លក្ខណៈ ៣ យ៉ាង ក្នុងការដឹកនាំដែលអ្នកត្រូវយកឈ្នះឲ្យបានពេលធ្វើជានាយកប្រតិបត្តិ
អ្នកបានព្យាយាមខ្លាំងណាស់មែនទេទម្រាំអាចក្លាយខ្លួនជានាយកប្រតិបត្តិ ជាអ្នកដឹកនាំថ្នាក់ខ្ពស់មួយរូបក្នុងស្ថាប័នមួយ។ វាមិនប្រាកដទេថា នៅពេលដែលអ្នកបានមកថ្ងៃនេះហើយគ្មានថ្ងៃធ្លាក់ចុះវិញ ប្រសិនបើអ្នកមានចំនុចមិនល្អនោះ។ ដូច្នេះលក្ខណៈមិនល្អអ្វីខ្លះដែលអ្នកត្រូវជំនះឲ្យបាន តោះទៅមើលខាងក្រោយទាំងអស់គ្នា៖
១) មោទនភាព និងអំនួតរបស់អ្នក
នរណាថាមិនមានមោទនភាពពេលខ្លួនអាចសម្រេចការងារ គោលបំណងដែលខ្លួនចង់បាននោះ ហើយឋានៈជានាយកប្រតិបត្តិក៏មិនមែននរណាក៏សុទ្ធតែអាចទទួលបានឯណា។ តែត្រូវចាំថាអ្នកមិនទាន់អ្នកត្រូវរៀនសូត្របន្ថែមជានិច្ច ព្រោះអ្នកមិនចេះគ្រប់ដប់ទេ ក៏មិនប្រាកដថាអ្នកនៅក្រោមបង្គាប់ចេះមិនដល់អ្នកនោះដែរ ការស្តាប់គំនិតយោបល់ពីមនុស្សជុំវិញខ្លួន បើចំនុចណាល្អយក ចំនុចណាមិនល្អសឹមបោះចោល។ ដាច់ខាតប្រកាន់គោលការណ៍ ខ្លួនជាមេធ្វើអ្វីក៏ត្រូវ។
២) យកឈ្នះការដែលដាក់បំរាម និងប្រុងប្រយ័ត្នស្ទើរតែរហូត
ពិតណាស់ថាធ្វើអ្វីមួយត្រូវមានការប្រុងប្រយ័ត្នជានិច្ច តែមិនមែនប្រុងប្រយ័ត្នរហូតមិនហ៊ានធ្វើអ្វីសោះនោះទេ។ ក្នុងនាមអ្នកជានាយកប្រតិបត្តិអ្នកគឺជាមនុស្សដែលមានធនធានច្រើនទាំងចំណេះវិជ្ជាខ្ពស់និងបទពិសោធន៍ អ្នកគួរយកធនធានទាំងនោះមកប្រើក្នុងការដឹកនាំ និងប្រតិបត្តិលើការងារជំនួញដែលអ្នកកំពុងគ្រប់គ្រង ចៀសវាងការខ្លាចទទួលហានិភ័យ ឬជួបរឿងបរាជ័យ។ បើអ្នកនៅតែខ្លាច មិនហ៊ានធ្វើនេះ មិនហ៊ានធ្វើនោះវាបង្ហាញពីភាពកំសាករបស់អ្នក។
៣) តិចគិតថាធ្វើជានាយកប្រតិបត្តិគិតតែពីផលចំនេញទៅ
នាយកប្រតិបត្តិជាបុគ្គលមួយរូបដែលគ្រប់គ្នាទុកចិត្ត ទើបក្រុមប្រឹក្សាភិបាលប្រគល់អំណាចដឹកនាំនិងគ្រប់គ្រងក្រុមហ៊ុន។ ការរីកចម្រើនរបស់ក្រុមហ៊ុនក៏ជារឿងដែលមួយដែលនរណាក៏ចង់បានរាប់តាំងពីក្រុមប្រឹក្សាភិបាលដល់អ្នកអនាម័យក្នុងក្រុមហ៊ុន។ អាជីវកម្មរីកចម្រើនដោយសារដំណើរការល្អ ការលក់ក៏មានការកើនឡើង ចំនូលប្រចាំខែ ប្រចាំឆ្នាំកើនឡើង នរណាក៏សប្បាយចិត្តចង់បាន។ តែមិនមែនដឹកនាំអាជីវកម្មមួយដោយសម្លឹងឃើញតែផលប្រយោជន៍មួយមុខ លក់ផលិតផលបោកប្រាស់អតិថិជនដើម្បីចំណេញខ្លួនឯងក៏នៅតែលក់ដែរទេ។ អ្វីដែលអ្នកត្រូវធ្វើគឺយល់ច្បាស់ពីតម្រូវការអតិថិជន ពេលអ្នកដឹងពីអ្វីដែលអតិថិជនចង់បានហើយចំនូលនឹងរត់ចូលមកឯង។ ហើយក៏វាគ្មានអ្វីពិបាកដែរក្នុងការកៀរគរវិនិយោគិន ក៏ដូចជាឆ្លើយសំនួរពីក្រុមប្រឹក្សាភិបាលពឹលអ្នកមានសំណើរចេញ ផែនការអនាគតថ្មីណាមួយនោះ។ វាក៏ជាជំនួយដល់អ្នកក្នុងការស្វែងរកផ្លូវដើម្បីដើរទៅដល់គោលដៅដែលអ្នកកំណត់រួមមក។ ត្រូវចាំថាពេលដែលអ្នកធ្វើបានល្អ ក្រុមហ៊ុនក៏រីកចម្រើនដែរ។
ដោយ៖ យ៉ាយ៉ា