ប្រើ​ច្បាប់​ Pareto​ 80/20 ​ដើម្បី​ផ្លាស់​ប្ដូរ​ជីវិត​របស់​យើង​​



ច្បាប់​ Pareto​ 80/20 ​​ជា​ច្បាប់​សាមញ្ញ​មួយ​តែ​វា​មាន​វា​មាន​ចំណុច​ពិសេស​ជា​សារវន្ត​សម្រាប់​អ្នក​ចង់​ក្លាយ​ទៅ​ជា​សហគ្រិន ​ក៏​ដូច​ជា​សម្រាប់​មនុស្ស​ទូទៅ​អីចឹង​ដែរ។ ​ច្បាប់​នេះ​ អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​យើង​បាន។ ​រូប​មន្ត​ 80/20 ​​ជា​គោលការណ៍​មួយ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ គោលការណ៍​ Pareto​ដែល​មាន​ន័យ​ថា​ ​៨០%​​នៃ​លទ្ធផល​​ (outcomes) ​គឺ​កើត​ចេញ​ពី​ការ​ប្រឹង​ប្រែង​​ (effort) ​ឬ​ធាតុ​ផ្សំ​ដើម (input) របស់​អ្នក​ ២០%។​ ​វា​​មិន​មែន​ជា​រូបមន្ត​បែប​គណិតវិទ្យា​ ឬ​ស្ថិតិ​ដែល​នាំ​ឱ្យ​ពិបាក​គិត​ ​និង​ពិបាក​យល់​នោះ​ទេ។

ច្បាប់​ Pareto គឺ​កើត​ចេញ​​ពី​គោលការណ៍​ដែល​ផ្ដល់​យោបល់​បង្កើត​ឡើង​ដោយ​អ្នក​ឯកទេស​ខាង​គ្រប់គ្រង​លោក​ Joseph M. Juran។ ​វា​បង្កើត​ឡើង​បន្ទាប់​ពី​សេដ្ឋ​វិទូ​អ៊ីតាលី​លោក​ Vilfredo Pareto ​បាន​សង្កេត​ឃើញ​ថា​ ​ប្រាក់​ចំណូល​សរុប​ ៨០%​របស់​អ៊ីតាលី​​ គឺ​មាន​តែ​ប្រជាជន​ប្រមាណ​ ២០%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ផល​។ ​ការ​ប៉ាន់ប្រមាណ​នេះ​អាច​ទាញ​សន្និដ្ឋាន​បាន​ថា​ លទ្ធផល​ដែល​កើត​មាន​ជា​ច្រើន​ក្នុង​លោក​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ គឺ​កំណត់​ដោយ​បុព្វហេតុ​ឬ​ដើម​ចម​នៃ​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ។ ​​​​

​ពាក់​ព័ន្ធ​នឹង​ច្បាប់​លក់​វិញ​ លោក​ Perry Marshal ​អ្នក​និពន្ធ​សៀវភៅ​​ ៨០/២០​ ​​ការ​លក់​និង​ទីផ្សារ (80/20​​ Sales and Marketing)​ ​និង​ជា​​ប្រធាន​​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​​ Perry S. Marshall & Associates ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Chicago​​ បាន​ចំណាយ​ពេល​ជាង​ ១០​ឆ្នាំ​​ដើម្បី​​យក​រូបមន្ត​​ ៨០/២០​ ​យក​មក​អនុវត្តន៍​​​ក្នុង​ការ​លក់។ ​​គាត់​បាន​ពន្យល់​យ៉ាង​លម្អិត​នៅ​ក្នុង​សៀវភៅ​របស់​លោក​ ដែល​មាន​ឈ្មោះ​ថា​ 80/20 Sales and Marketing: The Definitive Guide to Working Less and Making More។ ​​ក្នុង​អត្ថន័យ​ខ្លឹមសារ​ខ្លី​ ​ងាយ​យល់​គឺ​ថា​ សហគ្រិន​ភាគ​ច្រើន​បំផុត​ចង់​បាន​ការ​ផ្គាប់​​ចិត្ត​អតិថិជន​ទាំង​អស់​ពោល ​​គឺ​​មិន​ចង់​ផ្គាប់ផ្គុន​អតិថិជន​មួយ​ផ្នែក​តូច​នោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​រូប​លោក​ Perry Marshal ​​ ការ​ធ្វើ​បែប​នេះ​​គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​​បំផុត​ ហើយ​សម្រាប់​រូប​លោក ​​រូប​មន្ត​នេះ​គឺ​​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​មាន​​ប្រសិទ្ធភាព​​​​ដើម្បី​ស្វែង​រក​អតិថិជន​ដ៏​ល្អ​បំផុត​ (lucrative customers) ​សម្រាប់​​ក្រុមហ៊ុន។

ដោយ​ឡែក​ បើ​និយាយ​ពាក់ព័ន្ធ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​វិញ​​ ​លទ្ធផល​ការងារ​ ឬ​លទ្ធផល​នៅ​ក្នុង​កិច្ចការ​គ្រួសារ​ ឬ​លទ្ធផល​នៃ​ការ​បំពេញ​ការងារ​សម្រាប់​ខ្លួន​ឯង​ ប្រមាណ​ ៨០%​កើត​ចេញ​ពី​សកម្មភាព​ប្រមាណ​តែ​ ២០%របស់​អ្នក​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ពាក់ព័ន្ធ​នឹង​​​រូបមន្ត​ គឺ​អ្នក​ប្រើ​បាន​ទាំង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ និង​ក្នុង​កិច្ចការ​អាជីវកម្ម៕​​ ​ ​​​​​​​​​​​

X
5s