វិធីស្រួលៗ ៥ ចំណុចជួយកុំឲ្យមានមុនតទៅទៀតដោយមិនបាច់ចំណាយថវិកាច្រើន
មនុស្សជាច្រើនតែងពិបាកចិត្ត ខ្លាំងដោយសារតែមុនធំៗ នឹងមុនតូចៗដែលមានលើផ្ទៃមុខគេនោះ។ វាធ្វើឲ្យពួកគេអៀនខ្មាសមិនហ៊ានចេញទៅណាមកណា ដោយសារតែការបិទបាំងគ្រប់ពេលវេលានេះ។ ហេតុនេះហើយអ្នកត្រូវតែដឹងពីវិធី ដែលអាចលុបបំបាត់មុនហើយការពារកុំឲ្យវាកើតមានលើអ្នកទៀត នៅខាងក្រោមនេះ៖
១) ឧស្សាហ៍ហាត់ប្រាណ៖ ការហាត់ប្រាណក៏ជាវិធីមួយជួយបំបាត់មុខមុនផងដែរ ព្រោះការហាត់ប្រាណ អាចកាត់បន្ថយភាពតានតឹង ដែលនាំឲ្យមានជាតិខ្លាញ់កើតឡើងលើផ្ទៃមុខអ្នក។ មិនត្រឹមតែប៉ុណ្ណោះ វាសំអាតកំណកក្នុងស្បែកមុខរបស់អ្នកតាមការបញ្ចេញញើសនោះ រួមទាំងជម្រុះចោលស្បែកងាប់ៗទៀតផង។
២) កុំសូវប៉ះមុខអ្នកពេក៖ វាអាចជារឿងពិបាកដែលអ្នកមិនប៉ះមុខនោះ តែអ្នកត្រូវតែធ្វើវាព្រោះថាការយកដៃទៅប៉ះមុខ វានឹងបណ្ដាលឲ្យមេរោគទាំងនោះកាន់តែរីករាលដាលហើយម្យ៉ាងទៀតមេរោគជាប់ដៃអ្នកក៏អាចធ្វើឲ្យមុននោះកាន់តែរីកធំខ្លាំងផងដែរ។
៣) ពិសាអាហារឲ្យបានត្រឹមត្រូវ៖ បើជៀសបានសូមកុំពិសាអាហារដែលសំបូរដោយជាតិខ្លាញ់ ប្រៃ ឬក៏ហឺរពេក ហើយគួរងាកមកពិសា បន្លែ ផ្លែឈើ រួមទាំងពិសាទឹកឲ្យបានច្រើនក៏កាន់តែល្អ។
៤) សម្រាកឲ្យគ្រប់គ្រាន់៖ សម្រាកឲ្យបានយ៉ាងតិចបំផុត ៨ម៉ោងក្នុងមួយថ្ងៃព្រោះថាបើអ្នកសម្រាកបានតិចស្បែកចាស់របស់អ្នកនឹងពុំមានឱកាស បន្លាស់ទៅជាស្បែកថ្មីឡើយ។
៥) ដុសសំអាតជាមួយផលិតផលដែលមិនសូវកាត់ខ្លាំង៖ អាចថា មុខរបស់អ្នកមានមុនខ្លាំង ហេតុនេះទើបអ្នកប្រើប្រាស់ផលិតផលដែលអាចកាត់ខ្លាំង ទើបឆាប់បាត់។ តែវា ខុសទាំងស្រុង ព្រោះថា ផលិតផលទាំងនោះ វាសំបូរទៅដោយសារជាតិកាត់ដែលបង្កឲ្យកោសិកាមុខ កាន់តែស្ដើង ហើយមេរោគនានា នឹងកាន់តែឆាប់រាតត្បាតខ្លាំងលើផ្ទៃមុខថែមទៀត៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា