សំណួរសំខាន់ៗដ៏សាមញ្ញៗទាំង៤ ដែលអ្នកគួរចេះសួរខ្លួនឯងរាល់ថ្ងៃ
ការសួរសំណួរខ្លួនឯង ប្រៀបបានទៅនឹងការដាស់តឿន ក្រើនរំលឹកខ្លួនឯងអីចឹង។ ពេលខ្លះបើអ្នកបណ្ដោយខ្លួនឯងតាមតែការនឹកឃើញពេកនោះ អ្នកអាចនឹងមានអារម្មណ៍មិនល្អដោយសារតែការជួបឧបសគ្គក្នុងជីវិតមិនខាន។ ខាងក្រោមនេះជាសំណួរដែលអ្នកគួរចងចាំហើយ ត្រូវសួរខ្លួនឯងរាល់ថ្ងៃ៖
១) តើរឿងល្អអ្វីខ្លះកើតឡើងនៅថ្ងៃនេះ៖ តើរឿងអ្វីខ្លះដែលធ្វើឲ្យអ្នក មានមោទកភាព សប្បាយចិត្តនៅក្នុងថ្ងៃនេះ? មិនថារឿងនោះតូចឬធំ តិចឬច្រើនឲ្យតែវាបានធ្វើឲ្យអ្នកសប្បាយចិត្តគឺអ្នកត្រូវតែលើកវាឡើង។ ហើយវាគ្រាន់តែជារឿងធ្វើឲ្យអ្នកសប្បាយ ឬក៏ជារឿងជោគជ័យអ្វីមួយ ដែលអ្នកមិនដែលជួបពីមុន? ការសូរសំណួរនេះ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយចិត្តនិងគិតពីរឿងវិជ្ជមានជានិច្ច។
២) តើអ្នករៀនសូត្របានអ្វីខ្លះ៖ តើអ្នកអាចរៀនសូត្រនិងទទួលបានបទពិសោធន៍យ៉ាងណាខ្លះហើយ? តើកំហុសណាខ្លះដែលអ្នកមានហើយសន្យាថាថ្ងៃមុខមិនឲ្យកើតឡើងទៀត? ការគិតបែបនេះវានឹងជួយឲ្យអ្នកជៀសវាងការបង្កកំហុសនៅថ្ងៃមុខ។
៣) តើរឿងសំខាន់អ្វីទៅដែលអ្នកត្រូវសម្រេចថ្ងៃស្អែក៖ អ្នកត្រូវសួរថា តើរឿងសំខាន់ៗ អ្វីខ្លះដែលអ្នកត្រូវធ្វើ? គួរកត់ត្រាវាទុកព្រោះថាការធ្វើបែបនេះ វានឹងដាស់តឿនដល់អ្នកថា នៅមានរឿងសំខាន់ៗជាច្រើន អ្នកត្រូវយកចិត្តទុកដាក់លើ។
៤) តើនរណាជាមនុស្សសំខាន់ជាងគេសម្រាប់អ្នក? តើស្អែកអ្នកគួរធ្វើអ្វីជាមួយគេ៖ អ្នកត្រូវដឹងថា តើអ្នកណាខ្លះដែលដើរតួសំខាន់បំផុតក្នុងជីវិតអ្នកខ្វះមិនបាន? គ្រួសារ ស្នេហា ឬមិត្តភក្ដិ? ទោះបីមានការងារជាច្រើនដែលអ្នកត្រូវធ្វើ តែក៏មិនត្រូវបណ្ដោយឲ្យពួកគេនៅម្នាក់ឯង នឹងមានអារម្មណ៍ឯកោ ដោយសារអ្នកដែរ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា