មេរៀន ៥ ចំណុចដែលអ្នកគូរដឹង ប្រសិនបើចង់ក្លាយជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន
តើអ្នកពិតជាមានក្តីសុបិនចង់ធ្វើការងារមួយស្ថិតនៅក្នុងតំណែងកំពូលរបស់ក្រុមហ៊ុនដូចជា នាយកប្រតិបត្តិ (CEO) មែនទេ? មានរឿងមួយដែលអ្នកត្រូវដឹងនោះគឺថា មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាចក្លាយខ្លួនជានាយកប្រតិបត្តិទាំងអស់នោះទេ។ ហេតុអ្វី? គឺដោយសារតែនៅពីក្រោយតំណែងជា CEO មានការងារស្មុគស្មាញជាច្រើនដែលមិនមែនត្រឹមតែមានមហិច្ឆតា សមត្ថភាព ទស្សនវិស័យ ឬ យុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ។
ហេតុដូច្នេះហើយ ប្រសិនបើអ្នកពិតជាមានក្តីសុបិនបែបនេះនៅពេលអនាគតមែននោះ អ្នកគួររៀនសូត្រពីចំណុចទាំង ៥ ខាងក្រោមនេះ៖
១. រៀននិយាយបដិសេធន៍ថា “ទេ”
ការបង្វែរសំណើ ឬបដិសេធន៍គំនិតរបស់អ្នកណាម្នាក់គឺជាឥរិយាបថមួយដែលត្រូវរៀនហើយអ្នកត្រូវចេះជំនាញនេះឲ្យបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើបាន។ បេសកកម្មរបស់នាយកប្រតិបត្តិ គឺការរក្សាឲ្យបាននូវនិរន្តរភាពចក្ខុវិស័យសម្រាប់អាជីវកម្មក្នុងពេលអនាគតវែងឆ្ងាយមួយ។ នោះមានន័យថា អ្វីដែលជាមតិ ទស្សនៈ គំនិតរបស់អ្នកដទៃដែលបានលើកឡើងចំពោះមុខអ្នកគឺតែងតែស្ថិតនៅក្នុងដំណាក់កាលនៃការស្ទង់មតិជាមុន។ ទន្ទឹមនឹងចក្ខុវិស័យនេះ សូមចូលទៅក្រឡេកមើលនូវអ្វីដែលល្អបំផុតសម្រាប់ដំណើរអនាគតនៃមុខជំនួញក្នុងក្រុមហ៊ុនរបស់អ្នក។ អ្នកគួរលើកជាសំនួរឡើងថា តើគំនិតនេះគឺជាការរំខាន ឬវានឹងរួមចំណែកធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន?
២.រៀនលើកកម្ពស់អាជីវកម្មរបស់អ្នក
មានឈ្មោះថា ជានាយកប្រតិបត្តិដ៏ល្អមួយរូប គឺត្រូវរួមចំណែកយ៉ាងសកម្មក្នុងការជួយលើកកម្ពស់អាជីវកម្មឲ្យរីកចម្រើនជាលំដាប់។ អ្នកនឹងមិនអាចដឹងថា តើគំនិត សម្ព័ន្ធភាព ឬការសហការបន្ទាប់អាចនឹងមកពីទីណានោះទេ។ ការបង្កើតប្រអប់កេសមួយសម្រាប់អាជីវកម្មរបស់អ្នកជាមុន អាចឲ្យមនុស្សជុំវិញអ្នកដឹងថា អ្នកមានមហិច្ឆតា និងជំនឿលើអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអាជីវកម្មធ្វើសម្រាប់ពួកគេ។ វាមានន័យថា អ្នកបានយល់ដឹងយ៉ាងពិតប្រាកដនៃបេសកកម្មអាជីវកម្មរបស់អ្នក និងអ្វីដែលអាជីវកម្មនេះអាចរួមចំណែកដល់សាធារណជន និងសហគមន៍ដែលអាជីវកម្មតាំងនៅ។
៣.រៀនស្វែងយល់ស្ថានភាពទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ
មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានានា និងឱកាសផ្សេងដូចជា ការកិបកេង ការក្លែងបន្លំ ការកាន់កាប់ ឬការទិញលក់នៅក្នុងអាជីវកម្ម នាយកប្រតិបត្តិមិនត្រឹមតែដឹងពីស្ថានភាពនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចេះបកស្រាយរបាយការណ៍ហិរញ្ញវត្ថុផងដែរ។ វាជាជំនាញដ៏អស្ចារ្យមួយដែលត្រូវមានសម្រាប់យកទៅចរចាជាមួយធនាគារ អ្នកវិនិយោគ ឬដៃគូអាជីវកម្មរបស់អ្នក។ សូមចងចាំថា វាតែងតែមាននរណាម្នាក់អាចមើលឃើញនូវអ្វីដែលជាចំណុចខ្វះខាតរបស់អ្នក។ ដូច្នេះហើយ នេះវាទាមទារឲ្យអ្នកត្រូវមានភាពឆ្លាតវៃ មានភាពហ្មត់ចត់ ហើយប្រសិនបើចាំបាច់ អ្នកអាចជួលអ្នកជំនាញខាងក្រៅមកធ្វើការជំនួសអ្នកលើបញ្ហានេះបាន។
៤.រៀនបើកចំហទទួលយកការរិះគន់
នៅពេលអ្នកមានតំណែងធំ និងជោគជ័យ មនុស្សគ្រប់គ្នានឹងខិតមកជិតអ្នកកាន់តែច្រើន។ អ្នកនឹងទទួលបានការកោតសរសើរ និងការគោរពកាន់តែច្រើន។ ក៏ប៉ុន្តែសូមចាំថា មិនមែនពាក្យបសរសើរចេញពីមនុស្សទាំងនោះទេដែលធ្វើឲ្យអ្នកអាចកែប្រែចំណុចខ្វះខាតរបស់អ្នកបាន។ មតិរិះគន់របស់មនុស្សជុំវិញខ្លួនអ្នកដូចជា ការរិះគន់ពីក្រុមការងារ បុគ្គលិកក្រោមបង្គាប់ ដៃគូ អតិថិជន និងមជ្ឈដ្ឋានផ្សេងៗទៀត នឹងជួយឲ្យអ្នកមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងកែលំអចំណុចខ្វះខាតរបស់ឡើងវិញ។ សូមរៀនអត់ធ្មត់ និងរៀនទទួលយកការរិះគន់ដោយរីករាយ នោះអ្នកនឹងមានសុទិដ្ឋិនិយមចំពោះអាជីវកម្មរបស់អ្នក។
៥.រៀនមើលប្រតិបត្តិការអាជីវកម្មចេញពីគ្រប់ជ្រុងទាំងអស់
នៅពេលដែលនាយកប្រតិបត្តិម្នាក់ទទួលយកជំនួញមកគ្រប់គ្រងក្នុងដៃ នោះវាមិនមែនមានន័យថា អ្នកផ្ដោតតែលើការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រ ឬកិច្ចប្រជុំការងារប៉ុណ្ណោះទេ។ វាគឺជាការស្វែងយល់ និងពិនិត្យមើលពីដំណើរការផ្សេងៗដែលកើតមានឡើងនៅផ្ទៃក្នុងក្រុមហ៊ុន។ ចាប់ពីខ្សែផលិតកម្មរហូតដល់ផ្នែកផលិតកម្មទៅកាន់ផ្នែកដឹកជញ្ជូន នាយកប្រតិបត្តិត្រូវយល់ឲ្យបានច្បាស់បំផុត និងត្រួតពិនិត្យរាល់មុខងារផ្សេងៗដែលរួមចំណែកដល់ប្រតិបត្តិការអាជីវកម្មទាំងមូល។ តាមរយៈវិធីនេះ ក្នុងករណីមានភាពអាសន្នកើតមានឡើង នាយកប្រតិបត្តិអាចឈានជើងចូលមកដោះស្រាយបានយ៉ាងមានប្រសិទ្ធភាព និងអាចបង្ហាញថា វត្តមានរបស់ខ្លួននៅក្នុងក្រុមហ៊ុននេះ មិនមែនមកត្រឹមតែទទួលខុសត្រូវក្នុងតំណែងរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងស្គាល់ការងារគ្រប់ជ្រុងផ្សេងទៀតរបស់បុគ្គលិក៕
ប្រភព៖ Forbes