តោះរៀនអំពីអត្ថន័យនិងរបៀបប្រើប្រាស់ So, Such, Enough និង Too ក្នុងភាសាអង់គ្លេស​



ពាក្យបញ្ជាក់ន័យឲ្យកាន់តែធ្ងន់ (Intensifier)៖ So, Such, Enough និង Too ក្នុងភាសាអង់គ្លេសគឺចាំបាច់ខ្លាំងណាស់សម្រាប់អ្នករៀនភាសាអង់គ្លេសគួរស្វែងយល់ ដើម្បីយកទៅប្រើប្រាស់ឲ្យត្រឹមត្រូវ។ បើទោះបីជាពាក្យទាំងនេះមើលទៅដូចជាធម្មតា ប៉ុន្តែអ្នកសិក្សាមួយចំនួននៅមានភាពពិបាកនៅឡើយជាពិសេសអត្ថន័យ និងទម្រង់នៃការប្រើប្រាស់របស់ពាក្យទាំងនេះ។ ដូចនេះ BizKhmer​សូមលើកជូននូវការពន្យល់ពីអត្ថន័យនិងការប្រើប្រាស់ដើម្បីសម្រួលដល់អ្នកសិក្សាភាសាអង់គ្លេសបន្ថែមទៀត៖ + អត្ថន័យនិងការប្រើប្រាស់របស់ So, Such, Enough និង too

គេប្រើប្រាស់ So, Such, Enough និង Too ដើម្បីបង្ហាញ ឬបញ្ជាក់ពីកម្រិតនៃអ្វីមួយ។ ពាក្យ So និង Such បញ្ជាក់អត្ថន័យបន្ថែម ដោយវាមានអត្ថន័យជាភាសាខ្មែរថា ណាស់ ដូចទៅនឹងពាក្យ “Very” ដែរ។ ពាក្យ Too មានន័យថាលើសពីអ្វីដែលសំខាន់ឬចាំបាច់ ដោយជាភាសាខ្មែរយើងអាចប្រើថា ពេក។ ចំណែកពាក្យ Enough បញ្ជាក់អំពីចំនួនួនត្រឹមត្រូវឬគ្រប់គ្រាន់នៃអ្វីមួយ ដោយជាភាសាខ្មែរមានអត្ថន័យថា គ្រប់គ្រាន់។

ឧទារហណ៍៖ ១) It’s so cold today! ថ្ងៃនេះអាកាសធាតុត្រជាក់ខ្លាំងណាស់! ២) That’s such a pretty dress! រ៉ូបនោះពិតជាស្រស់ស្អាតខ្លាំងណាស់។ ៣) $150! That’s much too expensive for a pair of shoes. ១៥០ ដុល្លារ! ស្បែកជើងមួយគូនេះមានតម្លៃថ្លៃពេកហើយ។ ៤) We’ll have to buy a bigger car. This one’s not big enough for all of us. ពួកយើងចង់រកទិញឡានដែលមានទំហំធំមួយគ្រឿង។ អាឡានមួយនេះមិនទាន់ធំគ្រប់គ្រប់សម្រាប់ពួកយើងនៅឡើយទេ។

+ ទម្រង់របស់ So, Such, Enough និង Too

១) ពាក្យ So មានទម្រង់ So + Adjective ឬ So + Adverb

ឧទាហរណ៍៖

១) He’s so funny! គាត់កំប្លែងខ្លាំងណាស់!

២) He plays the piano so well! គាត់អាចលេងព្យាណូបានល្អខ្លាំងណាស់។ សម្រាប់បញ្ជាក់ចំនួនឬបរិមាណ អ្នកអាចប្រើប្រាស់ so + much/many + noun ដើម្បីប្រាប់ថាអ្នកមានអ្វីមួយច្រើន។

គេប្រើប្រាស់ So much + uncountable nouns និង so many + countable nouns

ឧទាហរណ៍៖ ១) What a great party! We had so much fun! (fun = uncountable) ពិតជាកម្មវិធីជប់លៀងដ៏សប្បាយរីករាយមែន! ពួកយើងមានភាពរីករាយខ្លាំងមែនទែន។ ២) We visited so many places. (place = countable) ពួកយើងមានទៅទស្សនាទីកន្លែងជាច្រើន។

២) ពាក្យ Such គេប្រើប្រាស់ពាក្យ Such នៅពីមុខគុណនាម (Adjective) និងនាម (Noun)។ តែអ្នកត្រូវចាំថាប្រសិនបើនាមនោះជានាមអាចរាប់បានឯកវចនៈ អ្នកត្រូវដាក់ “a” ឬ “an” បន្ទាប់ពីពាក្យ Such។

ឧទាហរណ៍៖ ១) That’s such a cute dog! (dog = countable noun) ឆ្កែនេះពិតជាគួរឲ្យស្រលាញ់មែន។

២) We had such nice weather on holiday! (weather = uncountable noun) ពួកយើងបានរីករាយជាមួយអាកាសធាតុដ៏ល្អណាស់កាលពីថ្ងៃឈប់សម្រាកកន្លងទៅ។

៣) ពាក្យ Too ពាក្យ Too ត្រូវគេប្រើប្រាស់ដើម្បីបញ្ជាក់អំពីកម្រិត ដោយគេប្រើប្រាស់ too + adjective និង too + adverb

ឧទាហរណ៍៖

១) This restaurant’s too crowded. Let’s go somewhere else. ភោជនីដ្ឋាននេះមានមនុស្សច្រើនខ្លាំងពេក។ តោះទៅកន្លែងផ្សេង។

២) You’re walking too fast! Slow down! អ្នកដើរលឿនពេកហើយ! បន្ថយល្បឿនបន្ដិតទៅ!

ដើម្បីបញ្ចាក់ឬនិយាយអំពីចំនួនឬតួលេខដែលច្រើនលើសតម្រូវការ គេប្រើប្រាស់ too + muchtoo + many។ ប្រើប្រាស់ too much នៅពីមុខនាមរាប់មិនបាន (uncountable noun) និង too many នៅពីមុខនាមរាប់បាន (countable nouns)។

ឧទាហរណ៍៖ ១) Ugh! You’ve put too much sugar in my tea! (sugar = uncountable) អ៊ាក! អ្នកដាក់ស្ករក្នុងតែរបស់ខ្ញុំច្រើនពេកហើយ។

២) I ate too many biscuits. (biscuit = countable) ខ្ញុំញ៉ាំនំប៊ីសស្គីតច្រើនពេកហើយ។ អ្នកក៏អាចប្រើប្រាស់ too much ជាគុណកិរិយាក៏បានដែរ ដោយដាក់នៅពីក្រោយកិរិយាស័ព្ទ។

ឧទាហរណ៍៖

១) Sarah drinks too much. សារាផឹកទឹកច្រើនពេកហើយ។

៤) ពាក្យ Enough គេប្រើប្រាស់ពាក្យ Enough ដើម្បីបង្ហាញនូវកម្រិត ឬបរិមាណ គ្រប់គ្រាន់ ឬមិនគ្រប់គ្រាន់។ គេប្រើប្រាស់ Enough នៅបន្ទាប់ពីគុណនាមឬកិរិយាសព្ទ។

គេប្រើ Adjective + enough ក្នុងប្រយោគស្រប និងប្រយោគសំនួរ ឬក៏គេប្រើប្រាស់ not + adjective + enough ក្នុងប្រយោគបដិសេធន៍។

ឧទាហរណ៍៖

១) Is it warm enough for you in here? តើអាកាសធាតុក្ដៅគ្រប់គ្រាន់សម្រាប់អ្នកទេនៅទីនេះ?

២) He doesn’t sleep enough. That’s why he’s always tired. គាត់គេងមិនគ្រប់។ ដោយសារបែបនេះហើយទើបគាត់តែងតែអស់កម្លាំង។

គេប្រើប្រាស់ពាក្យ Enough នៅពីមុខនាម (Noun)។ Enough + noun ក្នុងប្រយោគស្របនិងប្រយោគសំនួរ ឬ not + enough + noun ក្នុងប្រយោគបដិសេធន៍។ ឧទាហរណ៍៖

១) Do we have enough money to go abroad this year? តើអ្នកមានលុយគ្រប់់គ្រាន់ដើម្បីទៅដើរលែងប្រទេសក្រៅក្នុងឆ្នាំនេះទេ?

២) There aren’t enough knives and forks for all the guests. មិនមានកូនកាំបិតនិងសមគ្រប់គ្រាន់សម្រាប់ភ្ញៀវនោះទេ។

ដោយ៖ លង់ វណ្ណៈ 

X
5s