សហគ្រិនស្ត្រីវ័យក្មេង ណម ចំណាន បង្ហើបគន្លឹះ ៥ យ៉ាង ជួយឲ្យការបើកអាជីវកម្មដំបូងឆាប់ដំណើរការ
ជាមួយបទពិសោធន៍ហូរហៀរជិត១០ឆ្នាំទាំងធ្លាប់បម្រើការងារជាបុគ្គលិក និងធ្លាប់បើកអាជីវកម្មខ្នាតតូចមួយដោយខ្លួនឯងផងនោះ ទន្តបណ្ឌិតស្រ្តីវ័យក្មេង កញ្ញា ណម ចំណាន បានបើកមន្ទីរព្យាបាលធ្មេញស្ដង់ដារមួយកន្លែងឈ្មោះថា មន្ទីព្យាបាលធ្មេញ មែលវីន និងមានបុគ្គលិកបម្រើការងារចំនួន១១នាក់។ សហគ្រិនស្រ្តីរូបនេះបានចែករំលែកនូវគន្លឹះសំខាន់ ៥ចំណុចដែលគួរត្រៀមខ្លួនប្រសិនបើចង់ចាប់ផ្ដើមបើកអាជីវកម្មមួយឲ្យដំណើរការល្អ។
ចំណុចទីមួយ៖ ត្រូវមានជំនាញមួយដែលច្បាស់លាស់៖ កញ្ញា ចំណាន បានលើកឡើងថា កញ្ញាមិនត្រឹមតែមានជំនាញច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែកញ្ញាថែមទាំងមានបទពិសោធន៍ផ្ទាល់ខ្លួនរយៈពេលជិត១០ឆ្នាំថែមទៀតផង ដែលបទពិសោធន៍ទាំងនោះសុទ្ធតែជាអ្វីដែលយើងគួរតែត្រៀមខ្លួនក្នុងការអភិវឌ្ឍជំនាញរបស់យើងបន្ថែម។
ចំណុចទីពីរ៖ កុំធ្វើអ្វីតាមអ្នកដទៃ៖ “យើងកុំព្យាយាមធ្វើអ្វីតាមអ្នកដទៃ ប៉ុន្តែគួរតែរៀនធ្វើអ្វីមួយដែលខុសពីគេ បើសិនជាយើងគ្រាន់តែបើកមន្ទីរព្យាបាលធ្មេញមួយដែលដូចគេនោះក៏គ្មានអ្វីដែលជាភាពលេចធ្លោដែរ” នេះជាការលើកឡើងរបស់សហគ្រិនស្រ្តីរូបនេះ។ បើនិយាយពីអាជីវកម្មរបស់ទន្តបណ្ឌិតស្រ្តីរូបនេះវិញ គឺកញ្ញាត្រូវបានមិត្តភក្កិនៅក្នុងវិស័យទន្តសាស្រ្តទទួលស្គាល់កញ្ញាទៅលើជំនាញឯកទេសពត់ធ្មេញ ដូច្នេះចំណុចនេះចង់បញ្ជាក់ថាមន្ទីរព្យាបាលធ្មេញរបស់ដុកទ័រចំណានមានបម្រើសេវាកម្មព្យាបាលក្នុងវិស័យទន្តសាស្រ្តទូទៅដូចមន្ទីរព្យាបាលធ្មេញដទៃទៀតដែរប៉ុន្តែអ្វីដែលជាភាពលេចធ្លោនោះគឺ មន្ទីរព្យាបាលធ្មេញរបស់កញ្ញាត្រូវបានអតិថិជនគាំទ្រខ្លាំងនិងទទួលស្គាល់ទៅលើសេវាកម្មពត់ធ្មេញ។
ចំណុចទី៣៖ ធ្វើអ្វីដែលជាការស្រលាញ់របស់យើង៖ យើងគួរតែធ្វើអ្វីមួយដែលកើតឡើងដោយក្ដីស្រលាញ់ កុំព្យាយាមធ្វើអ្វីដោយការបង្ខំចិត្តនោះយើងនឹងមិនអាចធ្វើវាបានយូរនោះទេហើយក៏មិនអាចធ្វើវាបានល្អថែមទៀត ដូច្នេះបើយើងមានទេពកោសល្យរួមនឹងក្ដីស្រលាញ់ នោះគំនិតនៃការបង្កើតថ្មីនឹងកើតឡើងហូរមកដោយខ្លួនឯង ដូច្នេះវានឹងធ្វើឲ្យយើងអាចបង្ហាញនូវភាពលេចធ្លោរបស់យើងចេញមកក្រៅ។
ចំណុចទីបួន៖ ត្រូវមានការលះបង់៖ ការលះបង់ទាំងកម្លាំងកាយចិត្ត ធនធាន និងពេលវេលាគឺជារឿងមួយដែលជៀសមិនផុតនោះឡើយនៅពេលដែលយើងដាក់ចិត្តថាចាប់ផ្ដើមបង្កើតអាជីវកម្មមួយ ព្រោះថានៅពេលដែលយើងចាប់ផ្ដើមបើកអាជីវកម្មថ្មីថ្មោងគឺយើងត្រូវការលះបង់ច្រើន មិនថាតែពេលវេលាក៏យើងត្រូវលះបង់ច្រើនជាងអ្នកធ្វើការងារឲ្យយើង ហើយយើងក៏ត្រូវតែត្រៀមចិត្តឲ្យហើយទៅលើការចំណាយប្រាក់កាក់។
ចំណុចទីប្រាំ៖ កុំដាក់ក្ដីរំពឹងខ្ពស់ពេក៖ កុំដាក់ក្ដីរំពឹងទៅលើអ្វីមួយខ្ពស់ពេក បើយើងរំពឹងកាន់តែខ្ពស់នោះនឹងកាន់តែធ្វើឲ្យយើងមានអារម្មណ៍ខកចិត្ត ដោយឡែកយើងត្រូវតែត្រៀមខ្លួននូវផែនការទី២ប្រសិនបើផែនការទី១របស់យើងបរាជ័យ តើយើងត្រូវធ្វើអ្វីបន្តទៀត ទាំងអស់នេះសុទ្ធតែជាអ្វីដែលយើងត្រូវត្រៀមលក្ខណៈខ្លួនឯងឲ្យបានរួចរាល់៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន