អ្វីដែលអ្នកគួរដឹង៖ ហេតុអ្វីអ្នកនៅតែមិនមានទោះបីមានចំណូលច្រើនប៉ុណ្ណាក៏ដោយ?
ទោះបីជាមានលេខសូន្យច្រើនខ្ទង់នៅពីក្រោយតួលេខប្រាក់ខែរបស់អ្នក ក៏វាមិនមែនមានន័យថា អ្នកនឹងក្លាយជាអ្នកមាននោះដែរ។ នៅចុងបញ្ចប់វាគ្រាន់តែជាតួលេខមួយប៉ុណ្ណោះ ហើយប្រសិនបើប្រាក់ចំណូលដែលរកបានមកនោះមិនត្រូវបានគ្រប់គ្រងឲ្យបានត្រឹមត្រូវទេ គឺបានសេចក្តីថា ទោះប្រាក់ខែច្រើនប៉ុណ្ណាប្រាក់ខែនៅតែជាប្រាក់ខែ វាមិនទាក់ទងអ្វីនឹងការកសាងទ្រព្យធនឲ្យទៅជាអ្នកមាននោះទេ។
នៅ ក្នុងសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រ "Rich Dad Poor Dad” របស់លោក Robert Kiyosaki បានសរសេរថា មនុស្សភាគច្រើនមិនបានដឹងថា នៅក្នុងជីវិតរបស់ពួកគេ ទោះជារកលុយបានច្រើនប៉ុណ្ណា ខំសន្សំលុយបានច្រើនប៉ុណ្ណានៅតែមិនបានធ្វើឲ្យពួកគេក្លាយជាអ្នកមាននោះឡើយ។ នៅចុងបញ្ចប់ លុយមិនអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុបានទេ ហើយពេលខ្លះវាបានធ្វើឲ្យអ្នកមានបញ្ហានេះកាន់តែ ធ្ងន់ធ្ងរឡើងៗ។ សូមអ្នកពិចារណាទៅមើលករណីអ្នកឈ្នះរង្វាន់បានប្រាក់រាប់លានដុល្លារដែលបានបាត់បង់ប្រាក់ស្ទើរតែទាំងអស់នៅក្នុងរយៈពេលត្រឹមតែពីរ ឬបីឆ្នាំ។
បើមិនអញ្ចឹងទេ អ្នកអាចមើលរឿងពិត របស់អត្តពលិកល្បីៗជាច្រើនដែលរកលុយបានរាប់លានដុល្លារពីអាជីពរបស់ខ្លួននៅវ័យខ្ទង់ ២០ ប៉ុន្តែនៅទីបំផុតបានធ្លាក់ខ្លួននៅពេលវ័យមិនទាន់ឈានដល់ ៤០ប្លាយផង។ រឿងនេះអ្នកអាចសង្កេតបានថា នៅពេលរកលុយបានកាន់តែច្រើន មនុស្សចាប់ផ្តើមមានទំនោរចាយលុយកាន់តែច្រើនជាងមុន ហើយងាយនឹងធ្លាក់ខ្លួនចូលទម្លាប់មួយគឺចាយលើសចំណូលភ្លាមៗ។ នៅត្រង់នេះលោក Robert Kiyosaki បានពន្យល់ដូច្នេះថា៖« ជាញឹកញាប់រកលុយបានកាន់តែច្រើន វាបានលាតត្រដាងពីគុណវិបត្តិដ៏គួរឲ្យខ្លោចផ្សារបស់មនុស្សយើង ដោយធ្វើឲ្យយើងមានទំនោរចាប់អារម្មណ៍ចាយវាយលើរឿងផ្សេងៗទៀតដែលយើងមិនបានដឹងជាមុនភ្លាមៗ។ នេះហើយជាមូលហេតុដែលជានិច្ចកាលមនុស្សភាគច្រើនចេះតែបង្កើនការចំណាយខ្ជះខ្ជាយកាន់តែអាក្រក់ទៅ ឬ យ៉ាងហោចណាស់ក៏មិនមានអ្វីខុសប្លែកពីមុនដែរ»។
អ្វីដែលជាដំណោះស្រាយបញ្ហាហិរញ្ញវត្ថុ និងបង្កើតលុយឲ្យបានកាន់តែ ច្រើន គឺភាពវៃឆ្លាត។ លោក Robert Kiyosaki បានបញ្ជាក់ថា បើគ្មានភាពវៃឆ្លាតខាងហិរញ្ញវត្ថុ លុយនឹងងាយបាត់បង់ណាស់។ លោកបានបន្តថា វាជារឿងគួរឲ្យស្តាយបំផុតដែលមនុស្សភាគច្រើនត្រូវបានគេបង្រៀនតែពីវិធីរកលុយ របៀបរកការងារធ្វើ របៀបខំធ្វើការកាន់តែច្រើន ប៉ុន្តែមិនត្រូវបង្រៀនពីរបៀបគ្រប់គ្រងលុយកាក់ឲ្យមានភាពវៃឆ្លាតបំផុត។ យ៉ាងណាមិញ ព័ត៌មានដ៏ល្អមួយនៅក្នុងរឿងនេះគឺថា អ្នកមិនចាំបាច់មានសញ្ញាប័ត្រគណនេយ្យ ឬ សញ្ញាប័ត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុអ្វីនោះទេ។
អ្នកអាចចាប់ផ្តើមរៀនសូត្រឲ្យបានច្រើនពីចំណេះដឹងហិរញ្ញវត្ថុ ពោលគឺបែងចែកឲ្យដាច់រវាងអ្វីទៅដែលជាទ្រព្យ និងបំណុលដែលជាគ្រឹះសំខាន់ក្នុងការកំណត់ថា អ្នកជាអ្នកមាន ឬអ្នកក្រ។ បន្ទាប់មកអ្នកត្រូវផ្ដោតលើការសន្សំប្រាក់របស់អ្នកឲ្យបានកាន់តែប្រសើរឡើងសម្រាប់ទុកយកទៅវិនិយោគ ហើយត្រូវធានាថា លុយហូរចូលច្រើនជាងលុយហូរចេញជានិច្ច៕
ប្រភព៖ Businessinsider