ឱកាសវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងប្រទេសទាំង៦ ក្នុងតំបន់អាស៊ាន
ទោះបីជាមានភាពមិនច្បាស់ក្នុងការវិនិយោគ តែឱកាសលើវិស័យអចលនទ្រព្យនៅតែមាននៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ នេះបើយោងតាមក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យ Colliers International។ រដ្ឋាភិបាលប្រទេសទាំង១០ ក្នុងតំបន់អាស៊ានកំពុងធ្វើការផ្តោតទៅលើការផ្លាស់ប្តូរគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញវិនិយោគិន។ របាយការណ៍នេះបានធ្វើការបញ្ជាក់ទៅលើទៅទីផ្សារដែលលេចធ្លោចំនួន ៦ មានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន និងវៀតណាម។
ទៅមើលការសង្ខេបត្រួសៗពីប្រទេសទាំង ៦ ខាងក្រោម៖
១) ឥណ្ឌូនេស៊ី
ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ីគឺមាននៅទីក្រុងចំនួនពីរធំៗគឺ ទីក្រុងហ្សាការតា (Jakarta) និង ស៊ូរ៉ាបាយ៉ា (Surabaya)។ ការវិនិយោគពីបរទេស និងក្នុងស្រុកមានការកើនឡើងដោយសារមានកំណែទម្រង់ផ្នែកគោលនយោបាយរបស់រដ្ឋាភិបាលរបស់ប្រទេសដែលមានជនជាតិម៉ូស្លីមច្រើនជាងគេមួយនេះ។ បច្ចុប្បន្នការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺជាការផ្តោតសំខាន់របស់រដ្ឋាភិបាល ដែលបង្កើតឱកាសសម្រាប់ការអភិវឌ្ឍអចលនទ្រព្យនិងការអភិវឌ្ឍតាមបែបឧស្សាហកម្ម។ ផលចំនេញដែលទទួលបានគឺពី ៦ ទៅ ១០ភាគរយ វាអាស្រ័យតាមប្រភេទនៃអចលនទ្រព្យ។
២) ម៉ាឡេស៊ី
ការលើកទឹកចិត្តផ្នែកពន្ធដារគឺជាការស្នើឲ្យមានការគាំទ្រជាអាទិភាពលើវិស័យមួយចំនួនដូចជា វិស័យឧស្សាហកម្មឌីជីថល ស្ថិរភាពទីផ្សារអចលនទ្រព្យ និងការបន្ធូរបន្ថយលើអាជីវកម្មក្នុងប្រទេសម៉ាឡេស៊ី។ ឱកាសក្នុងកាវិនិយោគលើអចលនទ្រព្យនេះមាននៅ ទីក្រុងកូឡាឡាំពួរ ដែលភាគច្រើនជាការិយាល័យសម្រាប់ជួល និងហាងលក់ទំនិញ។ ផលដែលទទួលបានក្នុងតំបន់មានពី ៥.៥ ទៅ ៥.៦ភាគរយ។
៣) មីយ៉ាន់ម៉ា
ចំនួនគ្រួសារដែលមានចំណូលកណ្តាលនៅក្នុងប្រទេសនេះមានការកើនឡើង ដែលជាហេតុនាំឲ្យការប្រើប្រាស់ក៏មានការកើនឡើង ហើយជារួមគឺវាមានឱកាសច្រើនក្នុងការវិនិយោគពិសេសនៅជុំវិញទីក្រុងរ៉ង់ហ្គូន។ ទីផ្សារលក់រាយផ្តល់នូវឱកាសវិនិយោគ ដូចជាមជ្ឈមណ្ឌលលក់ទំនិញដែលមានការផ្តល់ជូនធំទូលាយអាចរកបានកាន់តែច្រើនឡើងៗ អ្វីដែលអាចរំពឹងទទួលមានអត្រាពី ៥ ទៅ ៨ ភាគរយ។
៤) ហ្វីលីពីន
សកម្មភាពសេដ្ឋកិច្ចដែលកំពុងទទួលការចាប់អារម្មណ៍គឺនៅទីក្រុងម៉ានីល និងតំបន់ជុំវិញនោះ។ រដ្ឋាភិបាលធ្វើការវិនិយោគទ្រង់ទ្រាយធំលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ។ Metro Manila បានឲ្យដឹងថាផ្នែកការិយាល័យនៅទីក្រុងម៉ានីលនៅតែរឹងមាំដោយរក្សាបាននូវកម្រិតថេរ ៥% បើទោះបីជាមានការកើនឡើង ៣៦% ក្នុងមួយឆ្នាំនៅក្នុងការផ្គត់ផ្គង់។ លំនៅដ្ឋានក្នុងឆ្នាំ ២០១៨ ទទួលបានកំណត់ត្រាថ្មីមួយដែលកើនឡើងដល់ ៥៤,០០០ឯកតា ជាមួយផលទទួលបាន ៤.៥ភាគរយ។
៥) ថៃ
បាងកកជាតំបន់ដែលមានសេដ្ឋកិច្ចមមាញឹកដោយមានការចូលរួមពីវិស័យបដិសណ្ឋារកិច្ចនិងការិយាល័យ។ ទេសចរណ៍ក៏មានការកើនឡើង អ្នកវិនិយោគលើសណ្ឋាគារនៅតែបន្តកើនដូចគ្នាជាមួយនឹងទិន្នផល ៦ភាគរយនៅក្នុងតំបន់។ ឱកាសក៏អាចរកបានសម្រាប់គម្រោងជួសជុលការិយាល័យនៅក្នុងទីក្រុងបាងកក ជាមួយនឹងទិន្នផលប្រមាណ ៥.៥%។
៦) វៀតណាម
វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រមាណ ៣០០ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៨ និងជាគោលដៅដ៏ពេញនិយមមួយរបស់ជប៉ុន សិង្ហបុរី និងវិនិយោគិនផ្នែកអចលនទ្រព្យដទៃទៀត។ វិស័យឧស្សាហកម្មត្រូវបានត្រៀមខ្លួនសម្រាប់កំណើនដ៏រឹងមាំនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខណៈដែលប្រទេសវៀតណាមត្រូវបានចាត់ទុកថាជាទិសដៅទាក់ទាញ សម្រាប់ប្រតិបត្តិការឧស្សាហកម្ម៕
ដោយ៖ យ៉ាយ៉ា