សហគ្រិនគ្រប់រូបគួរតែត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់អនាគតខាងមុខ?
គ្មានអ្នកណាអាចទាយទុកបានយ៉ាងច្បាស់ជាមុនថា តើពិភពលោកនឹងមានអ្វីកើតឡើងនៅពេលខាងមុខ? សង្គ្រាម ? គ្រោះធម្មជាតិ? វិបត្តិសេដ្ឋកិច្ច? ប៉ុន្តែអ្វីៗទាំងនេះគឺបានបង្រៀនអ្នករួចទៅហើយនៅក្នុងប្រវត្តិសាស្ត្រកន្លងមក។ ដោយសារតែពិភពលោកកំពុងស្ថិតនៅក្នុងការឃុំគ្រងដោយភាព រង្គោះរង្គើទីផ្សារ ភាពមិនប្រាកដប្រជា និងភាពស្មុគស្មាញកាន់តែច្រើនឡើង ដូចនេះ សហគ្រិនម្នាក់ៗសុទ្ធតែឈរនៅលើផ្លូវៗ ២ គឺអាចបរាជ័យ ឬ ជោគជ័យ ខណៈដែលបដិវត្តបច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់នៅគ្រប់វិស័យទាំងអស់។ យ៉ាងណាមិញ ដើម្បីត្រៀមខ្លួនសម្រាប់ពេលអនាគត សហគ្រិនទាំងអស់គួរស្វែងយល់ចំណុចខាងក្រោមនេះថា តើត្រូវត្រៀមខ្លួនបែបណាខ្លះ?
ការផ្លាស់ប្ដូរច្បាប់ទម្លាប់នៅក្នុងក្រុមហ៊ុនធំៗ
ក្រុមហ៊ុនខ្នាតយក្សលំដាប់ពិភពលោកដូចជា Uber, Facebook, Google, Amazon, Apple ។ ល។ បានដឹងរួចស្រេចទៅហើយថា ដើម្បីឲ្យក្រុមហ៊ុនមានដង្ហើមអាចរស់នៅក្នុងពេលអនាគតវែងឆ្ងាយបន្តទៅមុខទៀត ខ្លួនត្រូវខិតខំផ្លាស់ប្ដូរច្បាប់ទម្លាប់នៅក្នុងល្បែងជំនួញរបស់ខ្លួនតាមបែបបដិវត្តន៍ ឬធ្វើបច្ចុប្បន្នភាពជាប្រចាំ ។ នេះទាមទារឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនេះ ស្វែងរករបកគំហើញថ្មីៗ បង្កើតគំនិតច្នៃប្រឌិតឲ្យកាន់តែច្រើន ត្រូវគិតគូរឡើងវិញ រៀបចំយុទ្ធសាស្ត្រថ្មី អភិវឌ្ឍ កែប្រែ ឬដាក់ផែនការគោលដៅថ្មីដើម្បីប្រតិបត្តិការក្រុមហ៊ុនទាំងមូលប្រព្រឹត្តទៅយ៉ាងរលូនសមស្របតាមសម័យកាលពិភពលោក។
ទាំងអស់នេះវាដាច់ខាតត្រូវតែផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យា ដោយហេតុថា ស្ទើរតែគ្រប់សកម្មភាពរបស់មនុស្សនៅពេលបច្ចុប្បន្ននេះសុទ្ធតែចាំបាច់ត្រូវការបច្ចេកវិទ្យាជំនួយរួចទៅហើយ។ ពិភពលោកធ្លាប់បានឆ្លងកាន់សម័យកាលមួយដែលបច្ចេកវិទ្យាជាឱកាសនៃមុខជំនួញរហូតដល់ពេលបច្ចុប្បន្ន បច្ចេកវិទ្យាកំពុងក្លាយជាដង្ហើមនៃសង្វាក់អាជីវកម្មទាំងមូល។
បញ្ហាប្រឈមដែលសហគ្រិនកំពុងជួបប្រទះនៅពេលបច្ចុប្បន្ន
សូមស្រមៃបន្តិច អំពីបញ្ហាប្រឈមដែលសហគ្រិនបច្ចុប្បន្នកំពុងជួបប្រទះ។ វាជារឿងដ៏សំខាន់បំផុតមួយដើម្បីស្វែងយល់ឲ្យច្បាស់ថា តើអ្វីទៅជាលក្ខណសម្បត្តិរបស់សហគ្រិននៅពេលបច្ចុប្បន្ននេះ? លក្ខណសម្បត្តិរបស់សហគ្រិនដែលគេឃើញមានជាទូទៅ គឺជាមនុស្សម្នាក់ដែលសំបូរទៅដោយគំនិតថ្មីៗ ប្លែកៗ មានការទទួលខុសត្រូវក្នុងការផ្តល់គំនិតហិរញ្ញវត្ថុ និងអភិវឌ្ឍវាទៅជាការទិញដែលអាចធ្វើទៅបានសម្រាប់អតិថិជនគោលដៅដើម្បីស្វែងរកប្រាក់ចំណេញត្រឡប់មកវិញ។ និយាយឲ្យខ្លី និងងាយយល់ សហគ្រិនគឺជាអ្នកដែលអាចបញ្ឈប់សុបិនអាក្រក់របស់ក្រុមហ៊ុននៅថ្ងៃម្សិលមិញនៅត្រឹមថ្ងៃនេះ។
ផ្នត់គំនិតប្រើប្រាស់របស់អតិថិជនមិនស្ថិតស្ថេរទេ
ពីមុននៅពេលនិយាយពីធនាគារ គេនឹងដឹងថា ជាកន្លែងខ្ចីប្រាក់ ឬដាក់ប្រាក់បញ្ញើ។ ប៉ុន្តែ នៅពេលសព្វថ្ងៃនេះ ទីផ្សារនេះគឺពោរពេញទៅដោយជម្រើសយ៉ាងសំបូរបែបខណៈដែលស្ថាប័នហិរញ្ញវត្ថុដូចជា ម៉ាក្រូ និងមីក្រូហិរញ្ញវត្ថុ និងវិនិយោគិនផ្សេងៗទៀត បានបង្កើតគំនិតថ្មីៗដើម្បីឲ្យអតិថិជនអាចប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេបានយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត។ អតិថិជនចង់ទិញទំនិញដោយមិនបាច់ប្រើសាច់ប្រាក់ អតិថិជនអាចផ្ញើប្រាក់ដោយមិនបាច់ទៅធនាគារផ្ទាល់ អតិថិជនអាចទូទាត់ថ្លៃសេវាផ្សេងៗតាមអនឡាញ ជាដើមដែលទំនោរប្រើប្រាស់ទាំងនេះកាន់តែកើតមានជាបន្តបន្ទាប់ស្របតាមការប្រែប្រួលរបស់សង្គម។
សព្វថ្ងៃនេះ សមរភូមិជំនួញរបស់សហគ្រិនម្នាក់ៗគឺខុសគ្នាខ្លាំងណាស់។ វាពិតជាមានការប្រកួតប្រជែងច្រើន ប៉ុន្តែផ្អែកលើហេតុផលនិងគោលបំណងផ្សេងៗគ្នា។ បញ្ហាប្រឈមធំបំផុត របស់សហគ្រិនគឺការរកឲ្យឃើញពីគំនិតដ៏អស្ចារ្យ និងមានភាពច្នៃប្រឌិតណាមួយដែលមានសក្ដានុពលអាចទាញយកប្រាក់ចំណេញពីដៃអតិថិជនបាន។ តាមពិតទៅ មានមនុស្សច្រើនណាស់ដែលរកឃើញគំនិតល្អៗទាំងនោះ ក៏ប៉ុន្តែបញ្ហានៅត្រង់ថា តើអាចប្រែក្លាយគំនិតទ្រឹស្ដីទាំងនោះទៅជាការអនុវត្តដោយរបៀបណា?
