៧៩១,៩០១ នាក់​។ ចំនួន​ទីផ្សារ​ក្នុ​ង​ស្រុក​ធំវានាំ​ឲ្យ​មាន​មធ្យោ​បាយ​កំណើន​ បូក​ផ្សំ​នឹង​ភាព​សម្បូរ​បែប​មួយ​ចំនួន​ទៀត​ពិសេស​ ពលកម្ម​ជំនាញ​និង​តម្លៃ​ពលកម្ម​ទាប។

សិង្ហ​បុរី​ក៏​ជា​កន្លែង​មួយដែល​ចាត់​ទុក​ថា​មានតម្លៃ​ថ្លៃជាងគេក្នុងពិភពលោក​ ចំពោះ​អចលន​ទ្រព្យ ទំនិញ ថ្លៃ​ពលកម្ម​និង​អ្វីៗ​ដទៃ​ទៀត ដែល​ផ្ទុយ​ពី​វៀត​ណា​ម​ជាទី​តាំង​មួយ​អាច​ចំ​នាយ​លើ​ការរស់​នៅទាប។ វាអាច​ក្លាយ​ជាគោល​ដៅ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​សម្រាប់​បច្ចេក​វិទ្យា​ជាន់​ខ្ពស់ក្នុងការធ្វើអាជីវកម្ម​។

តែ​មុន​ពេល​អា​ច​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​បាន លុះ​ត្រា​តែ​រដ្ឋាភិបាល​វៀត​ណាម​ត្រៀម​រួចជាស្រេច​លើ​ការ​អភិ​វឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ​ និងបន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ធ្វើ​អាជីវកម្ម​ជាមុន​សិន។ បច្ចុ​ប្បន្ន​វៀត​ណាម​ឈរ​នៅ​លំដាប់ទី ៧៩ ក្នុ​ងចំណោម​ប្រទេស ១៣៨ ដែល​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ល្អ​មានគុណ​ភាព​ខ្ពស់។ ទោះ​ជា​យ៉ាង​ណា​វៀត​ណាម​ក៏​នៅ​តែ​បន្ត​ការ​អភិ​វឌ្ឍ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ដែក​បន្ថែម​ទៀត។ មាន​គម្រោង​​ចំណាយ​ប្រមាណ ៩២១ ប៊ី​លាន​ដុល្លារ​ក្នុ​ងការ​វិនិយោគ​លើ​ ផ្លូវ​ដែក អគ្គិ​សនី ហេដ្ឋា​រចនាសម្ព័ន្ធទីក្រុង​សម្រាប់​ឆ្នាំ ២០២០ ហើយ​នេះ​កាន់​តែ​បង្ហាញ​ពី​ឱកាស​វិនិយោគ​លើ​ Startup ក្នុ​ងប្រទេស​ខ្លួន​។   

បញ្ហា​ប្រឈម​នៅ​តែ​មាន​

ទោះ​បី​មាន​សក្តា​នុពល​ផ្នែកទីផ្សារ រួម​នឹង​ការគាំ​ទ្រពី​រដ្ឋា​ភិបាល​ក៏​ដោយ តែ​បញ្ហានិង​ឧបសគ្គ​នៅតែ​មាន​សម្រាប់ Startup ក្នុង​ប្រទេស​វៀត​ណាម។ បញ្ហា​ចំបង​នោះ​នៅ​តែ​ចោទ​ទៅ​លើ​ដើម​ទុន​ ហើយ​បញ្ហា​មួយ​នេះ​មិន​មែន​កើត​ឡើង​តែ​ចំពោះ​វៀតណាម​ទេ ទោះ​ជាអាជីវកម្ម​ប្រភេទ​ណា ក្នុង​ប្រទេស​ណា​ក៏​ជួប​បញ្ហា​មួយ​នេះ​ដោយ​ចៀស​មិន​រួច។ បញ្ហា​ទី​២ បច្ចេក​វិទ្យា​នៅ​តែ​បង្ក​ជា​បញ្ហា​សម្រាប់​អាជីវកម្មមួយ​ចំនួន​ ប៉ុន្តែតែ​​វាកំពុង​ធ្វើ​ដំ​ណើរ​លើ​ផ្លូវ​មួ​យ​ឈាន​ទៅ​រក​ភាពល្អប្រសើរ​ជាបន្តបន្ទាប់​ក្នុងប្រទេស​វៀត​ណាម​បច្ចុ​ប្បន្ន​។

ការ​ចូល​រួម​ពី Startup ចំនួន​ ៨០ ពី​អាស៊ាន​បានសន្យា​ថា​នឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​រួមគ្នា​មួយ​នៅថ្ងៃ​អនាគត។ រដ្ឋាភិ​បាល​វៀត​ណាម​ចង់​ឃើញ​​កិច្ចសហប្រតិបត្តិការគ្នាមួយ​នេះ​ក្នុង​គោល​បំណងឲ្យ​ពិភព​លោក​ដឹង​ថា Startup នៅក្នុងតំបន់​អាស៊ាន​បាន​នឹង​កំពុង​ពង្រីក​សក្តា​នុពល​របស់​ខ្លួន​កាន់​តែ​ធំ​ឡើង និង​ឱកា​សនៃ​ការ​វិនិយោគ​កាន់​តែ​ច្រើន​៕

ដោយ៖ យ៉ាយ៉ា

 

X
5s