ហេតុ​អ្វី​ការអប់រំ​ក្រៅ​សាលា​​ មាន​តម្លៃ​​ជាង​អ្វី​ដែល​ត្រឹមតែ​​​​អង្គុយ​រៀន​​ក្នុង​ថ្នាក់​​?​



មនុស្ស​​ភាគច្រើន​នៅតែ​យល់​ថា សាលារៀន​គឺ​ជា​កន្លែង​ល្អ​បំផុត និង​ជា​ពេលវេលា​ដ៏​មាន​តម្លៃ​សម្រាប់​ផ្តល់​ចំណេះដឹង​ឲ្យ​​ខ្លួន។ សិស្ស​​និស្សិត​​​យល់​ថា សាលា​រៀន​គឺ​ជា​កន្លែង​ដែល​អាច​ផ្តល់​ចំណេះដឹង​បាន​ត្រឹមត្រូវ​ ហើយ​ទីបំផុត​ពួកគេ​​នឹង​​យក​ចំណេះដឹង​ទាំង​នោះ​ទៅ​អនុវត្ត​​​​​នៅ​លើ​ទីផ្សារ​​ការងារ​​ស្រប​តាម​បំណង​របស់​ខ្លួន​។ ប៉ុន្តែ​ពួកគេ​បាន​ភ្លេច​គិត​ទៅ​ហើយ​ថា ​ការ​អប់រំ​​នៅ​ក្រៅ​សាលា គឺ​មាន​សារសំខាន់​ជាង​ក្នុង​សាលា​ឆ្ងាយ​ណាស់។

នៅ​ខាងក្រោម​នេះ​អ្នក​នឹង​បាន​​ស្វែងយល់​ពី​មូលហេតុ​សំខាន់​ដែល​បញ្ជាក់​ថា ហេតុ​អ្វី​បានជា​ការ​អប់រំ​ក្រៅ​សាលា គឺ​មាន​តម្លៃ​លើស​ពី​សាលារៀន​? ​​​

ការ​អប់រំ​គ្មាន​ដែន​កំណត់​ទេ
ខណៈ​ដែល​​សាលា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កន្លែង​តែមួយ​គត់​​ដែល​ជា​ថ្នាក់​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ចាប់​តាំង​ពី​វ័យ​កុមារភាព​រហូត​ដល់​​មហាវិទ្យាល័យ​ ការ​​អប់រំ​វិញ​​គឺ​គ្មាន​ដែន​កំណត់​នោះ​ឡើយ។ ឆ្លង​កាត់​តាម​បទពិសោធន៍​របស់​អ្នក​កន្លង​មក អ្នក​អាច​ចាត់​ទុក​ថា ការ​អប់រំ​​គឺ​គ្រាន់តែ​ជា​ដំណើរការ​នៃ​ការ​រៀនសូត្រ ឬ​ទទួល​ចំណេះដឹង ជំនាញ តម្លៃ ជំនឿ និង​ទម្លាប់​របស់​អ្នក​ប៉ុណ្ណោះ។

អ្នក​ប្រហែល​ជា​​យល់​​ថា ការ​អប់រំ​ជា​ញឹកញាប់​កើតឡើង​នៅ​ក្រោម​ការ​ណែនាំ​របស់​អ្នក​អប់រំ​​ដែល​គេ​ហៅ​ថា គ្រូ សាស្ត្រាចារ្យ អ្នក​គ្រួ​បណ្តុះបណ្តាល​ប៉ុណ្ណោះ។ ប៉ុន្តែ​​វា​មាន​រឿង​វែងឆ្ងាយ​ជាង​នេះ​ទៅ​ទៀត​ ពី​ព្រោះ​ថា ការ​អប់រំ​ក៏​​រាប់​បញ្ចូល​ទាំង​​របៀប​ដែល​អ្នក​អប់រំ​ខ្លួន​ឯង​ផង​ដែរ។ សាលារៀន​គឺ​គ្រាន់តែ​ជា​កន្លែង​ជាក់លាក់​មួយ ប៉ុន្តែ​ការ​អប់រំ​អាច​ប្រព្រឹត្ត​ទៅ​គ្រប់​ទីកន្លែង​ គ្រប់ពេលវេលា និង​ជាមួយ​មនុស្ស​គ្រប់គ្នា​ ហើយ​រាប់បញ្ចូល​ទាំង​ខ្លួន​អ្នក​ផង​។

ការ​អប់រំ​អាច​​ត្រូវ​បាន​កំណត់​នៅ​ក្នុង​លក្ខខណ្ឌ​ផ្សេងៗ។ បទពិសោធន៍​ណាមួយ​ ​ដែល​មាន​ឥទ្ធិពល​លើ​​ការ​គិត អារម្មណ៍ ឬ​សកម្មភាព​​របស់​អ្នក​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ការ​អប់រំ​ដែរ​។