នេះវាមានការពាក់ព័ន្ធទៅនឹងដំណើរការតាមបែបវិទ្យាសាស្ត្រដែលរួមមាន ការស្រាវជ្រាវ ការជួបជុំពិភាក្សាជាច្រើនដំណាក់កាលជាមួយអ្នកជំនាញៗដែលប្រមូលផ្ដុំដោយគំនិតល្អៗ និងប្លែកៗពីគ្នា ការបង្កើត និងកែសម្រួលផែនការអាជីវកម្ម កំណត់យុទ្ធសាស្ត្រទីផ្សារដែលល្អឥតខ្ចោះ មានក្រុមការងារដែលមានគុណភាពគ្រប់គ្រាន់ និងបង្កើតក្រុមហ៊ុនដែលមានស្តង់ដារត្រឹមត្រូវតាមច្បាប់ទម្លាប់របស់រដ្ឋជាដើម។ ដូចនេះ ហានិភ័យក៏មានកាន់តែមានច្រើនឡើង ដែរ ខណៈដែលច្រកបង្អួចនៃឱកាសដើម្បីឈោងចាប់យកក៏ស្តួចស្តើងទៅទៀត។ ប្រសិនឱកាសទាំងនោះមិនធ្លាក់មកលើដៃរបស់ខ្លួនទេនោះ វានឹងធ្លាក់លើកណ្ដាប់ដៃអ្នកដទៃជាមិនខាន។
យ៉ាងណាមិញ សហគ្រិននៅពេលបច្ចុប្បន្ននេះ មិនចាំបាច់ទាមទារទាល់តែមានគ្រប់ជំនាញដើម្បីចាប់ផ្តើមធ្វើអាជីវកម្មនោះទេ។ នៅខាងក្រោមនេះ គឺជាចំណេះដឹងមួយចំនួនដែលសហគ្រិនសម័យថ្មីត្រូវត្រៀមខ្លួនធ្វើអ្វីខ្លះដើម្បីភាពជោគជ័យអនាគតអាជីវកម្មរបស់ខ្លួន។
១. សហគ្រិនត្រូវមានភាពវៃឆ្លាត និងអាចគណនាមើលឃើញវែងឆ្ងាយ យល់ដឹង និងកំណត់បានវិសាលភាពនៃទីផ្សារ ព្រមទាំងមានយុទ្ធសាស្ត្រសម្រាប់ដាក់ចេញមកប្រកួតប្រជែង។ បន្ថែមពីនេះអ្នកគួរដឹងថា នៅពេលអនាគតតើអាជីវកម្មរបស់អ្នកអាចប្រតិបត្តិការដោយប្រើមនុស្ស ឬម៉ាស៊ីនដោយកម្រិតណា?
២. បច្ចេកវិទ្យាគឺពោរពេញទៅដោយអ្វីៗគ្រប់យ៉ាង។ សហគ្រិនដែលឆ្លាតវៃ នឹងធ្វើបានល្អបំផុតក្នុងការស្វែងយល់ពីអត្ថប្រយោជន៍របស់វា ទាញយកអត្ថប្រយោជន៍ពីសក្ដានុពលរបស់ខ្លួន និងប្រើប្រាស់វាដោយប្រុងប្រយ័ត្នដើម្បីសម្រេចបានគោលបំណងអាជីវកម្ម។
៣. បណ្ដាញទំនាក់ទំនងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ការស្គាល់មនុស្សជាច្រើនគឺជាការបើកទ្វារ និងបង្កើតឱកាសដ៏ល្អបំផុតមួយជាងអ្វីផ្សេងទៀត។ មនុស្សទាំងនោះគឺជាអ្នកប្រឹក្សាដ៏ល្អសម្រាប់អ្នក សម្រាប់ជួយកែតម្រូវនៅកំហុសឆ្គងរបស់អ្នក និងជួយស្វែងរកដំណោះស្រាយនៅ ពេលអ្នកមានបញ្ហា។
៤. ក្រុមការងារដំបូងដែលអ្នកបង្កើតឡើងត្រូវដាក់មនុស្សដែលសំបូរគំនិត និងយុទ្ធសាស្ត្រដាក់បង្ហាញនៅលើតុមូល។ អ្នកមិនគួរយកមនុស្សដែលចាំតែឆ្លើយ "Yes Yes” មកធ្វើការនោះទេ។ អ្នកត្រូវវិនិយោគទុនរបស់អ្នកទៅលើមនុស្សដែលមានគំនិត និងប្រើប្រាស់សក្ដានុពលរបស់ពួកគេដើម្បីបង្កើតសមិទ្ធផលសម្រាប់ក្រុមហ៊ុនរបស់អ្នក។
