ការប្រើប្រាស់កិរិយាសព្ទ Take ជា Delexical verbs ក្នុងភាសាអង់គ្លេស​



 នៅ​ក្នុង​វគ្គ​មុន យើង​បាន​សិក្សា​អំពី​កិរិយាសព្ទ Have/Has ដែល​ជា​ផ្នែក​មួយ​នៃ​កិរិយាសព្ទ Delexical verbs។ ក្នុង​វគ្គ​ទី២​នេះ​វិញ យើង​នាំ​គ្នា​បន្ត​សិក្សា​អំពី​កិរិយាសព្ទ Take នៅ​ពេល​វា​ត្រូវ​បាន​ប្រើប្រាស់​ជា Delexical verbs វិញ​ម្ដង។ តើ​មាន​នាម​អ្វីខ្លះ​ដែល​អាច​ប្រើប្រាស់​ជាមួយ​នឹង Take ?

១) ការ​លាង​សម្អាត = a bath, a shower, a wash …
ឧទាហរណ៍៖ I normally take a shower at 6 in the morning. (តាម​ធម្មតា​ខ្ញុំ​ងូតទឹក​នៅ​ម៉ោង​៦​ពេល​ព្រឹក។)

២) ការ​សម្រាក = a rest, a nap, a break, a holiday …
ឧទាហរណ៍៖ As long as you finish this section of exercises, I'll let you take a break and have fun with other kids. (ឲ្យតែ​ឯង​បញ្ចប់​លំហាត់​ផ្នែក​នេះ ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​ឯង​សម្រាក​និង​ចេញ​ទៅ​លេង​ជាមួយ​ក្មេងៗ​ដទៃ​ទៀត។)

ក្រៅពី​នាម​ទាំង​ពីរ​ប្រភេទ​ទាំងនេះ​ហើយ កិរិយាសព្ទ Take ក៏​ប្រើប្រាស់​ជាមួយ​នាម​ដទៃ​ទៀត​ដូចជា care/care of, a turn/turns, trouble/the trouble, a chance, a decision, a photo និង advantage of

ឧទាហរណ៍៖
១) Her sister is the one who takes care of her when her parents passed away a year ago. (បងស្រី​របស់​នាង​គឺជា​អ្នក​ដែល​មើល​ថែទាំ​នាង​នៅ​ពេល​ឪពុកម្ដាយ​របស់​នាង​បាន​ស្លាប់​កាល​ពី​១ឆ្នាំ​មុន។)

២)
Since we are both busy at work, we can only take turns to look after the baby. (ដោយសារតែ​ពួក​យើង​ម្នាក់ៗ​សុទ្ធតែ​រវល់​នៅ​កន្លែង​ការងារ ពួក​យើង​មាន​តែ​ប្ដូរ​វេន​គ្នា​មើល​កូន​តូច​របស់​យើង​នោះ​ឯង។)

៣) Can you take the trouble to find out more information about this matter, please ? (តើ​អ្នក​អាច​ព្យាយាម​ស្វែងរក​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ឲ្យ​ខ្ញុំ​បន្តិច​បាន​ទេ ?)

៤) You should take this chance to apologise to him. (អ្នក​គួរតែ​ឆ្លៀត​ឱកាស​ពេល​នេះ​ដើម្បី​សុំទោស​គាត់​ទៅ។)

 
ដូចគ្នា​ទៅ​នឹង​កិរិយាសព្ទ Have/Has ដែរ កិរិយាសព្ទ Take ក៏​អាច​ប្រើប្រាស់​ជាមួយ​នាម​ដែល​កកើត​ឡើង​ចេញ​ពី​កិរិយាសព្ទ ដែល​នាម​ទាំងនេះ​មាន​ដូចជា a risk, a look, a walk និង a swim
ឧទាហរណ៍៖
១) To take a risk can mean bravery, but you should always think about it twice before risking anything otherwise it'll be a foolish risk. (ការ​ប្រថុយ​នឹង​គ្រោះថ្នាក់​អាច​បង្ហាញ​ពី​ភាព​ក្លាហាន ប៉ុន្តែ​អ្នក​គួរតែ​គិតគូរ​ពី​វា​ឲ្យ​បាន​ម៉ត់ចត់​មុន​នឹង​ប្រថុយ​នឹង​គ្រោះថ្នាក់​អ្វីមួយ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ក្លាយ​ជា​ការ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដ៏​ល្ងង់ខ្លៅ​មួយ​មិនខាន។)

២) I love to take a walk in the park whenever the weather is nice. (ខ្ញុំ​ចូលចិត្ត​ដើរ​នៅ​ក្នុង​សួន​រាល់​ពេល​ដែល​អាកាសធាតុ​ល្អ។)

ដោយ៖ ស្រីពៅ

X
5s