ការ​អប់រំ​គឺ​ជា​ទម្រង់​រៀនសូត្រ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​
តើ​អ្នក​មិន​ធ្លាប់​ឃើញ​ទេ​ថា មាន​បុគ្គល​ល្បីៗ​ និង​ជោគជ័យ​​ច្រើន​ណាស់​នៅ​លើ​ពិភពលោក​នេះ​ដែល​បាន​បោះបង់​សាលា​ចោល។ ប៉ុន្តែ​កុំ​យល់​ច្រឡំ​លើ​ចំណុច​នេះ។ ថ្វីត្បិត​តែ​ពួកគេ​បោះបង់​សាលា​ចោល​មែន ប៉ុន្តែ​បុគ្គល​ទាំង​នេះ​មិន​បោះបង់​ការ​រៀនសូត្រ​​​តាម​រយៈ​ការ​សិក្សាស្រាវជ្រាវ និង​បទពិសោធន៍​ជីវិត​នៅ​​សង្គម​ខាងក្រៅ​​​​​របស់​ពួកគេ​រៀងៗ​ខ្លួន​នោះ​​ឡើយ​។

ការ​ពិត គេ​​ត្រូវ​និយាយ​ថា ការ​អប់រំ​មាន​លើស​ពី​អ្វី​ដែល​សាលារៀន​មាន
នៅ​ក្នុង​ថ្នាក់​រៀន អ្នក​រៀន​តែ​ទ្រឹស្ដី​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្នក​មិន​មាន​ឱកាស​គ្រប់គ្រាន់​ដើម្បី​យក​ចំណេះដឹង​របស់​អ្នក​ទៅ​អនុវត្ត​នោះ​ឡើយ។ នៅ​ទីបំផុត​តើ​អ្នក​បាន​សមិទ្ធផល​អ្វី? កុំ​ប្រាប់​ថា សញ្ញាប័ត្រ ៤ ឆ្នាំ ៦ ឆ្នាំ ១០ នោះ​អី។

តាម​ការ​ពិត ការ​អប់រំ​មិនមែន​ស្ថិត​នៅ​លើ​ក្រដាស​សញ្ញាប័ត្រ​មួយ​សន្លឹក​នោះ​ឡើយ។ ការ​អប់រំ​គឺ​ជា​របៀប​រៀនសូត្រ​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​ប្រចាំ​​លើ​មេរៀន​ជីវិត​ដ៏​ច្រើន និង​​សាំញ៉ាំ​ដូច​ជា ការ​កសាង​ផែនការ​គ្រួសារ ការងារ ទំនាក់ទំនង មុខ​ជំនួញ និង​ការ​អភិវឌ្ឍ​​សមត្ថភាព​ខ្លួន​ឯង​ជា​ដើម​​។ ដូច្នេះ​បញ្ហា​នៅ​ត្រង់​ថា បើ​អ្នក​ជោគជ័យ​ក្នុង​សាលា មិន​ប្រាកដ​ថា អ្នក​ជោគជ័យ​ក្នុង​ជីវិត​ឡើយ។ ប៉ុន្តែ​ការ​​អប់រំ​បង្រៀន​អ្នក​ពី​របៀប​ជោគជ័យ​នៅ​ក្នុង​ជីវិត ពោល​គឺ​មិនមែន​ត្រឹមតែ​សាលារៀន​នោះ​ឡើយ។

ធ្វើ​ម៉េច​ទើប​បង្កើន​ការ​អប់រំ​នៅ​ក្រៅ​សាលា​បាន​កាន់តែ​ច្រើន​? 
១.កុំ​កំណត់​ការ​រៀនសូត្រ​ត្រឹមតែ​នៅ​សាលា​រៀន​មួយ​មុខ
ប្រសិន​បើ​អ្នក​ចង់​ឲ្យ​​សមត្ថភាព​ ឬ ចំណេះដឹង​​របស់​អ្នក​មាន​ការ​អភិវឌ្ឍ សូម​កុំ​ពឹង​អង្គុយ​រៀន​ក្នុង​ថ្នាក់​រៀន​តែ​មួយ​មុខ ឬ​ជ្រើសរើស​សាលា​ល្បីៗ​ ហើយ​គិត​ថា គ្រប់គ្រាន់​នោះ​។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​រក​វិធី​រៀនសូត្រ និង​អនុវត្ត​ចំណេះដឹង​​​​ដែល​មាន​គុណប្រយោជន៍​នៅ​ក្នុង​ជីវិត​របស់​អ្នក។ នេះ​អាច​រួមចំណែក​យ៉ាង​សកម្ម​នូវ​អ្វី​ដែល​អ្នក​ ចង់​បាន​ហើយ​ទទួល​បាន​ជោគជ័យ​បំផុត។ ការ​អាន​សៀវភៅ ទស្សនា​វីដេអូ​អប់រំ វគ្គសិក្សា​ខ្លីៗ ​សិក្ខាសាលា​ ឬ​បទពិសោធន៍​ជីវិត គឺ​សុទ្ធតែ​ជា​មេរៀន​ល្អៗ​ដែល​អ្នក​​គួរ​​រៀន​បន្ថែម។​