៥. អ្នកត្រូវដឹងថា មានត្រឹមតែគោលដៅ អាជីវកម្មមួយមិនអាចមានជីវិតអមតៈបានទេ។ ការស្វែងរកប្រាក់ចំណេញក្នុងពេលដ៏ឆាប់រហ័ស និងដោយសុចរិត ហើយដកខ្លួនចេញក៏ជាវិធីដែលត្រូវដើរដែរនៅក្នុងសហស្សវត្សថ្មីនេះ។ ទន្ទឹមនឹងនេះ ការខិតខំប្រឹងប្រែង ការស្រាវជ្រាវស្វែងរកអ្វីថ្មីៗ ការចូលចិត្តការប្រកួតប្រជែង ការទប់ទល់នឹងហានិភ័យ ជាដើម គឺសុទ្ធតែជាគុណសម្បត្តិដ៏ល្អបំផុតមួយរបស់សហគ្រិន។
៦. សូមកុំភ័យខ្លាចហានិភ័យដែលកើតមានឡើង។ នៅថ្ងៃដំបូងៗលុយនឹងហូរដូចទឹកចេញពីហោប៉ៅរបស់អ្នក ហើយនៅក្នុងរយៈពេល ២ ទៅ ៣ឆ្នាំដំបូង ច្បាស់ណាស់ថា ចំណូលរបស់អ្នកនឹងតិចជាងចំណាយ។ ប៉ុន្តែអ្នកត្រូវដឹងថា នេះជាលំហូរនៃការធ្វើជំនួញរបស់សហគ្រិនដែលវាមានដំណាក់កាលខាតបង់មុន បន្ទាប់មកទើបមានដំណាក់កាលកើបប្រាក់ចំណេញ។
៧. អ្នកគឺជាអ្នកត្រួសត្រាយផ្លូវ និងទទួលខុសត្រូវមុនគេនៅក្នុងអាជីវកម្មរបស់អ្នក។ រាល់ការស្នើសុំរបស់អតិថិជន ដូចជាការបញ្ចុះតម្លៃ ការបន្ទាបគុណភាពផលិតផល ឬសេវាកម្មរបស់អ្នកមិនមែនសុទ្ធតែជារឿងត្រឹមត្រូវនោះទេ។ នៅក្នុងស្ថានភាពនេះ អ្នកមិនត្រូវលក់ក្នុងស្ថានភាពបង្ខំចិត្តនោះទេ។ អ្នកត្រូវរកយុទ្ធសាស្ត្រផ្សេងពីនេះ ដោយធ្វើការពិភាក្សាជាមួយក្រុមការងាររបស់អ្នកដើម្បីទាក់ទាញអតិថិជនមកចាប់អារម្មណ៍លើផលិតផល ឬសេវាកម្មរបស់អ្នក។
៨. ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងឯកទេសជំនាញរបស់អ្នកឲ្យបានច្បាស់ ចំណេះដឹងច្បាប់ សីលធម៌ វប្បធម៌ សេដ្ឋកិច្ច នយោបាយ និងចំណេះដឹងផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធ ទៅនឹងជំនួញរបស់អ្នក។ ការរៀនសូត្រដែលមុខវិជ្ជាជំនួញរបស់អ្នកមិនធ្វើឲ្យអ្នកជោគជ័យនោះទេ ហើយការដែលរៀនសាលាល្អល្បីក៏មិនសុទ្ធតែធានាបានពីអនាគតអាជីវកម្មរបស់អ្នកនោះដែរ។ អ្វីៗគឺ ត្រូវពឹងលើសមត្ថភាពរបស់អ្នក ពោលគឺថា តើអ្នកមានយុទ្ធសាស្ត្រ គំនិត ចំណេះដឹង និងការអនុវត្តបានទូលំទូលាយកម្រិតណា?
៩. ដោយសារតែអនាគតស្ថិតនៅក្នុងភាពមិនប្រាកដប្រជា អ្នកត្រូវបណ្ដុះភាពជឿជាក់ និងឲ្យតម្លៃលើការបំផុសគំនិតថ្មីៗជារឿងសំខាន់។ នៅពេលអ្នកមានភាពជឿជាក់ ក្តីសង្ឃឹមនឹងកើតមានឡើងដែលវានឹងជួយលើកទឹកចិត្តអ្នកបន្តដំណើរទៅមុខទៀតដោយមិនខ្លាចនឿយហត់។
១០. ធ្វើជំនួញដែលបម្រើដល់ផលប្រយោជន៍មនុស្សជាតិ។ អ្នកជួយពួកគេបានកាន់តែច្រើន ចូលរួមចំណែកអភិវឌ្ឍពិភពលោកបានកាន់តែច្រើន អ្នកនឹងទទួលបានការតបស្នងមកវិញកាន់តែច្រើនដែលនោះគឺ កេរ្តិ៍ឈ្មោះ ការឲ្យតម្លៃ និងប្រាក់ចំណេញ៕
ប្រភព៖ Entrepreneur