២.កុំ​អាន​តែ​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍
ប្រសិន​បើ​អ្នក​អាន​តែ​សៀវភៅ ឯកសារ ព័ត៌មាន​ ឬ​ចំណេះដឹង​ផ្សេងៗ​ដែល​អ្នក​ចាប់​អារម្មណ៍ អ្នក​មិន​អាច​មើល​ឃើញ​ពី​ឱកាស និង​សក្ដានុពល​​នៅ​ផ្នែក​ផ្សេង​ទៀត​​នោះ​ឡើយ។ អ្នក​គួរ​ឆ្លៀត​អាន​ចំណេះដឹង​ដទៃទៀត​​បន្ថែម​លើ​អ្វី​ដែល​អ្នក​មាន​ស្រាប់។ ឧទាហរណ៍​ថា អ្នក​ជា​អ្នកនិពន្ធ​បទចម្រៀង ដូចនេះ​អ្នក​អាច​រៀន​​លេង​ឧបករណ៍​​ភ្លេង​​ ដើម្បី​គួបផ្សំ​លើ​ចំណេះ​ដឹង​របស់​អ្នក ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មើល​ទៅ​ពោរពេញ​ទៅ​ដោយ​ភាព​រស់រវើក។

៣.ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែល​ឆ្លាត​ជាង​អ្នក
តើ​អ្នក​មាន​ចាប់​អារម្មណ៍​ទេ​ថា មនុស្ស​ជោគជ័យ​ចូលចិត្ត​រាប់អាន​មនុស្ស​ប្រភេទ​ណា? សូម​ចាំ! នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ។ អ្នក​ជោគជ័យ នឹង​រត់​​ទៅ​រក​អ្នក​ជោគជ័យ​ដូចគ្នា។ អ្នក​មាន​នឹង​ចូលចិត្ត​រាប់អាន​អ្នក​មាន​ដូចគ្នា ហើយ​​មនុស្ស​ដែល​ធ្វើ​កិច្ចការ​ធំៗ និង​រត់​រក​អ្នក​ធ្វើ​កិច្ចការ​ធំៗ ដូចគ្នា។ ហេតុ​អ្វី? ពី​ព្រោះ​មនុស្ស​ដែល​ឆ្លាតវៃ ឬ ជោគជ័យ​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ជោគជ័យ។ អ្នក​ក៏​អាច​ចាប់​ផ្តើម​បាន​ដូចគ្នា ដោយ​ចាប់​ផ្តើម​ធ្វើ​ការ​ប្រាស្រ័យ​ទំនាក់ទំនង​ជាមួយ​អ្នកណា​ម្នាក់​ដែល​ឆ្លាត​ជាង​អ្នក ហើយ​បង្កើន​មិត្តភាព​ជាមួយ​បុគ្គល​ប្រភេទ​នេះ​ឲ្យ​កាន់តែ ច្រើន​ឡើងៗ។

៤.ការ​អប់រំ​មិនមែន​ត្រឹមតែ​ការ​រៀនសូត្រ និង​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ
ទ្រឹស្ដី ចំណេះដឹង និង​​ខ្លឹមសារ​មេរៀន​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​ថ្នាក់​រៀន ហើយ​យក​ទៅ​ប្រើប្រាស់​នោះ វា​មិន​ទាន់​គ្រប់គ្រាន់​​នៅ​ឡើយ​ទេ​ថា ជា​ការ​អប់រំ​ពិតប្រាកដ។ តាម​ពិត​ទៅ និយមន័យ​ពេញលេញ​មួយ​មាត់​នៃ​ការ​អប់រំ​ វា​កឺ​ជា​​ទម្រង់​មួយ​ដែល​អ្នក​រៀនសូត្រ​ក្រេបជញ្ជក់​ចំណេះដឹង​ ហើយ​យក​វា​ទៅ​ប្រើប្រាស់ និង​ចេះ​ចែករលែក​​​ដល់​​​អ្នកដទៃ​ឲ្យ​បាន​កាន់តែ​ច្រើន។ បើ​ទោះបី​ជា​អ្នក​​គិត​ថា ជំនាញ​របស់​​អ្នក​នៅ​មាន​កម្រិត ក៏​នៅ​មាន​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​​កម្រិត​ជំនាញ​ទាប​ជាង​អ្នក​ នៅ​ចាំ​រៀនសូត្រ​ពី​អ្នក​ផង​ដែរ។ មធ្យោបាយ​ដ៏​ល្អ​នៅ​ទី​នេះ គឺ​អ្នក​ត្រូវ​ស្វែង​រក​ឱកាស​ចែករំលែក​ជំនាញ និង​ចំណេះដឹង​របស់​អ្នក​ឲ្យ​បាន​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ទៅ​ឲ្យ​អ្នកដទៃ៕

ប្រភព៖ Lifehack

 

X
5s